ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

វិបត្តិ​កូរ៉េ​ខាងជើង៖ ​​ផ្លូវដើរ​​ណា​ខ្លះ ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​នីមួយៗ?

វិបត្តិ​កូរ៉េ​ខាងជើង៖ ​​ផ្លូវដើរ​​ណា​ខ្លះ ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​នីមួយៗ?
 
គីម ជុងអ៊ុន និងមន្ត្រីស្និទ ទះដៃ​អប​អរ​នឹងជោគជ័យ ​នៃការ​​បាញ់​​សាក​ល្បង​មីស៊ីល​​ចំងាយ​​ឆ្ងាយ។ REUTERS/KCNA/File Photo

វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​អស់ ​ឈឺក្បាល​វិលមុខ ​និយាយ​មិន​ត្រូវ​គ្នា។ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស ​និង​ជប៉ុន ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឲ្យ​ធ្ងន់ ​ទៅ​លើ​កូរ៉េ​ខាង​ជើង ​ចិន ​និង​រុស្ស៊ី​ឯណោះ ​បាន​​បដិសេធ​​ចោល ​ព្រោះ​ថា​វា​គ្មាន​ប្រយោជន៍​ គ្មាន​ប្រសិទ្ធិភាព។ ប្រទេស​ទាំង​ពីរ​នេះ ​ចង់​ឲ្យ​អាមេរិក ​និង​កូរ៉េ​​ខាងត្បូង ​ងាក​មក​ធ្វើ​សប្បទាន ​ហើយ​ឈប់​គំរាម​កូរ៉េ​ខាង​ជើង​តទៅ​ទៀត ​ធ្វើ​ដូច្នេះ ​គឺ​ដើម្បី​អូស​កូរ៉េ​ខាងជើង​ ឲ្យ​ចូល​តុ​ចរចា។ តើ​​មាន​ហេតុផល​អ្វី​ខ្លះ​​ ដែល​នៅ​​ពី​ក្រោយ​ការ​ទាមទារ​ចង់​បាន ​របស់​ភាគី​នីមួយៗ​ ក្នុង​សំណុំ​រឿង​នេះ?

ធ្វើ​សមយុទ្ធ​យោធា ​ដាក់​ពង្រាយ​អាវុធ​ ដើម្បី​ទប់ទល់​ជាមួយ​កូរ៉េ​ខាង​ជើង ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដើម្បី​ខ្ទប់​ដង្ហើម​កូរ៉េ​ខាងជើង ​ឬមួយ​ក៏​បោះបង់​ចោល​ទាំង​អស់ ​ហើយ​ងាក​មក​រៀប​ចំ​ការ​ចរចា ​ជាមួយ​កូរ៉េ​ខាង​ជើង​? តើ​ជំរើស​មួយ​ណា ​ដែល​ល្អ?​ ហើយ​វា​ល្អ​សម្រាប់​អ្នក​ណាខ្លះ​?

ដាក់​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឲ្យ​ធ្ងន់?

នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៤កញ្ញា ​សហរដ្ឋ​អាមេរិក​ បាន​លើក​សំណើរ​ ជាមួយ​នឹង​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ច្រើន​ចំណុច ​ដើម្បី​ដាក់​គំនៀប ​សង្កត់​កូរ៉េ​ខាង​ជើង​ ឲ្យ​ថប់​ដង្ហើម។ បារាំង​ អង់គ្លេស ​អាល្លឺម៉ង់ ​និង​ជប៉ុន ​សុទ្ធតែ​បាន​គាំទ្រ ​ថា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​គឺ​ជា​វិធីសាស្ត្រ​មួយ​ ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន​ ដើម្បី​អូស​កូរ៉េ​ខាង​ជើង​ឲ្យ​ស្គាល់​ហេតុ​ស្គាល់​ផល។

តែ​បញ្ហា​ចោទ​គឺ​ថា ​ទណ្ឌកម្ម​ទាំងនោះ ​បាន​វាយ​ចំ​ចំណុច​ដែរ​ឬ​ទេ? តើ​ទណ្ឌកម្ម​ទាំង​នោះ ​បាន​ហុច​ផល​អ្វី​ខ្លះ​ហើយ? បើ​រាប់​ទាំង​លើក​នេះ​ វា​គឺ​ជា​លើក​ទី​៨​ហើយ ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ លើ​កូរ៉េ​ខាង​ជើង ​ហើយ​មួយ​លើកៗ​ គឺ​គេ​សុទ្ធ​តែ​អះអាង​ថា​ កាន់​តែ​​ធ្ងន់​ ជាង​មុន។ ធ្ងន់​យ៉ាង​ណា​ក៏ដោយ ​ តែ​កូរ៉េ​ខាងជើង ​នៅ​តែ​បន្ត ​បាញ់​សាក​កាំ​ជ្រួច​មីស៊ីល ​ហើយ​ចុង​ក្រោយ​នេះ ​គឺ​សាក​គ្រាប់​បរមាណូ ​ប្រភេទ​អ៊ីដ្រូសែន​ ទំងន់​៥០​គីឡូ​តោន​ឯណោះ។ ចង់​មិន​ចង់​ គឺ​មាន​ន័យ​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​កាលពី​លើក​មុនៗ​ ពុំបាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើ​ងស្ញើប​នោះ​ទេ។

ទណ្ឌកម្ម​សេដ្ឋកិច្ច ​គ្មាន​ប្រសិទ្ធិភាព​ដោយសារ​អ្វី?

អ្នក​វិភាគ​ជា​ច្រើន​លើក​ឡើង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​មាន​ប្រសិទ្ធិភាព​ ក៏​ដោយសារ​តែ​គេ​មិន​បាន​អនុវត្ត​វា​ ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្រប់​ជ្រុងជ្រោយ។ បើគេ​ពិនិត្យ ​ឲ្យបាន​សព្វ​គ្រប់​ ប្រព័ន្ធ​ចាក់ស្រែស​នៃ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង ​គឺ​មួយ​ភាគ​ធំ​ ស្ថិត​ក្នុង​បណ្តាញ​ផ្លូវ​ងងិត ​ឬ​បណ្តាញ​ខុសច្បាប់ ​ដែល​ឃុបឃិត​គ្នា​រកស៊ី ​ក្រៅ​សំណាញ់​ច្បាប់។ តួយ៉ាង​ដូច​ជា​ការ​ដឹក​ជញ្ជូន​អាវុធ​ យក​ទៅ​លក់​ នៅ​តាម​ប្រទេស​តំបន់​អាហ្វ្រិក​ជាដើម។ ក្នុង​ចំណោម​ក្រុមហ៊ុន ​ឬ​ក៏​អ្នក​ជំនួញ ​ដែល​ជាប់​ឈ្មោះ​ក្នុង​ទណ្ឌកម្ម ​គឺ​ភាគ​ច្រើន​មាន​ប្រភព​នៅ​ចិន ​និង​រុស្ស៊ី។

ដើម្បី​កុំឲ្យ​គេ​ចោទ​ ថា​កាន់ជើង​កូរ៉េ​ខាង​ជើង​ ចិន​គ្មាន​ជំរើស​អ្វី ​ក្រៅតែ​ពី​ទទួល​យល់​ព្រម ​នូវ​ការ​ដាក់​វិធានការ​ទណ្ឌកម្ម​ទេ ​ទាំង​ដែល​ ​ធាតុពិត ​ចិន​គ្មាន​អ្វី​ត្រូវ​ចំណេញ​សោះ។ ក្រុមហ៊ុន​ចិន​ ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង ​ត្រូវ​ខាតបង់​ទាំង​ស្រុង។ កុំភ្លេច​ថា​ ៩០% ​នៃ​ការ​នាំចេញ​របស់​កូរ៉េ​ខាង​ជើង ​គឺ​ចិន​ជា​អ្នក​ទទួល​ទិញ​ទាំង​អស់។ ទំនិញ​ទាំង​នោះ ​ភាគ​ច្រើន​គឺ​សុទ្ធ​សឹង​តែ​ជា​វត្ថុ​ធាតុ​ដើម​ លោហៈធាតុ​សំខាន់ៗ ​ដែល​ចិន​ត្រូវ​ការ​ សម្រាប់​ឧស្សហកម្ម​ខ្លួន។ ជាមួយ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ជំនួញ​ជួញដូរ​ស្រប​ច្បាប់ ​បាន​រង​ផល​ប៉ះពាល់​មែន​ហើយ ​ប៉ុន្តែ ​ជំនួញ​ផ្លូវកាត់ ​រវាង​ចិន​ និង​កូរ៉េ​ខាងជើង ​នៅតែ​មាន​យ៉ាង​សកម្ម​ដដែល។ នេះ​ហើយ​ដែល​ជា​ហេតុផល ​ធ្វើឲ្យ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​មិន​បាន​ហុច​ផល​វិជ្ជមាន។

សម្រាប់​រុស្ស៊ី​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េ​ខាង​ជើង​ ក៏​មិន​បាន​ហុច​ផល​ល្អ ​ដល់​ខ្លួន​ដែរ​ ​ជា​ពិសេស​ជាមួយ​នឹង​វិធានការ​ថ្មី ​ដែល​សហរដ្ឋ​អាមេរិក ​ បាន​លើក​ឡើង​នា​ពេល​នេះ ​ទាក់ទិន​នឹង​ វិស័យ​ប្រេង ​និង​វិស័យ​ទេសចរណ៍។ កូរ៉េ​ខាងជើង ​គឺ​​​ជា​ម៉ូយ​ប្រេង​ឥទ្ធនៈ ​នាំចូល​ពី​រុស្ស៊ី។ ចំណែក​វិស័យ​ទេចរណ៍​វិញ ​កូរ៉េ​ខាងជើង ​ទើបតែ​បាន​បើក​សម្ភោធ ​ភ្នាក់ងារ​ទេសចរណ៍​មួយ​របស់​ខ្លួន​នៅក្រុង​ម៉ូស្គូ។

ចិន និង​រុស្ស៊ី​ មិន​ចង់​ឃើញ​របប​ផ្តាច់ការ​កុម្មនីស្ត​ ត្រកូល​គីម ​រលំទេ

វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ​ ដែល​កូរ៉េ​ខាង​ជើង ​មាន​ចំណង​ស្អិត​រមួត ​ជាមួយ​ចិន ​និង​រុស្ស៊ី ​ព្រោះ​ថា​ទីមួយ ​ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​ជាប់​ព្រំដែន​គ្នា ​ហើយ​ទីពីរ ​គឺ​ដោយសារ​តែ​ពួក​គេ​ទាំង​៣ ​គឺ​ជា​អតីត​មិត្ត​រួម​អាវុធ ​នៃ​បដិវត្តន៍​លទ្ធិ​កុម្មុយនីស្តិ ​ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ បើគ្មាន​ចិន ​និង​រុស្ស៊ី ​កូរ៉េ​ខាង​ជើង ​ក៏​គ្មាន​កំលាំង​ឯណា ​ទៅ​វាយ​ប្រយុទ្ធ​ ជាមួយ​អាមេរិក​ ក្នុង​ជំនាន់​សង្រ្គាម​កូរ៉េ​ដែរ។

កត្តា​ភូមិសាស្ត្រ​ទៀតសោត ​ដែល​ញ៉ាំង​ឲ្យ​ចិន​ និង​រុស្ស៊ី ​ព្យាយាម​ការពារ​របប​កុម្មុនីស្តិ​កូរ៉េ​ខាង​ជើង។ រហូត​មក​ទល់​ពេ​ល​នេះ ​ថ្វីបើ​ លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្កោលទោស ​ គីម ជុងអ៊ុន ​ថា​បាន​ធ្វើ​សកម្មភាព​បង្ក​បញ្ហា ​តែ​ទន្ទឹម​គ្នា​នេះ ​លោក​ពូទីន ​ បាន​អះអាង​ថា​ មហិច្ឆិតា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នេះ ​ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ ​រហូត​ដល់​ទៅ​យក​អាវុធ​ មក​ដាក់​តាំង ​នៅ​កូរ៉េ​ខាង​ត្បូង​ដែរ។ ទាំង​ចិន ​ទាំង​រុស្ស៊ី ​សុទ្ធតែ​មិន​ចង់​ឲ្យ​អាមេរិក​ មក​ធ្វើ​អន្តរាគមន៍ ​ផ្តួល​រំលំ​របប​ផ្តាច់ការ​ត្រកូល​គីម​ទេ។

ប្រើ​អាវុធ​ទំនើប ​គំរាម​តប​ទៅ​កូរ៉េ​ខាងជើង​វិញ?

ក្រៅ​ពីការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ រដ្ឋាភិបាល​លោក​ត្រាំ​ មាន​វិធីសាស្ត្រ​មួយ​ទៀត ​គឺ​យុទ្ធសាស្ត្រ​កំញើញ​តប​វិញ។ លោក​ដូណាល់ ត្រាំ ​បាន​ប្រកាស​ថា ​នឹង​បញ្ចេញ​អាវុធ​ទំនើបៗ​របស់​អាមេរិក​ ​ទៅ​ប្រើ​ដើម្បី​កំទេច​កូរ៉េ​ខាង​ជើង។ អាមេរិក ​បាន​ដាក់​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល (THAAD) ​ចំនួន​២គ្រឿង​រួច​មក​ហើយ ​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង។ ហើយ​ប្រទេស​ទាំងពីរ​ បាន​ត្រូវ​រូវ​គ្នា ​ថា​នឹង​ដាក់​បញ្ឈរ​ប្រព័ន្ធ​មីស៊ីល​នេះ ​ចំនួន​៤គ្រឿង​បន្ថែម​ទៀត​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ បន្ថែម​ពីនេះ ​នៅ​ថ្ងៃ​អង្គារ​ទី​ ៥​ កញ្ញា ​លោក​ប្រធានាធិបតី​អាមេរិក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក​បាន​យល់​ព្រម​ បើកភ្លើង​ខៀវ ​ឲ្យ​អាមេរិក​ លក់​អាវុធ​ទំនើប​បំផុត​របស់​ខ្លួន ​ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន។

តើដោយសារ​​ហេតុផល​នេះ​មែនទេ ​ដែល​អាមេរិក​ នៅ​តែ​រឹង​ ចង់​កំញើញ​ប្រើ​កំលាំង ​ព្រោះថា​ជា​ឱកាស​បាន​លក់​អាវុធ? លក់ឬ​មិន​លក់​ នៅ​ក្នុង​ក្រសែរ​ភ្នែក ​ចិន​ និង​រុស្ស៊ី ​ការ​ដែល​អាមេរិក​ ទាមទារ​ដាក់តាំង​ប្រព័ន្ធ​ខែល​មីស៊ីល ​និង​ប្រព័ន្ធ​បាញ់​មីស៊ីល ​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង ​ ​គឺ​ជា​ការ​គំរាម​មួយ ​ទៅ​ដល់​សន្តិសុខ​ពួក​គេដែរ។ ហេតុផល​នេះ​ហើយ​ ដែល​រុស្ស៊ី ​និង​ចិន ​បាន​ប្រឆាំង​ដាច់​អហង្ការ ​ចំពោះ​វិធី​វាយ​បក​វិញ ​ដោយការ​កំញើញ​ប្រើ​អាវុធ។ វិធីសាស្ត្រ​ដោយការ​គំរាម​ប្រើ​កំលាំងនេះ ​និង​បើកដៃ​ឲ្យ​អាមេរិក ​ដាក់​តាំង​ប្រព័ន្ធ​មីស៊ីល ​ព្រមទាំង​ចល័តទ័ព​ស្អេកស្កះ ​មក​ក្នុង​តំបន់​នេះ។ សម្រាប់​ចិន ​និង​រុស្ស៊ី ​វា​មិនមែន​ជា​រឿង​ល្អ​ឡើយ។

ធ្វើ​សម្បទាន​ទាំង​សងខាង​ ដើម្បី​ឈាន​ទៅ​បើក​ការ​ចរចា?

ក្នុង​ពេល​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៤​កញ្ញា ​ចិន ​និង​ រុស្ស៊ី ​បាន​លើក​ឡើង​នូវ​សំណើរ​របស់​ខ្លួន ​ដែល​ជា​រួម​ គឺ​សំណើរ​ធ្វើ​សម្បទាន ​ផ្អាក​ទាំង​សងខាង។ ខាង​កូរ៉េ​ខាង​ជើង​ នឹង​ផ្អាក​ការ​សាកល្បង​អាវុធ​មីស៊ីល ​ក៏​ដូច​ជា​នុយក្លេអ៊ែរ ​ចំណែក​ខាង​អាមេរិក ​និង​កូរ៉េ​ខាងត្បូង ​ត្រូវ​ផ្អាក ​ឈប់​ធ្វើ​សមយុទ្ធ​យោធា ​និង​ការ​ចល័ត​សព្វា​វុធ​ផ្សេងៗ។ សំណើរ​នេះ ​ត្រូវ​បាន​លោកស្រី​អគ្គរដ្ឋទូត​អាមេរិក​ ចាត់​ទុក​ថា​ជាការ​មើល​ងាយ។

សម្រាប់​អាមេរិក​ និង​កូរ៉េខាងត្បូង ​គេ​មិន​អាច​ទុកចិត្ត ​ចរិក​កំរោល​ចូល​របស់​គីម ជុងអ៊ុន​បាន​ទេ។ ដូច្នេះ ​គេ​ត្រូវតែ​ត្រៀម​លក្ខណៈ។ តែ​សម្រាប់​ចិន​ និង​រុស្ស៊ី ​ជំរើស​នេះ ​អាច​អូស​កូរ៉េ​ខាងជើង​ឲ្យ​ព្រម​ចរចា​ ព្រោះកូរ៉េ​ខាងជើង ​ចង់​ឲ្យ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​ឈប់​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ត​ទៅទៀត ​ហើយ​ក៏​ជា​ជំរើស​ ដែល​ចិន​និង​រុស្ស៊ី​ យល់ថា​ល្អ​សម្រាប់​ខ្លួន​ដែរ។

យ៉ាង​ណាមិញ ​នៅ​រសៀល​ថ្ងៃ​ទី ​៥​កញ្ញា​ម្សិលមិញ​ លោក​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​ នៅ​ក្រុង​ហ្សឺណែវ ​បាន​ថ្លែង​ថា ​កូរ៉េ​ខាង​ជើង ​មិន​ចុះញ៉ម​ នឹង​ការ​គំរាម​ ​រឺទណ្ឌកម្ម​របស់​អាមេរិក​ទេ។ កូរ៉េ​ខាងជើង ​បាន​ត្រៀម​បាញ់​បង្ហោះ​រង្វាន់​អនុស្សាវរីយ៍​មួយ​ទៀត ​ជូន​អាមេរិក​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ​បើសិន​ជា​អាមេរិក ​នៅតែ​មិន​បញ្ឈប់​សកម្មភាព​គំរាម ​មក​លើ​កូរ៉េ​ខាង​ជើង​ទេ​នោះ។ លោក​ពូទីន​ ក៏បាន​និយាយ​ដែរ​ថា ​កូរ៉េ​ខាងជើង ​សុខចិត្ត​អត់​បាយ ​បរិភោគ​ស្មៅ ​ឲ្យ​តែ​រក្សា​ការពារ​របប​ដឹកនាំ​គេ​កុំ​ឲ្យ​រលំ។ ដូច្នេះ​បើ​អាមេរិក ​នៅ​តែ​គំរាម ​ប្រើ​កំលាំង​ នោះ ​គីម ជុងអ៊ុន ​នឹង​មិន​ឈប់​ជា​ដាច់​ខាត។

លោកពូទីន​ កំពុង​ព្យាយាម​ពន្យល់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​

ប្រធានាធិបតី​រុស្ស៊ី ​ដែល​កាន់តែ​ភ័យ​ខ្លាច​សង្រ្គាម​កើតឡើង ​នៅ​ក្បែរ​មាត់​ទ្វារ​ខ្លួន​នោះ ​បាន​រៀបចំ​កិច្ច​ប្រជុំមួយ ​យ៉ាង​តក់​ក្រហល់ ​ជាមួយ​នឹង​លោក​មូន ជាអ៊ីន​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​និង​លោក ស៊ិនហ្ស៊ូ ​អាបេ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​នៅឯ​ក្រុង ​Vladivostok ​នៅ​ថ្ងៃ​ពុធ​ទី​៦​កញ្ញា​នេះ។ ទីក្រុង​នេះ ​ស្ថិត​នៅ​ចំងាយ​តែ៣០០​គីឡូម៉ែត្រ ​ប៉ុណ្ណោះ ​ពី​កន្លែង​ដែល​កូរ៉េ​ខាង​ជើ​ងបាញ់​សាក​ល្បង​នុយក្លេអ៊ែរ។ គេ​មិន​ទាន់​ដឹង​ថា ​លោក​ពូទីន​មាន​បំណង ​ស្នើអ្វី​ខ្លះ​ទៅ​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​ទេ។ តែ​យ៉ាងណា ​យើង​អាច​ស្មាន​ដឹង​ថា​លោក​ពូទីន ​ចង់​អូស​ទាញ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ កុំឲ្យ​ស្តាប់​តាម​ការ​ចាក់​របស់​អាមេរិក។

សរុបមក​ តើ​គួរ​ដោះស្រាយ​វិបត្តិ​នេះ​ តាម​វិធី​ណា ​បើ​ផល​ប្រយោជន៍​សួនតួ ​របស់​ភាគី​នីមួយៗ​ ធំ​ម្លឹងៗ? គ្មាន​សន្តិភាព​ណាមួយ​ អាច​កើត​មាន​ឡើង​ដោយ​ឯកឯង ​ដោយ​គ្មាន​ការ​ធ្វើ​សម្បទាន ​យល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ចិន​ ​ថា​ត្រូវ​ធ្វើ​អញ្ចេះ ​រុស្ស៊ី ​ថា​ត្រូវ​ធ្វើ​អញ្ចោះ ​អាមេរិក​ថា​ទេ ​ត្រូវ​ធ្វើ​បែប​នេះ​វិញ។ ចុះ​កូរ៉េ​ខាង​ជើង ​ចង់​ធ្វើ​យ៉ាងណា ? មាន​អ្នកណា ​សួរចិត្ត​កូរ៉េ​ខាងជើង ​ហើយ​ឬ​នៅ? ​បើនៅ​ទេ​ នោះ​មាន​ន័យ​ថា ​គឺ​ដល់ពេល​ហើយ ​ដែល​ត្រូវ​តែ​ភាគី​ទាំង​អស់ ​បន្ទន់​ឥរិយាបទ ​រំងាប់​កំហឹង ​ហើយ​មក​អង្គុយ​និយាយ ​ជាមួយ​កូរ៉េ​ខាង​ជើង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ