អានតួអត្ថបទ
ចិន

លោក លីវ ស៊ាវប៉ូ ​ស្លាប់​ទាំង​​មិន​​បាន​​ឃើញ ពាន​​រង្វាន់​​ណូបែល​​សន្តិភាព​​របស់​ខ្លួន

លោកលីវ ​ស៊ាវប៉ូ ​ដែលជា​អ្នក​និពន្ធ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​ចិន ​ហើយ​ដែល​ត្រូវ​តុលាការ​ចិន​​ ចាប់​ដាក់​គុក​តាំង​តែ​ពី​ឆ្នាំ​២០០៩​មក​នោះ ​ បាន​ទទួល​មរណៈភាព ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​មិថុនា ​​ក្នុង​ជន្មាយុ​៦១​ឆ្នាំ ​ ដោយ​ជំងឺ​មហារីក​ថ្លើម។ លោក​ត្រូវ​បាន​គេ​ប្រគល់ ​ពាន​រង្វាន់​ណូបែល​សន្តិភាព ​នៅ​ឆ្នាំ​២០១០​ ខណៈ​ដែល​លោក​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ចិន។ ពេល​នេះ ​លោក​លីវ ស៊ាវប៉ូ ​បាន​ស្លាប់​បាត់​បង់​ជីវិត​ ទាំង​មិន​បាន​ឃើញ ​ពាន​រង្វាន់​ណូបែល​របស់​ខ្លួន។

រូបថត​លោក លីវ ស៊ាវប៉ូ
រូបថត​លោក លីវ ស៊ាវប៉ូ Reuters
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០០៩ ​លោក ​លីវ ស៊ាវប៉ូ​ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ​១១ឆ្នាំ។ ស្រាប់​តែ​នៅ ​ចុង​ខែ​មិថុនា​ថ្មីៗ​នេះៗ ​អាជ្ញាធរ​ចិន​ បាន​បញ្ជូន​ខ្លួន​ លោក​លីវ ស៊ាវប៉ូ ​មក​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ថ្លើម។ ស្ថានភាព​លោក ​បាន​ធ្លាក់​ដុនដាប​ មួយ​រំពេច​ មិន​ដល់​២សប្តាហ៍​ផង ​លោក​បាន​ចែក​ឋាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៣ ​កក្កដា​ នៅក្នុង​បន្ទប់​មន្ទីរពេទ្យ ​ក្រុង​ហ្សិនយ៉ាង។

តស៊ូមតិ ​ដោយ​សន្តិវិធី

លោក ​លីវ ស៊ាវប៉ូ ​ គឺ​ជា​សាស្ត្រាចារ្យ ​ជា​ទស្សវិទូ ​ជាអ្នក​និពន្ធ​អត្ថបទ ​កំណាព្យ ​និង​អក្សរសាស្ត្រ។ លោក​បាន​ជ្រើសរើស​យក ​វិធីសាស្ត្រ​បែប​សន្តិភាព​និយម ​ដើម្បី​រិះគន់ ​ដាស់តឿន ​ប្រជាជន​ចិន​ កុំឲ្យ​ខ្លាច​ក្នុង​ការ​រើ​បំរាស់ ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន។

លោក​ លីវ ស៊ាវប៉ូ ​កើត​នៅ​ថ្ងៃ​ទី​២៨​ ធ្នូ​ ឆ្នាំ​១៩៥៥ ​មាន​ឱពុក​លោក​ ​ជា​សាស្ត្រាចារ្យ។ ដូច​យុវជន​ដទៃ​ទៀត ​ក្នុង​ជំនាន់​នោះ ​លោក​ លីវ ស៊ាវប៉ូ​ ពេញ​និយម​ចូលចិត្ត ​អាន​អត្ថបទ​អក្សរសិល្ប៍​បរទេស ​របស់​អ្នក​និពន្ធ​ទស្សនវិជ្ជា​អឺរ៉ុប។ នៅឆ្នាំ​១៩៧៦ ​ក្នុង​ពេល​ដែល​លោក​ធ្វើការ ​ជា​កម្មករ​សំណង់ ​លោក​បាន​ប្រលង​ជាប់ ​ចូល​រៀនផ្នែក​អក្សរសាស្ត្រ ​និង​ទស្សនវិជ្ជា​ ក្នុង​សកលវិទ្យាល័យ​ដ៏​ធំ​បំផុត​នៅ​ក្រុង​ប៉េកាំង។ ឆ្នាំ​១៩៨៨ ​ជា​ឆ្នាំ​ដែល​លោក​ បាន​ការពារ​និក្ខេមបទ​ថា្នក់​បណ្ឌិត​ ដោយ​មាន​មនុស្ស​ផ្អើល​ឈូរឆ ​មក​រងចាំ​ស្តាប់។

លោក ​លីវ ស៊ាវប៉ូ ​បានក្លាយ​ជា​អ្នក​និពន្ធ​ដែល​តំណាង​ឲ្យ​ចរន្ត​ថ្មី​ ​នៃ​អក្សរសាស្ត្រ​ និង​ទស្សនវិជ្ជា​សង្គម​និយម​ចិន។ រាល់​អត្ថបទ​របស់​លោក​ លីវ ស៊ាវប៉ូ ​សុទ្ធ​តែ​បាន​លើក​ឡើង​​អំពី​​ជំងឺ​ នៃ​សង្គម​ចិន ​ដែល​ប្រជាជន​ត្រូវ​បាន​អំណាច​បក្ស​ បំបាក់​ស្មារតី ​ពង្វក់​ឲ្យ​ក្លបខ្លាច​ លែង​ហ៊ាន​ហារស្តី ​សូម្បី​តែ​ទទួល​ការពិត។

ហ៊ាន​លះបង់​ដើម្បី​បុព្វហេតុ

ក្នុង​ពេល​ផ្ទុះ​បាតុកម្ម ​នៅ​ទីលាន​ធាន​អានមិន​ នៅ​ឆ្នាំ​១៩៨៩ ​លោក​ លីវ ស៊ាវប៉ូ ​ កំពុង​បំពេញ​កម្មសិក្សា​នៅ​សកលវិទ្យាល័យ ​Columbia​ នៅ​សហរដ្ឋ​អាមេរិក។ តែ​លោក​បាន​សម្រេច​ចិត្ត​ត្រលប់​ចូល​ស្រុក​វិញ ​ ដើម្បី​បាន​ចូលរួម​ ​បាតុកម្ម។ លោក ​Michel Bonnin ​មិត្ត​ចាស់​របស់​លោក ​នៅ​ចាំថា​ លោក​ លីវ ស៊ាវប៉ូ ​គឺ​ជា​មនុស្ស​ដែល​មាន​ឧត្តមគតិ​ ​និង​ការ​តាំងចិត្ត​ដ៏​រឹងមាំ​ណាស់ ​ក្នុង​ការ​ការពារ​បុព្វហេតុ​អ្វីមួយ។

ក្រោយ​បាតុកម្ម​ លោក​បាន​ជាប់​ឃុំ ​រយៈពេល​ជិត​២ឆ្នាំ ​ហើយ​ត្រូវ​បាន​គេ​ដោះលែង​មក​វិញ​ តែ​លោក​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ ​និង​ត្រូវ​បាន​កម្លាំង​សម្ងាត់ ​របស់​បក្ស​កុម្មុយនីស្ត ​តាម​ដាន​លោក​ជាប់​ជា​ប្រចាំ។ តែ​យ៉ាងណា ​វា​មិន​បាន​រារាំង​លោក ​ មិន​ឲ្យ​សរសេរ​អត្ថបទ​ថ្មីៗ​ឡើយ។ ជា​រៀងរាល់​ឆ្នាំ ​ឲ្យ​តែ​ដល់​ថ្ងៃ ​៤​មិថុនា ​ខួប​នៃ​ការ​បង្រ្កាប​បាតុកម្ម​នៅ​ធានអានមិន​ លោក​តែងតែ​សរសេរ​កំណាព្យ​មួយ​អត្ថបទ​ ហើយ​ចែក​ចាយ​តាម​បណ្តាញ​សំងាត់ ​មិន​ថា​នៅ​ចិន​ដីគោក ​ហុងកុង​ ឬនៅ​បរទេស។

ក្លាយ​ជាមុខ​សញ្ញា​គ្រោះថ្នាក់ ​សម្រាប់​របបប៉េកាំង

ឆ្នាំ​២០០៨ ​នៅ​​ពេលចិន​ ទទួល​រៀបចំ​កីឡា​អូឡាំពិក ​លោក​ លីវ ស៊ាវប៉ូ ​បាន​ឆ្លៀត​ឱកាស ​សរសេរ​ញត្តិ​មួយ​ច្បាប់ ​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ចិន​គោរព​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​ក្នុង​ការ​ជួបជុំ ​តវ៉ា​ជាដើម​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន។ មិន​ដល់​៣ខែ​ផង​ ញត្តិ​របស់ ​លោក ​លីវ ស៊ាវប៉ូ ​មាន​មនុស្ស​ផ្តិត​មេដៃ​គាំទ្រ ​ដល់​ទៅ​ជាង​១សែន​នាក់។

តាម​ពិត​ទៅ ​មិនមែន​ខ្លឹមសារ​នៃ​ញត្តិ​នេះទេ​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​បារម្ភ​ ​តែ​គឺ​លទ្ធភាព​ដែល​លោក​ លីវ ស៊ាវប៉ូ ​អាច​ប្រមូល​មនុស្ស​បាន​ជាង​១សែន​នាក់​ ក្នុង​ពេល​មិន​ដល់​៣ខែ ​ដែល​ធ្វើ​ឲ្យ​បក្សកុម្មុយនីស្ត​ចិន​បារម្ភ។ នេះ​បើ​តាម​ការ​ពន្យល់ ​របស់​ Jean Philippe Béja​ ដែល​ជា​អ្នក​បោះពុម្ព​សៀវភៅ​របស់​លោក ​លីវ ស៊ាវប៉ូ។

លោក​ Jean Philippe Béja ​លើក​ឡើងថា​ ទស្សនៈ​ ការ​យល់​ឃើញ​របស់​លោក ​លីវ ស៊ាវប៉ូ ​មិន​ត្រឹមតែ​មាន​ការ​គាំទ្រ ​ពី​យុវជន​ចិន​ជំនាន់​ថ្មី​ទេ ​តែថែម​ទាំង​បាន​ទទួល​ការ​គាំទ្រ ​ពី​អតីត​អ្នក​នយោបាយ​ចាស់ៗ ​ក្នុង​បក្ស​កុម្មុយនីស្តិ​មួយ​ចំនួន​ ដែល​បាន​ខកចិត្ត​ ចំពោះ​ទង្វើរ​ព្រៃផ្សៃ​ នៅ​ទីលាន​ធាន​អានមិន ​នៅ​ឆ្នាំ​៨៩។ គឺ​សមត្ថភាព​ ដែល​អាច​អូសទាញ ​ប្រមូល​ផ្តុំ​សម្លេង​ប្រឆាំង​ច្រើន​ក្រុម​ ច្រើន​ជំនាន់​ផ្សេងៗគ្នា ​របស់​លោក ​លីវ​ ស៊ាវប៉ូ ​នេះហើយ ​ដែល​ធ្វើ​ឲ្យ​លោក​ ក្លាយជា​មុខ​សញ្ញា​គ្រោះថ្នាក់ ​របស់​របប​កុម្មុយនីស្តិ​ចិន។ នៅ​ពេលណា ​មនុស្ស​ម្នាក់ ​អាច​មាន​សមត្ថភាព​ប្រមូល​ក្រុម​ប្រឆាំង​ច្រើន​ក្រុម​ ឲ្យ​រួមគ្នា​ជា​ធ្លុង​មួយ​បាន​ នោះ​​បក្ស​កុម្មុយនីស្តិ​ចិន​ មិន​ខ្លាច​នឹង​ប្រើ​គ្រប់​ធម្យោបាយ ​ដើម្បី​បំបាក់​មនុស្ស​ម្នាក់​នោះ​ទេ។

ពិតណាស់ ​ដែលថា​លោក ​លីវ ស៊ាវប៉ូ ​បាន​ស្លាប់​ដោយ​ជំងឺ​មហារីកថ្លើម​ ក៏​ប៉ុន្តែ​ការ​បង្អែរបង្អង់ ​មិន​ព្រម​បញ្ជូន​លោក​មក​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ​ព្រមទាំង​ការ​បដិសេធ ​មិន​ព្រម​បញ្ជូន​លោក​ ឲ្យ​ទៅ​ព្យាបាល​នៅ​បរទេស​នោះ ​បាន​ធ្វើ​ឲ្យ​គេ​មិន​អស់​ចិត្ត​ឡើយ។ មរណៈភាព​របស់​លោក​ លីវ ស៊ាវប៉ូ ​គឺជា​ការ​បាត់បង់​​​សម្លេង​ប្រឆាំង​ដ៏​សំខាន់​ម្នាក់​ ហើយ​អ្នក​ដែល​សប្បាយ​ចិត្ត​នោះ ​ គ្មាន​នរណា​ក្រៅពី​អ្នក​ ដែល​ចាប់​លោក​ដាក់​គុក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ