អានតួអត្ថបទ
កូរ៉េខាងជើង

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ​អាមេរិក​មាន​ខ្សែ​រយៈ​ទាក់ទង​កូរ៉េខាង​ជើង​ដោយ​ផ្ទាល់

លោក​ រិច ធីឡឺសុន​​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​ទៅ​ដល់​ក្រុង​ប៉េកាំង ​កាលពី​ថ្ងៃ​សៅរ៍ ​ទី​ ៣០​ កញ្ញា​ ​ដែល​នៅ​ទីនោះ ​លោក​បាន​ចូលជួប ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ​ដើម្បី​និយាយ​ពី​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ដូណាល់​ត្រាំ ​នៅ​ទីក្រុង​ប៉េកាំង ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ សំណុំ​រឿង​កូរ៉េ​ខាង​ជើង ​ ក៏ត្រូវ​បាន​គេ​លើក​មក​និយាយ ​ក្នុង​ឱកាស​នោះ​ដែរ។ យ៉ាងណាមិញ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​លើក​ឡើង​ថា ​ អាមេរិក ​មាន​ខ្សែ​បណ្តាញ​ទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង ​បាន​ដោយ​ផ្ទាល់ ​ ដើម្បី​ស្ទាបស្ទង់​ពី​បំណង​របស់​កូរ៉េ​ខាងជើង។

លោក រដ្ឋមន្ត្រីក្រសួង​ការបរទេស​​អាមេរិក​ Rex Tillerson ​នៅ​ប៉េកាំង​ ថ្ងៃទី​​៣០ ​កញ្ញា ​២០១៧
លោក រដ្ឋមន្ត្រីក្រសួង​ការបរទេស​​អាមេរិក​ Rex Tillerson ​នៅ​ប៉េកាំង​ ថ្ងៃទី​​៣០ ​កញ្ញា ​២០១៧ REUTERS/Lintao Zhang/Pool
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ប៉េកាំង ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ៣០​កញ្ញា ​លោក​Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​ប្រកាស​ថា ​ អាមេរិក ​ មាន​ខ្សែ​បណ្តាញ​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់ ​ជាមួយ​របប​កូរ៉េ​ខាង​ជើង​ ចំនួន​ ​២ ទៅ​ ៣​ខ្សែ​បណ្តាញ។ លោក​ Tillerson ​បន្ត​ថា៖​ "យើង​មិនមែន​ស្ថិត​ក្នុង​ភព​ខ្មៅ​ងងឹត​ គ្មាន​ទំនាក់​ទំនង​សោះ ​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ​ទេ។ គឺ​យើង​មាន​ខ្សែ​បណ្តាញ​របស់​យើង ​ដែល​អាច​ឲ្យយើង​និយាយ​ជាមួយ​កូរ៉េ​ខាង​ជើង​បាន ​ ហើយ​យើង​នឹង​និយាយ ​ និង​សាកសួរ​ ដើម្បី​ស្ទាបស្ទង់ ​ទឹកចិត្ត​ និង​បំណង​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង។ ដូច្នេះ​សូម​ទាំង​អស់​គ្នា ​មាន​ការ​ ប្រុង​ប្រយ័ត្ន ​កុំ​អាល​តក់​ក្រហល់​ អន្ទះ​អន្ទែង​ពេក"

បន្ថែម​ពី​នេះ​ទៀត ​ លោក​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​រូបនេះ ​បាន​អះអាង​ថា ​ បណ្តាញ​ទំនាក់​ទំនង​ដែល​មាន​ជា​មួយ​កូរ៉េ​ខាង​ជើង​នោះ ​គឺជា​បណ្តាញ​ផ្ទាល់​របស់​អាមេរិក ​មិនមែន​ជា​បណ្តាញ ​ដែល​ឆ្លងកាត់​អន្តរាគមន៍​សម្រប​សម្រួល ​របស់​ចិន​ទេ

គួរ​កត់​សម្គាល់​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​ប្រកាស​ព័ត៌មាន​នេះ ​ក្រោយ​ពេល​ដែល​លោក ​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ចិន​ នៅ​ទីក្រុង​ប៉េកាំង។ គេ​ពិបាក​ស្មាន​ណាស់​ ថា​ហេតុអ្វី​បាន​ជា​លោក Tillerson ​យក​ឱកាស​នេះ​ មក​​​ប្រកាស​ដំណឹង​ស្តីពី​ខ្សែ​បណ្តាញ​ទំនាក់ទំនង​ដោយ​ផ្ទាល់ ​ជាមួយ​កូរ៉េ​ខាង​ជើង ​ដែល​មិនមែន​ជា​ខ្សែ​បណ្តាញ​ចិន។ តែ​បើតាម​ការ​ស្មាន ​វា​អាច​ជា ​វិធីសាស្ត្រ​មួយ​ ដើម្បី​បញ្ជាក់​ប្រាប់​ទៅ​ចិន​ថា ​បើទោះ​ជា​គ្មាន​ចិន​ជួយ​សម្របសម្រួល ​អាមេរិក​ ​ក៏​អាច​មាន​លទ្ធភាព ​ចូលទៅ​និយាយ​ទាក់ទង​ ជាមួយ​កូរ៉េ​ខាង​ជើង​ដែរ។

ទោះ​យ៉ាងណា ​​ការ​ប្រកាស​ឲ្យ​ដឹង​ថា ​អាមេរិក​ មាន​ខ្សែ​បណ្តាញ​ដើម្បី​ទាក់ទង​នឹង​កូរ៉េ​ខាងជើង ​ ព្រមទាំង​ថា​ ភាគី​អាមេរិក​ កំពុង​ត្រងត្រាប់​ស្តាប់​ និង​ស្ទាបស្ទង់​ចិត្ត​កូរ៉េ​ខាង​ជើង​នោះ ​គឺ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ​ព្រោះថា ​មួយរយៈ​ចុង​ក្រោយ​នេះ ​លោក​ដូណាល់ត្រាំ ​គិត​តែ​ប្រឹង​បំពង​សម្លេង​ គំរាម​កំទេច​កូរ៉េ​ខាង​ជើង។ លោក ​គីម ជុងអ៊ុន ​និង​លោក​ដូណាល់ ត្រាំ ​បាន​បន្ត​គំរាម​កំទេច​គ្នា​ទៅ​វិញ​ទៅ​មក។

យ៉ាងណា​មិញ ​កាល​ពី​ថ្ងៃសៅរ៍​ ​ទី ​៣០​កញ្ញា នេះ​ទៀត​ ទីភ្នាក់ងារ​ឃោសនា​របស់​របប​​ព្យុងយ៉ាង​បាន ​ប្រកាស​ដៀលជេរ​ លោក​ដូណាល់ ត្រាំ ​ថា​ជា​ “តា​ចាស់​វិកល​ចរិក”​ ហើយ​ថា ​បើ​អាមេរិក ​ហ៊ាន​សាក​ល្បង ​ជាមួយ​កូរ៉េ​ខាង​ជើង​ នោះ​អាមេរិក​ នឹង​ឆេះ​ខ្ទេច​ក្លាយ​ជា​ផេះ​ ដោយសារ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ