ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
អាស៊ី

ចិនលើកលែង​​ពន្ធ​នាំ​ចូល​​សណ្តែក​សៀង​នៃ​​ប្រទេស​​អាស៊ី​៥ ដើម្បី​ដេញជើង​​សណ្តែក​អាមេរិក

media  
សណ្តែក​សៀងអាមេរិក ជាផលិតផលនាំ​ចូលទៅចិន​ច្រើនបំផុត REUTERS/Dan Koeck

រដ្ឋាភិបាលចិន ទើបតែបានប្រកាសលុបចោល និងកាត់បន្ថយពន្ធនាំចូល ទៅលើផលិតផលកសិកម្ម នាំចូលពីប្រទេសអាស៊ី ៥ប្រទេស​។ ផលិតផលកសិកម្មនោះ មានជាអាថទិ៍ សណ្តែកសៀង និងគ្រាប់ធុញ្ញជាតិមួយចំនួនទៀត។ ការលុបពន្ធនាំចូលនេះ ធ្វើឡើងព្រមពេលដែល ចិននឹងចាប់ផ្តើមអនុវត្តការតំឡើងពន្ធកំរិតខ្ពស់ ទៅលើការនាំចូលសណ្តែងសៀងរបស់អាមេរិក ជាការពិន័យតប ទៅនឹងការដែលរដ្ឋាភិបាល​លោកដូណាល់ ត្រាំ​បានតំឡើងពន្ធនាំចូល ទៅលើដែកថែប និងអាលុយមីញ៉ូមរបស់ចិន។

រដ្ឋាភិបាលចិន បានប្រកាសថា ក្នុងក្របខណ្ឌសហប្រតិបត្តិការពាណិជ្ជកម្ម រវាងចិន និងប្រទេសអាស៊ី ចិននឹងសម្រេចលុបចោល នូវពន្ធនាំចូលផលិតផលកសិកម្ម នៃប្រទេស៥ មានដូចជាឥណ្ឌា ស្រីលង្ការ កូរ៉េខាងត្បូង បង់ក្លាដែស និងឡាវ។ ចាប់ពីថ្ងៃទី១កក្កដាទៅ ផលិតផលកសិកម្ម ដូចជាគ្រាប់សណ្តែកសៀង គ្រាប់កុលហ្សា ព្រមទាំងខ្លាញ់គោ ដែលនាំចូលពីប្រទេសទាំង៥នេះ នឹងមិនជាប់ពន្ធនាំចូលឡើយ។ ចំណែកផលិតផលកសិកម្មមួយចំនួនទៀត ក៏ត្រូវបានកាត់បន្ថយពន្ធនាំចូលដែរ។

គួរកត់សំគាល់ថា​ ក្នុងចំណោមផលិតផលកសិកម្មដែលចិននាំចូលច្រើនបំផុត គឺមានគ្រាប់សណ្តែកសៀង។ គ្រាប់សណ្តែកសៀង គឺជាវត្ថុធាតុដើម ដើម្បីផលិតកែច្នៃ ធ្វើជាចំណីសត្វ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅប្រទេសចិន តម្រូវការ និងការបរិភោគសាច់សត្វ មានសន្ទុះកាន់តែកើនឡើង ដែលធ្វើឲ្យវិស័យចិញ្ចឹមសត្វ ត្រូវការវត្ថុធាតុដើមកាន់តែខ្លាំង។

បច្ចុប្បន្នពន្ធនាំចូលសណ្តែកសៀង មានកម្រិតស្មើនឹង៣%។ ការលុបពន្ធនាំចូលនេះ នឹងចូលជាធរមាននៅ ៦ថ្ងៃ មុនពេលដែលការដំឡើងពន្ធនាំចូលលើសណ្តែកសៀងអាមេរិក ចូលជាធរមានដែរ។ ចិន បានសម្រេចដំឡើងពន្ធលើសណ្តែកសៀងអាមេរិក ដើម្បីជាការដាក់ពិន័យតបវិញ ដោយសាររដ្ឋាភិបាលលោកដូណាល់ ត្រាំ បានដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមចិន។

អាមេរិក គឺជាអ្នកផ្គត់ផ្គង់សណ្តែកសៀងនៅចិន ធំជាងគេបង្អស់។ កាលពីឆ្នាំ២០១៧ អាមេរិកបាននាំសណ្តែកសៀងចូល ក្នុងទឹកប្រាក់ប្រមាណ១៤ពាន់លានដុល្លារ។ ការវាយបកទៅវិញ ដោយដំឡើងពន្ធលើផលិតផលសណ្តែកសៀងអាមេរិកនេះ នឹងអាចបង្កការលំបាកដល់កសិករអាមេរិក។ តែទន្ទឹមនឹងនេះ ចិនក៏អាចរងសំពាធដោយសារវិធានការខ្លួនឯងដែរ ព្រោះវានឹងធ្វើឲ្យតំលៃសណ្តែកឡើងថ្លៃ។ ហេតុដូច្នេះហើយ ទើបពេលនេះ ចិនបានសម្រេចលុបពន្ធនាំចូល ពីប្រទេសផ្សេងទៀត ដើម្បីបើកចំហរទីផ្សារ ឲ្យមានតំលៃនៅទាប។ បន្ថែមពីនេះ ចិនកំពុងចរចា បន្ថែមការនាំចូលសណ្តែកសៀង ពីប្រេស៊ីល និងអាហ្សង់ទីន​ បន្ថែមទៀត ដើម្បីជំនួសសណ្តែកសៀងអាមេរិក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ