ចិនឃុំខ្លួនសាស្ត្រចារ្យអូស្ត្រាលីដើមកំណើតចិនម្នាក់ ពីបទចារកិច្ច
សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី ដើមកំណើតចិនម្នាក់ឈ្មោះ យ៉ាង ហេងជុន ត្រូវបានអាជ្ញាធរចិនចាប់ឃាត់ខ្លួនជាច្រើនខែមកហើយ នៅទីក្រុងប៉េកាំង។ ទើបតែនៅពេលនេះ រដ្ឋអាជ្ញាចិន បានប្រកាសចោទប្រកាន់ជាផ្លូវការ ពីបទធ្វើចារកិច្ចស៊ើបការសម្ងាត់ ប្រឆាំងនឹងរដ្ឋចិន។ ក្រសួងការបរទេសអូស្រ្តាលី បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌនៃការឃុំខ្លួន ហើយបានអំពាវនាវឲ្យអាជ្ញាធរចិន គោរពស្តង់ដារនៃប្រព័ន្ធយុត្តិធម៌ ដែលមានសុក្រិត្យភាព និងគោរពសិទ្ធិមនុស្ស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៨
លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ សម្តែងពីការព្រួយបារម្ភ ទាក់ទិននឹងលក្ខខណ្ឌដ៏លំបាក នៃការឃុំខ្លួនលោក Yang Hengjun ជនជាតិអូស្ត្រាលី ដើមកំណើតចិន។ លោកស្រីបន្ថែមថា កត្តាសុខភាពរបស់លោកសាស្ត្រាចារ្យ Yang Hengjun គឺមានលក្ខណៈគួរឲ្យព្រួយបារម្ភណាស់។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីរូបនេះ លើកឡើងថា បើសិនជាលោកសាស្ត្រាចារ្យ ត្រូវអាជ្ញាធរចិនចាប់ដាក់ឃុំ ដោយសារតែគោលជំហរ និងមនសិកានយោបាយរបស់លោកនោះ នោះចិនត្រូវតែដោះលែងលោកជាបន្ទាន់។ រដ្ឋាភិបាលអូស្ត្រាលី អំពាវនាវ ឲ្យតុលាការចិន គោរពក្រិត្យក្រមស្តង់ដារ នៃប្រព័ន្ធយុត្តិធម៌ដែលមានសុក្រិត្យភាព និងគោរពសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា បើផ្អែកតាមដំណឹងពីក្រសួងការបរទេសអូស្ត្រាលី លោកសាស្ត្រាចារ្យ Yang Hengjun ត្រូវបានគេចាប់ខ្លួន នៅខែមករាដើមឆ្នាំ២០១៩ ក្នុងពេលដែលលោកបានធ្វើដំណើរទៅដល់ក្រុងប៉េកាំង។ ប្រភពដដែលបញ្ជាក់ថា ពីដំបូងលោកសាស្ត្រាចារ្យ ត្រូវបានគេបង្ឃាំងខ្លួនឲ្យនៅក្នុងផ្ទះ ហើយសូម្បីតែក្រុមគ្រួសារ ក៏មិនអាចទៅសួរសុខទុក្ខបានដែរ។ យ៉ាងណាមិញ ភរិយារបស់លោកសាស្ត្រាចារ្យ Yang Hengjun ក៏ត្រូវបានអាជ្ញាធរចិន ហាមឃាត់មិនឲ្យចាកចេញពីទឹកដីចិនដែរ។ ទើបតែនៅថ្ងៃអង្គារទី២៧សីហា រដ្ឋអាជ្ញាចិន បានសម្រេចបញ្ជូនខ្លួនលោកសាស្ត្រាចារ្យ Yang Hengjun ទៅមន្ទីរឃុំឃាំង ដោយចោទពីបទចារកិច្ចស៊ើបការណ៍សំងាត់ ប្រឆាំងនឹងរដ្ឋចិន។
មេធាវីរបស់លោកសាស្ត្រាចារ្យ Yang Hengjun បានអះអាងថា កូនក្តីលោក បដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ។ ក្នុងវ័យ៥៣ឆ្នាំ លោកសាស្ត្រាចារ្យ ត្រូវបានគេស្គាល់ថា គឺជាអ្នកនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្នុងក្រសែភ្នែករដ្ឋចិន គឺមានន័យថាលោក គឺជាសកម្មជននយោបាយម្នាក់ ដែលប្រឆាំងនឹងចិន។ ក្រៅពីសកម្ម នៅលើបណ្តាញសង្គម ដូចជាទំព័រ Twitter ជាដើម លោក Yang Hengjun ធ្លាប់បានសរសេរនៅលើទំព័រ blog របស់លោក នូវអត្ថបទវិភាគ ស្រាវជ្រាវនានា ស្តីពីបញ្ហានយោបាយចិន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលោកបានសរសេរ អំពីសកម្មភាពលូកដៃរបស់ចិន ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី។
គួរកត់សំគាល់ថា ទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលី មានភាពរកាំរកូសខ្លាំង បន្ទាប់ពីមានរឿងអាស្រូវ ទាក់ទិននឹងការប្រើលុយ សូកប៉ាន់គណបក្ស និងអ្នកនយោបាយអូស្ត្រាលី ពីសំណាក់អ្នកជំនួញចិន។ ដោយឡែក រវាង៧ខែនៃការបង្ឃាំងខ្លួន លោក Yang Hengjun ដោយគ្មានបទចោទប្រកាន់នេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ធ្លាប់បាននិយាយលើកឡើងដោយផ្ទាល់មាត់ ជាមួយលោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសចិន ចំនួន៥ដង។ ក៏ប៉ុន្តែរដ្ឋាភិបាលចិន ធ្វើមិនដឹងមិនឮ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ