អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហា​គម្រោង “ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ”​ របស់​​ចិន ​ល្អតែ​មើល​ តែ​អាច​មិន​ល្អ​ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំងពីឆ្នាំ២០១៣មក​ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានផ្តួចផ្តើមគំនិត បង្កើតគម្រោងដ៏មហាសាលមួយ ដែលមានឈ្មោះថា “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដើម្បី​រំលឹក និងធ្វើឲ្យរស់ឡើងវិញ នូវផ្លូវក្រណាត់សូត្រ ដែលដែនដីចិន ធ្លាប់​មាន​តួនាទី​សំខាន់​បំផុត ក្នុងអតីតកាល។ គម្រោង ”ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់ចិននេះ គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខ្សែរថភ្លើង បំពង់បង្ហូរឧស្ម័ន និងកំពង់ផែជាច្រើន ដើម្បីផ្សារផ្ជាប់ចិន ជាមួយនឹងទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក ហើយតាមរយៈនេះ ចិននឹងពង្រីកដែនឥទ្ធិពលពាណិជ្ជកម្មរបស់ខ្លួន ទូទាំងសកលលោក។ ក៏ប៉ុន្តែ ៤ឆ្នាំក្រោយការចាប់ផ្តើម  គំរោងនេះ ហាក់នៅនឹងថ្កល់ តាមបណ្តាប្រទេស​មួយ​​ចំនួន ដោយមូលហេតុផ្សេងៗគ្នា ខណៈដែលរដ្ឋាភិបាលចិនឯណោះ ខិត​ខំ​ផ្សាយ​ពាណិជ្ជកម្មអួតថា គំរោងនេះ កំពុងតែហក់ទៅមុខយ៉ាងលឿន។ ការពិត វា​អាច​ខុស​គ្នាឆ្ងាយពីពាក្យឃោសនាទាំងនេះ។

ផែនទីគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន
ផែនទីគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន Reuters
ផ្សាយពាណិជ្ជកម្ម

នរណាដែលមិនដឹងមិនឮ អំពីឥទ្ធិពល លទ្ធភាព និងមហិច្ឆិតា​របស់ចិន ក្នុង​ពេល​បច្ចុប្បន្ន​នេះ? គ្មានអ្វីមួយដែលចិនចង់បានហើយ មិនបាននោះទេ។ អំណាច​ទឹក​ប្រាក់​របស់ចិន កំពុងប្រមូលអូសទាញប្រទេសមួយចំនួនធំ សឹងតែមួយសកលលោក ឲ្យ​សហការ​រកស៊ីជាមួយ បើទោះបីជាជំនួញរកស៊ីទាំងនោះ ត្រូវ​​ចិន​ស្រូប​យក​ប្រយោជន៍​តែ​ម្នាក់​ឯងក្តី។

ពង្រីកដែនឥទ្ធិពលចិន ពាសពេញសកលលោក

គម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលលោកស៊ី ជីនពីង បានផ្តួចផ្តើមឡើង ត្រូវ​បាន​គេ​មើល​​ឃើញថា គឺជាគំរោងដ៏មហាសាល ដែលនៅពីក្រោយនេះ គឺជាការពង្រីកដែន​ឥទ្ធិពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរបស់ចិន នៅលើទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ តាមរយៈគម្រោងនេះ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ កំពុង​តែ​ព្យាយាម​ច្បាមយក ទីផ្សារដោះដូរពាណិជ្ជកម្ម ទីផ្សារវត្ថុធាតុដើម និងប្រភពថាមពល នៅ​គ្រប់ច្រកល្ហកទាំងអស់។

វាគឺជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែ បំពង់បង្ហូរប្រេង បំពង់បង្ហូរឧស្ម័ន ខ្វាត់ខ្វែងចេញពីអឺរ៉ុប ឆ្លងកាត់រុស្ស៊ី និងអាស៊ីកណ្តាល ចេញពីអាហ្វ្រិក ឆ្លងកាត់ដើមបូព៌ា និងអាស៊ីខាងត្បូង ចេញពីចិន ឆ្លង​កាត់​មក​អាស៊ី​អាគ្នេយ៍យើង ជាដើម ។ល។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងគម្រោងនេះ ក៏​មាន​ការ​កសាង តំបន់សេដ្ឋកិច្ចពិសេស ទីតាំងស្តុក តំបន់ឧស្សាហកម្មផ្តាច់មុខ ជា​ច្រើន​កន្លែង នៅតាមប្រទេសទាំងអស់ ៦៥ប្រទេស ដែលគិតជាទឹកប្រាក់ មានតំ​លៃ​មិន​តិច​ជាង​១០០ម៉ឺនលានដុល្លារ ទេ។

៤ឆ្នាំមកហើយ ដែលរដ្ឋាភិបាលចិន បានព្យាយាមអូសទាញ ទិញទឹកចិត្ត និង​បញ្ជោរ​រដ្ឋា​ភិ​បាលប្រទេសពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមក្នុងគម្រោងនេះ។ ខណៈដែល ថ្នាក់នាំចិន​ឯណោះ ខំពពាយនាយ ផ្សាយពាណិជ្ជកម្មថា គម្រោងនេះ​ជា​គំរោង​ដ៏ល្អ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោកទាំងមូល ហើយទទួលបានការគាំទ្រ យ៉ាងអធិកអធម​ពីសំណាក់​គ្រប់ភាគី  តែការពិតជាក់ស្តែង ឯណោះវិញ គំរោងដ៏ធំមហាសាលរបស់ចិននេះ កំពុង​ជួប​ឧប​សគ្គ​ជា​ច្រើន នៅតាមប្រទេសផ្សេងៗ។

ក្រៅពីការរិះគន់ជាទូទៅ ស្តីពីផលប្រយោជន៍ដ៏ស្តួចស្តើង ដែលបានមកពីគម្រោងនេះ សម្រាប់​ប្រទេសមួយចំនួន គំរោងនេះ កំពុង​ជួបនូវការរាំងស្ទាំង​ដោយ​សារ​​របប​នយោ​បាយ​ ការប្រជែងអំណាច អំពើពុករលួយ និងអសន្តិសុខ នៅ​តាម​ប្រទេស​ទាំង​នោះ។ ប្រទេសមួយចំនួន នៅក្នុងគំរោងនេះ គឺមានរបបដឹកនាំផ្តាច់ការ គ្មាន​ប្រជាធិបតេយ្យ គ្មាន​ការដឹកនាំដែលប្រកបដោយតម្លាភាពទេ។

ខ្សែរថភ្លើងល្បឿនលឿនរបស់ចិន គឺសំរាប់តែអ្នកមាន

នៅឥណ្ឌូណេស៊ី អស់រយៈពេល២ឆ្នាំមកហើយ ដែលចិន បានច្បាមយកបាន នូវ​កិច្ច​សន្យាសម្បទាន សាងសង់​ខ្សែ​រថភ្លើង​ល្បឿនលឿន។ បើទោះបីជាគម្រោងផ្លូវដែកនេះ ត្រូវ​បានបើកសម្ពោធជាផ្លូវការនៅកោះហ្សាវ៉ា ដោយលោកប្រធានាធិបតី​​ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៦ក៏ដោយ តែគេមិនទាន់ឃើញមានដែកមួយដុំនៅឡើយទេ។ ប្រភព​នៃ​ភាព​យឺតយ៉ាវនេះ គឺអាចមកពីការប្រជែងអំណាច ដណ្តើមផលប្រយោជន៍គ្នា រវាង​មន្តី្រ​ធំៗ​ក្នុងរដ្ឋាភិបាលឥណ្ឌូណេស៊ី ជាមួយនឹងអាជ្ញាធរខេត្ត គ្រប់គ្រងតាមមូលដ្ឋាន។រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូណេស៊ី បានបដិសេធ មិនឆ្លើយអ្វីទាំងអស់ ទាក់​ទិន​នឹង​គម្រោង​សាងសង់ផ្លូវរថភ្លើងរបស់ចិននេះ។

បុរសឈ្មោះNeng Sri អ្នកលក់ចំណីតាមរទេះ ជនជាតិឥណ្ឌូណេស៊ីម្នាក់ បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មានបារាំងថា គាត់ទើបតែឃើញមានត្រាក់ទ័រជីកដី មួយ ពីរ មកចាប់​ផ្តើម​​កាយដី នៅរវាងប៉ុន្មានខែចុងក្រោយនេះ​ប៉ុណ្ណោះ។ បុរសម្នាក់នេះត្អូញថា ​ទោះ​មាន​ខ្សែ​រថភ្លើងល្បឿនលឿន ក៏ដូចជាមិនមាន។​ ប្រជាជនក្រីក្រដូចជាលោក បាន​ត្រឹម​តែ​អង្គុយ​មើលរថភ្លើង បើកឆ្លងកាត់ដីស្រែចំការខ្លួនតែប៉ុណ្ណោះ គ្មានវាសនាបានជិះវាទេ។ រថភ្លើងល្បឿនលឿន គឺសម្រាប់ពួកអ្នកមាន អ្នកជំនួញ ដែល​គេត្រូវការពេលវេលា ដើម្បី​ធ្វើ​ជំនួញរបស់គេ។ ចំណែកអ្នកក្រដូចលោក មិនខ្វះទេពេលវេលា តែ​អ្វីដែលខ្វះ គឺ​ប្រាក់​ដើម្បី​ទិញអង្ករ​តែប៉ុណ្ណោះ។

ចិនតម្រូវឲ្យយកបុគ្គលិកខ្លួនមកធ្វើការ

ដូចគ្នាដែរ គម្រោងខ្សែរថភ្លើងល្បឿនលឿនមួយទៀត ចេញពីចិន ទៅសិង្ហបុរី ដោយ​ឆ្លង​កាត់ ​ឡាវ ថៃ និងម៉ាឡេស៊ី ក៏កំពុងតែជួបបញ្ហា មិន​ទាន់​ដំណើរ​ការ​ទៅ​មុខ​ស្រួល​ដែរ។ រដ្ឋាភិបាលយោធាថៃ បានបង្អែរ​បង្អង់ ​ដោយសារ​តែ​គេមិនពេញចិត្ត ចំពោះ​លក្ខ​ខណ្ឌ​កម្ចី​ឥណ្ឌទាន  ព្រមទាំងបទដ្ឋានច្បាប់ ដែលគ្រប់គ្រង​​លក្ខខណ្ឌ​ការងារ របស់​បុគ្គលិក​ទាំង​អស់ ដែលមកធ្វើការក្នុងគំរោងនេះ។ ចិន មិនបានបោះត្រឹមតែលុយទេ តែ​ចិន​ក៏​បាន​ដាក់​កំហិត ឲ្យយកបុគ្គលិករបស់ខ្លួន មកធ្វើការក្នុងគំរោងនេះដែរ។ ទើបតែនៅរវាងខែកក្កដា កន្លង​ទៅនេះទេ ដែលរដ្ឋាភិបាលយោធាថៃ បានបើកភ្លើងខៀវ បញ្ចេញប្រាក់ចំនួន៥ពាន់​លាន​​ដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន។

ផ្លូវដែលតំលៃ៥ពាន់លានដុល្លារ សម្រាប់ឡាវ ដែលក្រីក្របំផុត

ចំណែកនៅឡាវវិញ ការដ្ឋានសំណង់ សង់ខ្សែផ្លូវដែកប្រវែង ជាង៤០០ គីឡូម៉ែត្រនេះ បាន​ចាប់ផ្តើមហើយ។ បើទោះបីជាគ្រប់គ្នាដឹងថា ឡាវជាប្រទេស រស់​ក្រោម​សម្ពាធ​សេដ្ឋកិច្ច​របស់ចិនក៏ដោយ តែក៏មិនមែនមានន័យថា ថ្នាក់ដឹកនាំ និងមតិសាធារណៈឡាវ បានគាំទ្រពេញទំហឹងដែរ ចំពោះគំរោងនេះ។ ខ្សែរថភ្លើងល្បឿនលឿននៅឡាវនេះ មាន​តំលៃជាង៥ពាន់លានដុល្លារ ពោលគឺស្មើនឹងពាក់កណ្តាល នៃ​ចំណូល​ដុល​ក្នុង​ស្រុក​សរុបរបស់ឡាវ។ សួរថាតើខ្សែរថភ្លើងល្បឿនលឿន ថ្លៃ៥ពាន់លានដុល្លារនេះ មាន​ប្រជាជន​ឡាវ ប៉ុន្មាននាក់ ដែលបានទទួលផល? ខណៈសេវាសាធារណៈ វិស័យអបរំ សាលារៀន វិស័យសុខាភិបាលរបស់ឡាវ ស្ថិតនៅក្នុងកម្រិតមួយដ៏សែនលំបាក តោក​យ៉ាក​នៅឡើយនោះ។

គម្រោងវិនិយោគចិន ជំរុញឲ្យមានវិបត្តិនៅភូមាកាន់តែធ្ងន់

នៅភូមាឯណោះ ជម្លោះរវាងជនជាតិភាគតិច ជាមួយនឹងកងទ័ព ដែល​ក្តោប​ក្តាប់​អំណាច​សេដ្ឋកិច្ច សឹងតែទាំងស្រុង កំពុងតែរុញវិបត្តិសង្គម ឲ្យកាន់តែធ្លាក់ដុនដាបធ្ងន់ធ្ងរ។ អំពើ​ព្រៃផ្សៃ ដែលកងទ័ពភូមា ឃុបឃិតជាមួយអាជ្ញាធររដ្ឋរ៉ាឃីន ធ្វើ​ទៅ​លើ​សហគមន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា គឺមួយចំណែកធំ ដើម្បីចង់ប្រមូលក្តោប​ក្តាប់​ដីស្រែ​ចំការ​របស់ពួកគេ យក​ទៅ​ធ្វើសម្បទានឲ្យក្រុមហ៊ុនចិន យកលុយចែកគ្នាតែប៉ុណ្ណោះ។ ចិន​មាន​គម្រោង​សាង​សង់​កំពង់​ផែសមុទ្រដ៏ធំមួយ នៅរដ្ឋរ៉ាឃីន ព្រមទាំងមានបំពង់​បង្ហូរប្រេងឆ្លង​ពីឈូង​សមុទ្រ​ បង់ហ្គាល់ ឆ្ពោះទៅកាន់ខេត្តយូណាន របស់ចិនទៀតផង។

ឧបសគ្គនៅប៉ាគីស្ថាន គឺអស្ថិរភាព

គម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននេះ ក៏ត្រូវពើបប្រទះនឹងប្រទេសមួយចំនួន ដែល​​មាន​បញ្ហាសន្តិសុខនៅរ៉ាំរ៉ៃ ដូចជាប៉ាគីស្ថានជាដើម។ កិច្ច​ព្រម​ព្រៀង​ក្នុង​តម្លៃ​ទឹក​ប្រាក់សរុប ៤ម៉ឺន៦ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខារវាងចិន និងប៉ាគីស្ថាន តាំង​តែ​ពីឆ្នាំ២០១៣ម្លេះ ដើម្បីបើកច្រកសេដ្ឋកិច្ចថ្មីមួយឲ្យ​ចិន អាចមានកំពង់ផែសមុទ្រ មួយ​ជ្រុង​ទៀត។ នោះគឺកំពង់ផែក្រុងការ៉ាឈី ដែលនឹងអនុញ្ញាតឲ្យចិន អាចមានទ្វារបើក ទៅ​ដល់​មាត់ច្រកតំបន់ដើមបូព៌ាក្បែរឧបទ្វីបអារ៉ាប៊ី ដែល​​ជាជង្រុកប្រេង និង​ឧស្ម័ន​ធម្មជាតិ​។

ប៉ុន្តែគម្រោងនៅប៉ាគីស្ថាន មិនអាចទៅមុខបានលឿន ដោយសារប៉ាគីស្ថាន មាន​ក្រុម​ឧទ្ទាម​បះបោរជាច្រើន ធ្វើទុកបុកម្នេញ។ ការដ្ឋានសំណង់ តែង​តែ​ត្រូវ​ក្រុម​ឧទ្ទាម​ភាគ​ខាង​ជើង ​ចេញមកវាយបំផ្លាញ ប្លន់សម្លាប់ ចាប់ជំរិតជាដើម។ វិស្វករ ក្រុម​ការងារ​របស់​ចិន ក៏បានរងគ្រោះជាច្រើនលើក។ ក្រុមឧទ្ទាម បានដាក់គ្រាប់បែកបំផ្ទុះ កំទេច​បំពង់​បង្ហូរ​ឧស្ម័ន​ទៀត​ផង​។

ល្អមើល តែមិនល្អស៊ី

ការពិតជាក់ស្តែងនៃដំណើរទៅមុខ នៃគម្រោងនេះ វា​ហាក់​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​ចិន​បាន​ប្រកាស។ ជាងនេះទៅទៀត ឧបសគ្គរាំងស្ទាក់ទាំងអស់នេះ ក៏បង្ហាញឲ្យឃើញដែរថា ខុស​ពីអ្វីដែលចិនអួតថាគម្រោងនេះល្អ គេគាំទ្រគ្រប់គ្នា តែធាតុពិត មិន​មែន​អញ្ចឹង​ទាំង​ស្រុង​ទេ។ រដ្ឋាភិបាលចិនកាន់តែពពាយនាយ គេកាន់តែចោទសួរ។

របៀបធ្វើជំនួញរបស់ចិន អ្នកណាក៏ទទួលស្គាល់ដែរ ថាជាវិធីធ្វើជំនួញផ្លូវកាត់ មិន​ខ្វល់​ពី​ផល​វិបាក ហានិភ័យយូរអង្វែង ឬផលប្រយោជន៍រួម របស់ប្រជាជនមូលដ្ឋានឡើយ។ ប្រជា​ជន​សាមញ្ញ ទទួលបានផលតិចតួចណាស់ ពីគម្រោងមហាសាលនេះ។

ផ្ទុយទៅវិញ ដីស្រែ ផ្ទះសម្បែងរបស់ពួកគេ អាចប្រឈមមុខនឹងការរឹបអូស ពី​អាជ្ញាធរ​ដើម្បី​បំពេញ​តម្រូវ​ការឲ្យគម្រោង។ លុយវិនិយោគរបស់ចិន មិន​ត្រឹម​តែ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​ប្រជាជន​សាមញ្ញហើយ ថែមទាំងបានជួយជម្រុញ​ប្រពៃណីពុករលួយ ស៊ីសំណូក សូកប៉ាន់ បក្សពួកប្រើអំណាច ឲ្យកាន់តែទូលំទូលាយ ជាងមុនទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ