អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្កាឡាក់ស៊ី​របស់​Samsung ​កំពុង​រញ្ជួយ ​ដោយសារ​រឿង​អាស្រូវ​ពុករលួយ ​និង​ភាព​គ្មាន​តម្លាភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងអាស្រូវ ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ​ រឿង​នេះ​កំពុង​តែ​រីក​កាន់​តែ​ធំ​ ទៅដល់​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​ខាងត្បូង ​គឺ​ក្រុមហ៊ុន​ Samsung។ លោក ​Lee Jae-Yong ​អគ្គនាយក​រង​Samsung ​និង​ត្រូវ​ជា​កូន​ប្រុស ​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ​ផ្ទាល់​ កំពុង​ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្តិ​អំពើ​សូកប៉ាន់ ​ ក្នុង​សំណុំ​រឿង​លោកស្រី​ឆយ ស៊ុនស៊ីល​ និង​លោកស្រី​ ប៉ាក់ គុនហេ។ ក្រុមហ៊ុន​Samsung ​ដែល​ជា​និម្មិតរូប​ដ៏​ធំ​​ នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង ​កំពុង​ត្រូវ​បាន​មតិ​សាធារណៈ ​ដឹង​ការ​ពិត​ជាក់​ស្តែង ​ពី​របៀប​រកស៊ី ​ដែល​គ្មាន​តម្លាភាព ​ ដែល​ប្រើប្រាស់​មធ្យោបាយ​ពុករលួយ ​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះ​ Samsung ​ត្រូវតែ​ធ្វើ​កំណែទម្រង់ ​បើសិន​ជា​ចង់​ឈរ​ជើង ​ជា​ក្រុមហ៊ុន​ធំ​លើ​ទីផ្សារ​អន្តរជាតិ។​

ស្នាក់ការ Samsung នៅក្រុងសេអ៊ូល
ស្នាក់ការ Samsung នៅក្រុងសេអ៊ូល REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

 

កូរ៉េខាងត្បូង៖ ​សាធារណរដ្ឋ​របស់ ​Samsung
ពេល​ដែល​គេ​ឮ​ពាក្យ ​ កូរ៉េ​ខាងត្បូង ​ អ្វី​ដែល​គេ​នឹក​ទៅដល់​មុន​គេ ​ គឺ​ Samsung។ ជាង​២០​ឆ្នាំ​មក​នេះ ​ Samsung ​គឺ​ជា​ផលិត​ផល​កូរ៉េ​ខាងត្បូង​នាំមុខ​គេ ​ នៅ​លើ​ទីផ្សារ​ផលិតផល​អេឡិចត្រូនិច​អន្តរជាតិ។ ផលិតផល​Samsung ​បាន​ទាញ​កូរ៉េ​ខាងត្បូង ​ឲ្យ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ អាស៊ី​លំដាប់​ទីបួន ​យ៉ាង​ពេញមុខ។ គ្រាន់តែ​ចំណូល​បាន​ពី​ការ​លក់​ផលិតផល​របស់ ​Samsung ​គឺ​មាន​ស្មើ​នឹង​២០% ​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប ​ របស់​កូរ៉េ​ខាងត្បូង។ ដូច្នេះ ​យើង​មិន​បាច់​និយាយ​ឲ្យ​ខាត​ពេល​ទេ ​ ​ថា​ក្រុមហ៊ុន​មហា​យក្ស​នេះ ​ មាន​ឥទ្ធិពល​កម្រិត​ណា ​នៅ​កូរ៉េ​ខាង​ត្បូង។ ក៏ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​នេះ ​ គឺ​ថា​តើ​ឥទ្ធិពល​នេះ ​ជា​ឥទ្ធិពល​អ្វី​ ឲ្យ​ពិត​ប្រាកដ? បាន​មក​ដោយ​របៀប​ណា?

ជាការពិត​ គ្មាន​នរណា​ម្នាក់ ​បដិសេធ ​មិន​ទទួល​ស្គាល់​ភាព​ល្បីល្បាញ​របស់ ​Samsung ​ទេ។ ភាព​ល្បីល្បាញ​នេះ​ ក៏​ជា​ឥទ្ធិពល​ម្យ៉ាង​ដែរ។ តែ​ឥទ្ធិពល ​ដែល​គេ​កំពុង​ឆ្ងល់​នា​ពេលនេះ ​ គឺ​ឥទ្ធិពល ​ដែល​ក្រុមហ៊ុន​នេះ​ប្រើ​ ទៅលើ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ​តាម​រយៈ​រូបភាព​ផ្សេងៗ ​ ដូចជា​ការ​សូកប៉ាន់ ​ ​រឺ​ការ​ផ្តល់​ប្រយោជន៍​ណាមួយ ​ដោយ​គ្មាន​តម្លាភាព។

មហា​សេដ្ឋី ​ប្រធាន​ក្រុមហ៊ុន ​អ្នក​មាន​អំណាច ​អ្នក​នយោបាយ​ ទាំងអស់​នេះ ​ នៅ​កូរ៉េ​ខាងត្បូង ​គឺ​មិន​សូវ​ជា​ចែក​ដាច់​ពី​គ្នា​ប៉ុន្មាន​ទេ។ ផ្ទុយទៅ​វិញ ​ មនុស្ស​ទាំងអស់​នេះ​ តែងតែ​នៅ​ក្រវែលៗ ​ក្បែរ​គ្នា​ ទាញ​យក​ប្រយោជន៍​ពី​គ្នា​ទៅវិញ​ទៅមក។ Samsung ​មាន​ឥទ្ធិពល​សម្បើម​ណាស់ ​ទៅ​លើ​អ្នក​នយោបាយ​នៅ​កូរ៉េ​ខាង​ត្បូង។ អ្នកខ្លះ​ គេ​ហ៊ាន​ទាំង​និយាយ​បែប​លេង​សើច​ទៀត​ ថា ​ សាធារណៈរដ្ឋ​កូរ៉េ​ខាងត្បូង​ គឺ​ជា​សាធារណៈ​រដ្ឋ​របស់​Samsung។

ដោយ​ដូច​សម្លរ​កំពឹស៖
ជាមួយ​នឹង​រឿង​អាស្រូវ​របស់​លោកស្រី​ ប៉ាក់​ គុនហេ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​និង​​លោកស្រី ​ ឆយ ស៊ុនស៊ីល ​ ដែល​ពាក្យ​ចចាម​អារ៉ាម​ចោទ​ថា ​បាន​ផ្សំ​គំនិត​គ្នា ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ​និង​ប្រើប្រាស់​ឥទ្ធិពល​ខុស​ច្បាប់​នោះ ​រឿង​អាស្រូវ​ផ្ទៃក្នុង​ដ៏​ខ្មៅ​ងងឹត​របស់ ​Samsung ​បាន​លេច​ចេញ​មក​ក្រៅ​ ច្បាស់​ដូច​ថ្ងៃ។ យោង​តាម​ការ​សង្ស័យ​របស់​ក្រុម​ការងារ​ស៊ើប​អង្កេត​កូរ៉េ​ខាងត្បូង ​ គឺ​ Samsungបាន​សូក​លោកស្រី​ ឆយ ស៊ិនស៊ីល ដែល​ជា​មនុស្ស​ជំនិត​របស់ ​លោកស្រី​ប៉ាក់ គុនហេ ​ ប្រមាណ​ជា​៤០លាន​ដុល្លារ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បើកដៃ​ឲ្យ​ក្រុមហ៊ុននេះ​ ធ្វើអ្វី​បាន​តាមចិត្ត។
 

លោក Lee Jea Yong អគ្គនាយករង Samsung Electronics មកដល់​កន្លែង​សួរ​ចម្លើយ ថ្ងៃទី​១២ មករា ២០១៧
លោក Lee Jea Yong អគ្គនាយករង Samsung Electronics មកដល់​កន្លែង​សួរ​ចម្លើយ ថ្ងៃទី​១២ មករា ២០១៧ REUTERS/Ahn Young-joon/Pool

អ្នក​តំណាង​ Samsung​ ដែល​រង​ការ​ចោទ​ប្រកាន់​នេះ ​គឺលោក Lee Jae-Yong ​អគ្គនាយក​រង ​Samsung Electronic Group ​ហើយ​គឺ​ជា​​កូនប្រុស​របស់​លោក ​Lee Kung-Hee ​ដែល​ជា​បិតា​ស្ថាបនិក​របស់​Samsung។ បើសិន​ជា ​តុលាការ​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់ ​អគ្គនាយក​រង ​ វ័យ​៤៨ឆ្នាំ​រូបនេះ​ នឹង​អាច​ត្រូវ​ជាប់គុក​ច្រើនឆ្នាំ។ ក្រុម​គ្រួសារ​ត្រកូល​ Lee​ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ Samsung ​ជាច្រើន​តំណរ​មក​នេះ ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ប្រកប​របរ​រកស៊ី ​បែប​មិន​ទៀងត្រង់ ​និង​ធ្វើការ​លាក់លៀម ​យ៉ាង​កំបាំង​បំផុត​ ដោយ​ស៊ុំ​គ្រលុំ​ជាមួយ​មន្ត្រី​ពុករលួយ​ និង​អ្នកមាន​អំណាច។

 
ទម្លាប់​ពុករលួយ ​ជាលក្ខណៈ​គ្រួសារ៖
ការពិត​ទៅ ​នេះ​មិនមែន​ជាលើក​ទីមួយ​ទេ ​ដែល​ថ្នាក់ដឹក​នាំ​Samsung ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពុករលួយ ​តែ​គ្រាន់តែ​ថា ​លើក​មុនៗ ​មេ​ដឹកនាំ​Samsung ​តែងតែ​ទទួល​បាន​ការ​សហការ​ ពី​ពួក​អ្នក​មាន​អំណាច ​និង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ជួយ​ឲ្យ​រួច​ខ្លួន។ កាលពី​ឆ្នាំ​ ១៩៩៦ ​ លោក​ Lee Kung-Hee ​ម្ចាស់​Samsung ​ត្រូវ​បាន​តុលាការ​ចោទ​ថា​បាន​យក​លុយ​ទៅ​សូក​លោក​ប្រធានាធិបតី​ Roh Tae-Woo។ កាល​នោះ ​លោក​អគ្គនាយក​ Samsung​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ ​ជា​ទោស​ព្យួរ។ ទោស​នេះ ​គ្រាន់តែ​ជា​និម្មិតរូប​ប៉ុណ្ណោះ។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៨ ​ លោក ​ Lee Kung-Hee ​ដដែល​ ត្រូវបាន​តុលាការ​ កូរ៉េខាងត្បូង​រក​ឃើញ​ថា ​បាន​យកលុយ​ទៅ​លាក់​ រាប់​ពាន់​លាន​ដុល្លារ ​ ដើម្បី​គេច​មិន​បង់​ពន្ធ​ជូន​រដ្ឋ។ តែហេតុ​តែ​លោក ​ Lee ​ មាន​ខ្សែរ​ធំៗ ​លោក​ត្រូវ​បាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជំនាន់​នោះ ​ ធ្វើការ​លប់​លាង​ទោស​ ឲ្យ​យ៉ាង​ស្អាត។

មតិសាធារណៈ​កូរ៉េ​ខាងត្បូង ​ទ្រាំ​លែង​បាន៖
កូរ៉េខាងត្បូង ​ឆ្នាំ​២០១៧ ​ខុស​ពី​កូរ៉េ​ខាងត្បូង ​កាល​ពី​១០​ឆ្នាំមុន។ ប្រជាជន​រាប់លាន​នាក់ ​ ដែល​បាន​ធ្វើ​បាតុកម្ម​សឹងតែ​រៀងរាល់​ថ្ងៃ​សៅរ៍​ ទូទាំង​កូរ៉េ​ខាងត្បូង ​អស់​រយៈពេល​២ខែ​មកនេះ ពួកគេ មិន​ត្រឹម​តែ​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ ​ចុះចេញ​ពី​តំណែង​ទេ ​ តែ​ប្រជាជន​បាន​ទាមទារ​ឲ្យ​អ្នក​ដែល​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទាំងអស់ ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​សក្តិ៍សម។

លោក ​Shim Jung-Taik ​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​ក្បាល ​ស្តីពី​ប្រវត្តិ ​និង​វប្បធម៌​ធ្វើ​ជំនួញ​របស់​ក្រុមហ៊ុន ​ Samsung ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​ មតិ​សាធារណៈ​នៅ​កូរ៉េ​ខាងត្បូង​កាន់​តែ​ច្រើន ​ បាន​យល់​ស្រប​គ្នា​ថា ​ ក្រុមហ៊ុន ​Samsung ធំ​លើស​ច្បាប់​រដ្ឋ​ទៅទៀត។ លោក​យល់​ថា ​ស្ថានភាព​នេះ ​មិន​អាច​បន្ត​ទៅទៀត​បានទេ។ លើក​នេះ ​ គ្មាន​នរណា​អាច​ការពារ Samsung​ បានទេ​ ព្រោះ​សូម្បី​តែ​កៅអី​ប្រធានាធិបតី ​ក៏​កំពុង​តែ​រលំ​ដែរ។

កំណែទម្រង់​រក​តម្លាភាព ​ឲ្យសម​ជា​មហា​ក្រុមហ៊ុន​អន្តរជាតិ៖
តាម​ពិត​ទៅ ​ ក្រុម​គ្រួសារ​ត្រកូល​ Lee ​មិនមែន​ជា​ម្ចាស់ ​Samsung​​ទាំងស្រុង​ទេ។ គ្រួសារ​នេះ​មាន​ភាគហ៊ុន​តែ៥%​ប៉ុណ្ណោះ ​នៅក្នុង​Samsung។ ក៏ប៉ុន្តែ​គ្រួសារ​នេះ ​បាន​រៀបចំ​ប្រព័ន្ធ​ពិសេស ​ដើម្បី​ធ្វើ​យ៉ាង​ណា ​បន្ត​ប្រើ​ឥទ្ធិពល​នៅ​ក្នុង​ក្រុមហ៊ុនSamsung ​តាម​រយៈ​ការ​បង្កើត​សាខា ​ ទិញចូល​​លក់ចេញ​ នូវ​ក្រុមហ៊ុនចំណុះ រឺ​សាខា​ជាច្រើន។ ជាក់ស្តែង ​ ការ​ច្របាច់​បញ្ចូល​នូវ​ក្រុមហ៊ុន​ចំណុះ​ពីរ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ​ ព្រោះ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពីរ​នេះ ​ត្រូវ​បាន​គេ​វាយ​តម្លៃ​លក់​ចេញ ​ ថោក​ហួស​ពី​តម្លៃ​ជាក់ស្តែង។ ម្ចាស់​ភាគហ៊ុន​អន្តរជាតិ ​ ដែល​មាន​ចំណែក​ក្នុង​ Samsung ​បាន​ធ្វើការ​រារាំង​ជាខ្លាំង​ តែ​នៅ​តែ​មិន​អាច​​ធ្វើ​អ្វី​បាន ​ ព្រោះ ​គ្រួសារ​ Lee ​ មាន​លោកស្រី​ឆយ ស៊ុនស៊ីល ​និង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ​នៅ​ជា​បង្អែក។

អាណាចក្រ ​Samsung​ មិន​អាច​បន្ត​រកស៊ី​របៀប​នេះ​ ដោយ​បណ្តោយ​ឲ្យ​គ្រួសារ​ត្រកូល​ Lee​ ធ្វើ​ផ្តេសផ្តាស​បាន​ទេ។ ម្ចាស់ភាគ​ហ៊ុន​ឯទៀត ​ប្រាកដ​ជា​កំពុង​តែ​រក​វិធី​ដោះស្រាយ ​ដើម្បី​ធ្វើ​កំណែទម្រង់​ Samsung។ ស្ថានភាព​របស់ ​Samsung ​កន្លង​មក​នេះ ​ តាម​ពិត​វា​គឺ​ជា​ចំណុច​ខ្សោយ​របស់​ Samsung ​ទៅ​វិញ​ទេ។ Samsung ​រកស៊ី​លាក់លៀម ​សូកប៉ាន់​អ្នក​មាន​អំណាច ​ដូច្នេះ ​ អ្នកមាន​អំណាច ​រឺ​មន្ត្រី​ណា ​ដែល​ដឹង​ពីចំណុច​ខ្សោយ​នេះ ​ប្រាកដ​ជា​មក​បន្ត​កន្ទុយ​គ្នា ​ចាំ​កោសរូស​យក​លុយ​ពី ​Samsung​ មិនខាន។ មានន័យ​ថា​ Samsung ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផ្លូវច្បាប់​គ្រប់​ពេលវេលា។

ឆ្នាំ​២០១៦ ​កន្លងទៅ​ Samsung ​បាន​ខាត​បង់​ប្រាក់​ជាច្រើន​រួច​ទៅហើយ ​ ជាមួយ​នឹង​បរាជ័យ​នៃ​ផលិតផល​ទូរស័ព្ទ ​Galaxy Note7 ​ដែល​មាន​ថ្ម​ផ្ទុះ​បង្ក​គ្រោះ​ថ្នាក់។ ឆ្នាំមុន​ ផ្ទុះ​ត្រឹម​តែ​ថ្ម​ទូរស័ព្ទ​Galaxy Note7 ​ តែ​បើSamsung ​មិន​ធ្វើ​កំណែ​ទម្រង់​ពី​របៀប​រកស៊ី​របស់​ខ្លួន​ឲ្យ​មាន​តម្លាភាព​ សក្តិ៍សម​ជា​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ទេនោះ ​ គឺថា​ ពិភព​ហ្កាឡាក់ស៊ី​របស់​Samsung ​ទាំងមូល​តែម្តង ​ ដែល​អាច​ផ្ទុះ​បែកជា​ចំរៀក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ