អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទណ្ឌកម្ម​មិន​បាន​ផល ដោយសារ​កូរ៉េ​ខាង​ជើង​រកស៊ី​ជា​ប្រព័ន្ធ​ ជាមួយ​មនុស្ស​នឹង​ក្រុមហ៊ុន​ទុច្ចរិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ក្រុម​អ្នក​ពិចារណា​ឯករាជ្យ​មួយ​ឈ្មោះថា​ C4ADS ​ទើប​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ ​ ស្តី​អំពី​ប្រសិទ្ធិភាព​សឹង​តែ​គ្មាន​សោះ ​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​សហគម​អន្តរជាតិ ​បាន​ដាក់​ទៅ​លើ​កូរ៉េ​ខាងជើង ​ដើម្បី​ឲ្យ​ប្រទេស​នេះ​ បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ យោង​តាម​របាយការណ៍​នេះ​ ​កូរ៉េ​ខាង​ជើង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដ៏​សែន​ស្មុគស្មាញ​ចាក់​ស្រែស ​ដើម្បី​បង្កើត​ជា​បណ្តាញ ​និង​បង្កើត​ក្រុមហ៊ុន​ខ្មោច ​ជាច្រើន។ អ្នក​រកស៊ី ​និង​ក្រុមហ៊ុន​ខ្មោច​ទាំង​នោះ ​បាន​ចូលរួម​លាង​លុយ​ក្រខ្វក់ ​និង​ដោះដូរ​ទំនិញ​ជាមួយ​កូរ៉េ​ខាងជើង ​ទាំង​ដែល​គ្មាន​នរណា ​ដឹង​ដាន​អ្វី​ទាំងអស់។

គីន ជុងអ៊ុន ក្នុងពិធីដង្ហែរក្បួនយោធា ខូបលើកទី​៨៥ នៃការបង្កើត​កងទ័ព​រំដោះកុម្មុនីស្តិ​កូរ៉េខាង​ជើង​ ថ្ងៃទី​ ២៦ មេសា ២០១៧
គីន ជុងអ៊ុន ក្នុងពិធីដង្ហែរក្បួនយោធា ខូបលើកទី​៨៥ នៃការបង្កើត​កងទ័ព​រំដោះកុម្មុនីស្តិ​កូរ៉េខាង​ជើង​ ថ្ងៃទី​ ២៦ មេសា ២០១៧ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឈឺក្បាល ​ ដោយសារ​តែ​មហិច្ឆិតា​នុយក្លេអ៊ែរ ​ដ៏​គ្រោះ​ថ្នាក់​របស់​ខ្លួន។ ជាង​១០ឆ្នាំ​មក​ហើយ ​ដែល​សហគម​អន្តរជាតិ ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​កូរ៉េ​ខាងជើង។ តែ​បើ​ក្រឡេក​មក​មើល​ គ្រាន់តែ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ​កូរ៉េ​ខាងជើង ​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដល់​ទៅ​២លើក​ និង​បាន​សាក​ល្បង​កាំជ្រួច​ប្រើប្រាស់​ប្រព័ន្ធ​បាលីស្ទីក ​រហូត​ដល់​ទៅ​២៦​លើក។ ដូច្នេះ ​មិន​បាច់​និយាយ​ទេ ​ថា ​ទណ្ឌកម្ម​ដែល​សហគម​អន្តរជាតិ ​បាន​ដាក់​លើ​កូរ៉េ​ខាងជើង ​នា​ពេលកន្លង​មក​នោះ ​វា​បាន​ធ្វើ​ឲ្យ​របប​ផ្តាច់ការ​នេះ ​ ខ្លាច​ញញើត​កំរិត​ណា!

 

កូរ៉េ​ខាងជើង​ មិនត្រឹម​តែ​មិន​ព្រឺរោម​ នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទេ ​តែ​ថែម​ទាំង​បាន​ពន្លឿន​ល្បឿន​អភិវឌ្ឍន៍​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ឲ្យកាន់​តែ​ប្រសើរ។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគ​ជាច្រើន ​ក្នុង​ពេលដ៏​ឆាប់​ខាង​មុខ​នេះ ​កូរ៉េ​ខាងជើង ​នឹង​មាន​កាំច្រួច​អន្តរទ្វីប ​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ដ៏​គ្រោះថ្នាក់​បំផុត។

 

អង្គការ​ក្រុម​អ្នក​ពិចារណា​ឯករាជ្យ ​(Think Tank)​ មួយ ​ឈ្មោះថា​ C4ADS ​ទើប​បាន​ចេញ​របាយការណ៍ថ្មី​របស់​ខ្លួន​ ឆ្លង​កាត់​ការ​ស្រាវជ្រាវ​ វិភាគ​ដ៏​ស្មុគស្មាញ ​ស្តី​អំពី​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងជើង។ យោង​តាម​ការ​វិភាគ​របស់​របាយការណ៍​នេះ ​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​មាន​ នៅ​ពេល​កន្លង​មក​ វា​មិន​គ្រប់​គ្រាន់​ទាល់តែ​សោះ ​ក្នុងការ​ដាក់​គំនៀប​ផ្នែក​ហិរញ្ញវត្ថុ ​ធ្វើឲ្យ​កូរ៉េ​ខាង​ជើង​ទ័លច្រក ​ហើយ​បោះបង់​ចោល​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ វា​មិនខុស​ពី​ទាហាន​ម្នាក់​ ដែល​ព្យាយាម​បាញ់​សំដៅ​សត្រូវ ​តែ​មិន​ចំ​គោលដៅ​​ ដោយសារ​តែ​មើល​មិន​ឃើញ​ ថា​សត្រូវ​នៅ​ទីណា​ផង។

 

ជាការពិត​​ របប​ផ្តាច់ការ​គីម ជុនអ៊ុន ​មិន​អាច​មាន​លទ្ធភាព ​ទាំង​សម្ភារៈ ​ទាំង​ថវិកា​ ចំណាយ​ ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ ​បើសិន​ជា​គ្មាន​លំហូរ​ទឹក​ប្រាក់ ​ទៅ​ពី​ខាង​ក្រៅ។ គឺ​ប្រភព​ហិរញ្ញវត្ថុ​នេះ​ហើយ ​ដែល​ជា​បញ្ហា​ចោទ ​ព្រោះ​មក​ត្រឹម​ពេល​នេះ ​គេ​មិន​អាច​ដឹង​ថា​ វាមាន​ប្រភពពី​ណា​ខ្លះ​ទេ។ គេគ្រាន់​តែ​ដឹង​ថា ​ ក្រុមហ៊ុន​ចិន​មួយ​ចំនួន ​ បាន​ឃុបឃិត​រកស៊ី ​នាំចូល​សម្ភារៈ​ទៅ​លក់​ឲ្យ​កូរ៉េ​ខាង​ជើង។

 

ប៉ុន្តែ​របាយការណ៍​របស់ ​C4ADS ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រភព​ហិរញ្ញវត្ថុ​ ឬ​ប្រាក់​ចំណូល​របស់​កូរ៉េ​ខាង​ជើង ​មិនមែន​មាន​ប្រភព​តែមួយ​ទេ ​តែ​ជា​ប្រព័ន្ធ​ចាក់​ស្រែស ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ក្រុមហ៊ុន​មួយ​ចំនួន​ធំ ​ដែល​មាន​ប្រភព​នៅ​ចិន​ មាន​ទាំង​ក្រុម​ហ៊ុន​ស្របច្បាប់ ​និង​ក្រុមហ៊ុន​ដែល​រក​ស៊ី​ខុសច្បាប់ ​រត់ពន្ធ​គ្រឿងញៀន ​ភ្លុក​ដំរី​ ភ្លុក​រមាស​ដើម ។ល។ យ៉ាង​ហោច​ណាស់​ មាន​ក្រុមហ៊ុន​ចិន ​សរុប​ប្រមាណ​ជា ​៥២៣៣ ​ក្រុមហ៊ុន ​ ដែល​រកស៊ី​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងជើង។ ក្រៅពី​នេះ ​ក្រុម​ហ៊ុន​កូរ៉េ​ខាងជើង​ បាន​បង្កើត​ក្រុមហ៊ុន​ខ្មោច​ រឺ​ក្រុមហ៊ុន​កញ្ចក់​ នៅ​ក្រៅ​ប្រទេស ​ជាច្រើន ​ដើម្បី​ធ្វើ​ការ​លាក់បាំង ​បន្លំ​សកម្មភាព​រកស៊ី​ពិត​ប្រាកដ​របស់​ពួកគេ។

 

ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ​គឺ​ក្រុមហ៊ុន​ Dandong Hongsiang Industrial ​Development ​ដែល​មាន​សាខា​ជា​​ច្រើន។ ជា​ផ្លូវការ​ក្រុមហ៊ុន​នេះ ​បាន​នាំចូល​ទំនិញ​ជាច្រើន​មុខ​ទៅកាន់​កូរ៉េ​ខាងជើង ​រាប់​ទាំង​សម្ភារៈ​ប្រើប្រាស់ ​និង​បរិក្ខា ​ក៏​ដូចជា​វត្ថុធាតុ​ដើម​ឧស្សាហកម្ម​ធនធ្ងន់។ យោង​តាម​ប្រភព​ដែលC4ADS ​ទទួល​បាន ​​ ក្រុមហ៊ុន​នេះ​បាន​នាំចូល​ទំនិញ​ទៅ​កូរ៉េ​ខាងជើង ​រវាង​ឆ្នាំ​២០១១ ​ដល់ ​២០១៥ ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១៧១​លាន​ដុល្លារ ​ហើយ​នាំ​ទំនិញ​កូរ៉េ​ខាងជើង ​ចេញ​មកវិញ ​ក្នុង​ទឹកប្រាក់​ប្រមាណ​៣៦០​លាន​ដុល្លារ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក ​និង​កូរ៉េ​ខាងត្បូង ​ចាត់​បញ្ចូល​ក្នុង​បញ្ជីរ​ខ្មៅ។

 

បណ្តាញ​ក្រុម​ទុច្ចរិត​ ជួញដូរ​អាវុធ​ របស់​កូរ៉េ​ខាង​ជើង ​មាន​សឹងតែ​ពាសពេញ​អាស៊ី​អាគ្នេយ៍។ ម៉ាឡេស៊ី ​មាន​បណ្តាញ​ចារកិច្ច​សម្ងាត់​របស់​កូរ៉េ​ខាងជើង ​ដែល​លួច​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ទុច្ចរិត​ជាច្រើន ​នាំ​អាវុធ​ទៅ​លក់។ មនុស្ស​ម្នាក់​ឈ្មោះ ​គីម ស៊ុងអ៊ីល ​ជាអ្នក​ជំនួញ ​មាន​របប​រកស៊ី​នៅ​ហុងកុង​ នៅ​ចិន ​និង​រុស្ស៊ី​ ត្រូវ​បាន​គេ​ស្គាល់​​ថា​ ជា​មេក្លោង​ដឹក​ជញ្ជូន​អាវុធ​ ពី​កូរ៉េ​ខាង​ជើង ​ឆ្លង​កាត់​តាម​ចិន ​និង​អាស៊ី​អាគ្នេយ៍ ​យកទៅ​លក់​នៅ​ទ្វីប​អាហ្វ្រិក។ ជននេះ ​មាន​កាន់​លិខិតឆ្លង​ដែន​កម្ពុជា ​យ៉ាង​ហោច​ណាស់​២ច្បាប់​ផ្សេង​គ្នា។

 

ការ​នាំចេញ​អាវុធ​ ​គឺ​ជា​ប្រភព​ថវិកា​ចំបង​របស់​កូរ៉េ​ខាង​ជើង។ ក្រុមហ៊ុន​ចិន​មួយ​ទៀត​ ឈ្មោះ ​Jie Shun ​ គឺ​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស្អិត ​ជាមួយ​នឹង​របប​ព្យុង​យ៉ាង។ នាវា​របស់​ក្រុមហ៊ុន ​Jie Shun ​ ត្រូវ​បាន​គេ​ចាប់​បាន​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦ ​នៅអេហ្ស៊ីប។ នាវានោះ​​មាន​ផ្ទុក​គ្រាប់​រ៉ូកែត ​ប្រភេទ ​PG-7 ​ចំនួន​៣ម៉ឺន​ គ្រាប់   ​ទំងន់​សរុប​១៣២​តោន ហើយ ​ផលិត​នៅ​កូរ៉េ​ខាង​ជើង​ទាំងអស់។ ចំណែក​នាវា​ដែល​គេ​ប្រើប្រាស់​ដឹក​អាវុធ​នោះ ​គឺមាន​ចុះ​បញ្ជីរ​ពាក់​ទង់ជាតិ​ប្រទេស​កម្ពុជា។

ផ្លូវឆ្លងកាត់នាវា និងគ្រាប់រូកែត ដែល​ចាប់​ឃាត់​បាន ជាមួយ​នឹង​​អត្តសញ្ញាណ​​របស់​​នាវា
ផ្លូវឆ្លងកាត់នាវា និងគ្រាប់រូកែត ដែល​ចាប់​ឃាត់​បាន ជាមួយ​នឹង​​អត្តសញ្ញាណ​​របស់​​នាវា /C4ADS

នេះ​ជា​ផ្នែកមួយ ​បង្ហាញឲ្យ​ឃើញ​ពី​ភាព​ចាក់ស្រែស ​ នៃ​បណ្តាញ​ទុច្ចរិត​របស់​កូរ៉េ​ខាងជើង ​ដែល​ឆ្លងកាត់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី។ ថ្វីបើគេ​មិន​អាច​ដឹង​ថា ​គ្រាប់បែក​ និង​គ្រាប់​រ៉ូកែត ​ទាំង​នោះ ​ដឹក​យក​ទៅ​លក់​ឲ្យ​អ្នកណា ​ក៏​ប៉ុន្តែ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ គ្រាប់​រ៉ូកែត​ ផលិត​នៅ​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​គេ​រកឃើញ​មាន​នៅ​ប្រើប្រាស់ ​នៅ​ស៊ីរី​  និង​នៅ​លីបង់។

 

ក្រុមហ៊ុន​ Jie Shun ​ នេះ ​មាន​ម្ចាស់​ឈ្មោះ ​Fan Mintian ។ ជននេះជា​អតីត​ទាហាន​ជនជាតិ​កូរ៉េ​ខាងជើង ​តែមាន​សញ្ជាតិ​ចិន​ ហើយ​ត្រូវ​បាន​គេ​ស្គាល់ថា​ បាន​ដើរ​តួ​យ៉ាង​សំខាន់ ​ក្នុងការ​សម្រុះសម្រួល​រៀបចំ​ បង្កើត​បណ្តាញ​ខុស​ច្បាប់​ទាំង​អស់​នេះ។ ជន​ឈ្មោះ ​Fan Mintian ​នេះក៏​ត្រូវ​បាន​គេ​ស្គាល់ថា​ ជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ទៀត​ឈ្មោះ ​Dalian Sea Glory Shipping ​ដែល​នាវា​ក្រុមហ៊ុន​នេះ​ហើយ ​ ដែល​ត្រូវ​បាន​កងទ័ព​ជើងទឹក​អាមេរិក​ តាម​ដាន​ដឹង​​ ថាបាន​ដឹក​បញ្ជូន​គ្រាប់​មីស៊ីល ​ទៅ​លក់​ឲ្យ​ភូមា។

 

ក្រៅ​ពីការ​ដឹក​ជញ្ជូន​អាវុធ​ទៅលក់ ​កូរ៉េ​ខាង​ជើង​ក៏បាន​ប្រើប្រាស់ ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ដើម្បី​លាងលុយ​ក្រខ្វក់ ​ តាម​រយៈ​ការ​បោះទុន​វិនិយោគ​ផ្សេងៗ ​នៅ​ក្រៅ​ប្រទេស។ ភោជនីយដ្ឋាន ​ឬ​ក្រុមហ៊ុន​សេវ៉ាកម្ម​នានា ​ត្រូវ​បាន​គេ​បង្កើត​ ​ដើម្បី​ចាក់​លុយ​បញ្ចូល​ក្រខ្វក់​ ហើយ​កើប​យក​ទៅ​វិញ​នូវ​ប្រាក់​ចំណេញ។ ជាក់ស្តែង ​ការ​បោះទុន​វិនិយោគ ​របស់​កូរ៉េ​ខាងជើង ​ដើម្បី​កសាង​សារៈមន្ទីរ​មួយ​នៅ​ទីក្រុង​សៀមរាប ​ប្រទេស​កម្ពុជា​យើង​ ត្រូវ​បាន​គេ​សង្ស័យ​ថា ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​លាង​លុយ​កខ្វក់​ និង​កើប​យក​ប្រាក់​ចំណូល​ទៅ​ព្យុងយ៉ាង។

 

របាយការណ៍​របស់ ​C4ADS ​បាន​សន្និដ្ឋាន​ថា ​ទណ្ឌកម្ម​អន្តរជាតិ ​ដើម្បី​បំបិទ​ច្រក​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងជើង ​ត្រូវតែ​វាយ​ឲ្យ​ចំ​គោលដៅ ​ទៅ​លើ​បណ្តាញ​ខ្សែ​រយៈ​ទុច្ចរិត​ទាំង​អស់​នេះ។ ការងារ​នេះ ​នឹង​មិន​អាច​សម្រេច​បាន​ទេ ​បើសិន​ជា​គ្មាន​ការ​សហការ​ពី​ប្រទេស​នានា។ បើ​ទោះ​បី​បណ្តាញ​ទុច្ចរិត​របស់​កូរ៉េ​ខាង​ជើង ​មាន​ភាព​ស្មុគស្មាញ ​តែ​វា​បាន​បង្ហាញ​ នូវ​ចំណុច​ខ្សោយ​មួយ​ត្រង់​ថា ​ កូរ៉េ​ខាង​ជើង​រកស៊ី​ជាមួយ​ក្រុមហ៊ុន ​និង​មនុស្ស​ដដែលៗ។ ក្រុមហ៊ុន​ដែល​រកស៊ី​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងជើង ​មាន​ប្រមាណ​តែ​ជាង​៥ពាន់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ដូច្នេះ​គ្មាន​រឿងអ្វី​ដែល​ថា ​សហគមន៍​អន្តរជាតិ ​មិន​អាច​ចាត់​ចែង ​ ជីក​រំលើង​ឬស​គល់​បាន​ទេ ​បើសិន​ជា​យើង​មាន​ចេតនា​ពិត​ប្រាកដ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ