អានតួអត្ថបទ
ចិន

អ្នកបោះ​ពុម្ភសៀវភៅ​ដែល​ចិន​ចាប់​ខ្លួន ចេញ​មុខ​ចោទ​ស៊ុយអែត​ ថា​ពង្វក់​ខ្លួន​ឲ្យ​ប្រឆាំង​ចិន

អ្នកបោះពុម្ពសៀវភៅ និងជាម្ចាស់បណ្ណាគារម្នាក់ ជនជាតិស៊ុយអែត ដើមកំណើតចិន ដែលត្រូវបានអាជ្ញាធរចិន បានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២០មករានោះ ទើបតែបានលេចមុខមកវិញ ហើយបាននិយាយសារភាពទទួលកំហុស ថាខ្លួនពិតជាបានធ្វើមិនសមរម្យ ចំពោះ​រដ្ឋាភិបាល​ចិន ហើយថា អ្នក​ដែល​បាន​ពង្វក់​ស្មារតី​ខ្លួន ឲ្យ​ប្រឆាំង ​និងស្អប់​ចិន គឺ​អាជ្ញាធរ​ទូត​របស់​ប្រទេស​ស៊ុយអែត។ តែយ៉ាងណា មិត្តស្និទស្នាលម្នាក់ របស់អ្នក​បោះ​ពុម្ពសៀវភៅ​រូបនេះ​ បាន​អះអាង​ថា សូមកុំជឿសម្តីសារភាពនេះឲ្យសោះ ព្រោះគាត់​ពិតជា​ត្រូវ​បាន​អាជ្ញាធរ​ចិន​ប៉េកាំង ​ធ្វើ​ទារុណកម្ម​និង​ចាប់​បង្ខំ ​ឲ្យ​ឆ្លើយ​បែបនេះ។

លោក Gui Minhai អ្នកបោះពុម្ព និង​ម្ចាស់​បណ្ណាគារ​នៅ​ហុងកុង ដែល​ត្រូូវ​បាន​​អាជ្ញាធរ​ចិន​​ចាប់ខ្លួន​ ​នៅថ្ងៃ​​ទី​​២០​​មករា​២០១៨​
លោក Gui Minhai អ្នកបោះពុម្ព និង​ម្ចាស់​បណ្ណាគារ​នៅ​ហុងកុង ដែល​ត្រូូវ​បាន​​អាជ្ញាធរ​ចិន​​ចាប់ខ្លួន​ ​នៅថ្ងៃ​​ទី​​២០​​មករា​២០១៨​ RFILIUJANET FOTO 制作 3 图片
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសុក្រ ទី៩កុម្ភៈ បណ្តាញព័ត៌មានចិនប៉េកាំង បានផ្សព្វផ្សាយវិដេអូមួយ​ ដែលគេឃើញរូបលោក លោក Gui Minhai អ្នកបោះពុម្ពសៀវភៅ និងជាម្ចាស់បណ្ណាគារ បានផ្តល់បទសម្ភាសន៍។ ក្នុងបទសម្ភាសន៍ ដោយមានមន្ត្រីនគរបាលចិន ២នាក់នៅឈរអមក្បែរផងនោះ លោក លោក Gui Minhai បាននិយាយថា លោកត្រូវបានក្រុមមន្ត្រីការទូតស៊ុយអ៊ែត បោកប្រាស់ និងដាក់សម្ពាធ ឲ្យលោកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន។​ ជាច្រើនលើកច្រើនសារ មន្ត្រីស៊ុយអែត បានបង្ខំឲ្យលោក ចាកចេញពីទឹកដីចិន ទាំងដែលដឹងថា លោកនៅមានបញ្ហាក្តីក្តាំ មិនទាន់ដោះស្រាយរួចនៅចិន។

លោកបន្តថា លោកប្រៀបបានជាកូនអុករបស់ស៊ុយអែត ដែលគេប្រើលោក​​ ដើម្បី​បង្អើល​មតិ​សាធារណៈ និង​បង្កាច់​បង្ខូច​រដ្ឋាភិបាល​ចិន។ លោក​ប្រកាសថា ចាប់ពី​ពេលនេះ លោក​មិនអាច​ទុកចិត្ត​ មន្ត្រី​របស់រដ្ឋាភិបាល​ស៊ុយអែត​ ​បាន​ទៀតទេ។

សូមបញ្ជាក់ថា លោក Gui Minhai អាយុ៥៣ឆ្នាំ ជនជាតិស៊ុយអែត ដើមកំណើតចិន បានបោះពុម្ពចែកចាយសៀវភៅជាច្រើន នៅហុងកុង ដែលសៀវភៅមួយចំនួន មានខ្លឹមសាររិះគន់ និងសើចចំអក ដល់របបដឹកនាំផ្តាច់ការ បក្សតែមួយ របស់ចិន។ លោក Gui Minhai បានបាត់ខ្លួន ម្តងរួចមកហើយ ក្នុងពេលលោកធ្វើដំណើរទៅលេងប្រទេសថៃ កាល​ពីឆ្នាំ២០១៥ ព្រមពេលជាមួយនឹង មានការបាត់ខ្លួន ម្ចាស់​បណ្ណគារ​៥នាក់​ទៀតដែរ។ ក្រោយមក លោកបានលេចមុខជាថ្មី នៅ​ឯ​មន្ទីរ​ឃុំឃាំង​មួយកន្លែង របស់ចិន។

កាលពីថ្ងៃទី២០មករា ក្នុងពេលដែលលោកកំពុងធ្វើដំណើរតាមរថភ្លើង ទៅក្រុងប៉េកាំង លោកត្រូវបានមន្ត្រីនគរបាលចិន ស្លៀកពាក់ឯកសណ្ឋានស៊ីវីល ចុះមកចាប់ឃាត់ខ្លួន បាត់ដំណឹងឈឹងសូន្យ តាំងតែពីពេលនោះមក។ ក្នុងពេលចាប់ខ្លួននោះ លោក Gui Minhai ត្រូវអមដំណើរដោយមន្ត្រីស្ថានទូតស៊ុយអែត២នាក់​ ដែលជូនដំណើរលោក ទៅជួបនឹងវិជ្ជបណ្ឌិតស៊ុយអែត មួយរូបនៅឯក្រុងប៉េកាំង។ ស៊ុយអែត បានចោទរដ្ឋាភិបាលចិន ថាបានចាប់ខ្លួនមនុស្ស ដោយបំពាន បើទោះបីជននោះ ស្ថិតក្រោមការពាររបស់ស្ថានកុងស៊ុយបរទេសក៏ដោយ។

មកទល់ពេលនេះ គេមិនអាចទាក់ទងសមាជិកគ្រួសាររបស់ លោក Gui Minhai  បានទេ។ ដោយឡែក លោក Bei Ling អ្នកនិពន្ធជនជាតិចិនមួយរូប នឹងត្រូវជាមិត្តស្និទស្នាលនឹងលោក Gui Minhai បានអះអាង ថា បទសម្ភាន៍ដែលគេ ទើបតែចាក់ផ្សាយនេះ គឺជាឆាកល្ខោនតែប៉ុណ្ណោះ គ្មានអ្វីគួរឲ្យសង្ស័យទេ។ លោកអះអាងថា លោក Gui Minhai  ពិតជាបានព្យាយាមចង់ចាកចេញ ពីទឹកដីចិន​ ដើម្បីទៅព្យាបាលជំងឺ ខូចប្រព័ន្ធប្រសាទ។ លោក Bei Ling បន្ថែមថា គេមិនអាចជឿសម្តីសារភាព របស់អ្នកទោសម្នាក់ដែលគេចាប់ទៅធ្វើទារុណកម្ម និងត្រូវគេបង្ខំបំភិតបំភ័យ បាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ