ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
អាស៊ី

ចិន៖ ធ្វើពហិការ ​មិន​ប្រើ​ផលិតផល​របស់​អាមេរិក តើអាច​ទៅ​រួច​ដែរ​ឬទេ?

media ផ្លាក​អាវ​នៅអាមេរិក មានរូប​ទង់ជាតិអាមេរិក ប៉ុន្តែ "Made in China" REUTERS/Kevin Lamarque/File Photo

ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាញសង្គមរបស់ចិន គេបានសង្កេតឃើញ មានលេចឡើងនូវសារអំពាវនាវ ឲ្យប្រជាជន​ចិន នាំគ្នាធ្វើពហិការ ឈប់ប្រើផលិតផលរបស់អាមេរិក តទៅទៀត។ ការអំពាវនាវ ឲ្យធ្វើពហិការនេះ គឺធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ទើបតែបានប្រកាសសង្រ្គាមពាណិជ្ជកម្ម ជាមួយចិន ដោយបានកំណត់ដំឡើងពន្ធនាំចូលយ៉ាងធ្ងន់ ទៅលើផលិតផលចិន មានដូ​ចជាដែកថែបជាដើម។ តើការឆ្លើយតបវិញ ដោយការធ្វើពហិការ ពីសំណាក់ ប្រជាជនចិននេះ អាចមានផលប៉ះពាល់កំរិតណាដែរ?

“ជនរួមជាតិទាំងអស់ ក្រោកឡើង ត្រូវតែឈប់ប្រើផលិតផលអាមេរិក ហើយងាកមកប្រើប្រាស់ ផលិតផលក្នុងស្រុកវិញ ដើម្បីការពារ​មហាកំផែងសេដ្ឋកិច្ច របស់យើង!”។ នេះគឺជាសំរង់សារអំពាវនាវ ដែលគេបានចែកចាយតៗគ្នា នៅលើបណ្តាញសង្គម WeChat នៅចិន។​ សារជាច្រើនទៀត ដែលមានខ្លឹមសារប្រហាក់ប្រហែលនេះ ក៏ត្រូវបានគេចែកចាយ នៅលើបណ្តាញWeibo ដែរ។ ដូចគ្នាដែរ កាសែតជាតិនិយមចិន ឈ្មោះ Global Times បានសរសេរថា៖ “អំណាចទិញរបស់ប្រជាជនចិន ជាពិសេសប្រជាជនចិន ដែលរស់នៅបរទេស គឺមានទំហំធំណាស់។ ដូច្នេះបើយើងស្រាក់គ្នា នោះយើងអាចវាយបំបាក់ ឲ្យសេដ្ឋកិច្ចរបស់អាមេរិក ឈឺបានដោយងាយ។”

ជាការពិតណាស់ចិនជាទីផ្សារធំណាស់ តែសួរថា តើសារអំពានាវ ឲ្យធ្វើពហិការ ឈប់ប្រើផលិតផលអាមេរិកនេះ អាចទៅរួចដល់កម្រិត​ណា? តើប្រជាជនចិន អាចសុខចិត្ត ឈប់ប្រើ ផលិតផលរបស់​ក្រុមហ៊ុន​Appel និង Google ឬឈប់បរិភោគ ចំណីអាហារ លក់នៅហាង McDonald ​KFC ឬ Dunkin’ Donuts ដែរឬទេ?

លោក Wang Zhiyi រស់នៅក្រុងប៉េកាំង ដែលតែងតែទៅបរិភោគ​Humburger នៅ​McDonald បាននិយាយថា លោកក៏បានទទួលសារអំពាវនាវទាំងនោះដែរ។ តែលោកយល់ថា​​ វាជារឿងគ្មានប្រយោជន៍ ព្រោះមនុស្សដែលចែកចាយសារបំផុសបំផុសទាំងនោះ គ្មានចង់បានអ្វីក្រៅតែពីចង់ល្បី ចេញមុខចេញមាត់តែប៉ុណ្ណោះ។ លោកលើកឡើងថា សម្ភារៈ ឬនំចំណីផ្លាកយីហោររបស់អាមេរិកទាំងនេះ មិនមែនតំណាងឲ្យអំណាចចក្រព័ត្ររបស់អាមេរិកនោះទេ។

ចំណែកលោក Ben Cavender អ្នកជំនាញសេដ្ឋកិច្ច នៅChina Market Research Group នៅសៀងហៃ បានលើកឡើងថា ការធ្វើ​ពហិការ​ឈប់​ប្រើផលិតផលអាមេរិក គឺជារឿងពិបាកធ្វើណាស់។ បើតាមការវិភាគ​របស់លោក ទោះបីជាមានសារអំពាវនាវ បំផុសបំផុល តាមបណ្តាញសង្គមនៅចិនក៏ដោយ តែការទំនាក់ទំនងការងារ រវាងបុគ្គលិក ក៏ដូចជាក្រុមហ៊ុនចិន និងអាមេរិក គឺនៅតែល្អប្រសើរដដែល។ ក៏ប៉ុន្តែលោក Jim Boyce អ្នកជំនាញពាណិជកម្មស្រាទំពាំងបាយជូរ ទទួលស្គាល់ថា ស្រាទំពាំងបាយជូរ នាំចូលពីអាមេរិកកំពុងតែជួបបញ្ហា ដោយសារ​តែរដ្ឋាភិបាលចិន បានសម្រេចដំឡើងពន្ធបន្ថែម១៥%ទៀត។

គួរ​បញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលអាមេរិក សម្រេចបន្ថែមពន្ធលើផលិតផល​ចិន រដ្ឋាភិបាលចិន ក៏បានរៀបចំធ្វើតារាងមុខទំនិញមួយចំនួន​របស់អាមេរិក ដើម្បីដាក់ពិន័យវិញដែរ។ កាលពីឆ្នាំ២០១០ រដ្ឋាភិបាល​ចិន បានដាក់ពិន័យ លើការនាំចូលត្រីសូម៉ុង របស់ន័រវេហ្ស បន្ទាប់​ពីគណកម្មការពានរង្វាន់ណូបែល បានប្រគល់មេដាយ ជូនលោក Liu Xiaobo។ ហើយកាលពីឆ្នាំ២០០៨ បន្ទាប់ពីលោក Nicolas Sarkozy បានទទួលជួប សម្តេចសង្ឃដាឡៃឡាម៉ា អាជ្ញាធរចិន បានបំផុសបំផុល ឲ្យប្រជាជនធ្វើបាតុកម្មនៅមុខផ្សារទំនើប Carrefour របស់បារាំង។

គួរកត់សម្គាល់ថា បើក្រឡេកមើលទៅអតីតកាល ការធ្វើពហិការ របស់ប្រជាជនចិន អាចធ្វើទៅរួច និងមានប្រសិទ្ធិភាព បើសិនជាមានការ​បើក​ដៃ​ ពីសំណាក់រដ្ឋាភិបាលចិន ហើយធ្វើក្នុងរយៈពេលវែង។ ជាក់ស្តែង​ ការធ្វើពហិការ ទៅលើផលិតផលកូរ៉េខាងត្បូង កាលពីឆ្នាំ​២០១៧។ តែយ៉ាងណា ការបង្កការលំបាកលើទីផ្សារ គឺវាប៉ះពាល់ ទាំងទៅលើ​ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ