អាមេរិកគម្រាមថាកូរ៉េខាងជើង នឹងស្គាល់ថ្នាំខ្លាំង ខណៈអ្នកវិភាគ រិះគន់ការកំញើញទៅវិញទៅមក
ប៉ុន្មានថ្ងៃចុងក្រោយនេះ វិបត្តិតានតឹងនៅឧបទ្វីបកូរ៉េ ហាក់បានថយកំដៅបន្តិច ដោយសារកូរ៉េខាងជើង ហាក់បានផ្អាក សកម្មភាពគំរាម។ តែយ៉ាងណា គេកំពុងបារម្ភ ថាកំដៅនេះនឹងកើនឡើង ឡើងវិញ ព្រោះថានៅថ្ងៃចន្ទខាងមុខនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ប្រាកដជានឹងមានប្រតិកម្មតបមិនខាន។ ដោយឡែក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ជីម ម៉ាទីស រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា បើកូរ៉េខាងជើងនៅតែបន្តគំរាម នោះកូរ៉េខាងជើងនឹងរងការខូចខាតយ៉ាងចាស់ដៃ ពីសំណាក់កម្លាំងទ័ពរបស់អាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ សីហា មានជំនួបដ៏សំខាន់មួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ជប៉ុន និងសហរដ្ឋអាមេរិក។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានត្រូវរូវគ្នា ដោយបានរក្សាយុទ្ធសាស្រ្ត ដាក់គំនាបតាមវិស័យការទូត ហើយទន្ទឹមគ្នានេះ ត្រូវតែគំរាម ប្រើកំលាំងវាយបក ទៅលើកូរ៉េខាងជើងវិញ។ យ៉ាងណាមិញ លោកមេបញ្ជាការអាមេរិក Joe Dunford ដែលកំពុងមានវត្តមាននៅតូក្យូ បានប្រកាសថា អាមេរិក សន្យាធ្វើគ្រប់យ៉ាង ដើម្បីការពារជប៉ុន បើសិនជាកូរ៉េខាងជើងវាយជប៉ុន។ លោក ជីម ម៉ាទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បាននិយាយកាលពីថ្ងៃម្សិលមិញថា កូរ៉េខាងជើងប្រាកដ ជាត្រូវខូចខាតយ៉ាងដំណំ ដោយកម្លាំងទ័ពរបស់អាមេរិក បើសិនជានៅតែបន្តធ្វើសកម្មភាពគំរាមអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក តទៅទៀត។
ក៏ប៉ុន្តែយុទ្ធសាស្ត្រវាយបក ប្រើកំលាំងទៅលើកូរ៉េខាងជើងវិញនេះ ហាក់កំពុងតែត្រូវគេរិះគន់ជាខ្លាំង មិនថាអ្នកនៅក្នុង ឬក្រៅរដ្ឋាភិបាលអាមេរិក។ ជាក់ស្តែង លោក ស្ទីវ បានន់ ទីប្រឹក្សាពិសេសនៃសេតវិមាន បានលើកឡើងថា អាមេរិក មិនត្រូវប្រើកម្លាំងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ព្រោះថាគេមិនអាចយកជីវិតប្រជាជនកូរ៉េខាងត្បូង ទៅលេងសើចបានទេ។ ក្នុងពេលតែ៣០នាទី កូរ៉េខាងជើងនឹងបាញ់កម្ទេចទីក្រុងសេអ៊ូល ព្រមជាមួយនឹងមនុស្ស១០លាននាក់។ តើមានអ្នកណា ហ៊ានចេញមុខ មកធានាខុសត្រូវទេ? ដូច្នេះសម្រាប់លោក អាមេរិកគ្មានជំរើសអ្វី ក្រៅតែពីបញ្ចៀសសង្រ្គាម នេះទេ។
តែយ៉ាងណាក៏ដោយ គោលជំហររបស់លោក ស្ទីវ បានន់ វាហាក់នៅឆ្ងាយពីជម្រើសរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃចន្ទខាងមុខនេះ កងទ័ពអាមេរិក នឺងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងកូរ៉េខាងត្បូង។ តាមការគ្រោងទុក អាមេរិក និងបញ្ចេញសព្វាវុធទំនើប ដូចជា យន្តហោះចម្បាំង Supersoniques B-1B របស់ខ្លួនជាដើម។ សមយុទ្ធនេះ នឹងធ្វើឲ្យគីម ជុងអ៊ុន ក្តៅស្លឹកត្រចៀកបន្ថែមទៀត។
អ្នកវិភាគជាច្រើន បានលើកឡើងថា ក្នុងកាលៈទេសៈដ៏តានតឹងបែបនេះ អាមេរិកនិងកូរ៉េខាងត្បូង ពុំគួរធ្វើសមយុទ្ធយោធាទេ។ ធ្វើបែបនេះ គឺមិនខុសពីយកសាំង ទៅជះលើភ្លើងឡើយ។ អ្នកវិភាគយល់ថា កូរ៉េខាងជើង ហាក់បានបើកច្រក ដើម្បីឈានទៅរកវិធីបញ្ចប់វិបត្តិនេះ តាមរយៈការផ្អាក មិនបាញ់កម្ទេចកោះហ្គាំ ដែលជាមូលដ្ឋានទ័ពអាមេរិក នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ តាមការកត់សម្គាល់ កន្លងមក អ្វីដែលកូរ៉េខាងជើងចង់បានគឺ សុំឲ្យអាមេរិក ឈប់ធ្វើសមយុទ្ធយោធា សំញ៉ែញអាវុធរបស់ខ្លួនតទៅទៀត។
ដូច្នេះ វិធីដែលល្អ អាមេរិក គួរផ្អាក ឬកាត់បន្ថយការ ការសំញែញកំលាំង តាមរយៈការបញ្ជូនយន្តហោះចម្បាំង ទៅហោះក្រវែល នៅក្បែរកូរ៉េខាងជើង។ ភាគីទាំងអស់ គួរតែបញ្ឈប់ការកំញើញដាក់គ្នា ហើយជំនួសមកវិញ ដោយការបើកច្រកចរចា ដោយសន្តិវិធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ