អានតួអត្ថបទ

គីម ជុងអ៊ុន កោះប្រជុំ​កំពូល​បក្ស ដើម្បី​ដោះស្រាយ “ស្ថានភាព​តានតឹង”

នៅថ្ងៃពុធ ទី១០មេសានេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានកោះប្រជុំកំពូល នៃគណកម្មាធិការនយោបាយបក្ស ដើម្បីដោះស្រាយស្ថានភាពតានតឹង ដែលកំពុងមាននាពេលបច្ចុប្បន្ន។​ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង។ បើតាមការស្មាន កិច្ចប្រជុំនេះ អាចផ្តោតសំខាន់ ទៅលើភាពមិនចុះសម្រុងគ្នាខ្លះ ទាក់ទិននឹងបរាជ័យនៃជំនួបកំពូលរវាង​ គីម ជុងអ៊ុន និង ដូណាល់ ត្រាំ ព្រមទាំងបន្ទាត់នយោបាយថ្មី ស្តីពី​ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់កូរ៉េខាងជើង។

គីម ជុងអ៊ុន ដឹកនាំការប្រជុំគណកម្មាធិការមជ្ឈឹមបក្ស  នៅព្យុងយ៉ាង ថ្ងៃទី​​១០​មេសា។ រូបភាព​ផ្តល់ឲ្យដោយ ទីភ្នាក់ងារ​ព័ត៌មាន​​ជាតិ​​កូរ៉េ​ខាងជើង​ KCNA
គីម ជុងអ៊ុន ដឹកនាំការប្រជុំគណកម្មាធិការមជ្ឈឹមបក្ស នៅព្យុងយ៉ាង ថ្ងៃទី​​១០​មេសា។ រូបភាព​ផ្តល់ឲ្យដោយ ទីភ្នាក់ងារ​ព័ត៌មាន​​ជាតិ​​កូរ៉េ​ខាងជើង​ KCNA KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូល នៃគណកម្មាធិការនយោបាយ បក្សកុម្មុយនីស្តិកូរ៉េខាងជើង បានរៀបចំបន្ទាន់ នៅថ្ងៃពុធទី១០មេសានេះ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះបើតាមការប្រកាសផ្សាយ របស់ទីភ្នាក់ងារព័ត៌មានជាតិ កូរ៉េខាងជើង។ ប្រភពដដែល បញ្ជាក់ទៀតថា ក្នុងពេលប្រជុំ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ទៅសមាជិក នៃគណកម្មាធិការមជ្ឈឹមបក្ស ថា ត្រូវតែប្រកាន់គោលជំហរឲ្យរឹងមាំ ដើម្បីការពារបដិវត្តន៍ ក្នុងស្ថានភាពដែលតានតឹង នាពេលបច្ចុប្បន្ន ហើយនឹងត្រូវដើរតាមមាគ៌ានយោបាយសេដ្ឋកិច្ចសង្គមនិយមថ្មី ឲ្យបានខ្ជាប់ខ្ជួន។ ភ្នាក់ងារព័ត៌មានជាតិកូរ៉េខាងជើង បន្ថែមថា នៅថ្ងៃព្រហស្បតិ៍ទី១១មេសា រដ្ឋសភា ក៏នឹងបើកសម័យប្រជុំពិសេសមួយ​ដែរ។

សូមរំលឹកថា កាលពីខែមេសាឆ្នាំទៅមិញ គីម ជុងអ៊ុន បានដាក់ចុះនូវបន្ទាត់នយោបាយថ្មី ដែលសំដៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះថាផែនការអភិវឌ្ឍន៍សមត្ថភាព​នុយក្លេអ៊ែរ គឺកូរ៉េខាងជើង បានដើរដល់គោលដៅហើយ។ តាមការប៉ាន់ស្មាន វាគឺជាគំរូសេដ្ឋកិច្ចដែលបើកចំហរម្តងបន្តិច តាមរយៈការធ្វើយ៉ាងណា ឲ្យអាមេរិក និងសហគមន៍អន្តរជាតិ ដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីខ្លួន។

ក៏ប៉ុន្តែ បន្ទាត់នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីនេះ គឺត្រូវជួបឧបសគ្គ បន្ទាប់ពីជំនួបកំពូលលើកទី២ រវាង គីម ជុង អ៊ុន និងដូណាល់ ត្រាំ បានបរាជ័យខុសពីការសង្ឃឹមទុក។ លោកដូណាល់ ត្រាំ បានបដិសេធ មិនព្រមធ្វើសម្បទានអ្វីទាំងអស់ ដរាបណា កូរ៉េខាងជើង មិនព្រមរំសាយកម្មវិធីនុយក្លេអ៊ែរ ឲ្យបានជាក់លាក់ទេនោះ។

លោក Cheong Seong Chang អ្នកវិភាគនៅវិទ្យាស្ថាន Sejong បានលើកឡើងថា ដរាបណាលោកដូណាល់ ត្រាំ មិនព្រមមកចរចាវិញទេ នោះមានន័យថា យុទ្ធសាស្ត្រនយោបាយសេដ្ឋកិច្ចថ្មី របស់គីម ជុងអ៊ុន នឹងជាប់គាំង។ អ្នកវិភាគរូបនេះបន្ថែមថា ក្រោយបរាជ័យជំនួបកំពូល​នៅហាណូយ នៅផ្ទៃក្នុងគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តិកូរ៉េខាងជើង អាចមានការខកចិត្ត និងការ​ស្តីបន្ទោសគ្នាទៅវិញទៅមក។ តាមការវិភាគ លោក Kim Yong Chol ដែល​ជាប្រេសិតកូរ៉េខាងជើង ទទួលបន្ទុកការចរចាជាមួយអាមេរិក អាចនឹងត្រូវគេដកចេញ ដោយសារលោកម្នាក់នេះ ត្រូវគេបន្ទោសថា ជាអ្នកធ្វើឲ្យជំនួបកំពូល ជួប​បរាជ័យ។

ដោយឡែក មកទល់ពេលនេះ ពុំទាន់មានដំណឹងណាមួយ ស្តីពីការវិលត្រលប់មកចរចាគ្នាវិញ រវាងអាមេរិក និងកូរ៉េខាងជើងទេ។ កាលពីខែមីនា មន្ត្រីទូតអាមេរិកម្នាក់ បានអះអាងថា កូរ៉េខាងជើង មានគំរោងព្យួរការចរចា ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ។ រីឯ​រដ្ឋមន្ត្រីការបរទេសអាមេរិក ទើបតែបានចាត់ទុក គីម ជុងអ៊ុន ថាជាមនុស្សផ្តាច់ការ។ កូរ៉េខាងជើងវិញ មិនបានបន្ទោសលោកដូណាល់ ត្រាំ ឲ្យចំៗ ទាក់ទិននឹងបរាជ័យនៃជំនួបកំពូលទេ តែបានចាត់ទុកថា “ទណ្ឌកម្មសេដ្ឋកិច្ច ដែលគេដាក់មកលើខ្លួន គឺជាទង្វើ​ប្រឆាំង​នឹងមនុស្សជាតិ ព្រោះវាមានចេតនាបំផ្លាញអរិយធម៌ទំនើប ដោយរុញច្រានសង្គម ឲ្យដូចត្រលប់ទៅយុគសម័យបូរាណ​ ពោរពេញដោយទុក្ខវេទនា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ