ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

កូរ៉េខាងជើង ជា​មមាច​ប្រឡែង​ភ្លើង ឬក៏​ជា​អ្នក​បង្កាត់​ភ្លើង?

កូរ៉េខាងជើង ជា​មមាច​ប្រឡែង​ភ្លើង ឬក៏​ជា​អ្នក​បង្កាត់​ភ្លើង?
 
គីម ជុងអ៊ុន និងភរិយា អមជុំវិញ​ដោយ​​កង​ទាហាន​កុមារ​​កូរ៉េ​ខាងជើង Reuters

វិបត្តិ​ស្ថិរភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ​កំពុង​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ​ នៅ​ក្រោយ​ពេល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក ​ចំនួន​៤គ្រាប់ ​កាល​ពី​ថ្ងៃ​ចន្ទ ​ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ សហរដ្ឋ​អាមេរិក ​បាន​ចាប់​ផ្តើម​ដាក់​តាំង​ប្រព័ន្ធ​ខែល​គ្រាប់​មីស៊ីល ​នៅលើ​ទឹក​ដី​កូរ៉េ​ខាងត្បូង។ ចំណែក​ចិន​វិញ ​ ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដាក់តាំង​ប្រព័ន្ធ​ចាប់​គ្រាប់​មីស៊ីល​នេះ ​បាន​ចេញ​មុខ​ប្រឆាំង ​នឹង​អន្តរាគម​ របស់​អាមេរិក។ ជាច្រើន​ឆ្នាំ​មក​ហើយ ​ដែល​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​បាន​លលេង ​បង្ក​ចលាចល​ក្នុង​តំបន់​នេះ ​តាម​រយៈ​កាំជ្រួច​មីស៊ីល ​និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ តើ​កូរ៉េ​ខាង​ជើង​ កំពុង​តែប្រលែង​នឹង​ភ្លើង ​ រឺ​ក៏​ជា​អ្នក​បង្កាត់​ភ្លើង​ជម្លោះ​ រវាង​ចិន ​និង​អាមេរិក​ ដែល​មក​ការពារ​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង?

មមាច ប្រឡែងភ្លើង

មីស៊ីល​បាលីស្ទីក​៤គ្រាប់ ​របស់​កូរ៉េ​ខាង​ជើង​ បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​៦​មីនា។ គ្រាន់​តែ​ឆ្នាំ​២០១៦ ​របប​កុម្មុយនីស្តិ​ផ្តាច់ការ​នេះ ​ បាន​សាក​ល្បង​មីស៊ីល​បាលីស្ទីក​ដល់​ទៅ​២០​ដង។ នេះ ​នៅ​មិន​ទាន់​រាប់ ​នូវ​ការ​បាញ់​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ ​ផងទេ។
 
កូរ៉េ​ខាង​ជើង​ បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​៤គ្រាប់​ចុង​ក្រោយ​នេះ ​ជួន​ចំ​ពេល​ដែល​ខ្លួន​ កំពុង​តែឈ្លោះ​ប្រកែក​គ្នា ​យ៉ាង​ពេញ​ទំហឹង ​ជាមួយ​នឹង​ម៉ាឡេស៊ី ​ជុំវិញ​សំណុំ​រឿង​ឃាតកម្ម ​លើ​លោក​ គីម ជុងណាំ។ បន្ទាប់​ពី​ម៉ាឡេស៊ី ​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​ចេញ​ពី​កូឡាឡំពួរ ​ រដ្ឋាភិបាល​ព្យុងយ៉ាង ​ មាន​សម្រេច​រាំង​ខ្ទប់​ មិន​ឲ្យ​ជនជាតិ​ម៉ាឡេស៊ី ​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង​ទេ។ បើ​តាម​ច្បាប់​នេះ ​ នេះគឺ​គេ​ហៅ​ថា​ ជា​ការ​ចាប់​បង្ឃាំង​មនុស្ស ​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ទង្វើរ​នេះ​ មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​កូរ៉េខាង​ជើង​ធ្វើ ​ នៅ​ពេល​ណា​​ឈ្លោះ​ជាមួយ​គេ​ឯង​ម្តងៗ។
 
ភាព​ក្អេងក្អាង​ មិន​គោរព​ច្បាប់​អន្តរជាតិ​របស់​កូរ៉េ​ខាង​ជើង​ ដឹកនាំ​ដោយ​ត្រកូល​គីម ​គ្រប់​ជំនាន់ ​ ហាក់​កាន់​តែ​ជ្រុល​ហួស​ហេតុ​ទៅ ​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​គីម ជុងអ៊ុន។ ទណ្ឌកម្ម​សេដ្ឋកិច្ច​ របស់​អង្គការ​សហ​ប្រជាជាតិ ​ម្តង​ហើយ​ម្តង​ទៀត ​ តែនៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ភ័យខ្លាច។ កូរ៉េ​ខាង​ជើង​ បាន​សម្រេច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តែ​ម្នាក់​ឯង ​ ម្តង​ចង់​ចូល​តុ​ចរចា ​ម្តង​ដក​ខ្លួន​ចេញ ​ តាម​តែ​ចិត្ត​ចង់​បាន។
 
គ្មាន​នរណា​ហ៊ាន​សន្និដ្ឋាន​ ឲ្យ​បាន​ច្បាស់​ទេ​ថា ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​មាន​ខ្លាំង​កំរិត​ណា​នោះ​។ តើ​កូរ៉េ​ខាង​ជើង​ពិត​ជា​ខ្លា​កំណាច ​ ​រឺគ្រាន់​តែ​ជា​សត្វ​មមាច ​ដែល​ចង់​ប្រលែង​លេង​នឹង​ភ្លើង ​ដោយ​មិន​ខ្លាច​ស្លាប់​ខ្លួន? យ៉ាងណា​ក៏​ដោយ ​អាវុធ​នុយក្លេអ៊ែរ ​និង​កាំជ្រួច​មីស៊ីល​បាលីស្ទីក ​គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព ​ដែល​របប​ផ្តាច់ការ​ព្យុងយ៉ាង ​បាន​ប្រើ​មក​លើ​ប្រទេស​មហា​អំណាច។
 
ចិន ​មហាមិត្ត​ធំ​ ដោះដៃ​ចោល
 
កន្លង​មក​កូរ៉េ​ខាងជើង ​ មាន​បង្អែក​ដ៏​រឹងមាំ ​ គឺ​ចិន។ ចិន​ តែងតែ​ចេញ​មុខ​ការពារ ​រឺ​ក៏​សម្របសម្រួល ​ដើម្បី​កុំ​ឲ្យគេ​ធ្វើបាប​កូរ៉េ​ខាង​ជើង ​ជានិច្ច។ អាជ្ញាធរ​ចិន​បាន​បិទភ្នែក ​ បណ្តោយ​ឲ្យ​មាន​ការ​ឃុបឃិត ​ជាមួយ​មន្ត្រី​កូរ៉េ​ខាងជើង ​បង្កើត​ជា​ក្រុមហ៊ុន​ខ្មោច​ជា​ច្រើន ​ដើម្បី​បង្វិល​ប្រាក់​ចូល​ទៅ​កូរ៉េ​ខាងជើង។ ធ្វើ​បែប​នេះ​ គឺ​ដើម្បី​គេច​ផុត ​ ពី​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​របស់​សហរដ្ឋ​អាមេរិក ​ និង​អង្គការ​សហ​ប្រជាជាតិ។
 
ក៏ប៉ុន្តែ ​មួយ​រយៈ​ចុងក្រោយ​នេះ ​ចិន​បា​នសម្រេច​ចិត្ត​ ​ដក​កាយ ​ឆ្ងាយ​ពី​កូរ៉េ​ខាង​ជើង​ បន្ទាប់​ពី​សម្លឹង​ឃើញ​គ្រោះថ្នាក់ ​ដោយសារ​តែ​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​កូនចៅ​ខ្លួន។ ចិន​មិន​ចង់​ឃើញ​អ្នក​ផ្សេង​ក្រៅ​ពីខ្លួន​ មាន​កម្លាំង​សព្វាវុធ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​ខ្លួន​ទេ។ ហើយ​ម្យ៉ាងទៀត ​អាវុធ​គ្មាន​ភ្នែក​នោះ​ទេ។ បើ​កូរ៉េ​ខាង​ជើង​អាច​បាញ់​ទៅ​ជប៉ុន​ ​រឺកូរ៉េ​ខាងត្បូង ​ក៏​មាន​ន័យ​ថា ​កូរ៉េ​ខាង​ជើង​ អាច​បង្វែរ​កាណុង ​មក​ខាង​ចិន​ដែរ។
 
ចិន​បាន​ប្តូរចិត្ត ​មក​ចូល​រួម​ជាមួយ​គេ​ជា​មួយ​ឯង ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ​ក្នុង​ក្របខណ្ឌ​អង្គការ​សហ​ប្រជាជាតិ។ ដើម្បី​យកចិត្ត​រដ្ឋាភិបាល​អាមេរិក​ថ្មី ​របស់​លោក​ដូណាល់ ត្រាំ ​ជាថ្នូរ​ និង​ផលប្រយោជន៍​ផ្សេង​ទៀត ​ ចិន​បាន​សម្រេច​ចិត្ត​ឈប់​ទទួល​ទិញ​ធ្យូង​ថ្ម​របស់​កូរ៉េ​ខាងជើង។ ធ្បូងថ្ម ​គឺជា​​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​របប​ផ្តាច់ការ​ត្រកូល​គីម។ ម្យ៉ាងទៀត ចិន​ក៏​ត្រូវ​ការ​ខិត​ទៅ​ចាប់​ដៃ​គូ​ពាណិជ្ជកម្ម​ ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ដែរ។ ផល​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​ចិន ​និង​កូរ៉េ​ខាងត្បូង ​វាសំខាន់ជាង ​សម្រាប់​ចិន។
 
គីម ជុងអ៊ុន សង្ស័យចិន​រៀប​គំរោង​ រំលំរបបខ្លួន?
 
ការ​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ចិន ​លែងការពារ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​ បាន​ធ្វើ​ឲ្យ​គីម ជុងអ៊ុន​ ក្រពុលមុខ​ខឹង​យ៉ាង​ខ្លាំង។ សូម​ចងចាំ​ថា​ ជា​ទូទៅ​របប​កុម្មុយនីស្តិ​ផ្តាច់ការ​ណាក៏​ដោយ ​ជា​របប​ដែល​ខ្លាច​ស្រមោល​ខ្លួនឯង ​ភ័យក្រែង​មាន​ខ្មាំង​ពី​គ្រប់​ទិស​ដំបន់។ គីម​ ជុងអ៊ុន ​មិនមែន​ត្រឹម​តែ​ខឹង​ចិន​ទេ ​ តែ​តាម​ការ​ស្មាន ​គីម ជុនអ៊ុន ​បាន​សង្ស័យ​ថា​ចិន​ អាច​កំពុង​រៀបចំ​ផែនការ​អ្វី​ម្យ៉ាង ​ដើម្បី​ផ្តួល​សំលេស​ខ្លួន ​ហើយ​រៀបចំ​របប​ថ្មី ​ជាមួយ​មេ​ដឹក​នាំ​ថ្មី។
 
យ៉ាងណាមិញ ឃាតកម្ម​លើ​រូប​លោក គីម ជុងណាំ ​បងប្រុស​ឪពុក​តែមួយ​ ម្តាយទីទៃ​របស់​គីម ជុងអ៊ុន ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ អស់​រយៈពេល​ ជាច្រើន​ឆ្នាំ​មក​ហើយ ​ ដែល​គីម ជុងណាំ ​បាន​សំងំ​រស់​នៅ​ក្នុង​ក្រុង​ម៉ាកាវ ​ទឹកដី​ចិន ​ដោយ​ស្ងប់ស្ងាត់ ​ដោយមាន​ការ​ជួយ​ការពារ​ ពី​អាជ្ញាធរ​ចិន។ តាមការ​ស្មាន​ គីម ជុនអ៊ុន ​ប្រហែល​ជា​ខ្លាច​ចិន ​រៀបចំ​កលល្បិច ​ដើម្បី​ឲ្យ​បង​ប្រុស​ខ្លួន​ មក​ជំនួស​តំណែង​ខ្លួន​ នៅ​ថ្ងៃ​ខាង​មុខ។
 
បង្កាត់​ភ្លើង រវាង​ចិន និង​អាមេរិក
 
គ្រាប់​មីស៊ីល​ទាំង​៤គ្រាប់ ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​ កាល​ពី​ថ្ងៃ​ចន្ទ ​អាច​ជា​យុទ្ធសាស្ត្រ​ឆ្លើយតប​របស់​គីម ជុងអ៊ុន។ បំណង​របស់​គីម ជុនអ៊ុន ​គឺ​បញ្ឆេះ​ជម្លោះ  ​រវាង​ចិន ​និង​ ​អាមេរិក។ កូរ៉េ​ខាងជើង ​ដឹង​យ៉ាងច្បាស់​ថា ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល ​ដែល​អាមេរិក ​ចង់​ដាក់​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង ​ត្រូវ​បាន​ចិន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ។ កន្លង​មក​ ដោយ​សារ​តែ​ប្រការ​នេះ ​ ទើប​គម្រោង​ការ​ដាក់​តាំង​ប្រព័ន្ធ​សព្វាវុធ​ការពារ​ខ្លួន​ដ៏​ទំនើប​នេះ ​ត្រូវ​បាន​ពន្យា​រហូត។ ​តែ​កូរ៉េ​ខាងជើង ​បាន​ឆ្លៀត​ឱកាស ​ដែល​អាមេរិក​មាន​អ្នក​ដឹក​នាំ​ថ្មី ​ជា​មនុស្ស​ចិត្ត​ក្តៅ ​ឈ្មោះ ​ដូណាល់ ត្រាំ។ ដោយគ្រាន់​តែ​ប្រកាស​នៅថ្ងៃទី ​៦​មីនា ​ថា ​កូរ៉េ​ខាងជើង​បាន​បាញ់​បួន​គ្រាប់​សាក​ ដើម្បី​ត្រៀម​កំទេច​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ជប៉ុន ​ ក៏​ស្រាប់​តែ​នៅថ្ងៃ​អង្គារ ​ទី៧​មីនា ​ លោក​ដូណាល់ ត្រាំ ​សម្រេច​ដាក់​តាំង​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​កាពារ​គ្រាប់​មីស៊ីល​ភ្លៀម។
 
ដូចអ្វី​ដែល​កូរ៉េ​ខាង​ជើង​រំពឹងទុក ​ ចិន​បាន​ចេញ​មុខ​ភ្លាម​ មក​តទល់​នឹង​សហរដ្ឋ​អាមេរិក ​ដែល​ហ៊ាន​ដាក់តាំង​ប្រព័ន្ធ​សព្វាវុធ​នេះ ​នៅ​កូរ៉េ​ខាង​ត្បូង។ សម្រាប់​ចិន ​ទង្វើរ​នេះ​ គឺ​ជា​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​ របស់ចិន។ ចិន​មិន​អាច​ទទួល​យក​បាន​ទេ ​ដែល​អាមេរិក ​មាន​មូលដ្ឋាន​បំផ្លាញ​គ្រាប់​មីស៊ីល ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន។ ចិន​ចេញ​មុខ​រារាំង ​មិនមែន​ចង់​ ការពារ​កូរ៉េ​ខាងជើង​ទេ ​តែ​ចង់​ការពារ​ខ្លួន​ឯង។
 
ពន្យុះ​ឲ្យ​ចិន ស្អប់​កូរ៉េ​ខាងត្បូង
 
គីម ជុងអ៊ុន​ មិនមែន​មាន​ចេតនា​បញ្ឆេះ​ភ្លើង​ជំលោះ​ តែ​រវាង​ចិន​និង​អាមេរិក​ទេ ​ ​តែ​កូរ៉េ​ខាងជើង ​ចង់​ឲ្យចិន​ឈ្លោះគ្នា​ជាមួយ​កូរ៉េ​ខាង​ត្បូង។ ជា​ការពិត​ កំហឹង​មហាជន​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ​ទល់​នឹង​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​រកស៊ី​ជនជាតិ​កូរ៉េ​ខាងត្បូង ​នៅ​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក ​ដាក់តាំង​ប្រព័ន្ធ​កម្ទេច​គ្រាប់​មីស៊ីល។ គ្រាន់​តែ​ក្នុង​ថ្ងៃ​៧ ​មីនា​មួយ​ថ្ងៃ ​ផ្សារ​លក់​ផលិតផល​កូរ៉េ​ខាង​ត្បូង​ឈ្មោះ ​Lotte ​នៅ​ក្នុង​ប្រទេស​ចិន ​ចន្លោះ​ពី​ ៤០​ ទៅ​៩០​ ទីតាំង ​ត្រូវ​បាន​ អាជ្ញាធរ​ចិន ​ បញ្ជា​ឲ្យ​បិទទ្វារ ​ដោយ​ខ្លាច​ត្រូវ​គេលួច​ដុត។
 
អាជ្ញាធរ​ចិន ​ថែម​ទាំង​បាន​អំពាវនាវ​ ឲ្យ​ប្រជាជន​ខ្លួន ​ឈប់​ទិញ​ទំនិញ​របស់​កូរ៉េ​ខាងត្បូង​ទៀត​ផង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ចិន​ ក៏​បាន​លប់​ចោល​ការ​ធ្វើ​ដំណើរ ​របស់​តារា​ល្បីៗ​កូរ៉េ​ខាងត្បូង​ជា​ច្រើន​នាក់ ​មិន​ឲ្យ​មក​ស្រុក​ចិន។ ចិន ក៏​បាន​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ទេសចរណ៍ ​ឲ្យ​កាត់​បន្ថយ​កម្មវិធី​ នាំភ្ញៀវ​ទៅ​ដើរ​កម្សាន្ត នៅ​កូរ៉េ​ខាងត្បូង។
 
ជារួម ​ ភាព​ក្អេងក្អាង​មិន​ខ្លាច​នរណា​របស់​របប​ផ្តាច់​ការ​គីម ជុងអ៊ុន ​មិន​ត្រឹមតែ​បាន​ទាក់ទាញ​គ្រោះថ្នាក់​មក​ឲ្យ​ខ្លួន​ឯង​ទេ ​​តែ​ជា​ពិសេស​គឺ​របប​នេះ ​ចេះ​រក​វិធី​ បង្វែរ​គ្រោះ​ថ្នាក់ទៅ​កាន់​អ្នក​ដ៏​ទៃ​ដែរ​ តាម​រយៈ​ការ​បញ្ឆេះ​ជម្លោះ ​ឲ្យ​គេ​ឈ្លោះគ្នា​ដោយសារ​ខ្លួន។ ដរាប​ណា ​គ្រប់គ្នា​មិន​ហ៊ាន​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចោល​ខ្លះ ​ ដើម្បី​ចាប់​ដៃ​គ្នា​សង្កត់​របប​កូរ៉េ​ខាងជើង ​នោះ​របប​ផ្តាច់​ការ​កំរោល​ចូល​នេះ ​នៅ​តែ​ជា​ដំបៅ​មហារីក​សម្រាប់​តំបន់​នេះ​ជានិច្ច។ សម្រាប់​ពេល​នេះ អ្នក​ដែល​ទទួល​រង​ទុក្ខ​​វេទនា​បំផុត ​គឺ​ប្រជាជន​កូរ៉េ​ខាងជើង​ ដែល​រស់​ក្នុង​រនាំង​ដែក ​ ក្នុងភាព​ក្រីក្រ ​និង​​ការ​​ភ័យខ្លាច ដោយសារ​​ភាព​ឆ្កូត​លីលា​​​ របស់​​មេដឹកនាំ​ខ្លួន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ម៉ាឡេស៊ី-កូរ៉េខាងជើង

    ឃាតកម្ម​សម្លាប់​លោកគីម ជុនណាម៖​​ម៉ាឡេស៊ី​​ពង្រាយ​កម្លាំងប៉ូលិស​ព័ទ្ធជុំវិញ​ស្ថានទូត​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិកផ្តើម​​ពង្រាយ​ខែល​មីស៊ីលប្រឆាំង​មីស៊ីល នៅ​កូរ៉េខាង​ត្បូង

    ស្វែងយល់បន្ថែម

  • កូរ៉េខាង​ត្បូង​ប្រកាស​ដំឡើង​ប្រាក់​រង្វាន់​ដល់​ជន​ផ្តាច់​ខ្លួន​ពី​កូរ៉េខាង​ជើង

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-ម៉ាឡេស៊ី

    មុននឹង​ចាកចេញ​ពី​ម៉ាឡេស៊ី លោក​ទូត​កូរ៉េ​ខាងជើង ឆ្លៀត​និយាយ​រិះគន់​ម៉ាឡេស៊ី​ទៀត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ