ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae
 
ស្ថានីយ៍​បាញ់បង្ហោះផ្លាយរណប​និងយានចំងាយឆ្ងាយ ឈ្មោះ Tongchang-ri ឬហៅ​ថា ស្ថានីយ៍ ​Sohae។ រូបភាព​​ផ្កាយរណប​ របស់ CSIS CSIS/Beyond Parallel/DigitalGlobe 2019 via REUTERS

មួយសប្តាហ៍ ក្រោយជំនួបកំពូល រវាងលោកដូណាល់ ត្រាំ និងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន​ ដែលបានបិទបញ្ចប់ទៅ ដោយការដើរចេញរៀងៗខ្លួននោះ ស្រាប់តែអ្នកជំនាញ បានសង្កេតឃើញថា កូរ៉េខាងជើង ទំនងជាកំពុងតែសាងសង់ឡើងវិញ នូវ​ស្ថានីយ៍​ឈ្មោះ Sohae ដែល​ជា​​ស្ថានីយ៍​​បាញ់​បង្ហោះយានអវកាស។ កន្លងមក អ្នកជំនាញបានសន្និដ្ឋានថា ​ស្ថានីយ៍​នេះ ក៏អាចជា​ស្ថានីយ៍ ដែលកូរ៉េខាងជើង​ប្រើប្រាស់​ ដើម្បី​​បាញ់​បង្ហោះ​មីស៊ីល​​​អន្តរទ្វីប ផងដែរ។ តើការចាប់ផ្តើម​សាងសង់​ស្ថានីយ៍នេះឡើងវិញ គឺជាយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង ក្នុងការដាក់សំពាធទៅលើអាមេរិក ដែលមិនព្រមលប់ចោលខ្លះ នូវទណ្ឌកម្មសេដ្ឋកិច្ច ឬយ៉ាងណា?

ការសន្និដ្ឋានទាក់ទិននឹងដំណឹងនេះ គឺបានមកពីការវិភាគ លើទិន្នន័យជារូបភាព ដែលគេស្រង់បាន ពីរូបភាពថតដោយ​ផ្កាយរណប របស់សហរដ្ឋអាមេរិក។ គឺក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល ដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ថា CSIS ដែលជាអ្នកធ្វើរបាយការណ៍វិភាគនេះ។ យោងតាមការសន្និដ្ឋាន គឺស្ថានីយ៍ Sohae ដែលស្ថិតនៅជាប់មាត់សមុទ្រ ខាងជើង ឈាងខាងលិច កូរ៉េខាងជើង កំពុងតែមានសកម្មភាព “ជាក់ស្តែង” ដែលអាចជាសកម្មភាពសាងសង់ឡើងវិញ។

បើតាមរបាយការណ៍ខាងលើ គឺសកម្មភាព​ចាប់ផ្តើមសាងសង់ឡើងវិញ នៅស្ថានីយ៍ Sohae នេះ គឺកូរ៉េខាងជើង បានចាប់ផ្តើម ក្រោយពីជំនួបកំពូលនៅហាណូយ បានបិទបញ្ចប់ទៅ បាន២ថ្ងៃម្លេះ។ យ៉ាងណាមិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំមួយរវាងសមាជិកសភាកូរ៉េខាងត្បូង ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់​របស់កូរ៉េខាងត្បូង ក៏បានលើកឡើង ដោយផ្អែកលើរូបភាពផ្កាយរណបដែរ នៅស្ថានីយ៍ Sohae កំពុង​តែ​មាន​សកម្មភាពអ្វីម្យ៉ាង ដែលអាចជាការសាងសង់ឡើងវិញ។

បង្ហោះយានអវកាស ឬបន្លំសាកប្រព័ន្ធមីស៊ីលបាលីស្ទីក?

ជាផ្លូវការ ស្ថានីយ៍ Sohaeនេះ​ គឺជាស្ថានីយ៍បាញ់បង្ហោះយានអវកាស ដើម្បីដឹកផ្កាយ​រណប​របស់កូរ៉េខាងជើង យកទៅដាក់នៅលើខ្សែអកប៊ីដ របស់ផែនដី។ កន្លងមក រាល់ការបាញ់បង្ហោះផ្កាយរណប របស់កូរ៉េខាងជើង តាំងតែពីឆ្នាំ២០១២មក គឺធ្វើនៅស្ថានីយ៍នេះទាំងអស់។

ក៏ប៉ុន្តែ អ្វីដែលជាការសង្ស័យ របស់សហគមអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានសង្ស័យថា​ កូរ៉េខាងជើង យកកម្មវិធីស្រាវជ្រាវអវកាសនេះ​ ធ្វើជាលេស ដើម្បីបិទបាំងការបាញ់សាកល្បង ប្រព័ន្ធមីស៊ីលបាលីស្ទីកតែប៉ុណ្ណោះ។ អ្នកវិភាគអន្តរជាតិ លើកឡើង​ថា ស្ថានីយ៍ Sohae នេះប្រើប្រាស់បច្ចេកវិទ្យា ICBM ដើម្បីបាញ់បង្ហោះយានអវកាសដឹកផ្កាយរណប។ បច្ចេកវិទ្យា ICBM នេះ​ជាបច្ចេកវិទ្យាតែមួយ ដែលកូរ៉េខាងជើង​ប្រើ ដើម្បីបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីបកន្លងមក។

ដូច្នេះ បើសិនត្រូវការ ស្ថានីយ៍នេះអាចត្រូវកូរ៉េខាងជើង យកមីស៊ីលបាលីស្ទីក​អន្តរទ្វីប ទៅបាញ់​បង្ហោះក៏បានដែរ។ ហេតុដូចនេះហើយ បានជាកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលដែលលោកមូន ជាអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ទៅ​ជួប​ជាមួយ គីម ជុងអ៊ុន នោះ លោកមូន ជាអ៊ីន បានស្នើទៅកាន់​កូរ៉េខាងជើង ថា​ត្រូវតែ​​បិទ​ស្ថានីយ៍​Sohae នេះ ជារៀងដរាប​។ ដូចតាមសន្យា បើផ្អែកតាមរូបភាពផ្កាយរណប គឺគេសង្កេតឃើញ កូរ៉េខាងជើង បានរុះរើស្ថានីយ៍នេះមែន កាលពីក្នុងអំឡុងពេលនោះ។

ដាក់សំពាធឲ្យអាមេរិក វិលចូលតុ​ចរ​ចា​ឲ្យ​ឆាប់

វាប្រាកដណាស់ហើយ ដែលថា ការរៀបចំសាងសង់ឡើងវិញ នូវស្ថានីយ៍បាញ់បង្ហោះយានចម្ងាយ​ឆ្ងាយ ដែលបានបិទទៅហើយនេះ វាជាផលវិបាក កើតចេញពីជំនួបកំពូលបរាជ័យនៅហាណូយ។ របាយការណ៍​របស់ CSIS លើកឡើងថា ស្ថានីយ៍ Sohae ដែលបាន​បិទទ្វារចោល ប្រមាណ៧ខែទៅហើយ ស្រាប់តែចាប់ផ្តើមរៀបចំសាងសង់ឡើងវិញភ្លាមៗបែបនេះ គឺពិតជាមានគោលបំណងយុទ្ធសាស្ត្រអ្វីម្យ៉ាង ពី​សំណាក់កូរ៉េខាងជើង។

វាអាចជាការសងសឹក ចំពោះការដែលលោកដូណាល់ ត្រាំ ដើរចេញពីតុចរចា នៅហាណូយ និងបានបដិសេធ​ចោល នូវការសុំលប់ចោលនូវទណ្ឌកម្មសេដ្ឋកិច្ចខ្លះ ដែល​គីម ជុងអ៊ុន​បានស្នើ។ វាក៏អាចជាការដាក់សំពាធបន្ថែមទៅលើកូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក ឲ្យត្រលប់មកតុចរចាវិញ ឲ្យបានឆាប់ដែរ ព្រោះជាក់ស្តែង កូរ៉េខាងជើងចង់ចរចា ចង់ដោះខ្លួនចេញពីទណ្ឌកម្មដែរ។

តែយ៉ាងណា នេះជាមេរៀនមួយដែរ ដែលសហគមអន្តរជាតិ ត្រូវចងចាំ ថា របបផ្តាច់ការកូរ៉េខាងជើងនេះ មិនអាចឲ្យយើងទុកចិត្តបានទេ។ សន្យាថាបិទស្ថានីយ៍Sohaeនេះ ជាស្ថាពរ ជារៀងដរាបរួចទៅហើយ ស្រាប់តែមក​ចាប់ផ្តើមសាងសង់ឡើងវិញ។ សួរថា​​ តើទៅថ្ងៃអនាគត គេគួរទុកចិត្តរបបក្រឡេចក្រឡុចនេះ បានទៀត ដែរឬទេ?

ទិន្នផលកសិកម្មថយចុះ ប្រជាជនកូរ៉េខាងជើងជិត១១លាននាក់ខ្វះស្បៀង

របបផ្តាច់ការកូរ៉េខាងជើង បានប្រើប្រាស់ថវិកា ធនធានរបស់ខ្លួន ចំណាយសឹងតែទាំងស្រុង​ទៅលើវិស័យការពារជាតិ ការស្រាវជ្រាវបាលីស្ទីក និងនុយក្លេអ៊ែរ។ បន្ថែមពីនេះ​ទៀត ដោយសារតែកម្មវិធីនុយក្លេអ៊ែរ​នេះ បានធ្វើឲ្យរបបនេះ ត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ច មិនអាចមានប្រភពចំណូលបាន។ ជីវភាពរបស់ប្រជាជនកូរ៉េខាងជើង ក៏កាន់តែ​លំបាក មួយកំរិតទៀត។

ប្រភព​ចំបងនៃចំណីអាហារ គឺបានមកពីកសិកម្មក្នុងស្រុក។ តែដូចយើងដឹងហើយ ថាកូរ៉េខាងជើងមានស្ថានភាពភូមិសាស្ត្រសំបូរទៅដោយភ្នំ។ ផ្ទៃដីដែលធ្វើកសិកម្ម ដំណាំដាំដុះបាន គឺមានប្រមាណតែ២០%ទេ។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយ នៅថ្ងៃទី៦មីនានេះ គឺទិន្នផល​កសិកម្មកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ មាន​ចំនួន​៤,៩៥លានតោន ពោលគឺវាបានថយចុះ ចំនួន​៥សែនតោន។

ទិន្នផលស្រូវអង្ករ និងស្រូវសាឡី បានថយចុះ ប្រមាណជា១៤%។ ដំឡូង​វិញ បានថយចុះដល់ទៅ៣៤%។ មូលហេតុចំបង គឺបញ្ហាអាកាសធាតុ​ និង​គ្រោះធម្មជាតិ។ កសិកម្ម​កូរ៉េ​ខាងជើង ជាកសិកម្មបែបបូរាណ ដែលរំពឹងទាំងស្រុងទៅលើអាកាសធាតុ។ ឆ្នាំ​២០១៨ សីតុណ្ហភាពក្តៅខ្លាំង ហើយបូកផ្សំជាមួយទឹកជំនន់ ព្រមទាំងខ្យល់ព្យុះ បានបំផ្លាញ​ទិន្នផលរបស់កូរ៉េខាងជើង។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនកូរ៉េខាងជើង៤៣% ដែលស្មើនឹង១១លាននាក់ គឺពួកគេត្រូវការជំនួបស្បៀងអាហារ។ ចំនួននេះគឺកើនឡើងដល់​ទៅ​៦សែន​នាក់ បើប្រៀបធៀបទៅឆ្នាំមុន។ បញ្ហាកង្វះស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និង​កាន់តែ​ធ្ងន់ធ្ងរ។ កូរ៉េខាងជើងខ្លួនឯង ក៏បានប្រាប់ទៅអង្គការសហប្រជាជាតិដែរ កាលពី​ខែមុន ថាខ្លួនត្រូវការជំនួយស្បៀងប្រមាណ១,៤លានតោន សម្រាប់ឆ្នាំនេះ។

ថវិការៃអង្គាស​ជួយកូរ៉េខាងជើង បានកាន់តែតិច

ថវិកា​រៃ​អង្គាស​ដើម្បី​យកទៅទិញស្បៀង ជួយកូរ៉េខាងជើងនេះ គឺបាន​កាន់តែ​តិច​ទៅៗ។ ឆ្នាំមុន​ ថវិកា​​​រៃ​អង្គាស ​បាន​តែ​២៤%​ប៉ុណ្ណោះ។ គម្រោង​ជំនួយ​ជួយ​កូរ៉េ​ខាងជើង ជា​ជំនួយ​ដែល​ប្រមូល​លុយ​ បានតិចជាងគេបង្អស់​។ លោក Tapan Mishra មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កូរ៉េ​ខាងជើង បាន​លើកឡើង​ថា ប្រទេស​ភាគច្រើន​គេ​លែង​ចង់​ជួយ​កូរ៉េខាង​ជើងហើយ។ អង្គការមនុស្សធម៌ខ្លះ ត្រូវបង្ខំចិត្តបិទគម្រោង​​ចោល ដោយសារតែគ្មានថវិកាចំណាយ។

មានមតិរិះគន់កន្លងមក ថារបបផ្តាច់ការកូរ៉េខាងជើង យកប្រជាជនជាចំណាប់ខ្មាំង អាងតែបានទទួលជំនួយមនុស្សធម៌ពីបរទេស និងអង្គការនានា។ ចំណែកចំណូលរដ្ឋទាំងប៉ុន្មាន គឺគេយកទៅចំណាយលើមីស៊ីល លើនុយក្លេអ៊ែរ។ អ្នកខ្លះ លើកឡើងថា ជំនួយមនុស្សធម៌កន្លងមក គឺមិនខុសពីចិញ្ចឹមរបបនេះ ឲ្យ​បន្ត​ ធ្វើបាបប្រជាជនតទៅមុខទៀត។ តែយ៉ាងណា វាជារឿងលំបាកណាស់ ដែលម្ចាស់ជំនួយ ត្រូវធ្វើការបែង​ចែកឲ្យដាច់ រវាងបញ្ហាមនុស្សធម៌ និងបញ្ហានយោបាយការបរទេស៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ