អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនធ្វើសមយុទ្ធ​យោធា ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ន័យ​កំញើញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​ទី​ ៩​ កក្កដា​នេះ ​ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន ​បាន​ឲ្យដឹង​ថា ​ កងទ័ព​ចិន ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​សកម្ម ​ ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល ​ខាង​ត្បូង​កោះ​ហៃណាន។ សមយុទ្ធ​យោធា​នេះ​ ត្រូវបាន​គេ​មើលឃើញ​ថា ​ ចិន​មាន​ចេតនា​កំញើញ​ហ្វីលីពីន ​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ ដែល​មាន​ជំលោះ​ជាមួយ​ចិន​ ក្នុង​ការ​ដណ្តើម​គ្នា​កាន់កាប់​ដែនទឹក​និង​ដែនកោះ។ ​សមយុទ្ធ​នេះ ​ក៏ធ្វើ​ឡើង​ព្រម​ពេល​ដែល​តុលាការ​អាជ្ញារ​កណ្តាល​អន្តរជាតិ ​ត្រូវ​បើក​សវនាកា​ នៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ​ទៅលើ​បណ្តឹង​របស់​ហ្វីលីពីន​ ដែល​ចោទ​ថា​ចិន​បាន​រំលោភ​សន្ធិសញ្ញា​សមុទ្រ​អន្តរជាតិ។

Ministry of National Defense fo China
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន ​ PLA Daily​ ដែល​ជា​ការ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិចិន ​ បាន​ឲ្យដឹង​ថា ​ការ​ធ្វើ​សមយុទ្ធ​កំពុង​តែ​ធ្វើ​នៅ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល​Paracels ​ ភាគ​ខាងត្បូង​កោះ​ហៃណាន ​ ហើយ​គ្រាប់​និង​អាវុធ​ទាំង​អស់​ដែល​ប្រើ​ ក្នុង​សមយុទ្ធ​នេះ​ គឺ​ជា​គ្រាប់​និង​អាវុធ​ពិតៗ​តែម្តង។ ប្រភព​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​ចិន​ដដែល ​បាន​បញ្ជាក់​ថា​ សមយុទ្ធ​យោធា​នេះ ​សំដៅ​ហាត់សម​ទាំង​ផ្នែក​គ្រប់គ្រង់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​នៅ​ពី​លើ​លំហរ​សមុទ្រ ​ ទាំង​ការ​វាយ​ប្រហារ​បាញ់​គ្រាប់​ចេញ​ពី​នាវា​ចម្បាំង ​ ព្រមទាំង​នាវា​មុជទឹក​បាត​សមុទ្រ​ផងដែរ។

 
ចំណែក  ​ទូរទស្សន៍​CCTV ​របស់​ចិន​វិញ​ បាន​ផ្សាយ​រូបភាព ​មាន​យន្តហោះ​ប្រដេញ ​ព្រមទាំង​នាវា​ចំបាំង ​ដែល​កំពុងតែ​បាញ់​គ្រាប់​មីស៊ីល​ជាច្រើនគ្រាប់។ បន្ទាប់​មក​ មាន​រូបភាព ​ឧត្ថម្ភាគចក្រ​ជាច្រើន​គ្រឿង ​កំពុង​ហោះឡើង​ចុះ ​ ព្រម​ជាមួយ​នឹង​រូប​នាវា​មុជទឹក​បាត​សមុទ្រ ​ ដែល​ងើបខ្លួន​ចេញពី​ផ្ទៃទឹក ​ទៀតផង។

បើយើង​ពិនិត្យ​មើល​រូបភាព​ដំបូង​នៃ​ការ​ផ្សព្វផ្សាយ​ដំណឹង​ ពីការ​ធ្វើ​សមយុទ្ធ​យោធា​នា​ពេលនេះ ​គឺ​វា​មាន​លក្ខណៈ​ជា​ការ​ឃោសនា​នយោបាយ ​ដើម្បី​បង្ហាញ​ថា ​ចិន​ខ្លាំង ​ ចិន​មាន​សមត្ថភាព ​ចិន​មាន​មោទនភាព ​និង​វិរៈភាព​ក្នុង​ការ​ការពារ​បុរណភាព​ដែនដី។ តែ​នៅ​ពីក្រោយ ​សកម្មភាព​នេះ ​គឺគ្មាន​អ្វី​ក្រៅ​ពី​បង្ហាញ​ពី​មហិច្ឆិតា​យោធា ​របស់​ចិន ​ ដែល​កាន់តែ​រីក​ធំ​ទៅៗ​នោះទេ។

ធ្វើ​សមយុទ្ធ​សាមញ្ញ ​តែ​ក្នុង​ន័យ​កំញើញ៖
ខាង​ក្រសួង​ការពារជាតិ​ចិន ​បាន​បញ្ជាក់​ថា ​សមយុទ្ធ​យោធា​នេះ ​គ្មាន​អ្វី​ចម្លែក ​ ខុស​ពី​ធម្មតា​ទេ។​ វា​ជា​សមយុទ្ធ​យោធា​សាមញ្ញ ​ដែល​កងទ័ព​ចិន ​តែងតែ​អនុវត្ត​ធ្វើវា។ តែ​យ៉ាងណា យើង​ទទួល​ស្គាល់​ថា ​ការ​ធ្វើ​សមយុទ្ធ​យោធា ​វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​ចិន​ គ្មាន​អ្នកណា​ទៅ​ហាម​ឃាត់​បានទេ។ តែ​កាលៈទេសៈ​នេះ ​ គឺ​សមយុទ្ធ​នេះ ​មិនមែន​ជា​ការ​ហាត់​សមធម្មតា​ទេ ​ តែ​វា​ជា​ការ​បញ្ចេញ​សាច់ដុំ ​ដើម្បី​បំភ័យ​ប្រទេស​តូចៗ ​ក្នុង​តំបន់ ​ព្រោះចិន​ កំពុង​មាន​ជម្លោះ ​ជាមួយ​ប្រទេស​ទាំងនោះ។

ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ បាន​ទាំង​គំរាម​សហរដ្ឋ​អាមេរិក​ទៀត​ផង ​ថា​កុំ​ឲ្យ​មក​លូកដៃ​ក្នុង​កិច្ចការ​ជម្លោះ​នេះ។ លោក​ វ៉ាង យី ​បាន​និយាយ​ដោយ​ចំៗ​តែម្តង​ថា ​ ហាម​សហរដ្ឋ​អាមេរិក ​ មក​ប៉ះពាល់​កិច្ចការ​អធិបតេយ្យ​របស់​ចិន។

អ្វីដែល​យើង ​គិត​ថា​សកម្មភាព​ចិន​នា​ពេល​នេះ​ គឺ​ជា​ការ​គំរាម ​ គឺ​ដោយសារ​តែ​វា​នៅ​សល់​ពេល​តែ​៣ថ្ងៃ​ទៀត ​ពោល​គឺ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​ ដែល​តុលារ​អាជ្ញារ​កណ្តាល​អន្តរជាតិ​​ ត្រូវ​បើក​សវនាកា ​សម្រេច​សេចក្តី​ទៅ​លើ​បណ្តឹង​របស់​ហ្វីលីពីន។​ ចិន​បាន​ប្រកាស​រួចហើយ ​ ថា​គេ​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញារ​កណ្តាល​នេះ​ទេ ​ បើ​សិន​ជា​ខ្លួន​ចាញ់​ក្តី។ ដូច្នេះ ​ការ​បញ្ចេញ​កម្លាំង​យោធា ​នាពេលនេះ ​ គឺ​ចិន​ចង់​បង្ហាញ​ប្រាប់​ថា ​ចិន​មិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​ទេ ​ ហើយ​បើ​ប្រទេស​ណា​ចង់​មក​ចាប់​បង្ខំ​ចិន ​ឲ្យ​ដក​ថយ​ចេញ​ពី​តំបន់​មាន​ជម្លោះ ​គឺ​ប្រទេស​នោះ​នឹង​ស្គាល់​ថ្នាំ​ខ្លាំង​របស់​ចិន​មិន​ខាន។
 

ផែនទីបែងចែក​តំបន់សមុទ្រចិនខាងត្បូង យោងតាម​ការ​ចង់បាន​​របស់​ភាគី​​ជម្លោះ
ផែនទីបែងចែក​តំបន់សមុទ្រចិនខាងត្បូង យោងតាម​ការ​ចង់បាន​​របស់​ភាគី​​ជម្លោះ RFI

៨០%នៃ​ផ្ទៃ​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ជា​របស់​ចិន៖
ដូច​យើង​ដឹង​ហើយ ​ ថា​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ ​ ដែល​នៅជាប់​សមុទ្រ​ចិន​ខាង​ត្បូង​ កំពុងមាន​ ជម្លោះ​ជាមួយ​ចិន​ ក្នុង​ការ​ដណ្តើម​កោះ​នឹង​ដែនទឹក។ តែ​ក្នុង​ចំណោម​នេះ ​ មាន​តែ​ហ្វីលីពីន​មួយ​ទេ ​ដែល​ក្លាហាន ​ហ៊ាន​ដាក់​ពាក្យ​ប្តឹង​ចិន ​នៅ​ចំពោះ​មុខ​តុលាការ​អាជ្ញារ​កណ្តាល​អចិន្ត្រៃយ៍ ​ដែល​មាន​ទីទាំង​នៅ​ក្រុង​ឡាអេ ​ប្រទេស​ហូឡង់ដ៍។​ រដ្ឋាភិបាល​ហ្វីលីពិន ​ ដែល​កាល​នោះ​ដឹកនាំ​ដោយ​លោក ​អាគីណូ ​បាន​ប្តឹង​ចិន​ ថា​បាន​រំលោភ​ទៅ​លើ​សន្ធិសញ្ញា​ដែន​សមុទ្រ​អន្តរជាតិ​ របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ចិន​ខ្លួនឯង​ក៏​ជា​ប្រទេស​ហត្ថលេខី​ដែរ។

បណ្តឹង​នេះ  ​គឺ​ផ្អែក​លើ​ឯកសារ​ដែល​ចិន​បាន​ប្រគល់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ។ ក្នុង​ឯកសារនេះ​ ចិន​បាន​ធ្វើ​ផែនទី​មួយ ​ដើម្បី​កំណត់​អធិបតេយ្យភាព​ខ្លួន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ការកំណត់​យក​ដែនទឹក​នេះ ​គឺ​ចិន​បាន​ប្រើ​គំនូស​ខ្សែ​បន្ទាត់​ចំនួន​៩ខ្សែ​ ដើម្បី​ព័ទ្ធ​យក ​ដល់​ទៅ​៨០% ​នៃ​ផ្ទៃ​សមុទ្រ​តែម្តង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀត​ ​ចិន​ បាន​បូមដី​ចាក់​បំពេញ ​ដើម្បី​សាងសង់​ជា​មូលដ្ឋាន​ទ័ព ​ ព្រលាន​យន្តហោះ​ជាដើម​​ ​នៅ​ប្រជុំកោះ ​Spratleys ​ដែល​ហ្វីលីពីន​ អះអាង​ថា​ជា​របស់​ខ្លួន​ដែរ។ អំណះអំណាង​តែ​មួយ​គត់​របស់​ចិន ​ ក្នុង​ការ​ទាមទារ​ថា​ជា​របស់ខ្លួន ​គឺ​ថា​ចិន​លើកឡើង​ពី​ប្រវត្តិសាស្ត្រ​តាំងតែ​ពី​សតវត្ស​ទី​១៣ ​ព្រោះ​ជំនាន់​នោះ​មាន​ទូក​អ្នក​ជំនួញ ​និង​អ្នក​នេសាទ​ចិន ​នៅ​ពេញ​សមុទ្រ​ចិន​ខាងត្បូង។ អញ្ចឹង​តំបន់​ទាំងនោះ​គឺ​ជា​របស់​ដូនតា​ចិន។

សន្ធិសញ្ញា​​អន្តរជាតិ​នៃ​ច្បាប់​សមុទ្រ​ គឺ​ជា​ច្បាប់​កំណត់​ព្រំដែន​សមុទ្រ៖
សម្រាប់​អ្នកច្បាប់​ អំណះអំណាង​ដែល​ចិន​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ​តាំង​ពី​សតវត្ស​ទី​១៣​ ដើម្បី​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ខ្លួន​នោះ ​ ​គឺ​ធ្វើ​ឲ្យ​គេ​ហួសចិត្ត​ខ្លាំង​ណាស់។ ការ​បែងចែក​ដែន​សមុទ្រ ​គឺ​មាន​វិធាន​អន្តរជាតិ​ជា​អ្នក​កំណត់ ​ហើយ​គឺ​ជា​អ្វី​ដែល​ហ្វីលីពីន​បាន​លើក​ឡើង ​ ពោល​គឺ​គេ​ត្រូវ​ផ្អែក​លើ​សន្ធិសញ្ញា​ច្បាប់​សមុទ្រ​ របស់​អង្គការ​សហប្រជាជាតិ។ មិនមែន​ចិន​គូសខ្សែ​៩​បន្ទាត់ ​វាទ​យក​តែ​ម្នាក់​ឯង​នោះ​ទេ។

មុននឹង​ទទួល​ពាក្យ​បណ្តឹង​ហ្វីលីពីន​ តុលាការ​អាជ្ញារ​កណ្តាល​អន្តរជាតិ ​ គេ​បាន​ប្រជុំ​សម្រេច​ជាបឋម​រួច​ទៅហើយ ​ ថា​គេ​មាន​អំណាច​យុត្តាធិការ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ តែ​ផ្ទុយ​ទៅ​វិញ ​ចិន ​ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ និង​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ច្បាប់​សមុទ្រ ​បែរ​ជា​ប្រកាស​មិន​ទទួល​ស្គាល់​អំណាច​យុត្តាធិការ​នៃ​តុលាការ​នេះ​ទៅវិញ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ចិន​បាន​គំរាម​ទៀតថា​ នឹង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សមុទ្រ​ទៀត​ផង។

កំញើញ​ផង ​ រុល​ទៅមុខ​ផង៖
គ្រប់គ្នា​ដឹង​យ៉ាងច្បាស់ ​ថា​ចៅក្រម​ទាំង​៥​រូបនៃ​តុលាការ​ក្រុង​ឡាអេ ​ពិត​ជា​សម្រេច​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ ហើយ​តំរូវ​ឲ្យ​ចិនដក​កម្លាំង​ត្រឡប់​ទៅវិញ។ តែ​យុទ្ធសាស្រ្ត​ដែល​ចិន ​កំពុង​ធ្វើ​នាពេល​នេះ ​ គឺ​ធ្វើ​យ៉ាងណា ​បំផ្លាញ​សេចក្តី​សម្រេច​របស់​តុលាការ ​តាម​រយៈ​ការ​បំភ័យ​ប្រទេស​សាម៉ី​ម្ខាង​ទៀត ​កុំឲ្យ​អនុវត្ត​វាបាន។ ស្របពេល​ជាមួយ​គ្នា​នេះ​ ចិន​នៅ​តែ​បន្ត​រុលទៅ​មុខទៀត។ ពោល​គឺ​វាមិន​ខុស​ពី​ការ​ដែល​ចិន ​ កំញើញ ​និង​ ញុះញង់​ឲ្យ​ហ្វីលីពីន​ប្រើ​កម្លាំង​ តាម​រយៈ​ការដាក់​ទ័ព​រុល​ទៅមុខ​បន្តិច​ម្តងៗ ​តែ​ហ្វីលីពិន​មិន​ហ៊ាន ​ គិតតែ​ដកថយ ​ទី​បំផុត​ចិន​ឈរ​នឹង​ ព័ទ្ធយក​ដោយ​មិន​ចាប់​បាច់​បាញ់​ សូម្បី​តែ​មួយ​គ្រាប់។

ជាក់ស្តែង​កាល​ពី​ថ្ងៃ​សុក្រទី ​៨ កក្កដា ​​រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន​ បាន​ប្រកាស​រួច​ទៅហើយ​ថា ​ហ្វីលីពីន​សុខចិត្ត​ធ្វើការ​បែងចែក​ភោគផល​ ដែល​មាន​នៅ​បាត​សមុទ្រ​ជាមួយ​និង​ចិន ​ បើទោះ​បី​ជា​តុលាការ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្តី។ ពាក្យ​ចាស់​ពោល​ថា ​“អារ​សាច់​ជូន​ខ្លា ​ទើប​នៅ​សុខ​បាន” ​ គឺ​វា​មិន​ខុស​ទេ។

ហ្វីលីពីន​ មិនខុស​ពី​ពងមាន់ ​ដែល​ជល់​នឹង​ថ្ម​ទេ។ អាមេរិក​ បាន​ពង្រាយ​កម្លាំង​ទ័ព​នៅ​ក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ​ចាំជួយ​ហ្វីលីពីន​មែន​ពិត ​ តែ​កាលៈទេសៈ​នេះ​រដ្ឋាភិបាល​អាមេរិក ​កំពុង​តែរវល់​ជាប់​ដៃ ​ជាមួយ​នឹង​ការ​ឃោសនា​បោះឆ្នោត ​ប្រធានាធិបតី។ ដូច្នេះគេ​មិន​ជឿថា​ អាមេរិក​ នឹង​មក​ជួយ​ហ្វីលីពីន​បាន​ទាន់​ពេល​ទេ។ ដូច្នេះ​ហើយ​ ទើប​ចិន​ឆក់​ឱកាស​នេះ ​ដើម្បី​ខិត​កូនអុក​របស់​ខ្លួន​ទៅមុខ។

ឯ​ចំណែក​សហគមន៍​អាស៊ាន ​រឹតតែ​មិន​អាច​ឲ្យ​ហ្វីលីពីន​សង្ឃឹម​បាន​ទៅទៀត​ ព្រោះ​ប្រទេស​ទាំង​១០​ មិន​បាន​សាមគ្គី​គ្នា​តែមួយ​ ដើម្បី​ទប់ទល់​ជាមួយ​ចិន​ទេ។ ក្នុង​អាស៊ាន​ពេល​នេះ ​សក់​អ្នក​ណា ​ក្បាល​អ្នក​ហ្នឹង​ តែម្តង។ យ៉ាងណា​មិញ​ ​វៀតណាម ​ធ្លាប់​បាក់​ធ្មុង​ស្លាប់​ទាហាន​ជាង​១៤០​នាក់​រួច​ហើយ​ កាល​ពី​ឆ្នាំ​១៩៧៤ ​និង​១៩៨៨​ នៅ​តំបន់ Paracels​និង ​Spratleys ​ នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ