ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

​រដ្ឋាភិបាលចិន ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ខ្លួន ​កាត់​បន្ថយ​ការ​វិនិយោគ ​នៅ​ក្រៅ​ប្រទេស

media  
ក្រុមហ៊ុន WANDA Group ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន​ជាច្រើន ដែលជាប់​ក្នុងការ​តាមដាន​របស់អាជ្ញាធរ​ ទាក់ទិន​នឹង​ការ​បោះទុន​នៅក្រៅ​ប្រទេស​​ហួសសមត្ថភាព REUTERS/Damir Sagolj

ជាមួយ​នឹង​ការ​រីក​ចំរើន​សេដ្ឋកិច្ច​ ព្រម​ជាមួយ​នឹង​លំហូរ​ទឹកប្រាក់ ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថិ​ចិន​ ក្រុមហ៊ុន​ចិន​ជាច្រើន ​បាន​បោះទុន​វិនិយោគ​គ្រប់​វិស័យ ​នៅឯ​បរទេស ​ព្រម​ទាំង បាន​​ប្រមូល​ទិញ​ភាគហ៊ុន ​នៅ​តាម​ក្រុមហ៊ុន​បរទេស​ធំៗ ​យ៉ាង​សន្ធឹក​សន្ធាប់។ រដ្ឋាភិបាល​ចិន​ ដែល​ធ្លាប់តែ​អំពាវ​នាវ ​ជំរុញ​សកម្មភាព​នេះ ​ តែ​ពេល​នេះ ​បែរ​ជា​បាន​ងាក​មក​បញ្ជា ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ​កាត់​បន្ថយ ​រាល់​ការ​ដាក់ទុន​វិនិយោគ​នៅ​ក្រៅ​ប្រទេស ​ដែល​ហួសហេតុ ​មិន​គិត​ពី​ហនិភ័យ ​ឬ ​មិន​គិត​ដល់​ប្រយោជន៍​រួម​ របស់​សេដ្ឋកិច្ច​ចិន។

នៅចុង​ឆ្នាំ​២០១៦ ​គេ​ធ្លាប់​បាន​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​ចិន​ ហាក់​បាន​ចាប់​ផ្តើម​បញ្ឈប់​នយោបាយ ​ លើក​កំពស់ ​និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ ដើរ​ទៅ​បោះទុន​វិនិយោគ​នៅ​ក្រៅ​បរទេស។ ពេលនេះ ​សេចក្តី​សម្រេច​ផ្លូវការ​បាន​ចេញ​មក​ហើយ ​តាម​រយៈ​ក្រិត្យ​ច្បាប់​មួយ​ ដែល​តំរូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ទាំង​អស់ ​ ចាប់​ផ្តើម​កាត់​បន្ថយ​ការ​បោះទុន​វិនិយោគ​នៅ​បរទេស។

ចាប់ពី​ពេលនេះ​ទៅ ​ រាល់​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស ​ដែល​មិន​ស្រប​ទៅតា​មគោល​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​ចិន ​ ការ​វិនិយោគ​ដែល​មិន​គោរព​ កិច្ច​សហ​ប្រតិបត្តិការ​​សមភាព​នៃ​ផល​ប្រយោជន៍​ ការ​វិនិយោគ​ដែល​មិន​ផ្តល់​ផល​ជាក់​ស្តែង​ ដល់​វិធាន​ម៉ាក្រូសេដ្ឋកិច្ច​នោះ ​នឹង​ត្រូវ​តែ​កាត់​បន្ថយ។ ក្រិត្យ​របស់​រដ្ឋាភិបាល​ចិន​នេះ ​បាន​លើក​ឡើង​ថា ​មាន​បំណង​ចង់​ទប់ស្កាត់ ​និង​បង្ការ​ផល​វិបាក ​ទៅ​ថ្ងៃ​មុខ។

ក្រិត្យនេះ​ក៏បាន​កំណត់ ​ពី​ការ​ហាមឃាត់ ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ បោះទុន​វិនិយោគ​ក្នុង​វិស័យ​ណា ​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ​ ដូចជា​វិស័យ​បច្ចេកវិទ្យា​ផលិត​សព្វាវុធ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ​វិស័យ​ល្បែង​ភ្នាល់​ស៊ីសង ​ឬ​ក៏​វិស័យ​ផលិត​ភាពយន្ត​អាសអាភាស​ជាដើម។ បើតាម​ប្រភព​ផ្លូវការ ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​រដ្ឋាភិបាល​ចិន​ ក៏បាន​ហាមឃាត់ ​មិន​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ បោះទុន​រកស៊ី​នៅតា​មប្រទេស​ណា ​ដែល​មាន​សង្រ្គាម ​ឬ​ប្រទេស​ដែល​គ្មាន​ចំណង​ការទូត​ ជាមួយ​នឹង​ចិន។

សូម​បញ្ជាក់​ថា ​១០​ឆ្នាំ​ចុងក្រោយ ​ ក្រុមហ៊ុន​ចិន​ជាច្រើន ​បាន​ជះ​លុយ​វិនិយោគ​ នៅ​ក្រៅ​ប្រទេស ​លើ​គ្រប់​វិស័យ ​មាន​ទាំង​វិស័យ​កីឡា ​ វិស័យ​សណ្ឋាគារ​ទេសចរណ៍ ​វិស័យ​ភាពយន្ត ​វិស័យ​អចលនទ្រព្យ ​និង​វិស័យ​ក្លឹប​កំសាន្ត​សប្បាយ​ជាដើម។ ក្លឹប​កីឡា​បាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ទិញ​យក ​ឬ​ក៏​មាន​ចំណែក​ភាគហ៊ុន។ ក្រុមហ៊ុន​ផលិត​ភាពយន្ត​នៅ​ហូលីវូដ ​ឈ្មោះ ​Legendary ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ទិញ​យក​ដែរ។

ភាព​ពុះ​កញ្ជ្រោល ​ការ​សំរុក​បោះទុន​រកស៊ី​ នៅ​តាម​ប្រទេស​ក្រៅនេះ​ ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជា​ច្រើន ​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​ចិន​ ឲ្យ​ប្រុង​ប្រយ័ត្ន ​ព្រោះ​ការ​បោះទុន​ភាគ​ច្រើន ​ធ្វើ​ឡើង​ ដោយ​ពុំបាន​គិតគូ​ពី​ហនិភ័យ ​ហើយធ្វើ​ឲ្យ​ប៉ោង​ដល់​ កម្រិត​ប្រាក់​កំចី ​ដែល​មាន​នៅ​លើ​ទីផ្សារ​ចិន។ ក្រុមហ៊ុន​ដែល​បោះទុន​នៅ​ក្រៅ​ប្រទេស​ខ្លះ ​មាន​ជាប់​បំណុល​ក្នុង​ស្រុក​យ៉ាង​មហិមា។

យ៉ាងណាមិញ ​​អាជ្ញាធរ​ត្រួត​ពិនិត្យ​ការ​ផ្តល់​កំចី ​និង​ចរាចរណ៍​ហិរញ្ញវត្ថុ​ចិន​ ក៏បាន​ចាប់​ផ្តើម ​ធ្វើការ​តាមដាន​ លើ​ក្រុមហ៊ុន​ផ្តល់​កំចី​មួយ​ចំនួន​ ដែល​បាន​​បញ្ចេញ​តួលេខ​ទឹកប្រាក់ ​ឲ្យ​គេខ្ចី ​លើស​ពី​សមត្ថភាព​ខ្លួន។ បំណុល ​កំចី​ ការ​បោះទុន​វិនិយោគ ​មាន​តែ​តួលេខ ​ទាំងអស់​នេះ ​អាច​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន​រលំ ​នៅ​ថ្ងៃណា​មួយ ​បើ​សិន​ជា​គ្មាន​វិធានការ​គ្រប់គ្រង ​ឲ្យ​បាន​សម​ហេតុ​ផល​ទេនោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ