អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

ការដោះដូរ​ពាណិជ្ជកម្ម​រវាងចិន និង​កូរ៉េ​ខាងជើង​កើនឡើង​ជាង​១០% នៅ​ឆមាស​ទីមួយ​ឆ្នាំ​២០១៧

យោង​តាម​តួលេខ​ផ្លូវការ​ នៅ​ឆមាស​ទីមួយ​ឆ្នាំ​២០១៧​នេះ ​ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន ​និង​កូរ៉េ​ខាងជើង ​បាន​កើន​ឡើង​ជាង​១០% ​បើ​ទោះ​បី​ជាចិន​ បាន​សន្យាថា​នឹង​ខិតខំ ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ ក៏ដោយ។ តែ​យ៉ាងណា ​មន្ត្រីចិន​អះអាង​ថា ​តួលេខ​កើនឡើង ​គឺ​ផ្អែក​លើ​ការ​នាំចូល​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​សម្រាប់​ប្រជាជន​កូរ៉េខាង​ជើង ​ ឯការ​នាំចេញ​ទំនិញ​កូរ៉េ​ខាង​ជើង ​មក​កាន់​ចិន​ បាន​ធ្លាក់​ចុះ​ខ្លាំង​ណាស់។

ទីលាន គីម អ៊ីលស៊ុង ពោរពេញ​ដោយ​មនុស្ស​ដែល​​មក​អប​អរ​ ការ​បាញ់​​បង្ហោះ​​មីស៊ីល​​បាលីស្ទីក​​បាន​សម្រេច​
ទីលាន គីម អ៊ីលស៊ុង ពោរពេញ​ដោយ​មនុស្ស​ដែល​​មក​អប​អរ​ ការ​បាញ់​​បង្ហោះ​​មីស៊ីល​​បាលីស្ទីក​​បាន​សម្រេច​ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ពន្ធដា​ចិន​បាន​បង្ហាញ​តួលេខ​ផ្លូវការ ​ ​ថា​នៅ​ឆមាស​ទីមួយ​ ដើម​ឆ្នាំ​២០១៧​នេះ ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន ​និង​កូរ៉េ​ខាង​ជើង ​បាន​កើន​ឡើង​ចំនួន​១០,៥%។ យោង​តាម​តួលេខ ​ដែល​គិត​ទៅ​តាម​អត្រា​ប្រាក់​ដុល្លារ​នេះ ​បង្ហាញ​ថា ​ការ​នាំចេញ​ទំនិញ​ចិន ​ទៅកាន់​កូរ៉េ​ខាង​ជើង ​បាន​កើនឡើង​ចំនួន​២៩,១% ​ រឺ​ឯ​ការ​នាំចូល​ទំនិញ​កូរ៉េខាង​ជើង ​មក​កាន់​ចិន​វិញ ​បាន​ថយ​ចុះ​ចំនួន​១៣,២% ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

គួររំលឹកថា ​ កាល​ពី​ត្រីមាស​ទីមួយ ​ដើម​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​ចិន​ បាន​ប្រកាស​តួលេខ​កើនឡើង​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន ​និង​កូរ៉េ​ខាង​ជើង ​ដល់​ទៅ​ ​៣០,៦% ​បើ​គិត​ជា​ប្រាក់​ដុល្លារ។ លោក​ ដូណាល់ ​ត្រាំ ​ធ្លាប់​បាន​លើកឡើង​ពី​តួលេខ​នេះ ​ហើយ​បាន​រិះគន់​រដ្ឋាភិបាល​ចិន​ ថា​បាន​សន្យា​តែ​មាត់​ តែ​ការ​ពិត​ នៅ​តែ​បន្ត​រកស៊ី​ជា​មួយ ​កូរ៉េ​ខាងជើង​ដដែល។

ទោះជា​យ៉ាងណា ​លោក​ ហួង សុងពីង ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ចិន​ បាន​លើក​ឡើង​ថា ​គេ​មិន​អាច​សំអាង​តែលើ​តួលេខ​នៅ​ឆមាស​ទីមួយ​នេះ ​យក​មក​ចោទ​រដ្ឋាភិបាល​ចិន​ ថា​មិន​បាន​សហការ ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ទេ។ ជាង​នេះ​ទៅទៀត ​បើ​ផ្អែក​លើ​តួលេខ ​យើង​ឃើញ​ថា ​ការ​នាំចូល​ទំនិញ​កូរ៉េ​ខាង​ជើង ​មក​ចិន ​បាន​ថយ​ចុះ​ខ្លាំង​ណាស់ ​នៅ​រវាង​ដើម​ឆ្នាំ​២០១៧​នេះ។ ជាក់​ស្តែង ​ខែ​មេសា ​បាន​ថយចុះ​៤១,៦% ​ ខែ​ឧសភា ​៣១,៦% ​និង​ខែ​មិថុនា ​ថយចុះ ​២៨,៩%។

អ្នកនាំ​ពាក្យ​ដដែល​បាន​ពន្យល់​ថា ​ ទណ្ឌកម្ម​សេដ្ឋកិច្ច ​មិន​បាន​សំដៅ​ដល់​ការ​ហាមឃាត់ ​នូវ​ការ​នាំចូល​ទំនិញ​ទៅ​កាន់​កូរ៉េ​ខាងជើង ​ទាំង​ស្រុង​ ​នោះទេ​។ ទំនិញ​ដែល​ចិន​នាំចូល​ទៅ​ ​គឺ​ជា​ទំនិញ ​ចំណី​អាហារ ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់ ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ​របស់​ប្រជាជន​កូរ៉េ​ខាងជើង។

ជាការពិត ​បើ​ផ្អែក​តាម​តួលេខ​ ចិន​បាន​បង្កើន​ការ​នាំចេញ​ទំនិញ ​ទៅកាន់​កូរ៉េ​ខាង​ជើង ​ តែ​បាន​បន្ថយ​ការ​នាំចូល​ទំនិញ​កូរ៉េ​ខាង​ជើង​មកវិញ។ ទំនិញ​ដ៏​សំខាន់ ​និង​ជា​ប្រភព​ចំណូល​ចំបង​របស់​កូរ៉េ​ខាង​ជើង ​គឺ​ធ្យូង​ថ្ម ​ដែល​ចិន​ បាន​សម្រេច​បិទ​លែង​នាំចូល ​កាល​ពី​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​នេះ ​ទៅតាម​ការ​ទាមទារ​របស់​អង្គការ​សហប្រជាជាតិ។​ យ៉ាងណា​ក៏ដោយ​ ទាំង​អស់​នេះ ​ជា​តួលេខ​ផ្លូវការ​តែ​ប៉ុណ្ណោះ។ គេជឿ​ថា ​ទំនិញ​កូរ៉េ​ខាង​ជើង ​បាន​បន្ត​នាំចូល​មក​ចិន​ តាម​ផ្លូវ​ងងឹត ​គេច​ពន្ធ ​យ៉ាង​សន្ធិក​សន្ធាប់​ដដែល។ គឺ​បញ្ហា​នេះ​ទៅ​វិញ​ទេ ​ដែល​រដ្ឋាភិបាល​ចិន​ គួរ​ចាប់ផ្តើម​ដោះស្រាយ ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ