ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

ចិន៖ សម័យប្រជុំ​សភា​ប្រជា​មានិត​ប្រចាំឆ្នាំ​ សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ​និង​ការពារ​ជាតិ

ចិន៖ សម័យប្រជុំ​សភា​ប្រជា​មានិត​ប្រចាំឆ្នាំ​ សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ​និង​ការពារ​ជាតិ រដ្ឋសភា​​ប្រជាមានិត​ចិន​ នៅ​ក្រុង​ប៉េកាំង Mark Schiefelbein / AP

    ចាប់​ពី​ថ្ងៃ​អាទិត្យ ​ទី​៥ ​មីនា​ ស្អែក​នេះ ​រដ្ឋ​សភា​ប្រជាមានិត​ចិន​ នឹង​ចាប់​ផ្តើម​បើក​សម័យ​ប្រជុំ​ពេញ​អង្គប្រចាំ​ឆ្នាំ​របស់ខ្លួន​ ដែល​មាន​រយៈពេល​១០​ថ្ងៃ។ សម័យ​ប្រជុំ​នេះ​ គឺ​​ជា​ឱកាស​ ដែល​រដ្ឋាភិបាល​ចិន ​ត្រូវ​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ ព្រមទាំង​គូស​វាស​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់។ បញ្ហា​សេដ្ឋកិច្ច ​ត្រូវបាន​គេ​ជឿ​ថា​គឺ​ជា​បញ្ហា​ចំបង ​ក្នុង​សម័យ​ប្រជុំ​នេះ ​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ចិន ​បាន​ថយ​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

    ដោយឡែក ​រដ្ឋាភិបាល​ចិន ​ក៏បាន​ប្រកាស ​ពី​ការ​តំឡើង​ថវិកា​ក្នុង​វិស័យ​កងទ័ព ​ ដើម្បី​ឆ្លើយតប​ទៅ​នឺង​ការ​ធ្វើ​កំណែទម្រង់ ​ក៏ដូច​ជា​តំរូវការ ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ទឹកដី​ចិន​។

    ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ជា​ហេតុផល​សំអាង​របស់​បក្ស​កុម្មុយនីស្តិ​ចិន

    បញ្ហា​សេដ្ឋកិច្ច​ គឺ​ជា​ចំណុច​ធំ​បំផុត​ ដែល​សម័យ​ប្រជុំ​ពេញ​អង្គ​នេះ ​ត្រូវ​ជជែក​គ្នា។ ក្រៅពី​នេះ ​នៅ​មាន​របៀប​វារៈ​ផ្សេង​ទៀត​ជាច្រើន ​ ដូចជា​សមាជិក​បក្សកុម្មុយនីស្ត ​តំណាង​ខេត្ត​នីមួយៗ ​ត្រូវ​ធ្វើ​បទ​បញ្ហាញ ​អំពី​ការ​គ្រប់គ្រង ​ក៏ដូច​ជា​បញ្ហា​នៅ​តាម​តំបន់​រៀងៗ​ខ្លួន។ តែ​ដូច​យើង​ដឹង​ស្រាប់ ​សភា​ប្រជាមានិត​ចិន​ ដែល​មាន​សមាជិក​៣០០០​នាក់​នេះ ​ គឺ​ជា​សភា​នៃ​របប​កុម្មុយនីស្តី។ ដូច្នេះ ​វា​នឹង​មិនមាន​ការ​ប្រជុំ​ដេញដោល​យោបល់ ​តវ៉ាគ្នា​ ដូច​ដែល​យើង​ធ្លាប់​ឃើញ ​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ ​ដ៏ទៃ​ទេ។
     
    យ៉ាងណាមិញ ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ​ក៏​ដូច​ជា​អ្នក​តាម​ដាន​នយោបាយ​ចិន ​តែងតែ​ឆ្លៀត​ឱកាស​នេះ​សរសេរ​រិះគន់​ពី​សមាជិក​សភា​ប្រជាមានិត​នេះ ​ថា​ប្រជុំ​មួយ​ឆ្នាំៗ ​រៀបចំ​អធិកអធម​សម្បើម​ណាស់ ​តែ​បើ​មើល​ការ​ប្រជុំ​ជាក់ស្តែង​វិញ​ ម្នាក់ៗ​អង្គុយ​ដូច​ទីងមោង ​ចាំតែ​លើកដៃ​ គ្មាន​យោបល់​វែកញែក​អ្វី​ទាំងអស់។
     
    សូម​បញ្ជាក់​ថា ​​វិស័យ​សេដ្ឋកិច្ច ​គឺ​ជា​បុព្វហេតុ​តែមួយ​គត់​ ដែល​អះអាង​ពី​ភាព​ស្រប​​ច្បាប់​ រឺ​ក៏​ភាព​ចាំបាច់​របស់​អង្គសភា​ប្រជាមានិត​ចិន។ តាម​ធម្មតា​ ភាព​ស្របច្បាប់​របស់​អង្គសភា​មួយ ​គឺ​ការ​បោះឆ្នោត​ដោយ​សេរី ​ពី​ប្រជាជន ​ក៏​ប៉ុន្តែ​សភា​ប្រជាមានិត​ចិន​ គឺ​ជា​សភា​នៃ​បក្សកុម្មយនីស្តិ​ចិន។ ហើយ​កន្លង​មក​ដែល​អង្គសភា​នេះ ​យក​ជា​សំអាង​ថា​ជា​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ​គឺ​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ចិន​បាន​ក្លាយ​ពី​ប្រទេស​ក្រីក្រ​វេទនា ​មក​ជា​មហា​អំណាច​សេដ្ឋកិច្ច​ចំបង​ទីពីរ ​ក៏​ដោយសារ​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្តិ​នេះ ​ដូច្នេះ​ ប្រជាជន​ចិន​ ត្រូវ​បន្ត​ដើរ​តាម​មាគ៌ា​នេះ​តទៅ​ទៀត។
     
    កំណើន​សេដ្ឋកិច្ច​ថយចុះ​ខ្លាំង
    បញ្ហា​ពេល​នេះ ​គឺ​ថា ​វិស័យ​សេដ្ឋកិច្ច​ចិន​ បាន​ថយ​សន្ទុះ​ច្រើន​ណាស់។ ២០​ឆ្នាំ​ចុងក្រោយ​នេះ សេដ្ឋកិច្ច​ចិន​ មាន​កំណើន​សុទ្ធតែ​ជាង​១០%​ ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ កំណើន​នេះ ​មាន​ត្រឹមតែ​ ៦,៧%​ទេ​ ហើយ​ឆ្នាំ​២០១៧​នេះ ​ រដ្ឋាភិបាល​ចិន​សង្ឃឹម​មាន​កំណើន​សេដ្ឋកិច្ច ​ប្រហែល​ ៦,៥%។ ឆ្នាំ​២០១៦​ ជា​ឆ្នាំ​ដែល​ចិន​ ព្រួយ​បារម្ភ​បំផុត ​ហើយ​ក៏​ជា​ឆ្នាំ​ដែល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ព្រួយ​បារម្ភ​ពី​ចិន​ដែរ។
     
    ២ - ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​ចិន ​បាន​ធ្វើ​គ្រប់​មធ្យោបាយ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ចិន​ ដែល​បាន​ដើរ​ដល់​ដំណាក់​កាល​មួយ ​លែង​ទៅ​មុខ​ទៀត។ រដ្ឋាភិបាល​ បាន​ធ្វើ​តាម​រយៈ​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​សុទ្ធ​ទៅ​ក្នុង​ទីផ្សារ ​ការ​រក្សា​អត្រា​កំចី ​ក្នុង​កំរិត​ទៀប​បំផុត ​ដើម្បី​ជួយ​សហគ្រាស។ អន្តរាគម​របស់​រដ្ឋាភិបាល​ចិន ​មក​លើ​ទីផ្សារ​នេះ ​តែងតែ​ត្រូវ​រង​ការ​រិះគន់​ពី​ប្រទេស​ដ៏ទៃ ​ជា​ពិសេសគឺ​ទី​ផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​តែ​ម្តង។
     
    អន្តរាគមន៍​របស់​រដ្ឋាភិបាល​ទៅលើ​ទីផ្សារ គឺជា​អាវុធ​មុខពីរ
     
    អន្តរាគមន៍​របស់​រដ្ឋាភិបាល​ចិន​នេះ ​ ក៏​អាច​ជា​កាំបិត​មុខ​ពីរ​សម្រាប់​សេដ្ឋកិច្ច​ចិន​ដែរ​ ទៅ​ថ្ងៃ​ខាង​មុខ។ អ្នកជំនាញ​របស់​ ការិយាល័យ ​Capital Economics ​បាន​អះអាង​ថា ​ចិន​កំពុង​បំប៉ោង​ទីផ្សារ​ខ្លួន​ ឲ្យ​កាន់​តែ​ប៉ោង​ តែ​ប្រហោង​ក្នុង​ តាម​រយៈ​ការ​ផ្តល់​ប្រាក់​កំចី​ ច្រើន​ជ្រុល ​ហើយ​យក​ការ​ប្រាក់​តិច។ ភាព​ប៉ោង​ប្រហោង​ក្នុង​នេះ ​យើង​អាច​សង្កេត​ឃើញ​ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ ​ដែល​ការ​សាងសង់​អាគារ​មាន​ស្អេកស្កះ ​តំលៃ​កាន់​តែ​ខ្ពស់ ​តែ​គ្មាន​អ្នក​ទិញ។ បើសិនជា​បន្ត​របៀបនេះ​ ទី​ផ្សារ​នេះ​នឹង​ផ្ទុះ ​ធ្វើ​ឲ្យ​ធនាគារ ​ក៏ដូច​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ក្ស័យធន។
     
    ដូច្នេះ​ សម័យ​ប្រជុំ​សភា​នាពេលនេះ​ ​គឺ​ជា​ពេល​ដែល​រដ្ឋាភិបាល​ចិន ​ត្រូវ​សម្រេច​គោល​ជំហរ​ច្បាស់លាស់​​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ​ព្រោះ​គ្រោះ​ថ្នាក់​ កាន់តែ​ខិត​មក​ជិត​ បើ​សិន​ជា​រដ្ឋាភិបាល​ចិន ​គិត​តែ​ពី​ធ្វើ​អន្តរាគមន៍ ​ជួយ​សហគ្រាស ​ដោយ​គ្មាន​បាន​គិត​ពី​ផលវិបាក​នៃ​បំណុល។
     
    វិស័យ​ការពារជាតិ​ ឧបករណ៍​នៃ​ការ​ពន្យុះ​ចរ​ន្ត​ជាតិ​និយម
     
    ក្រៅ​ពី​បរិបទ​សេដ្ឋកិច្ច ​ដែល​កាន់​តែ​លំបាក​ សម្រាប់​រដ្ឋាភិបាល​ចិន​ គឺ​​នៅ​មាន​បញ្ហា​ការពារជាតិ ​មួយ​ទៀត។ រដ្ឋាភិបាល​ចិន ​មាន​គំរោង​អនុម័តនៅ​ក្នុង​សម័យ​ប្រជុំ​សភា​នេះ ​នូវការ​ដំឡើង​ថវិកា​ប្រើប្រាស់​ក្នុង​វិស័យ​កងទ័ព។ វិស័យ​ការពារ​ជាតិ ​ការពារ​អធិបតេយ្យភាព​ដែន​ដី​របស់​ចិន​ ត្រូវ​បាន​បក្ស​កុម្មុយនីស្តិ​ចិន ​យក​មក​ប្រើ​ដើម្បី​បំពង​សម្លេង ​បញ្ជាក់​ពី​តួនាទី​អង់អាច​ក្លាហាន​របស់ខ្លួន។
     
    ទាក់ទង​នឹង​ថវិកា​កងទ័ព ​គឺចិន​ បាន​តំឡើង​រហូត​ ជា​រៀងរាល់​ឆ្នាំ។ ឆ្នាំ​២០១៦​កន្លង​ទៅ ​ចិន​បាន​ដំឡើង​៧,៦% ​ដែល​សរុប​ទឹ​កប្រាក់​រួម​ គឺ​ ១៣២​លានអឺរ៉ូ។ ហើយ​ឆ្នាំ​២០១៧​នេះ ​ចិន​មាន​គម្រោង​ដំឡើង​ ៧%​បន្ថែម​ទៀត។ បើយើង​ប្រៀបធៀប​ទៅ​នឹង​១០​ឆ្នាំមុន ​ ថវិកា​យោធា​ចិន​បាន​កើនឡើង​ មួយ​គុណ​ជា​១០។ ការបន្ត​ដំឡើង​ការ​ចំណាយនេះ​ ​គឺ​ចិន​មាន​បំណង​ច្បាស់ណាស់ ​គឺ​ចង់​ធ្វើ​កំណែ​ទម្រង់​វិស័យ​កងទ័ព​របស់​ខ្លួន​ តាម​រយៈ​ការ​ហ្វឹកហាត់​ និង​ការ​បំពាក់​សម្ភារៈ​ទំនើប។​
     
    ថ្វីត្បិត​បច្ចុប្បន្ន​នេះ ​ចិន​ជា​ប្រទេស​ទីពីរ ​ដែល​បាន​ចំណាយ​ប្រាក់​ក្នុង​វិស័យ​កងទ័ព​ច្រើន​ជាងគេ​បំផុត​ តែ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ទីមួយ ​ គឺ​សហរដ្ឋ​អាមេរិក ​ ​គឺ​ថវិកា​កងទ័ព​ចិន​នៅតិច​ជាង​អាមេរិក​ឆ្ងាយណាស់។ តែ​បើ​និយាយ​ពី​ចំនួន​ទាហាន​វិញ ​គឺ​ចិន​មាន​ច្រើន​ជាង​ឆ្ងាយ​ណាស់។ ត្រង់​ចំណុច​នេះ​ហើយ ​ទើប​ចិន​ចង់​ចំណាយ​ឲ្យ​បាន​ច្រើន ​ក្នុង​ការ​ហ្វឹកហាត់ ​និង​បំពាក់​សម្ភារៈ​ ព្រោះ​មាន​តែ​កម្លាំង​ គ្មាន​សមត្ថភាព​និង​សម្ភារៈ ​ក៏គ្មាន​ប្រយោជន៍​ដែរ។
     
    បញ្ហា​ការពារជាតិ​នេះ ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ របស់​រដ្ឋាភិបាល​ចិន​​ ក្នុង​ការ​ពន្យុះ​ស្មារតី​សេ្នហាជាតិ​ របស់​យុវជន ​រឺ​ប្រជាជន​ទូទៅ។ ជាក់ស្តែង ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដែនកោះ​ជា​មួយ​ជប៉ុន ​និង​ជម្លោះ ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។ ហើយ​ចុងក្រោយ​បំផុត​នេះ​ គឺ​ភាព​តានតឹង​ប្រឈម​មុខ​ដាក់គ្នា ​ជាមួយ​សហរដ្ឋអាមេរិក​ ទាក់ទិន​សំណុំ​រឿង​តៃវ៉ាន់។ ដូច្នេះ ​ការ​បន្ថែម​ថវិកាទ័ព​របស់​ចិន​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង ​នយោ​បាយ​វាទី ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ខ្លួន​ ហើយ​ក៏​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​ប្រការ​ណាមួយ។
     
    ស៊ី ជីនពីង ត្រៀម​ប្រមូល​កំលាំង ក្នុងបក្សកុម្មុនីស្តិ
     
    ចំណុច​មួយទៀត ​គួរ​លើកឡើង​ដែរ​ ​គឺ​ថា​នៅ​រវាង​ចុងឆ្នាំ​នេះ ​បក្ស​កុម្មុនីស្តិ​ចិន ​នឹង​បើក​មហា​សន្និបាទ​ពេញ​អង្គ​របស់​ខ្លួន​ ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​៥ឆ្នាំ​ម្តង។​ តាម​ការ​គ្រោងទុក​ នឹង​មាន​មន្ត្រី​កំពូល​នៃ​បក្ស​កុម្មុយនីស្តិ ​ជា​ច្រើន​ណាស់ ​ក្នុង​ចំណោម​៧នាក់​ធំៗ ​ដែល​នឹង​ត្រូវ​ចូល​និវត្តន៍។ ក៏​ប៉ុន្តែ​លោក ​ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន​ មិន​មាន​ឈ្មោះ​ក្នុង​នោះ​ទេ។
     
    ដូច្នេះ​ សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ប្រជាមានិត​នា​ពេល​នេះ​ គឺ​ជា​ឱកាស ​ដែល​លោក​ស៊ី ជីនពីង ​ត្រូវ​បង្ហាញ​ជំហរ ​ក៏​ដូច​ជា​ប្រមែរ​ប្រមូល​កម្លាំង​ នៅ​ជុំវិញ​ខ្លួន ​ដើម្បី​ត្រៀមតែង​តាំង​សមាជិក​កំពូល​ថ្មី ​នៃ​បក្ស​កុម្មនីស្តិ។ កុំភ្លេច​ថា​ ក្នុង​បក្សកុម្មុនីស្តិ​ចិន ​មិនមែន​មាន​សុទ្ធ​តែ​អ្នក​គោរព​ដើរតាម​ លោក​ស៊ី ជីនពីង​ទាំង​អស់​ទេ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ