អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង សាក​​គ្រាប់​បែក​បរមាណូ​លើក​ទី៦ ​ធ្វើ​ឲ្យ​រញ្ជួយ​សហគម​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអាទិត្យ ​ទី៣​កញ្ញា ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​បាន​ប្រកាស​ថា ​ខ្លួន​បាន​ធ្វើការ​សាកល្បង​គ្រាប់​បែក​បរមាណូ​ប្រភេទ​អ៊ីដ្រូសែន​បាន​សម្រេច​ជោគជ័យ។ នេះ​គឺ​ជា​លើក​ទី៦​ហើយ ​ដែល​កូរ៉េ​ខាង​ជើង​ បាន​ធ្វើការ​បាញ់​សាក​នូវ​គ្រាប់​បែក​បរមាណូ ​ដែល​លើក​ចុងក្រោយ ​គឺ​កាល​ពី​ខែកញ្ញា​ ឆ្នាំ​២០១៦។ ​នេះ​នៅ​មិន​រាប់​បញ្ចូល​ទេ ​នូវ​ការ​សាកល្បង​អាវុធ​មីស៊ីល​បាលីស្ទីក ​ដែល​របប​នេះ​ បាន​បាញ់​សាកល្បង​យ៉ាង​ញឺក​ញាប់ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ភាព​តានតឹង​ និង​ការ​ព្រួយ​បារម្ភ​ កាន់តែ​កើន​ឡើង​ខ្ពស់​ ពី​សំណាក់​ប្រទេស​ក្បែរ​ខាង ​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់​ ​ពី​សំណាក់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។

រុបថត​ចេញផ្សាយ​ដោយ​​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​​ KCNA៖ គីម ជុងអ៊ុនពិនិត្យ​​ក្បាល​គ្រាប់​​នុយក្លេអ៊ែរ ​ថ្ងៃទី​៣ កញ្ញា ២០១៧
រុបថត​ចេញផ្សាយ​ដោយ​​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​​ KCNA៖ គីម ជុងអ៊ុនពិនិត្យ​​ក្បាល​គ្រាប់​​នុយក្លេអ៊ែរ ​ថ្ងៃទី​៣ កញ្ញា ២០១៧ KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​បរមាណូ​អ៊ីដ្រូសែន ​ទំងន់​៥០គីឡូតោន

ឆ្លងកាត់​ការ​វិភាគ​ពី​អ្នក​ជំនាញ ​និង​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ទិន្ន័យ​ព័ត៌មាន​ ដែល​គេ​ប្រមូល​បាន​ គឺ​គ្រាប់​បែក​នោះ ​អាច​ពិត​ជា​គ្រាប់​នុយក្លេអ៊ែរ ​រឺ​គ្រាប់​បរមាណូ ​ប្រភេទ​អ៊ីដ្រូសែន ​ដូច​ដែល​ទូរទស្សន៍​កូរ៉េ​ខាងជើង​ បាន​ប្រកាស​ផ្សាយ​ពិត​មែន។ កូរ៉េ​ខាងជើង ​បាន​ផ្សាយ​រូបភាព​កាល​ពី​ថ្ងៃ​អាទិត្យ ​ដែល​គេ​ឃើញ ​គីម ជុងអ៊ុន ​កំពុង​ឈរមើល​ការ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ហើយ​បើ​តាម​ការ​ផ្សាយ​នេះ ​វត្ថុ​ធាតុ​ដើម​ទាំងអស់​ ដើម្បី​ផលិត​អាវុធ​នេះ ​គឺជា​ផលិតផល​ក្នុង​ស្រុក​របស់​កូរ៉េ​ខាងជើង​ទាំង​ស្រុង​តែម្តង។

ការ​បាញ់សាក​ល្បង​នេះ ​បាន​ធ្វើឡើង​នៅ​មូលដ្ឋាន​នុយក្លេអ៊ែរ​ Punggye-ri ​ស្ថិត​ក្នុង​ខេត្ត ​Hamgyeong ​នៅ​ភាគ​ខាង​ជើង។ តាម​ពិត​ទៅ​ ការ​សាកល្បង​នេះ ​ត្រូវ​បាន​គេ​សង្ស័យ ​និង​ដឹង​មុន​ជា​ច្រើន​ថ្ងៃ​មកហើយ។ ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​កូរ៉េ​ខាងត្បូង ​បាន​ប្រាប់​តាំង​តែ​ពី​ថ្ងៃ​២៨ ​សីហា ​ថា​កូរ៉េ​ខាងជើង​កំពុង​ត្រៀម​សាក​អាវុធ​ ហើយ​អាច​ជា​គ្រាប់​នុយក្លេអ៊ែរ។

យោង​តាម​ការ​វិភាគ​ របស់​ភ្នាក់ងារ​ទិន្ន័យ​ឧត្តុនិយម​កូរ៉េ​ខាងត្បូង​ បាន​ឲ្យ​ដឹង​ថា ​គ្រាប់​នុយក្លេអ៊ែរ​ ដែល​កូរ៉េខាង​ជើង​ បាន​សាក​កាល​ពី​ថ្ងៃអាទិត្យ​ អាច​មាន​កំលាំង​លើល​គ្រាប់​នុយក្លេអ៊ែរ ​ដែល​សាក​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៦។​ កាល​នោះ​ ដែល​ជា​ការ​​សាក​លើក​ទី៥ ​គ្រាប់​នោះ​ជា​ប្រភេទ​គ្រាប់​អ៊ីដ្រូសែន ​ហើយ​មាន​កំលាំង​ប្រហែល ​១០​គីឡូ​តោន។ បើលើក​ទី៦​នេះ ​លើស​លើក​មុន​៥ដង ​គឺ​មាន​ន័យ​ថា​ វា​អាច​មាន​កំលាំង​ប្រហែល​៥០​គីឡូ​តោន។ ទំហំ​នេះ ​គឺ​វា​ធំ​ជាង​គ្រាប់​បែក​បរមាណូ​ ដែល​អាមេរិក​ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា ​ដល់​ទៅ​ជាង​៣ដង​ឯណោះ។

អនាគត ​មីស៊ីល​បាលីស្ទីក​ឆ្លងទ្វីប ​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ?

ការ​សាកល្បង​នុយ​ក្លេអ៊ែរ​នេះ​ វា​ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង ​បាន​សាក​បាញ់​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​ បាន​សម្រេច​ជា​ច្រើន​ដង។ ដូច្នេះ ​នេះ​អាច​ជា​សារ ​ប្រាប់ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​កូរ៉េ​ខាង​ជើង​ អាច​បាញ់​មីស៊ីល​បាលីស្ទីក​ឆ្លងទ្វីប ​ដោយ​មាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លែអ៊ែរ​បាន​ហើយ។

ក៏ប៉ុន្តែ​អ្នក​ជំនាញ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ជឿ​ ទាំង​ស្រុង​នៅ​ឡើយ​ទេ ​ដោយ​គេ​នៅ​គិត​ថា​ កូរ៉េ​ខាង​ជើង ​មិន​ទាន់​មាន​ជំនាញ​ខ្ពស់ ​អាច​បំព្រួញ​គ្រាប់​នុយ​ក្លេអ៊ែរ​ឲ្យតូច​ ដើម្បី​ដាក់​ក្នុង​មីស៊ីល​បាន​នៅ​ឡើយ​ទេ។ បើអាច​ធ្វើ​បាន ​ក៏គ្រាប់​នុយក្លេអ៊ែរ​នោះ ​ជា​គ្រាប់​តូច​ មាន​កំលាំង​មិន​លើស​ពី​៥០០​គីឡូក្រាម​ដែរ។ តែ​យ៉ាង​ណា ​ការ​គំរាម​កំហែង​ដោយ​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ​និង​អ្នក​ជំនាញ​ជា​ច្រើន​វង្វេងវង្វាន់ ​ស្លន់ស្លោរ​គ្រប់គ្នា​ហើយ​ពេល​នេះ។

ក្រុមប្រឹក្សា​សន្តិសុខ​ប្រជុំបន្ទាន់

បើតាម​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​ កូរ៉េ​ខាង​ត្បូង​ គឺ​គេ​កំពុង​រៀបចំ​ដាក់​ដំឡើង​ ប្រព័ន្ធ​ខែល​មីស៊ីល ​ចំនួន​៤​បន្ថែម​ទៀត។ នៅព្រឹក​ថ្ងៃ​ចន្ទ ​កងទ័ព​កូរ៉េ​ខាងត្បូង ​ក៏បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល ​ដើម្បី​ហាត់​សម​ កំទេច​មូលដ្ឋាន​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ក្នុង​ករណី​មាន​ការ​ផ្ទុះ​អាវុធ​ពិតមែន។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ភ្នាក់ងារ​ស៊ើបការ​សំងាត់​កូរ៉េ​ខាងត្បូង ​ទើបតែ​បាន​អះអាង​ថា ​តាម​ការ​សង្កេត ​កូរ៉េ​ខាងជើង ​អាច​កំពុង​ត្រៀម​រៀបចំ​បាញ់​សាកល្បង​អាវុធ​មួយ​ផ្សេង​ទៀត ​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

ប្រតិកម្ម​បាន​ធ្លាក់​ជា​បន្តបន្ទាប់។ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ​នឹង​បើក​ការ​ប្រជុំ​ជា​បន្ទាន់ ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ នៅ​ទីក្រុង​ញូយ៉ក។ តាម​ការ​ឲ្យដឹង ​ប្រទេស​មហាអំណាច​ទាំង៥​ នឹង​និយាយ​គ្នា ​ពីការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង។

លោក​ប្រធានាធិបតី​បារាំង​ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា ​ហើយ​បាន​លើក​ឡើង​ថា​នឹង​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ទៅ​លើ​កូរ៉េ​ខាង​ជើង​ ឲ្យ​បាន​ធ្ងន់​ជាទី​បំផុត​ នៅ​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប។ ដូចគ្នា​ដែរ​ រដ្ឋាភិបាល​ចិន ​ទើប​បាន​បញ្ជាក់​ថា ​គេបាន​ផ្ញើរ​លិខិត​ថ្កោលទោស​ជា​ផ្លូវការ​ ទៅកាន់​រដ្ឋាភិបាល​ព្យុងយ៉ាង ​ហើយ​ចិន​ត្រៀម​រួច​ជាស្រេច​ ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​ទណ្ឌកម្មថ្មី​ទៀត​ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​ដាក់​ចុះ។

ពូទីន​ថា ​ត្រូវ​តាំង​ចិត្ត​ឲ្យ​រឹងមាំ ​កុំ​យក​កំហឹង​ទល់​កំហល់!

ដោយឡែក​លោក ​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​ បាន​លើក​ឡើង​ថា​ រុស្ស៊ី​មិន​ប្រឆាំង​នឹង​ទណ្ឌកម្ម​ទេ​ ​តែ​គ្រាន់តែ​ថា ​បើ​ស្ថានការណ៍​បាន​ដើរ​មក​ដល់​ដំណាក់កាល​នេះ​ គឺ​បង្ហាញ​ថា ​ទណ្ឌកម្ម​កន្លង​មក​ មិន​បាន​ហុចផល​ទេ។ លោក​ពូទីន​ ថែមទាំង​បាន​អំពាវនាវ​ថា ​ក្នុង​កាលៈទេសៈ​តាន​តឹង​បែបនេះ ​គ្រប់គ្នា​ត្រូវ​តាំង​ចិត្ត​ឲ្យរឹងមាំ ​កុំ​សម្រេច​ធ្វើ​អ្វី​ ដោយ​យក​កំហឹង​ទល់​កំហល់​ឲ្យ​សោះ ​ព្រោះ​បើ​ធ្វើ​បែប​នោះ ​សង្រ្គាម​វិនាសកម្ម​ប្រាកដ​ជា​ផ្ទុះឡើង ​ហើយ​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ។

ត្រង់​ចំណុច​នេះ ​រុស្ស៊ី​ និង​ចិន​ មាន​ជំហរ​ដូចគ្នា ​គឺ​ត្រូវ​ផ្តល់​អទិភាព​ដល់​ការ​ចរចា។ គេ​មិន​ត្រូវ​គំរាម​ប្រើ​កំលាំង​បក​ទៅ​វិញ​ទេ​ ព្រោះ​ថា​វា​គ្មាន​ប្រយោជន៍។​ ចិន ​និង​រុស្ស៊ី ​ចង់ឲ្យ​បើក​ការ​ចរចា ​ជាមួយ​កូរ៉េ​ខាងជើង។ ជំហរ​នេះ​ វា​ខុស​ពី​ជំហរ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ។ លោក​ដូណាល់ ត្រាំ​ បាន​សរសេរ​សារ​ជាច្រើន​នៅ​លើ​ទំព័រ​Twitter​ របស់​គាត់ ​បាន​សន្យា​កំទេច​កូរ៉េ​ខាងជើង ​ដោយ​អាវុធ​នុយក្លេអ៊ែរ​រប​ស់​អាមេរិក។

លោក​ដូណាល់ ត្រាំ​ ចង់​ដោះដៃ​ចោល​កូរ៉េ​ខាងត្បូង?

គេ​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​កំពុង​តែ​វង្វេងវង្វាន់ ​មិន​ដឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណាទេ ​ក្នុង​វិបត្តិ​កូរ៉េ​ខាង​ជើង​នេះ។ រហូត​មក​ដល់​ពេល​នេះ ​គោល​ជំហរ​របស់​លោក​ដូណាល់ ត្រាំ​នៅ​តែ​ដដែល ​គឺ​គំរាម​ប្រើ​កំលាំង ​ទាំង​ដែល​គេ​ដឹង​គ្រប់​គ្នា ​ថា​វា​គឺ​ជា​ជំហ៊ាន​មួយ​ដ៏​គ្រោះថ្នាក់​ បំផុត។

បញ្ហា​ចោទ​លើក​នេះ ​ធ្ងន់​មួយ​កំរិត​ទៀត​ គឺ​គេ​សង្កេត​ឃើញ​ថា ​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​ ហាក់​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង ​បាញ់​សាក​គ្រាប់​នុយក្លេអ៊ែរ​ លោក​ដូណាល់ ត្រាំ ​មិនមែន​គ្រាន់តែ​បាន​ថ្កោលទោស ​និង​គំរាម​កូរ៉េ​ខាង​ជើង​ទេ ​តែ​ថែម​ទាំង​បាន​និយាយ​បញ្ចើចបញ្ចើ ​បន្ទោស​កូរ៉េ​ខាង​ត្បូង​ទៀត​ផង។ លោកត្រាំ​និយាយ ​បែប​ចំអក​ដាក់​លោក​ មូន ជាអ៊ីន ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា ​“ពេលនេះ ​កូរ៉េ​ខាង​ត្បូង ​បែប​បាន​ភ្លឺ​ភ្នែក​ហើយ ​ថា​ បំណង​ចង់​និយាយ​ ចរចា​គ្នា​តាម​សម្រួស​ជាមួយ​កូរ៉េ​ខាងជើង ​គឺវា​គ្មាន​ប្រយោជន៍​ទេ”។

ក្រៅពី​បាន​និយាយ​បញ្ចើចបញ្ចើ ​លោក​ដូណាល់​ ត្រាំ ​ថែមទាំង​បាន​គំរាម​ថា ​អាមេរិក​ អាច​រំលាយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ត្បូង​ចោល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​រហូត​មក​ដល់​ពេល​នេះ ​ម៉ោង​នេះ ​លោក ​ដូណាល់ ត្រាំ ​ទើបតែ​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី​ជប៉ុន​ ស៊ិនហ្សូ ​អាបេ ​ តែ​លោកត្រាំ​ នៅ​មិន​ទាន់​បាន​ទូរស័ព្ទ​ទៅ​និយាយ​គ្នា ​ជា​មួយ​លោក​ មូន ជាអ៊ីន ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ឡើយ​ទេ។ លោក​ដូណាល់ ត្រាំ ​កំពុងធ្វើ​រឿង​ ដែល​គេ​គ្រប់គ្នា​ងឿង​ឆ្ងល់​ជា​ទី​បំផុត​ គឺ​មក​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី ​ឲ្យ​សត្រូវ​ដឹង​ចំណុចខ្សោយ​ទៅ​វិញ។

កូរ៉េខាងត្បូង​ អាច​ងាក​ទៅ​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ ​ទុក​ការពារ​ខ្លួន

នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី៤ ​កញ្ញា ​កាសែត​កូរ៉េ​ខាង​ត្បូង​មួយ​ឈ្មោះ ​ Donga Ilbo ​បាន​ចុះផ្សាយថា ​​ល្មម​ដល់​ពេល​ហើយ ​ដែល​កូរ៉េ​ខាងត្បូង ​ឈប់​នៅ​ក្រោម​ឃ្លៀក ​និង​រំពឹង​អាមេរិក​ត​ទៅ​ទៀត។ កាសែត​នេះ ​បាន​សរសេរ​អំពាវនាវ​ ថា​កូរ៉េ​ខាងត្បូង ​ត្រូវតែ​ចាប់ផ្តើម​ធ្វើ​អាវុធ​នុយក្លេអ៊ែរ ​ទុក​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង​ ដោយ​មិនចាំ​បាច់​រំពឹង ​ឲ្យ​អាមេរិក ​មក​ការពារ​ឡើយ។

អ្នក​វិភាគ​ជា​ច្រើន ​មិន​យល់​ថា​លោកត្រាំ ​មាន​យុទ្ធសាស្ត្រ​ចង់​ដោះស្រាយ​យ៉ាងណា​ ឲ្យ​ពិត​ប្រាកដ​ទេ។​ តែ​យ៉ាងណា ​ការ​ដែល​គាត់​មិន​ទូរស័ព្ទ ​ទៅ​និយាយ​ជាមួយ​លោ​មូន ជាអ៊ីន ​ហើយ​មក​និយាយ​បញ្ចើចបញ្ចើ​ដាក់​កូរ៉េ​ខាង​ត្បូង​ បន្ថែម​ទៀត​នេះ ​គឺ​វា​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ ដល់​សម្ព័ន្ធភាព​រវាង​មហាមិត្ត​ទាំង​ពីរ។ ក្នុង​កាលៈទេសៈ​ដ៏​តាន​តឹង​បែប​នេះ ​គឺ​ជារឿង​មួយ​ខុស​ធ្ងន់​ណាស់។ ការ​នេះ ​និង​រុញ​ច្រាន ​ឲ្យ​មតិ​សាធារណៈ​កូរ៉េ​ខាង​ត្បូង​ កាន់តែ​ស្អប់​អាមេរិក​ ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា ​មិន​អាច​រំពឹង​អាមេរិក​បាន​ទៀត​ទេ។ បើ​អា​មេរិក​ និង​កូរ៉េ​ខាងត្បូង​បែក​បាក់​គ្នា ​អ្នក​ដែល​ឈ្នះគឺ​ ​កូរ៉េ​ខាង​ជើង​ឯណោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ