អានតួអត្ថបទ
ចិន-សិទ្ធិមនុស្ស

​ស្ថានភាព​ជំងឺ របស់​អ្នក​ទោស​នយោបាយ​ចិន​ លីវ ស៊ែវប៉ូ ​កាន់តែ​ដុនដាប​ខ្លាំង

អ្នក​ទោស​នយោបាយ​ចិន​ ឈ្មោះ ​លីវ ស៊ែវប៉ូ ​និង​ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​នោះ ​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យចិន។ ដោយ​ស្ថានភាព​ជំងឺ​កាន់តែ​ដុន​ដាប​ខ្លាំង ​អាជ្ញាធរ​ចិន​ បាន​អនុញ្ញាត​ឲ្យ​មាន​គ្រូពេទ្យ​អាមេរិក ​និង​គ្រូពេទ្យ​អាល្លឺម៉ង់​ ចូល​ទៅ​ពិនិត្យ។​ តែ​យ៉ាង​ណា ​មន្ទីរពេទ្យ​ចិន ​បាន​បដិសេធ​ចំពោះ​​សំណូមពរ​ដែល​ចង់​ដឹក​យក​លោក ​លីវ ស៊ែវប៉ូ ​ទៅ​ព្យាបាល​នៅ​បរទេស ​ដោយ​លើក​ឡើង​ថា ​ការ​ធ្វើ​ដំណើរ​នឹង​បង្ក​គ្រោះថ្នាក់​ ដល់​អ្នក​ជំងឺ។

សកម្មជនអង្គការ Amnesty International លើក​បដា​ទាមទារឲ្យដោះ​​លែង​លោក Liu Xiaobo
សកម្មជនអង្គការ Amnesty International លើក​បដា​ទាមទារឲ្យដោះ​​លែង​លោក Liu Xiaobo AFP / SEBASTIEN NOGIER
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​រង​ការ​រិះគន់​អស់​ជា​ច្រើន​ថ្ងៃ ​អាជ្ញាធរ​ចិន ​ បាន​អញ្ជើញ​គ្រូពេទ្យ​ជំនាញ ​ផ្នែក​ជំងឺ​មហារីក ​ជន​ជាតិ​អាល្លឺម៉ង់​ ម្នាក់ ​និង​ជនជាតិ​អាមេរិក​ម្នាក់ ​ ឲ្យ​ចូល​ទៅ​ពិនិត្យ​ស្ថានភាព​ជំងឺ ​របស់​លោក ​លីវ ស៊ែវប៉ូ ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព។ បច្ចុប្បន្ន ​គ្រូពេទ្យ​ទាំងពីរ​ បាន​ទៅ​ដល់​ មន្ទីរ​ពេទ្យ​សកលវិទ្យាល័យ​វិជ្ជសាស្ត្រ​លេខមួយ ​នៅក្រុង​ ហ្សិនយ៉ាង ​ជា​ទី​ដែល​លោក ​លីវ ស៊ែវប៉ូ ​កំពុង​ទទួល​ការ​ព្យាបាល។ គ្រូពេទ្យ​ជំនាញ​បរទេស​ទាំង​ពីរ ​សុទ្ធតែ​បាន​ទទួល​ស្គាល់ថា​ វិធីសាស្ត្រ​ព្យាបាល​របស់​គ្រូពេទ្យ​ចិន ​ពិត​ជា​ការ​ត្រឹមត្រូវ ​ទៅតាម​អ្វី​ដែល​ត្រូវ​ធ្វើ។ នេះ​បើ​តាម​លិខិត ​ដែល​ចេញ​ផ្សាយ​ ដោយ​មន្ទីរពេទ្យ​​ចិន។

គួរ​កត់​សំគាល់​ថា ​តាម​ការ​ប៉ាន់​ស្មាន ​ការ​សម្រេច​អនុញ្ញាត ​ឲ្យ​គ្រូពេទ្យ​បរទេស​ចូលទៅ​មើល​លោក​ លីវ ស៊ែវប៉ូ ​ក៏​ដោយសារ​រដ្ឋាភិបាល​ចិន ​ ចង់​លាង​មុខ​មាត់ ​ស្រប​ពេល​ដែល​លោក​ ស៊ី ជីនពីង​ កំពុង​តែ​ចូលរួម​ជំនួប​កំពូល​នៃ​​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ ​នៅ​ឯ​ក្រុង​ហំបួរ ​ប្រទេស​អាល្លឺម៉ង់។

តែ​យ៉ាងណា ​ក៏ដោយ ​ គ្រូពេទ្យ​ទាំងអស់ ​បាន​សន្មត់​ថា ​ស្ថានភាព​ជំងឺ​មហារីក​ថ្លើម ​របស់​លោក ​លីវ ស៊ែវប៉ូ ​បាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ។ ទាក់ទិន​ទៅ​នឹង​សំណូមពរ​ ឲ្យ​បញ្ជូន​យក​លោក ​លីវ ស៊ែវប៉ូ ​ទៅ​ព្យាបាល​នៅ​បរទេស ​អាជ្ញាធរ​មន្ទីរ​ពេទ្យចិន ​ បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ​ទី​៨កក្កដា​ថា ​ អាការៈ​របស់​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ​ដែល​មិនអាច​អនុញ្ញាត ​ឲ្យ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន​ទេ។

លោក លីវ ស៊ែវប៉ូ នៅលើគ្រែ​មន្ទីរពេទ្យ
លោក លីវ ស៊ែវប៉ូ នៅលើគ្រែ​មន្ទីរពេទ្យ Liu Xiaobo

សូម​បញ្ជាក់​ថា ​លោក លីវ ស៊ែវប៉ូ ​ដែល​មាន​អាយុ​៦២​ឆ្នាំ ​​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ​នៅ​ឆ្នាំ​២០១០។ លោក​មិនបាន​ទៅ​ទទួល​ពាន​រង្វាន់​ទេ ​ដោយសារ​លោក​ត្រូវ​ជាប់​ក្នុង​ឃុំ​ នៅ​ឯប្រទេស​ចិន។ លោក ​ស៊ែវប៉ូ ​គឺ​ជា​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ ​ដែល​បាន​ចូលរួម​សរសេរ​អត្ថបទ ​សំដៅ ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​របប​នយោបាយ​ចិន ​ មាន​ជា​អាថទិ៍​ ដូចជា​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​ជា​សកល​នៅចិន ​ជាដើម។ តុលាការ​ចិន ​បាន​កាត់​ទោស​លោក ​នៅ​ឆ្នាំ​២០០៩ ​ឲ្យជាប់​គុក​១១​ឆ្នាំ ​ពីបទ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ផ្តួល​រំលំ​របប​ដឹកនាំ។

ក្រុម​គ្រួសារ ​លោក ​លីវ ស៊ែវប៉ូ ​ក៏ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ​ បាន​បន្ទោស​រដ្ឋាភិបាល​ចិន​ ថា​បាន​បណ្តែត​បណ្តោយ ​ទុក​លោក​ចោល​ក្នុង​មន្ទីរ​ឃុំឃាំង ​ មិន​ព្រម​យក​មក​ព្យាបាល ​ឲ្យ​ទាន់​ពេល​វេលា។ ឆ្លៀត​ពេល​នេះដែរ ​អង្គការ​សហប្រជាជាតិ ​ បាន​ទាមទារ​ទៅ​កាន់​រដ្ឋាភិបាល​ចិន​ ថា​ត្រូវ​បើក​ឲ្យ​គេ​អាចទាក់ទង​ ឬ​បានជួប​ជាមួយ​ អ្នក​ទោស​នយោបាយ​ចិន​​ឯទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ