អានតួអត្ថបទ

កូរ៉េទាំង២ សម្ភោធ​ជា​និម្មិតរូប នូវ​ការដ្ឋាន​សាងសង់​ផ្លូវដែក តភ្ជាប់​គ្នា​ទៅវិញ​ទៅមក

នៅថ្ងៃពុធ ទី២៦ធ្នូ នេះ គណៈប្រតិភូកូរ៉េខាងត្បូងមួយក្រុម បានជិះរថភ្លើង ឆ្លងកាត់ព្រំដែន ចូលទៅក្នុង ដីកូរ៉េខាងជើង ដើម្បីចូលរួម ក្នុងពិធី បើកសម្ភោធ ការដ្ឋានសាងសង់ផ្លូវដែក ជានិម្មិតរូប ជាមួយនឹងភាគីកូរ៉េខាងជើង។ ការសាងសង់ផ្លូវរថភ្លើង តភ្ជាប់គ្នា រវាងប្រទេស​បងប្អូនទាំង២ គឺជាការសន្យា កសាងទំនាក់ទំនងល្អនឹងគ្នា ក្នុងក្របខណ្ឌ នៃការចរចាសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

គណៈប្រតិភូកូរ៉េទាំង២ ចាប់ដៃគ្នា បើកសម្ភោធការដ្ឋាន​សាងសង់ផ្លូវដែក​ នៅស្ថានីយ៍ Panmun តំបន់ Kaesong ថ្ងៃទី​២៦ ធ្នូ ២០១៨
គណៈប្រតិភូកូរ៉េទាំង២ ចាប់ដៃគ្នា បើកសម្ភោធការដ្ឋាន​សាងសង់ផ្លូវដែក​ នៅស្ថានីយ៍ Panmun តំបន់ Kaesong ថ្ងៃទី​២៦ ធ្នូ ២០១៨ Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

រថភ្លើងមួយខ្សែ មាន៩ទូ លាបពណ៌ខៀវ ក្រហម ស បានរំកិលខ្លួន ឆ្លងកាត់ព្រំដែន ដែលពុះចែកប្រទេសបងប្អូនកូរ៉េទាំង២។ រថភ្លើង​ដែល​ចេញដំណើរ ពីទីក្រុងសេអ៊ូល មានដឹកគណៈប្រតិភូកូរ៉េខាងត្បូង ចំនួនជាង១០០នាក់ ធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយ៍ Panmun ស្ថិតនៅតំបន់ Kaesong ក្នុងទឹកដីកូរ៉េខាងជើង​ មិនឆ្ងាយប៉ុន្មានពីព្រំដែន។ នៅលើទូរថភ្លើង គេមានសរសេរអក្សធំៗ ដែលមានន័យ “ រួមគ្នាបើក ទំព័រសករាជថ្មី​ នៃសន្តិភាព និងភាពរុងរឿង តាយរយៈការ​តភ្ជាប់ខ្សែរថភ្លើង និងផ្លូវថ្នល់ រវាងខាងជើងនិងខាងត្បូង”។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំង២ ដែលដឹកនាំគណប្រតិភូ បានលើកឡើងថា កម្មវិធីសម្ភោធនេះ គឺគ្រាន់តែជានិម្មិតរូប ហើយវាមិនមែនមានន័យថា ការរដ្ឋានសាងសង់ផ្លូវដែក នឹងចាប់ផ្តើមបើកភ្លាមនោះទេ។ អ្នកនាំពាក្យដដែល អះអាងថា អ្វីៗ គឺវាអាស្រ័យ ទៅលើដំណើរវិវឌ្ឍន៍ទៅមុខ នៃការចរចា ស្តីពីការរំសាយកម្មវិធី នុយក្លេអ៊ែរ។ យោងតាមមន្ត្រីកូរ៉េខាងត្បូង ក្នុងចំណោម​គណៈ​ប្រតិភូ ដែលធ្វើដំណើរទៅនៅថ្ងៃនេះ គឺមានតំណាងក្រុមហ៊ុនសំណង់រុស្ស៊ី ចិន ម៉ុងហ្គោលី ព្រមទាំង​តំណាងអង្គទូតបរទេសមួយចំនួនផងដែរ។

សូមរំលឹកថា ការបើកសម្ភោធការដ្ឋានសាងសង់ផ្លូវដែក តភ្ជាប់គ្នា រវាងកូរ៉េទាំង២នេះ គឺជាការសន្យា របស់ លោកមូន ​ជាអ៊ីន ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែកញ្ញាកន្លងទៅ ថានឹងត្រូវធ្វើ​ ឲ្យបានមុនដាច់ឆ្នាំ២០១៨។ កូរ៉េខាងត្បូង បានត្រៀមកញ្ចប់ថវិកា ចំនួនជាង៥៦លានដុល្លារ សម្រាប់ឆ្នាំ២០១៩ខាងមុខ ដើម្បីយកទៅអនុវត្តគំរោងវិនិយោគ ផ្លូវដែកនៅកូរ៉េខាងជើង ដែលតាមការរំពឹងទុក គឺត្រូវការពេលយ៉ាងហោ៥ឆ្នាំ។

គួរកត់សំគាល់ថា រហូតមកដល់ពេលនេះ ការចរចារ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ នៅជាប់គាំង មិនបានទៅមុខទាល់តែសោះ។ មតិមួយចំនួនលើកឡើង អំពីការអូសជើង របស់កូរ៉េខាងជើង ដែលហាក់ដូចជាមានន័យថា របបនេះ គ្មានចិត្តចង់រំសាយកម្មវិធីនុយក្លេអ៊ែរនោះទេ។ កាលពីថ្ងៃចន្ទ កន្លងទៅ លោកដូណាល់ ត្រាំ បានសរសេរលើទំព័រTwitter ថា លោកកំពុងអន្ទះសារ រងចាំជួបជាមួយនឹង គីម ជុងអ៊ុន ជាលើកទី២។

ដោយឡែក មានមតិរិះគន់ បានលើកឡើងថា ការចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ នៅជាប់គាំង មិនទៅមុខផង មិនគួរចាប់ផ្តើម ធ្វើសម្បទានច្រើនពេក ទៅឲ្យកូរ៉េខាងជើងទេ។ ជាក់ស្តែង នៅស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ក្រុមបាតុករមួយក្រុមតូច បានលើកបដាតវ៉ា ប្រឆាំង រិះគន់ ចំពោះការដែលកូរ៉េខាងត្បូង បើកឱកាសឲ្យមេដឹកនាំផ្តាច់ការកុម្មុយនីស្តិកូរ៉េខាងជើង។ ក្រុមបាតុករលើកឡើងថា គីម ជុងអ៊ុន គឺជាមេដឹកនាំផ្តាច់ការ ធ្វើបាប និងសម្លាប់ប្រជាជនឯង ដូច្នេះមិនគួរទៅ​សេពគប់ ចាប់ដៃជាមួយជាដាច់ខាត។ ការតភ្ជាប់កូរ៉េទាំង២ នឹង​ធ្វើឲ្យកូរ៉េខាងជើង បានដៃ ពង្រីកឥទ្ធិពលទ្រឹស្តីកុម្មុយនីស្តិ មកលើកូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ