ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

ចិន ចោទ​ប្រទេស​២២​ដែល​សរសេរ​លិខិត​ទៅ​​អ.ស.ប. ថា​ឃុបឃិត​គ្នា​មួល​បង្កាច់​ចិន​

media  
បាតុករលើក​បដាតវ៉ា ឲ្យចិន​បញ្ឈប់​ការធ្វើបាប​ និងរំលោភសិទ្ធិ​ប្រជាជន​អ៊ុយហ្គួរ​ នៅខេត្តស៊ីនជាំអ។ ទីក្រុង ​Vancouver ខេត្ត British Columbia​ ប្រទេសកាណាដា ថ្ងៃទី​៨ ឧសភា ២០១៩​ REUTERS/Lindsey Wasson/File Photo

មានប្រទេសចំនួន​២២ប្រទេស បានរួមគ្នាចុះហត្ថលេខា លើញត្តិមួយ ផ្ញើរទៅកាន់ឧត្តមស្នងការដ្ឋាន​ទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន ឈប់ធ្វើទុកបុកម្នេញ រំលោភសិទ្ធិមនុស្ស របស់ប្រជាជនអ៊ុយហ្គួរ នៅខេត្តស៊ីនជាំង។ តែយ៉ាងណា ក្រសួងការបរទេសចិន បានអះអាងថា លិខិតនេះ គឺជាលិខិតដែលប្រទេស​ទាំងនោះ រួមគ្នាឃុបឃិត​មួលបង្កាច់កិតិ្តយស របស់ប្រទេសចិន។

ប្រទេសអឺរ៉ុបចំនួន​២១ រួមទាំងជប៉ុន​ផង បានរួមគ្នាធ្វើញត្តិ ផ្ញើរទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្កការសហប្រជាជាតិ ទាមទារឲ្យចិន ត្រូវបញ្ឈប់សកម្មភាព​រំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង។ នៅក្នុងញត្តិបានលើកឡើងថា ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវឯករាជ គឺអាជ្ញាធរចិន ត្រូវបានគេសង្ស័យ ថាបាន​ចាប់ប្រជាជននៅខេត្តស៊ីនជាំង​ ដាក់ឃុំ​នៅតាមមណ្ឌលកែប្រែ កសាង ប្រមាណជា​១លាននាក់។​ ប្រទេសទាំង២២ លើកឡើងទៀតថា ការចាប់ឃាត់ខ្លួនមនុស្ស ត្រូវបានធ្វើជាលក្ខណៈប្រព័ន្ធ ដោយឥតរើសមុខ ទៅលើសហគមជនជាតិភាគតិចនៅខេត្តស៊ីនជាំង ជាពិសេស គឺក្រុមជនជាតិអ៊ុយហ្គួរ។

តែយ៉ាងណា រដ្ឋាភិបាលចិនបានច្រានចោលការចោទ​ប្រកាន់នេះ ដោយបានលើកឡើងថា តួលេខចំនួន​១លាននាក់នេះ គឺជាការបំផ្លើសទាំងស្រុង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Geng Shuang បានអះអាងថា វាមិនមែនជា​មន្ទីឃុំឃាំងកសាងអ្វីទេ តែគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចំណេះដឹង ដែលស្ថិតក្នុងគោលនយោបាយ​ លប់បំបាត់ចរន្តអ៊ីស្លាមជ្រុលនិយម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងថា លិខិតបរិហាររបស់ប្រទេសទាំង២២ ដែលផ្ញើរទៅអង្គការ សហប្រជាជាតិ គឺជាការឃុបឃិត ដើម្បីមួលបង្កាច់​រដ្ឋាភិបាលចិន។ លិខិតនេះ គឺវាបាន​បង្ហាញ​ពីចេតតនា​ យកបញ្ហាសិទ្ធិមនុស្ស មកធ្វើជាបញា្ហនយោបាយ​ ហើយវាគឺជា​ការលូកដៃ ចូលមកជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ចិន ដោយឥតអៀនខ្មាស ពីសំណាក់​ប្រទេសធ្វើញត្តិនោះ។

គួរកត់សំគាល់ដែរថា កាលពីថ្ងៃព្រហស្បតិ៍ទី​១១កក្កដានេះ ចិនបានបដិសេធច្រានចោល នូវពាក្យរិះគន់ជាច្រើន ពីសំណាក់ថា្នក់ដឹកនាំបរទេសមួយចំនួន។ ក្នុងនោះមានលោកស្រី​ប្រធានាធិបតីប្រទេសស្លូវ៉ាគី ដែលបាន​និយាយទៅកាន់​លោកវ៉ាង យី រដ្ឋមន្ត្រី​ការបរទេសចិន ថា ការគោរពសិទ្ធិមនុស្សនៅចិន​ បានចុះអន់ថយខ្លាំង។ ដូចគ្នាដែរ លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងថា ប្រទេសដែលធ្វើបាបអ្នកកាសែត នឹងត្រូវតែរងទណ្ឌកម្ម​ផ្នែកការទូតពីសំណាក់អន្តរជាតិ។

ជាការឆ្លើយតប អ្នកនាំពាក្យ​រដ្ឋាភិបាលចិន​បាននិយាយថា លោក Jeremy Hunt ល្មម​ឈប់មួល​បង្កាច់​កិត្តិយសចិន ដើម្បីចង់បានការចាប់អារម្មណ៍ និងបំពេញ​មហិច្ឆិតាចង់ក្លាយ​ជានាយករដ្ឋមន្ត្រីអង់គ្លេស។ ទាក់ទងនិងបញ្ហាសិទ្ធិមនុស្ស លោក វ៉ាង យី បានបញ្ជាក់ជាថ្មីថាវាមានភាព​ល្អប្រសើរ ជាមុនឆ្ងាយណាស់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ