អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក ​នៅ​ប៉េកាំង​ ដើម្បី​និយាយ​រឿង​កូរ៉េ​ខាងជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿង​កូរ៉េ​ខាងជើង​ ដែល​បង្ក​ការ​ភ័យខ្លាច​ដល់​សន្តិសុខ​ពិភពលោក ​តាម​រយៈ​ការ​បាញ់​មីស៊ីល ​និង​នុយក្លេអ៊ែរ​ជា​បន្ត​បន្ទាប់​នោះ ​គឺ​ជា​សំណុំរឿង ​ដែល​រដ្ឋាភិបាល​អាមេរិក ​និង​ចិន ​បាន​ផ្តល់​សារៈ​សំខាន់​បំផុត។ លោក ​រិច ធីឡឺសុន ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ទើបតែ​បាន​ទៅ​ដល់​ ទីក្រុង​ប៉េកាំង ​នៅ​ថ្ងៃ​សៅរ៍​ទី ​៣០ ​កញ្ញា​នេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​ ថ្វី​បើ​កម្មវត្ថុ​ចំបង​ត្រូវ​គេ​ប្រកាស​ថា​ គឺ​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ ​នៅ​ក្រុង​ប៉េកាំង ​ក៏ដោយ ​ តែ​យ៉ាងណា​គេ​ជឿថា​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ នឹង​ឆ្លៀត​លើកឡើង ​​ជាមួយ​សមភាគី​ចិន ​ស្តីពី​បញ្ហា​កូរ៉េ​ខាង​ជើង។

លោក រិច ធីឡឺសុន  និងលោក ស៊ី ជីនពីង នៅវិមាន​ប្រធានាធិបតី ក្រុុងប៉េកាំង ថ្ងៃទី ៣០ កញ្ញា ២០១៧
លោក រិច ធីឡឺសុន និងលោក ស៊ី ជីនពីង នៅវិមាន​ប្រធានាធិបតី ក្រុុងប៉េកាំង ថ្ងៃទី ៣០ កញ្ញា ២០១៧ REUTERS/Lintao Zhang/Pool
ផ្សាយពាណិជ្ជកម្ម

រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ

លោក ​Rex Tillerson ​បានទៅ​ដល់​ទីក្រុង​ប៉េកាំង ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ៣០​កញ្ញា​នេះ។​ កម្មវត្ថុ​ ដែល​គេ​ប្រកាស​ជា​ផ្លូវការ​ គឺ​លោក ​ រដ្ឋមន្ត្រី​ការប​រទេស​អាមេរិក ​ ​ទៅ​ប៉េកាំង ​ដើម្បី​និយាយ​ជាមួយ​សមភាគី​ចិន ​ស្តីពី​ការ​រៀបចំ ​នូវ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ​របស់​លោក ​ ដូណាល់ ត្រាំ ​នៅ​ទីក្រុង​ប៉េកាំង ​ នៅ​រវាង​ខែ​ វិច្ឆិកា​ ខាង​មុខ​នេះ។

លោក ​Rex​ Tillerson ​ត្រូវ​បាន​លោក​ Wang Yi ​រដ្ឋមន្ត្រី​ការបរទេស​ចិន ​ទទួល​យ៉ាង​អធិកអធម្ម ​នៅ​មហា​វិមាន​ប្រជាជន​នៅ​ទីលាន​ធានអានមិន។ បន្ទាប់​មក​ទៀត ​លោក ​Tillerson ​នឹង​ត្រូវ​ចូល​ទៅ​ជួប​ជាមួយ ​នឹង​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង ​ព្រមទាំង​លោក​ទីប្រឹក្សា​រដ្ឋ​ពិសេស​ ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ ​គឺ​លោក ​ Yang Jiechi។

ស្ថិតក្នុង​កម្មវត្ថុ​នេះ ​លោក ​រដ្ឋមន្ត្រី​ការបរទេស​ចិន ​បាន​លើក​ឡើង​ថា ​ ការ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ របស់​លោក​ដូណាល់ ត្រាំ ​នៅ​ខែ​វិច្ឆិកា​ខាងមុខ​ គឺ​ជា​ឱកាស​ដ៏​សំខាន់​ណាស់ ​សំរាប់​ទំនាក់ទំនង ​នៃ​ប្រទេស​ទាំង​ពីរ​ អាមេរិក​ ចិន។ ដូច្នេះ​ហើយ ​ទើប​ក្រុម​ការងារ​នៃ​ប្រទេស​ទាំងពីរ ​ត្រូវ​ជួប​និយាយ​គ្នា ​ ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​ ឲ្យ​បាន​ល្អ​ប្រសើរ។

នៅ​ចំពោះ​មុខ​អ្នក​កាសែត ​ រដ្ឋមន្ត្រី​ការបរទេស​ចិន ​និង​អាមេរិក​ មិនបាន​លើកឡើង​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​ទេ។ តែ​យ៉ាងណា ​មុននឹង​ចេញ​ដំណើរ​ទៅ ​ប៉េកាំង​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​លើក​ឡើង​ថា ​លោក​នឹង​ទៅ​និយាយ​ជាមួយ​សមភាគ​ចិន​ ស្តី​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​សំអាត​អាវុធ​នុយក្លេអ៊ែរ ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ​ព្រមទាំង​និយាយ​ពី​បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​ រវាង​ចិន ​និង​អាមេរិក​ផង​ដែរ។ ដូច្នេះ ​ទោះ​គេ​មិន​ប្រកាស​ជា​ផ្លូវការ​ ក៏​យើង​អាច​ដឹង​ថា ​លោក​Rex Tillerson ​នឹង​និយាយ​ជាមួយ​ភាគី​ចិន​ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ ​កូរ៉េ​ខាង​ជើង។

ចិន​ ព្រម​សហការ​ច្រើន​ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង

ទាក់ទិន​ នឹង​សំណុំ​រឿង ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នេះ ​កន្លង​មក​យើង​ឃើញ​ថា​ ខាង​ភាគី​អាមេរិក ​តែងតែ​ស្តី​បន្ទោស​ចិន ​យ៉ាង​ធ្ងន់ៗ ​ថា​មិន​បាន​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បញ្ហា​ទេ ​បែរ​ជា​បន្ត​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង​ដដែល។ មិនមែន​មាន​តែ​អាមេរិក​ មួយ​ទេ ​ដែល​ចោទ​ចិន​ ថា​មិន​បាន​ជួយ​ក្នុង​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ។​ នរណា​ក៏​ដឹង​ដែរ​ថា ​របប​ផ្តាច់ការ​ព្យុងយ៉ាង ​រកស៊ី​ជាមួយ​ចិន​សឹងតែ​ទាំង​ស្រុង ​ទាំង​ជំនួញ​ស្រប​ច្បាប់ ​និង​ជំនួញ​ផ្លូវ​ងងឹត។ ដូច្នេះ ​ទណ្ឌកម្ម​ទាំង​ឡាយ​ណា ​ដែល​គេ​ដាក់​ទៅ​លើ​កូរ៉េ​ខាងជើង ​មិន​អាច​មាន​ប្រសិទ្ធិភាព​ទេ បើ​សិន​ជា​គ្មាន​ការ​ប្រឹងប្រែង​ចូលរួម​ ​ពី​សំណាក់ ​អាជ្ញាធរ​ចិន។

ប៉ុន្តេ ​ជាការ​កត់​សំគាល់ ​គេ​ឃើញ​ថា​ ចិន​ បាន​ប្តូរច្រើន ​ ដោយ​បាន​ទទួល​យក​ទណ្ឌកម្ម ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​សម្រេច​ដាក់​ទៅ​លើ​កូរ៉េ​ខាងជើង។ ទណ្ឌកម្ម​ ដែល​បាន​ដាក់​ចេញ ​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ ​ គឺ​ជា​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ណាស់ ​ហើយ​ចង់​មិន​ចង់​ ក្រុមហ៊ុន​ចិន​ អ្នក​ជំនួញ​ចិន ​ ក៏​ខាត​បង់​មិន​ស្ទើរ​ដែរ។ តែ​យ៉ាងណា ​រដ្ឋាភិបាល​ចិន​ សន្យា​ថា ​នឹង​សហការ។

យ៉ាង​ណាមិញ ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ទើប​បាន​ប្រកាស​ថា ​ ​ពី​នេះ​រហូត​ដល់​ខែ​មករា ​ឆ្នាំ​២០១៨​ ក្រុមហ៊ុន​កូរ៉េ​ខាងជើង ​ដែល​បាន​មក​បោះ​ទីតាំង​ចុះ​បញ្ជី​នៅ​ចិន​ នឹង​ត្រូវ​តែ​បិទ​ទ្វារ​ទាំងអស់។ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ​អាជ្ញាធរ​ចិន​ ក៏​បាន​បញ្ជាក់​ដែរ​ថា ​គេ​បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គត់ ​ប្រេង​ឥន្ធនៈ ​ទៅ​ឲ្យ​កូរ៉េ​ខាងជើង ​យ៉ាង​ច្រើន​បំផុត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​កាល​ពី​ថ្ងៃ​អង្គារ ​សប្តាហ៍​នេះ ​ចិន​ បាន​សម្រេច ​កាត់​ផ្តាច់​ទំនាក់ទំនង​ក្នុង​វិស័យ​ធនាគារ​ជាមួយ​កូរ៉េ​ខាង​ជើង។ ​ការនេះ ​បាន​ធ្វើ​ឲ្យ​លោក ដូណាល់ ត្រាំ ​អបអរ​សរសើរ​ចិន​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ ក៏បាន​លាន់​មាត់ ​សរសើរ​ចិន​ដែរ​ ថា​បាន​ប្រែប្រួស​ច្រើន ​ព្រម​សហការ​ច្រើន ​ទាក់ទិន​នឹង​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង។ ដូច្នេះ​ហើយ ​ អាមេរិក ​ក៏​ត្រូវ​បន្ទន់​ឥរិយាបថ ​ជាមួយ​ចិន​ដែរ ​ដែលនេះ​​ជា​រឿង​ធម្មតា។ តាម​ពិត​ទៅ ​ចិន​ ព្រម​សហការ ​ក្នុង​រឿង​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​នេះ ​បើ​ទោះ​បី​ជា​ចិន​ ខាត​ផ្នែក​ជំនួញ​មែន​ តែចិន ​ មាន​ប្រយោជន៍​ព្រោះបើ​ផ្ទុះ​សង្រ្គាម​រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ជើង​ អ្នក​ដែល​ខាត​ធ្ងន់​ គឺចិន​ទៅ​វិញ​ទេ។

ជំហរ​ផ្ទុយគ្នា​ រវាង​អាមេរិក ​និង​ចិន

ក្នុង​សំណុំ​រឿង​កូរ៉េ​ខាងជើង ​នៅមាន​រឿង​ច្រើន​ចំណុច ​ ដែល​ចិន​ គិត​ ខុស​ពី​អាមេរិក។ វា​ជា​រឿង​ធម្មតា​ទេ ​ព្រោះថា​ចិន​ មាន​ផល​ប្រយោជន៍​ផ្សេង​ ខុស​ពី​អាមេរិក។ តែ​យ៉ាងណា ​មហាអំណាច​ទាំងពីរ​ មាន​កម្មវត្ថុ​រួមគ្នា ​គឺ​ធ្វើ​យ៉ាងណា ​បោស​សំអាត​កម្មវិធី​នុយក្លេអ៊ែរ ​ឲ្យអស់​ពី​ឧបទ្វីប​កូរ៉េ។ ទាញ​កូរ៉េ​ខាង​ជើង ​ឲ្យឈប់​បាញ់​សាក​មីស៊ីល ​និង​ឈប់​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ។

គោល​ជំហរចិន ​ មិនខុស​ពី​រុស្ស៊ី​ទេ ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ​ ហើយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ​នូវ​ការ​ផ្លោង​ពាក្យ​សំដី​គំរាម​ទៅ​គំរាម​មក ​ ដែល​លោក​ដូណាល់ ត្រាំ ​តែងតែ​ធ្វើ​ជា​រឿយៗ​កន្លង​មក។ និយាយ​គំរាម ​កំញើញ​គីម ជុងអ៊ុន ​វា​មិនត្រឹម​តែ​មិន​បាន​ផល​ទេ​ ​គឺវា​រឹត​តែ​ធ្វើ​ឲ្យ​គីម ជុងអ៊ុន ​ក្តៅ​ឆេវឆាវ។ គោល​ជំហរ​ចិន ​ មួយ​ទៀត ​ គឺចិន​ ចង់​​ឲ្យអាមេរិក​ ព្រម​ធ្វើ​សម្បទាន​ឲ្យ​កូរ៉េ​ខាងជើង ​តាម​រយៈ​ ការ​ផ្អាក​ទាំង​សងខាង។ គឺ​ភាគី​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ ត្រូវផ្អាក​ ឈប់​ធ្វើ​សមយុទ្ធ​យោធា ​ ឯ​ចំណែក​កូរ៉េ​ខាង​ជើង​វិញ ​ ត្រូវ​ឈប់​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក ​និង​នុយក្លេអ៊ែរ។

កាសែត​ចិន ​Global Times​ ចុះផ្សាយ​ថា​ ជំរើស​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ មាន​តែ​ពីរ​ទេ។ ទីមួយ ​គឺ​កំទេច​កូរ៉េ​ខាង​ជើង​ចោល ​ឬ​មួយ​ទីពីរ​ គឺ​និយាយ​ជាមួយ​កូរ៉េ​ខាង​ជើង​តាម​សម្រួល។ ហើយ​បើ​ចង់​ឲ្យ​កូរ៉េ​ខាងជើង ​វិល​មក​និយាយ​ចរចា​គ្នា ​លុះណា ​តែ​កូរ៉េ​ខាង​ជើង​បាន​ត្រជាក់​ចិត្ត។ ហើយ​ដើម្បីឲ្យ​កូរ៉េ​ខាងជើង​ បាន​ត្រជាក់​ចិត្ត​ លុះ​ណា​តែ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង ​ឈប់​ធ្វើ​សមយុទ្ធ​យោធា​ ត​ទៅ​ទៀត។

ចិន​​ និងរុស្ស៊ី​ យល់​ដូចគ្នា​ ​ថា​ ​បើ​កូរ៉េ​ខាងជើង ​នៅតែ​ខ្លាច ​អាមេរិក​មក​ផ្តួល​រំលំ​របប​ខ្លួន ​ នោះ​គឺ​គេ​នៅ​តែ​បន្ត​គំរាម​បាញ់​មីស៊ីល​ជានិច្ច។ ដូច្នេះ ​ក្នុង​ន័យ​នេះ ​អាមេរិក​ត្រូវតែ​បន្ថយ​ការ​គំរាម ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា ​ដើម្បី​ឲ្យ​ស្ថានការណ៍​ស្ងប់​ស្ងាត់។ ប៉ុន្តែ ​ចំនុច​ចុងក្រោយ​នេះ ​ អាមេរិក​ មិន​ព្រម​ស្តាប់​ចិន​ទាល់​តែសោះ។ សម្រាប់​អាមេរិក ​គឺ​គេ​ត្រូវ​តែ​ត្រៀម​កំលាំង​ទុក​ បើ​សិន​ជា​សង្រ្គាម​កើតឡើង​ ដោយ​ប្រការ​ណា​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ