អានតួអត្ថបទ
តៃវ៉ាន់

ចិន ព្រមាន​អាមេរិក ​បើសិន​ជា​ហ៊ាន ​បើក​នាវា​ចម្បាំង​ទៅ​ចត​នៅ​តៃវ៉ាន់

កាលពីថ្ងៃអង្គារកន្លងមកនេះ លោកដូណាល់ ត្រាំ បានសម្រេច ផ្តល់កញ្ចប់ថវិកាថ្មីបន្ថែម​ឲ្យដល់កងទ័ពជើងទឹកអាមេរិក។ តាមរយៈនេះ កងទ័ពជើងទឹកអាមេរិក អាចនឹងមានលទ្ធភាព កសាងទំនាក់ទំនងទ្វេរភាគីជាមួយកោះតៃវ៉ាន់ ដោយនាវាចម្បាំងអាមេរិក និងតៃវ៉ាន់ អាចបើកទៅសំចត ទៅវិញទៅមកបាន។ ចិនបានចេញលិខិតនៅថ្ងៃព្រហស្បតិ៍នេះ ប្រាប់ឲ្យសហរដ្ឋអាមេរិកត្រូវប្រុងប្រយ័ត្ន បើសិនជាហ៊ានបើកនាវាចម្បាំង ទៅចតនៅតៃវ៉ាន់មែននោះ ព្រោះចិនចាត់ទុកថា ជាសកម្មភាពបំពានលើអធិបតេយ្យរបស់ចិន។

នាវាមុជទឺកតៃវ៉ាន់​ Hai Lung-class submarine (SS-794) នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឺក​​ Kaohsiung កោះតៃវ់ាន់ ថ្ងៃទី​២១ មីនា​ ២០១៧។
នាវាមុជទឺកតៃវ៉ាន់​ Hai Lung-class submarine (SS-794) នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឺក​​ Kaohsiung កោះតៃវ់ាន់ ថ្ងៃទី​២១ មីនា​ ២០១៧។ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងចំពោះមុខអ្នកកាសែតថា បើសិនជាកងទ័ពជើងទឹកអាមេរិក ហ៊ានបើកនាវាចំបាំងទៅសំចតនៅតៃវ៉ាន់ ចិនចាត់ទុកថា​ជាសកម្មភាពជ្រៀតជ្រែតនឹងកិច្ចការផ្ទៃក្នុងរបស់ចិន ព្រោះតៃវ៉ាន គឺដែនដីរបស់ចិន។ អ្នកនាំពាក្យរូបនេះបន្ថែមថា រដ្ឋាភិបាលចិន ប្រឆាំងដាច់ខាត នូវរាល់ទំនាក់ទំនងសហប្រតិបត្តិការកងទ័ព រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក មិនថាក្រោមរូបភាពណាទាំងអស់។ រដ្ឋាភិបាលចិន ក៏ប្រឆាំងផងដែរ ចំពោះការដែលសហរដ្ឋអាមេរិក លក់អាវុធ ទៅឲ្យតៃវ៉ាន់។

គួរបញ្ជាក់ថា ការប្រកាសប្រឆាំងដាច់អហង្ការរបស់ចិននេះ គឺក្រោយពេលដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចបន្ថែមកញ្ចប់ថវិកា ឲ្យដល់កងទ័ពជើងទឹកអាមេរិក ដើម្បីអាចចាប់ផ្តើម បង្កើតចំណងសហប្រតិបត្តិការ ជាមួយកងទ័ពតៃវ៉ាន។ ក្នុងន័យនេះ តៃវ៉ាន់ និងអាមេរិក អាចបញ្ជូននាវាចំបាំង ទៅសំចតទៅវិញទៅមក ដើម្បីជាការដោះដូរបទពិសោធន៍។

ដោយឡែក កាលពីសប្តាហ៍កន្លងទៅ សារព័ត៌មានក្នុងស្រុកចិន បានសរសេរថា លោកអគ្គរដ្ឋទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បាននិយាយគំរាមខ្លាំងៗ ទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិកថា នៅថ្ងៃណាមួយដែលអាមេរិក ហ៊ានបញ្ជូននាវាចម្បាំង ទៅចតនៅតៃវ៉ាន់ ថ្ងៃនោះ គឺចិននឹងលើកទ័ព ​ទៅវាយដណ្តើមយកតៃវ៉ាន់មកវិញ  ដើម្បីឲ្យចប់រឿងតែម្តង។

សូមរំលឹកដែរថា ចាប់តាំងពីសហរដ្ឋអាមេរិក ផ្តើមមានទំនាក់ទំនងទូត ជាមួយចិនមក សហរដ្ឋអាមេរិក បានកាត់ផ្តាច់ ទំនាក់ទំនងផ្លូវការទាំងអស់ជាមួយតៃវ៉ាន់។ តែយ៉ាងណា អាមេរិក នៅតែបន្តលក់អាវុធ ទៅឲ្យតៃវ៉ាន់ ដោយលាក់កំបាំង។ តៃវ៉ាន់ ដែលមានរបបគ្រប់គ្រង ដាច់ដោយឡែកពីចិន ចាប់តាំងពីឆ្នាំ១៩៤៩មក នៅតែត្រូវចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនជានិច្ច។ ចិន បានអះអាងជានិច្ចថា ចិនមានសិទ្ធិលើកទ័ពទៅច្បាំងយកតៃវ៉ាន់មកវិញ បើសិនថ្ងៃណាមួយ តៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យជាឯកតោភាគី ឬមួយក៏មានអន្តរាគមន៍ជួយ ពីសំណាក់កងទ័ពបរទេសណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ