ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​ដល់​ចិន ​និយាយ​រឿង​កូរ៉េ​ខាងជើង

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​ដល់​ចិន ​និយាយ​រឿង​កូរ៉េ​ខាងជើង
 
លោក Rex Tillerson ចាប់ដៃ លោក Wang Yi ក្រោយជួប​គ្នា​នៅប៉េកាំង ថ្ងៃទី​១៨ មីនា​ ២០១៧ Reuters

ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង ​បាន​ធ្វើការ​សាកល្បង​អាវុធ​មីស៊ីល​បាលីស្ទីក​ ជា​បន្តបន្ទាប់ ​ប្រទេស​ក្បែរខាង ​ក៏ដូច​ជា​សហរដ្ឋ​អាមេរិក ​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង ​ហើយ​បាន​រិះរក​វិធី​ទប់ទល់​ជាមួយ​នឹង​របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​អាមេរិក​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល ​នៅ​លើ​ដីកូរ៉េ​ខាង​ត្បូង ​ដែល​ទង្វើ​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ប្រឆាំង ​ដាច់​អហង្ការ។

បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង ​លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ទើប​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​ ១៨​មីនា​នេះ ​ ដើម្បី​ពិភាក្សា​ជាមួយ ​ថ្នាក់ដឹក​នាំ​ចិន ​ស្តីពី​ដំណោះស្រាយ​ លើ​សំណុំរឿង​កូរ៉េ​ខាងជើង។

 

កូរ៉េ​ខាងជើង​ គឺ​ជា​សំណុំ​រឿង​ក្តៅ​គគុក​តែម្តង​ ដែល​ញ៉ាំង​ឲ្យ​លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ​១៨​មីនា។ មុននឹង​មក​ដល់​ប៉េកាំង ​លោក ​Rex Tillerson ​បាន​អញ្ជើញ​ទៅ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​រួច​ហើយ ​ ដើម្បី​ស្ទាបស្ទង់​ពី​គោលជំហរ​របស់​ប្រទេស​ទាំង​ពីរ​នេះ។  កាល​ពី​ពេល​ទៅ​កូរ៉េ​ខាង​ត្បូង​  ​លោក​រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក​ បាន​ថ្លែង​ថា ​បើ​សិន​ជា​កូរ៉េ​ខាងជើង​នៅ​តែ​ក្អេងក្អាង​ កំញើញ​ប្រទេស​ជិតខាង ​និង​សហរដ្ឋ​អាមេរិក​ នោះ​គេ​នឹង​ពិចារណា ​អំពី​លទ្ធភាព ​ក្នុង​ការ​ប្រើ​កម្លាំង​តបវិញ។ លោក​រដ្ឋមន្ត្រី​អាមេរិក​ បាន​ទាមទារ​ឲ្យ​ខាង​ចិន​ ចូលរួម​សហការ​ជាមួយ​ខ្លួន ​ដើម្បី​ដាក់​ទណ្ឌកម្ម​ ​ធ្វើ​ឲ្យ​របប​ព្យុងយ៉ាង​ក្លបខ្លាច។
 
តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ​ចិន​ ប្រឆាំង​ដាច់ខាត ​នឹង​ការ​ដែល​អាមេរិក​ បាន​ដាក់​តាំង​ប្រព័ន្ធ​ខែល​បំផ្លាញ​មីស៊ីល ​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង ​បែរ​មុខ​ទៅ​រក​កូរ៉េ​ខាង​ជើង​ និង​ប្រទេស​ខ្លួន។ ការ​នេះ​ បាន​ធ្វើ​ឲ្យ​ចិន​ច្រឡោង​ខឹងខ្លាំង​ណាស់ ​ព្រោះ​សម្រាប់​ចិន ​ប្រព័ន្ធ​រ៉ាដា​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​ការពារ​ខ្លួន ​របស់​ចិន ​ ពោល​គឺ​វា​អាច​ទៅ​ចាប់​យក​ រឺ​បំផ្លាញ​ទិន្ន័យ​នានា ​របស់​មូលដ្នាន​កងទ័ព​ចិន​ ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ។ តែ​ចំណែក​ខាង ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង ​គេ​បាន​អះអាង​ថា ​ប្រព័ន្ធ​ខែល​បំផ្លាញ​មីស៊ីល​នេះ ​ គឺ​មាន​ទួនាទី​គ្រាន់​ការពារ​ខ្លួន ​មិន​បាន​ទៅ​​ធ្វើ​អ្វី​ ដូច​ដែល​ខាង​ចិន​ព្រួយ​បារម្ភទេ។
 
បើ​តាម​ការ​គ្រោង​ទុក ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ នឹង​ត្រូវ​ជួប​លោក ​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​ចិន ​នៅ​ថ្ងៃ​សៅរ៍​ ទី ​១៨ មីនា​ ​មុន​នឹង​ចូល​ទៅ​ជួប​លោក ​ស៊ី ជីនពីង​ នៅ​ថ្ងៃ​អាទិត្យ​ ហើយ​បើ​តាម​ការស្មាន ​ លោក ​Rex Tillerson ​នឹង​ប្រគល់​លិខិត​អញ្ជើញ​​ជា​ផ្លូវការ​របស់​លោក​ដូណាល់ ត្រាំ ​អញ្ជើញ​លោក​ប្រធានាធិបតី​ចិន​ ទៅ​ធ្វើ​ទ​ស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ នៅ​ខែ​ក្រោយ។
 
សម្រាប់​ចិន ​ ប្រើ​កម្លាំង ​រឺ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ​គឺ​គ្មាន​ប្រយោជន៍
 
រហូត​មក​ទល់​ពេល​នេះ ​ចិន​ប្រកាន់​គោល​ជំហរ​រឹង​តែ​មួយ​គត់ ​គឺ​ ​បើប្រើ​កម្លាំង​ ជាមួយ​កូរ៉េ​ខាង​ជើង ​គឺ​គ្មាន​ប្រយោជន៍។ កន្លង​មក​ដែរ​ ចិន​ បាន​ទាមទារ​ថា ​ត្រូវតែ​ដក​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​​ ចេញ​ពី​ដី​កូរ៉េខាង​ត្បូង​ជា​បន្ទាន់​ ពុំនោះ​ទេ ​ចិន​នឹង​ដាក់​ពិន័យ្យ​ទៅ​លើ​កូរ៉េ​ខាង​ត្បូង។​ ជាថ្នូរ ​ចិន​នឹង​រក​វិធី​ដោះស្រាយ​ជាមួយ ​គីម ជុងអ៊ុន​ ដើម្បី​ឲ្យ​បញ្ឈប់​កម្មវិធី​នុយ​ក្លេអ៊ែរ។ ក៏​ប៉ុន្តែ​ការ​ទាមទារ ​នេះ ​ត្រូវ​បាន​អាមេរិក​បដិសេធ​ចោល។
 
នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​មីនា ​កាសែត ​Global Timesរបស់​ចិន ​បាន​ចុះផ្សាយ​ថា​ “វា​គឺ​ជា​អត្ថប្រយោជន៍​របស់​ចិន ​ដែល​ត្រូវ​បញ្ឈប់​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​ក៏​ប៉ុន្តែ​បើ​សិន​ជា​ធ្វើ​វា ​ដោយ​ការ​ដាក់​កូរ៉េខាង​ជើង ​ឲ្យ​ឯកោ​នោះ ​វា​គឺ​ជា​រឿង​គ្មាន​ប្រយោជន៍​ទេ ​ហើយ​ក៏​មិន​អា​ច​ធ្វើ​ទៅ​បាន​ដែរ”
 
ក្នុង​ន័យ​នេះ ​សារព័ត៌មាន​ចិន​នេះ ​ចង់​សំដៅ​ថា ​ការ​ប្រើ​កម្លាំង ​ទៅ​លើ​កូរ៉េ​ខាងជើង​មិនមែន​ជា​ជំរើស​ល្អ ​ហើយ​បើ​រឹត​បន្ថែម​ដាក់​ទណ្ឌកម្ម ​ក៏​មិន​បាន​ប្រយោជន៍​ដែរ។ អ្វី​ដែល​កាសែត​នេះ​ចង់​ឆ្លុះ​បញ្ចាំង ​គឺ​គោលជំហរ​របស់​ចិន ​ដដែល​ចង់​បើក​ឲ្យ​មាន​ការ​ចរចា ​ដោយ​សន្តិវិធី ​ផ្តល់​ផល​ប្រយោជន៍​ខ្លះ​ឲ្យ​ទៅ​កូរ៉េ​ខាងជើង​ ដើម្បី​ឲ្យ​ប្រទេស​នេះ ​បញ្ឈប់ ​រឺ​កាត់ប​ន្ថយ​កម្មវិធី​នុយក្លេអ៊ែរ។ កាសែត​នេះ ​បាន​លើក​ឡើង​ជា​សំអាង​ថាមើល​តែ​កន្លង​មកចុះ​ តើ​សហគម​អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប៉ុន្មាន​ដង​ លើ​កូរ៉េ​ខាងជើង ​ហើយ​សួរថា ​តើវា​បាន​ហុច​ផល​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ​ដែរ​រឺ​ទេ?
 
ដោយ​ឡែក  ​លោក​ដូណាល់ ត្រាំ​ ទើប​បាន​សរសេរ​សារ​លើ​ទំព័រ​ Twitter​ ថា​កូរ៉េ​ខាងជើង​ធ្វើ​កាន់​តែ​ផ្តេសផ្តាស​ទៅ​ហើយ ​ហើយ​ចំណែក​ចិន​វិញ ​ក៏​គ្មាន​បាន​ធ្វើ​អ្វី ​ដើម្បី​ជួយ​បង្រ្កាប​កូរ៉េ​ខាង​ជើង​ទៀត។​ ជា​ការពិត​ គ្រប់គ្នា​ទទួល​ស្គាល់​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​កន្លង​មក​ មិន​បាន​ផលមែន ​តែ​កំភ្លេច​ថា ​មួយភាគ​ធំ​នៃ​ការ​ទទួល​ខុសត្រូវ​នៃ​បរាជ័យ​នេះ ​គឺ​ចិន​ព្រោះ ​ចិន​បាន​ធ្មេចភ្នែក ​មិន​ព្រម​អនុវត្ត​ទណ្ឌកម្ម​ទេ។ កន្លង​មក ​គឺមាន​តែ​ធនាគារ ​រឺ​ក្រុមហ៊ុន​ចិន​ទេ ​ដែល​លួច​រកស៊ី ​ឃប់ឃិត​ជាមួយ​កូរ៉េ​ខាងជើង។
 
អាមេរិក ​ព្រមប្រគល់​សន្លឹក​បៀរ​ឲ្យ​ទៅ​ចិន
 
បើ​យោង​តាម​ការ​ផ្តល់​ព័ត៌មាន​បឋម​ ស្តីពី​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទាំងពីរ​ នៅ​ថ្ងៃ​សៅរ៍​នេះ ​ យើង​សង្កេត​ឃើញថា ​អាមេរិក​ ហាក់​ដូច​ជា​បន្ទន់​កំហឹង ​ព្រម​ទទួល​យក​សំណើរ​​របស់​ចិន។ លោក ​វ៉ាង យី ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ទើប​បាន​ប្រកាស​ថា ​ជម្រើស​មាន​តែ​ពីរ​ទេ។ ទីមួយ ​ប្រើ​កម្លាំង​ដាក់​កូរ៉េ​ខាង​ជើង ​កំញើញ​ទៅ​កំញើញ​មក​ ធ្វើ​ឲ្យ​ស្ថានការណ៍ ​កាន់តែ​ដុនដាប ​ក្លាយ​ជា​សង្រ្គាម ​ ឯ​ជំរើស​ទីពីរ​ គឺ​រៀបចំ​ការ​ចរចា​ដោយ​សន្តិវិធី ​ជាមួយ​កូរ៉េ​ខាងជើង។ សួរថា​តើ​មួយ​ណា ​ល្អ​ជាង?
 
កាល​ពី​នៅ​សេអ៊ូល​  លោក​ Rex Tillerson ​អះអាង​ថា​ចង់​ពិចារណា​រឿង​ប្រើ​កម្លាំង​លើ​កូរ៉េ​ខាងជើង។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃនេះ​ ក្រោយ​បាន​ជួប​លោក​ ​វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ក៏​បាន​ប្រកាស​ថា ​នឹង​ចាប់​ដៃ​សហការ​ជាមួយ​ចិន ​ ដើម្បី​សាកល្បង​រក​មធ្យោបាយ ​អូសទាញ​កូរ៉េ​ខាងជើង ​ឲ្យ​ដើរ​ផ្លូវ​ត្រូវ​វិញ។ មាន​ន័យថា​ ពេលនេះ ​អាមេរិក ​បាន​ប្រគល់​សន្លឹក​បៀរ​ទៅ​ឲ្យ​ចិន ​ជាអ្នក​លេង ​ដើម្បី​សាក​ល្បង​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង។ បើនៅ​តែ​មិន​បាន​លទ្ធផល​ទេ ​នោះ​មាន​ន័យ​អាមេរិក​ អាច​នឹង​ប្រើ​កម្លាំង៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ