ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

កូរ៉េខាងជើង ​មាន​មូលដ្ឋាន​មីស៊ីល​១៣​កន្លែង ដែល​មិន​ប្រកាស​ឲ្យ​គេ​ដឹង

media រូបភាពផ្កាយរណប ថតថ្ងៃទី​២៩មីនា​ ២០១៨ បង្ហាញពីទីតាំងមីស៊ីល ដែលកូរ៉េខាងជើង លាក់​មិន​ប្រកាស ឈ្មោះ ​Sakkanmol នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង។ CSIS/Beyond Parallel/DigitalGlobe 2018/Handout via REUTERS

យោងតាមរបាយការណ៍មួយ​ របស់មជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលមានទីតាំង​នៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កូរ៉េខាងជើង មានមូលដ្ឋានមីស៊ីល ជាង២០កន្លែង ក៏ប៉ុន្តែ ក្នុងចំណោមនោះ គឺមានយ៉ាងហោចណាស់​ ១៣កន្លែង ដែលកូរ៉េខាងជើង មិន​បានប្រកាសឲ្យគេដឹងឮ ជាសាធារណៈទេ។ បើផ្អែកតាមរបាយការណ៍នេះ មានន័យថា ការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនមែនជារឿងងាយស្រួល ដូចអ្វីដែល រដ្ឋាភិបាលលោកដូណាល់​ ត្រាំ បានអះអាងនោះទេ។

យ៉ាងហោចណាស់ មានមូលដ្ឋានអាវុធមីស៊ីល និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ចំនួន១៣កន្លែង ដែលកូរ៉េខាងជើងខ្លួនឯង មិនដែលប្រាប់ឲ្យគេដឹងថាមានទេ។ មានទីតាំងខ្លះ កំពុងតែដំណើរការ និងមាន​សកម្មភាពជួសជុល រៀបចំកែលម្អ យ៉ាងសកម្មទៀតផង។ ក្នុងនោះ ទីតាំងមីស៊ីល​មួយ​កន្លែងឈ្មោះ Sakkanmol ដែលស្ថិតនៅជិតតំបន់ស ក្បែរព្រំដែនកូរ៉េទាំង២ និងជិតទីក្រុងសេអ៊ូលបំផុតនោះ ហាក់ដូចជាកំពុងតែមានដំណើរការ យ៉ាងសកម្ម។ នេះបើយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS។

យោងតាមរបាយការណ៍នេះ ទីតាំងមូលដ្ឋានទាំងនោះ គឺស្ថិតនៅតាមតំបន់ព្រៃភ្នំ ឆ្ងាយពីប្រជុំជន ដែលអាចជាទីតាំងស្តុកទុក នូវអាវុធមីស៊ីលបាលីស្ទីកគ្រប់ប្រភេទ រាប់ទាំងចំងាយមធ្យម និងចំងាយឆ្ងាយ​ ដែលអាច​ហោះទៅដល់ដីអាមេរិក។ តែយ៉ាងណា ក្រុមអ្នកស្រាវជ្រាវអះអាងថា ទីតាំងទាំង១៣កន្លែងនោះ មិនមែនជាទីទាំងបាញ់បង្ហោះគ្រាប់មីស៊ីលទេ លើកលែងតែករណីត្រូវបាញ់បន្ទាន់ ព្រោះតាមធម្មតា កងទ័ពកូរ៉េខាងជើង បានកំណត់ថា ត្រូវដឹកគ្រាប់មីស៊ីល ចេញពីទីតាំងស្តុង ទៅកាន់ទីតាំងពិសេស សម្រាប់ការបាញ់បង្ហោះ។

ដោយឡែក លោកKim Eui-Kyeom អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា ចារកិច្ចសម្ងាត់អាមេរិក និងកូរ៉េខាងត្បូង តាមដានបញ្ហានេះយ៉ាងជាប់ស្អិត ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប។ លោកបន្ថែមថា របាយការណ៍របស់មជ្ឈមណ្ឌល CSIS នេះ គឺពុំមានបន្ថែមតួលេខ ឬព័ត៌មានអ្វីថ្មីទេ។ លោកបញ្ចាក់ទៀតថា ទោះយ៉ាងណាក៏ដោយ កូរ៉េខាងជើង មិនដែលបានសន្យាជាផ្លូវការ ថានឹងបិទទីតាំងមីស៊ីលរបស់ខ្លួនទេ។

ជាការពិតណាស់ ថ្វីបើក្រោយជំនួបរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីខែមេសា ឆ្នាំ២០១៨ នេះ កូរ៉េខាងជើង មិនបានសន្យាអ្វីឲ្យជាក់លាក់ទេ។ រហូតមកដល់ពេលនេះ ការចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក ក៏ហាក់ដូចជានៅនឹងថ្កល់។ រហូតមកទល់ពេលនេះ កូរ៉េខាងជើង ក៏មិនដែលបានបង្ហាញតួលេខ ឲ្យជាក់ច្បាស់ អំពីចំនួន ឬទំហំនៃទីតាំង ក៏ដូចជាគ្រាប់កាំជ្រួច មីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែរ ដែលខ្លួនមានទេ។

ពាក្យសំដីអួតសំញែញ របស់លោកដូណាល់ ត្រាំ ដែលថា លោកបានធ្វើឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនោះ ត្រូវបានគេមើលឃើញថា គឺជាការនិយាយបំប៉ោង និងត្រេកអរលឿនជ្រុល ដែលការពិត បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង នៅមានភាពស្មុគស្មាញជាទីបំផុត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ