អានតួអត្ថបទ
កូរ៉េខាងត្បូង

មហា​បាតុកម្ម​កាន់តែធំ នៅ​កូរ៉េខាង​ត្បូង ដើម្បី​ទំលាក់​លោកស្រី​ប្រធានាធិបតី

ថ្ងៃសៅរ៍ទី​២៦ ​វិច្ឆិកា​នេះ ​ប្រជាជន​កូរ៉េ​ខាង​ត្បូង ​មិន​ថា​នៅ​ទីក្រុង​សេអ៊ូល ​ឬនៅ​តាម​ទីក្រុង​ធំៗ​ផ្សេងទៀត ​​មាន​គំរោង​ធ្វើ​បាតុកម្ម ​ ដែល​នេះ​គឺ​ជា​បាតុកម្ម​លើក​ទី​៥​ហើយ ​ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ ប្រធានាធិបតី​ប៉ាក់​ គុនហេ ​ចុះចេញ​ពី​តំណែង។ ការ​ទាមទារ​នេះ ​គឺ​ដោយសារ​លោកស្រី ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​មន្តអាគម​ ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ឆយ ស៊ុនស៊ីល ​ព្រមទាំង​ករណី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​និង​ប្រើប្រាស់​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ផង។ តាមការ​រំពឹង​ទុក​ បាតុកម្ម​នៅ​ថ្ងៃ​នេះ ​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​១លាន​៥សែន​នាក់ ​គ្រាន់តែ​នៅ​ក្នុង​ក្រុង​សេអ៊ូល​មួយ។

បាតុកម្មកណ្តាល​ក្រុង​សេអ៊ូល​ បើទោះ​​បី​ជា​មាន​​អាកាសធាតុ​​ត្រជាក់​ធ្លាក់ទឹកកក ថ្ងៃទី​២៦ វិច្ឆិកា ២០១៦
បាតុកម្មកណ្តាល​ក្រុង​សេអ៊ូល​ បើទោះ​​បី​ជា​មាន​​អាកាសធាតុ​​ត្រជាក់​ធ្លាក់ទឹកកក ថ្ងៃទី​២៦ វិច្ឆិកា ២០១៦ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

នៅ​ទីលាន​Gwanghwamun ​កណ្តាល​ក្រុង​សេអ៊ូល ​មាន​មនុស្ស​ចាប់ផ្តើម​មក​កកកុញ​កាន់តែ​ច្រើន។ ទីនេះ​ហើយ​ ដែល​ជា​ចំណុច​កណ្តាល ​នៃ​ការ​ជួបជុំ​ធ្វើ​បាតុកម្ម ​បាតុកម្ម​ទំលាក់​ប្រធានាធិបតី ​ដែល​បាន​ធ្វើ​នៅ​រាល់​ថ្ងៃ​សៅរ៍ ​អស់​៥អាទិត្យ​ជាប់​គ្នា​ហើយ។ បើ​ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ​ មាន​ធ្លាក់​ទឹកកក ​ ក៏ពួក​គេ​បាន​មក​ជួបជុំ​គ្នា ​តាម​ការ​អំពាវនាវ​របស់​សមាគម​ជាច្រើន។ ក្នុង​ចំណោម​បាតុករ ​ មាន​ទាំង​យុវជន​ក្មេងៗ ​សិស្ស​វិទ្យាល័យ​ និស្សិត ​ និង​អ្នកខ្លះ​មក​ទាំង​គ្រួសារ ​ ហើយ​ក្នុង​នោះក៏​មាន​កសិករ​រាប់ពាន់​អ្នក ​​ដែល​បាន​នាំគ្នា​បើក​ត្រាក់ទ័រ​ ពី​ផ្ទះ​របស់​ខ្លួន ​មក​ដល់​ក្រុង​សេអ៊ូល​ទៀត​ផង។

 
ក្រុម​បាតុករ​ ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ជិត​ ចំងាយ​ប្រហែល​ជា​២០០ម៉ែត្រ ​ពី​វិមាន​ប្រធានធិបតី​ ដែល​ស្ថិត​នៅ​ខាង​ចុង​បង្អស់​ ​នៃ​ទីលាន​ដ៏​ធំ​នេះ។ ម្នាក់ៗ​មាន​កាន់​បដា ​ ដែល​ភាគ​ច្រើន​សរសេរ​តែ​មួយ​ឃ្លា​គត់​ គឺ ​ “ប៉ាក់ គុនហេ ​ ចុះចេញ​ពី​តំណែង​ជា​បន្ទាន់!”

គួររំឮក​ដែរថា ​ចាប់​តាំង​ពី​ផ្តើម​មាន​បាតុកម្ម​អស់​រយៈពេល​៥​សប្តាហ៍​នេះ​មក ​ គឺ​រាល់​លើក​ មិន​ដែល​មាន​អំពើ​ហិង្សា ​រឺ​ការ​ប៉ះទង្គិច​គ្នា ​រវាង​ក្រុម​បាតុករ ​និង​កម្លាំង​សមត្ថកិច្ច​ទេ។ រាល់​លើក​បាតុកម្ម​បាន​ប្រព្រឹត្តិ​ធ្វើទៅ​ ដោយ​សភាព​ស្ងប់ស្ងាត់ ​ បើ​ទោះ​បី​ជា​បាតុករ​ម្នាក់ៗ​ មក​ចូលរួម​បាតុកម្ម ​ដោយសារតែ​ពួក​គេ​មាន​កំហឹង​ ទៅ​​លើ​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ​ក៏​ដោយ។

ចៅក្រម​ស៊ើបអង្កេត​ បាន​ចោទ​លោកស្រី​ប៉ាក់ គុនហេ ​ពី​បទ​ចូលរួម​ឃុបឃិត​ជាមួយ​នឹង​ស្ត្រី​ឈ្មោះ​ឆយ ​ស៊ុនស៊ីល ​ដើម្បី​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ និង​ប្រើប្រាស់​អំណាច​បុណ្យសក្តិ៍ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ ​ លោកស្រី​ប៉ាក់ គុនហេ ​នៅតែ​បន្ត​បិទ​មាត់​មិន​និយាយ​អ្វី​ទាំងអស់​ ទាក់ទិន​ទៅ​នឹង​មហាបាតុកម្ម​ប្រឆាំង​លោកស្រី ​៤ដង​កន្លង​មក​នេះ។ តែ​លោកស្រី​បាន​បញ្ជាក់​ថា ​លោក​ស្រី​ត្រៀម​ខ្លួន​ជានិច្ច ​ នឹង​ដើរចូល​ទៅ​តុលាការ​ដើម្បី​ឆ្លើយ​បំភ្លឺ។

មហា​បាតុកម្ម​ដ៏​ធំ​នា​ពេល​នេះ ​ ក្រុម​បាតុករ​ ក៏​មាន​បំណង​ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​សភា​ផងដែរ ​ ក្នុងការ​ចាប់ផ្តើម​នីតិវិធី​ បោះឆ្នោត​ដកហូត​តំណែង​របស់​លោកស្រី​ ប៉ាក់ គុនហេ។ តាម​ការ​គ្រោងទុក​ នីតិវិធី​ដក​ហូត​តំណែង​លោកស្រី​ប៉ាក់ គុនហេ ​អាច​នឹង​ត្រូវ​ធ្វើ​ ​នៅ​សប្តាហ៍​ក្រោយ ​ នៅ​រដ្ឋសភា ​ ហើយ​យ៉ាងណាមិញ​ តំណាងរាស្ត្រ​ដែល​ចង់​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង ​មាន​ចំនួន​កាន់តែ​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ