ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

ពីឆ្នាំ​២០១៥​មក​​ ចិន​​បាន​បិទ​​គេហទំព័រ​អ៊ីនធឺនែត​ ចំនួន​១ម៉ឺន​៣ពាន់ និង​គណនី​បណ្តាញ​សង្គម​ជិត​១០​លាន

ពីឆ្នាំ​២០១៥​មក​​ ចិន​​បាន​បិទ​​គេហទំព័រ​អ៊ីនធឺនែត​ ចំនួន​១ម៉ឺន​៣ពាន់ និង​គណនី​បណ្តាញ​សង្គម​ជិត​១០​លាន
 
​ចិន​​ជា​ប្រទេស​ដែល​មានមនុស្ស​ប្រើ​អ៊ីនធឺនែត​ច្រើន​ជាងគេ តែជាប្រទេស​ ​ដែល​បិទសិិទ្ធិ​សេរីភាព​​លើ​អ៊ីនធឺនែត​​ ខ្លាំង​ជាងគេ​ GREG BAKER / AFP

ទីភ្នាក់ងារព័ត៌មាន ចិនថ្មី បានចេញផ្សាយតួលេខ នៃចំនួនគេទំព័រអ៊ីនធឺនែត ឬ Web site ដែល​អាជ្ញាធរ​ចិន បាន​បិទ​ខ្ទប់​ ចាប់​ពី​ឆ្នាំ​២០១៥​ រហូត​ដល់​ចុងឆ្​នាំ២០១៧​នេះ ​ គឺមាន​ចំនួន​ ១ម៉ឺន​៣ពាន់ ​គេហទំព័រ។ ​ក្រៅ​​ពីនេះ ​គឺនៅមាន​គណនី​បណ្តាញ​សង្គម​ ប្រមាណ​ជាជិត​១០លាន​ទៀត ​ដែល​ត្រូវ​បានបិទ។ អាជ្ញាធរ​ចិន ​លើកឡើង​ថា​ នេះ​ជា​ការ​អនុវត្ត​ច្បាប់​​ ទៅលើ​គេហទំព័រ ​ឬ​គណនី​បណ្តាញ​សង្គម​ណា ដែល​មិន​គោរព​បទ​វិធាន​ នៃ​ការ​ប្រើប្រាស់​ បណ្តាញ​អ៊ីនធឺនែត។ ក៏ប៉ុន្តែ​សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ នេះ​គ្រាន់តែ​ជា​លេស​ ដើម្បី​រិតត្បិត​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ​ នៅតាម​អ៊ីនធឺនែត​តែ​ប៉ុណ្ណោះ។

បិទគេហទំព័រ១៣០០០ និងគណនីបណ្តាញសង្គម១០លាន

ថ្វីបើចិន ​ជាប្រទេសដែលមានប្រជាជនប្រើប្រាស់បណ្តាញអ៊ីនធឺនែត ច្រើនជាង​គេ​បង្អស់ លើ​លោកយើង​នេះ​ក្តី ក៏ប៉ុន្តែ​ ចិនគឺ​ជា​ប្រទេស ដែល​មាន​អាជ្ញាធរ​​ដាក់ច្បាប់ ​ដាក់​កំហិត​យ៉ាង​តឹងតែង​ខ្លាំង​ជាងគេ​ដែរ ​ដើម្បី​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺនែត​នេះ។ កាលពីឆ្នាំ​២០១៥​ អង្គការ ​American Freedom House​ ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ​រួច​មកហើយ ​ស្តីពីការប្រើច្បាប់​ដ៏​តឹងតែង ពី​សំណាក់រដ្ឋាភិបាលចិន ដើម្បីគៀបសង្កត់ ការប្រើប្រាស់បណ្តាញអ៊ីនធឺនែត ពោលគឺតឹងតែងជាង នៅស៊ីរី និងនៅអ៊ីរ៉ង់ ដែលសុទ្ធជាប្រទេសមានរបបផ្តាច់ការទៅទៀត។

គេហទំព័រអ៊ីនធឺនែត ព្រមទាំងអាជ្ញាបណ្ណបើកប្រើ សរុបទាំងអស់១ម៉ឺន៣ពាន់ និងគណនីបណ្តាញសង្គម ចំនួន ជិត១០លាន ដែលត្រូវបានគេបិទនេះ គឺអាជ្ញាធរចិន អះអាងថា ជាការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ អំពើហិង្សា ការចែកចាយរូបភាព ឬអត្ថបទអាសអាភាស និងដើម្បីធានាការពារសន្តិសុខ ស្ថិរភាពសង្គមជាតិ។

តួលេខដែលទីភ្នាក់ងារ ព័ត៌មានផ្លូវការចិនបានចុះផ្សាយនេះ តាមពិតទៅគឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល​ទេ។ ផ្ទុយទៅវិញ វារិតតែបង្ហាញ អំពីចរន្តនយោបាយ កាន់តែផ្តាច់ការទៅ ផ្តាច់ការ​ទៅ ចាប់តាំងពីលោក ស៊ី ជីនពីង បានឡើងកាន់តំណែងមក។ យ៉ាងណាមិញ លោក Wang Shengjun សមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិន ដែលត្រូវបានកាសែត​ខាង​លើស្រង់សំដី បាននិយាយ ប្រកបដោយមោទនភាពថា គោលនយោបាយ​រិត​បង្តឹង​យ៉ាង​រឹងមាំ​ កន្លងមកនេះ បានហុចផលល្អ ធ្វើឲ្យមនុស្សខ្លាចខ្លាំងណាស់ មិនហ៊ានល្មើសទេ។

បទល្មើសធ្វើវិទ្ធង្សនា បង្កចលាចល និងអស្ថិរភាពសង្គម

កាលពី​ជំនាន់បូរាណ ចិនបានកសាងមហាកំផែង ដើម្បីការពារកុំឲ្យ​សត្រូវឈ្លានពាន តែពេលនេះ របបកុម្មុយនីស្តចិន បានបង្កើតប្រព័ន្ធដ៏សម្បើមមួយ មានឈ្មោះថា « មហាកំផែង​អេឡិចត្រូនិក » ដើម្បីទប់កុំឲ្យប្រជាជនខ្លួន សម្តែងមតិ ផ្លាស់ប្តូរយោបល់ ឬ​ចែកចាយ​ព័ត៌មាន​សំខាន់ៗ​ជដើម។ Facebook Google Twitter Youtube ជាដើម ត្រូវបាន​អាជ្ញាធរ​ចិន បិទខ្ទប់មិនឲ្យមានទាំងអស់។ ប្រជាជនចិន បានបង្កើត ប្រព័ន្ធតូចៗ ដាច់​ដោយឡែក​ផ្សេងទៀត ដូចជា Weibo និង WeChat ជាដើម។ ក៏ប៉ុន្តែ បណ្តាញសង្គម​ទាំង២​នេះ ត្រូវបានអាជ្ញាធរចិន ត្រួតពិនិត្យយ៉ាងជាប់ស្អិត ហើយបិទខ្ទប់ ឬ​លប់​ចោល​តែ​ម្តង នូវសារសរសេរណាមួយ ដែលគេគិតថា មិនស្របនឹងគោលនយោបាយបក្ស​កុម្មុយនីស្តិចិន។

មានពាក្យស្លោកមួយពោលថា « ទីណាមានការជិះជាន់ ទីនោះតែងតែមានការរើបំរាស់ »។ ជា​ការពិតណាស់ សម្លេង​រិះគន់ តវ៉ា នៅតែមានជានិច្ច។ គ្រាន់តែថា អ្នកដែលហ៊ាន ចេញមុខ​រិះគន់ សរសេរអត្ថបទវិភាគណាមួយ ស្តីពីបញ្ហាសង្គម អំពើអយុត្តិធម៌ អំពើពុករលួយ​ជាដើម គឺអ្នកនោះត្រូវប្រថុយនឹងគ្រោះថ្នាក់។ គ្រោះថ្នាក់ ព្រោះអាជ្ញាធរចិន អាច​ចោទ​ប្រកាន់ ពីបទធ្វើវិទ្ធស្សនា ពន្យុះចលាចល អស្ថិរភាពសង្គមជាដើម  ដោយ​យោង​លើ​ច្បាប់គ្រប់គ្រងការប្រើប្រាស់អ៊ីនធើនែតមួយ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៦។

មានអ្នកសរសេរទំព័រBlog នៅចិន ច្រើននាក់ណាស់ ដែលត្រូវបានគេចាប់ដាក់គុក។ កាល​ពី​ខែសីហាកន្លងទៅនេះ យុវជនម្នាក់ ឈ្មោះ Lu Yuyu ត្រូវបានគេកាត់ទោស ឲ្យជាប់​ពន្ធនាគារ​៤ឆ្នាំ ពីបទពន្យុះឲ្យមានវិបត្តិក្នុងសង្គម ដោយគ្រាន់តែយុវជននោះ បានដាក់​ផ្សាយ​វីដេអូមួយ ស្តីពី បាតុកម្មតវ៉ារបស់ប្រជាជនចិន។

VPN ជាធម្យោបាយថ្មី​​ដើម្បីគេចចេញពីការហា​មឃាត់

កន្លង​មក ប្រជាជនចិន បានប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាច្រើនណាស់ ដើម្បីគេចចេញពីការហាមបំរាម ឬការរិតត្បិតទាំងអស់នេះ។ ជាក់ស្តែង បណ្តាញWeibo ឬ WeChat ​នេះហើយ ដែលប្រជាជនចិន បានស្ថាបនាវាឡើង ដើម្បីជំនួស Facebook ឬ​Twitter។ ក្រៅពីនេះ ប្រជាជនចិនមួយចំនួនធំ ជាពិសេសយុវជនក្មេងៗ ដែលវៃឆ្លាត​ គេបានប្រើ ប្រព័ន្ធពិសេសមួយ គឺប្រព័ន្ធ VPN (Virtual Privat Network)។ ប្រព័ន្ធនេះ គឺប្រៀបដូចជាកញ្ចក់ ដើម្បីបាំង មិនឲ្យប្រព័ន្ធរ៉ាដារបស់ចិន ចាប់បានថាអ្នកកំពុងប្រើនេះ ស្ថិតនៅក្នុងប្រទេសចិន។

ប្រព័ន្ធVPN នេះ គេអាចយកមកដំឡើង ដាក់ប្រើនៅលើទូរស័ព្ទដៃ ឬកុំព្យូទ័របាន។ មិនត្រឹមតែ​ប៉ុណ្ណោះ មានអ្នកជំនាញចិន ខ្លះ បានទាំងផលិតប្រព័ន្ធ VPN ផ្សេងៗគ្នា ដើម្បីដាក់​លក់ នៅលើបណ្តាញអ៊ីនធឺនែតទៀតផង។

ក៏ប៉ុន្តែ VPN វាបានក្លាយជាមុខសញ្ញាថ្មី នៃការហាមឃាត់រួចទៅហើយ។ មានករណីផ្តន្ទាទោស​ អ្នកដែលប្រើ និងផលិតកម្មវិធី VPN នេះ ១ករណីរួចទៅហើយ។ កាលពីថ្ងៃទី ២០ ខែ​ធ្នូ ថ្មីៗនេះ តុលាការចិន ខេត្តGuanxi បានផ្តន្ទាទោស បុរសម្នាក់ឈ្មោះ Wu Xiangyang​ ​ឲ្យជាប់គុក ៥ឆ្នាំកន្លះ ពីបទផលិត និងលក់ប្រព័ន្ធ VPN លើបណ្តាញ​អ៊ីនធឺនែត​ ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ ក្រៅពីទោសពន្ធនាគារ ជនជាប់ចោទ ក៏ត្រូវ​បង់ប្រាក់​ចំនួន ៥សែនយ័ន ដែលស្មើនឹង ៦៤ម៉ឺនអឺរ៉ូទៀត។ តុលាការចិន អះអាងថា មក​ពី​ជន​នេះ មិនមានអាជ្ញាបណ្ណអនុញ្ញាតិឲ្យផលិត​និងលក់ កម្មវិធីបច្ចេកវិទ្យានេះទេ។

តាមពិតទៅ មុននឹងត្រូវបានប្រជាជនចិនសាមញ្ញយកមកប្រើប្រាស់ ដើម្បីគេចចេញពីការហាមឃាត់តាមបណ្តាញអ៊ីណធឺនែត  ប្រព័ន្ធ VPNនេះ ត្រូវបានក្រុមហ៊ុន ឬសហគ្រាសអន្តរជាតិនានា ដែលមានទីតាំងនៅចិន បានប្រើវារួចទៅហើយ។ ការប្រើប្រព័ន្ធ VPN នេះ ជារឿងចាំបាច់សម្រាប់ក្រុមហ៊ុនទាំងនោះ ព្រោះដើម្បីទំនាក់ទំនង ក្នុងប្រព័ន្ធរួមជាមួយនឹងសាខា ឬដៃគូពាណិជ្ជកម្មផ្សេងទៀតនៅក្រៅប្រទេស។ ពុំនោះទេ គេមិនអាចធ្វើការបានទេ ព្រោះចិនបិទខ្ទប់ គេហទំព័រអ៊ីនធឺនែតច្រើនណាស់។

ចិនដាក់កំហិត Apple និងក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើនែតនៅចិន ឲ្យបិទVPN

គេជឿថា ចិនអាចនឹងចេញវិធានច្បាប់ថ្មីបន្ថែមទៀត ដើម្បីគ្រប់គ្រង ការប្រើប្រាស់ និងការដាក់លក់ ប្រព័ន្ធ VPN នេះជាពិសេសសម្រាប់ អ្នកប្រើប្រាស់ជាលក្ខណៈឯកជនទូទៅ។ យ៉ាងណាមិញ កាលពីខែកក្កដា ក្រុមហ៊ុន Apple បានសុខចិត្ត ធ្វើតាមសំណើរបស់​រដ្ឋាភិបាលចិនហើយ  ថានឹងលប់ចេញកម្មវិធី VPN ទាំងអស់ ពីក្នុង Apple Store ដើម្បី​កុំឲ្យប្រជាជនចិន ប្រើបាន។

ដោយឡែក បើតាមការចុះផ្សាយរបស់  ទីភ្នាក់ងារ Bloomberg បានឲ្យដឹងថា រដ្ឋាភិបាល​ចិន បានបញ្ជាទៅ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺនែតទាំង៣របស់ចិន មាន China Telecom China Unicom និង China Mobile ថាត្រូវតែបិទ កុំឲ្យមានប្រើ ប្រព័ន្ធ VPN ឲ្យសោះចាប់ពីខែ កុម្ភះ ឆ្នាំ២០១៨នេះទៅ។ ដូច្នេះ យើងឃើញហើយ ពីការតាំងចិត្ត ដ៏មុតមាំ របស់រដ្ឋាភិបាលចិន ក្នុងការបិទខ្ទប់សិទ្ធិប្រើប្រាស់អ៊ីនធឺនែត ដោយសេរីរបស់ប្រជាជនខ្លួន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ