អានតួអត្ថបទ
ចិន-វិបត្តិសេដ្ឋកិច្ច

កណ្តាប់ដៃ​ដែក​របស់​រដ្ឋាភិបាល​កុម្មុនីស្ត​ចិន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ

ក្នុង​ឱកាស​បើក​មហាសន្និបាទ​ប្រចាំឆ្នាំ​នៃ​សភាជាតិ​ប្រជាមានិត្យ​ចិន ​នៅ​ទីក្រុង​ប៉េកាំង ​លោក​លី កឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន ​ បាន​ធ្វើ​សន្ទរកថា​រយៈពេល​២​ម៉ោង​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ ​និង​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ។ មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាល​ចិន ​ បាន​អះអាង​ថា​នឹង​ធ្វើ​គឹ​ការ​បង្កើន​ការ​ចំណាយ​សាធារណៈ​ដើម្បី​ពន្លឿន​វិស័យ​សេដ្ឋកិច្ច ​បើ​ទោះ​បី​ជាត្រូវ​ ខាតបង់​ថវិកាជាតិ​ច្រើន​ក៏​ដោយ។ ដោយឡែក ​ការ​ចំណាយ​ទៅ​លើ​វិស័យ​យោធា ​នឹង​ត្រូវ​កាត់​បន្ថយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

អង្គមហាសន្និបាទ​ប្រចាំឆ្នាំ​​នៃ​​សភា​​ប្រជាមានិត្យ​​ចិន​ នៅថ្ងៃ​​ទី​៥ មីនា ២០១៦
អង្គមហាសន្និបាទ​ប្រចាំឆ្នាំ​​នៃ​​សភា​​ប្រជាមានិត្យ​​ចិន​ នៅថ្ងៃ​​ទី​៥ មីនា ២០១៦ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

មហាសន្និបាទ​ប្រចាំឆ្នាំ​របស់​សភា​ប្រជាមានិត្យ​ចិន​ ក្នុង​ឆ្នាំ​នេះ ​ ​គឺ​ធ្វើ​ឡើង​ក្នុង​បរិបទ​ស្រងូតស្រងាត់ ​ខុសពី​សព្វ​មួយ​ដង ​ដែល​ពួក​មេ​ដឹកនាំ​កុម្មុនីស្ត​ចិន ​យក​ឱកាស​នេះ​ជា​វេទិកា​ដើម្បី​អួត​បំប៉ោង​ពី​ស្នាដៃ​មហាអស្ចារ្យ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត ​ក្នុង​វិស័យ​សេដ្ឋកិច្ច។ វិស័យ​សេដ្ឋកិច្ច​ចិន​ឆ្នាំ​នេះ ​ធ្លាក់​ចុះ​ ហើយ​មាន​បញ្ហា​ច្រើន​ គួរឲ្យ​ព្រួយ​បារម្ភ។ តំរូវ​ការ​ក្នុង​ស្រុក​ធ្លាក់​ចុះ ​ ការ​នាំ​ចេញ​ថយ​ចុះ ​ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ផលិត​តាម​រោងចក្រ​ថយ​ចុះ​ដែរ​ ការ​វិនិយោគ​អចលនទ្រព្យ​ក៏​ថយចុះ ​ ហើយ​ទុន​វិនិយោគ​ធំៗ ​ត្រូវ​គេ​ដក​ចេញ​ ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ចិន។ ឆ្នាំ​២០១៥​ កំណើន​សេដ្ឋកិច្ច​ចិន​មាន​ត្រឹម​តែ ​៦,៩% ​តែ​ប៉ុណ្ណោះ ​ដែល​នេះ​ជា​កំរិត​ទាប​បំផុត​ ក្នុង​រយៈពេល​៣០​កន្លង​មក​នេះ។

 
បន្ថែមការ​ចំណាយ​សាធារណៈ​ តាម​រយៈ​គម្រោង​វិនិយោគ៖
សន្ទរកថា​​របស់​លោក​លី កឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន​ បាន​ទទួល​ស្គាល់​អំពី​បញ្ហា​ទាំងអស់​នេះ ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ​បក្សកុម្មុយនីស្ត​ចិន ​ប្តេជ្ញា​ដាច់ខាត​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន។ ដោះស្រាយ​ដោយ​វិធី​ណា? ​ គឺ​តាម​រយៈ​ការ​ចំណាយ​ប្រាក់​ដំកល់​របស់​រដ្ឋ​ យក​វា​មក​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច។ ការ​ចាក់​បញ្ចូល​ថវិកា​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ​អាច​ធ្វើ​ទៅ​បាន​ពីរ​រៀប។ របៀប​ទីមួយ​គឺ​ រដ្ឋាភិបាល​ចិន​ នឹង​បង្កើន​ការ​ចំណាយ​សាធារណៈ ​តាម​រយៈ​ការ​បង្កើន​គម្រោង​វិនិយោគ​របស់​រដ្ឋ​ដូចជា ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ពានថ្នល់​ជាដើម។ របៀប​ទីពីរ​ គឺ​រដ្ឋ​ចិន​ នឹង​ចាក់​បញ្ចូល​សាច់ប្រាក់​ដោយ​ផ្ទាល់ ​តាម​រយៈ​ការ​បង្កើន​កំចី​ពី​ធនាគារ​កណ្តាល ​ដោយ​យក​ការ​ប្រាក់​ទាប​បំផុត។

បើ​យោង​តាម​ប្រសាសន៍​លោក​លី កឺឈាំង ​គឺ​ចិន​នឹង​បង្កើន​ការ​ធ្វើ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ផ្លូវ​ថ្នល់ ​និងវិស័យ​ថាមពល។ យ៉ាងណាមិញ ​ក្នុង​ផែនការ​២០១៦-២០២០ ​គឺ​ចិន​មាន​គម្រោង​ចំណាយ​ប្រាក់​៨០០ពាន់​លាន​យាន់ ​ក្នុង​ការ​សាងសង់​ផ្លូវដែក ​១៦៥០​ពាន់​លាន​យាន់ ​ក្នុង​ការសាងសង់​ផ្លូវ​ថ្នល់។ ក្រៅ​ពី​នោះ​នៅ​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គីសនី​២០​កន្លែង ​បូក​បន្ថែម​ជាមួយ​នឹង​គម្រោង​សាងសង់​ថាមពល​អគ្គីសនី​នុយក្លេអ៊ែរ​ទៀត។

កាត់បន្ថយពន្ធ៖
បន្ថែម​ពី​ការ​ពង្រីក​ការ​វិនិយោគ​សាធារណៈ ​ព្រមទាំង​បង្កើន​កំចី​ការប្រាក់​ទាប ​ លោក​លី កឺឈាំង​បាន​សន្យា​ធ្វើ​ការ​សំរួល ​ក្នុង​វិស័យ​ពន្ធដារ​ដើម្បី ​ កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​សហគ្រាស។ រដ្ឋាភិបាល​ចិន​នឹង​កាត់​បន្ថយ​ថ្លៃ​ពន្ធ ​ពី​ក្រុមហ៊ុន​សហគ្រាស​តូចៗ​ និង​សហគ្រាស ​ដែល​ផលិត​ដើម្បី​នាំចេញ។ ពន្ធ​លើ​ប្រាក់​ចំណូល​នឹង​ត្រូវ​លប់ចោល ​ទុក​ឲ្យ​នៅ​តែ​ពន្ធ​លើ​តំលៃ​បន្ថែម ​ TVA តែ​ប៉ុណ្ណោះ។ ហើយ​ថ្លៃ​បន្ទុក​ នឹង​ត្រូវ​លប់​ចោល​ទាំងអស់​ ពី​គ្រប់​ក្រុមហ៊ុន​សហគ្រាស។
 

នាយករដ្ឋមន្ត្រី​ចិន​ លោកលី​ កឺឈាំង ពេល​ធ្វើ​សន្ទរកថា​​ក្នុង​មហាសន្និបាទ
នាយករដ្ឋមន្ត្រី​ចិន​ លោកលី​ កឺឈាំង ពេល​ធ្វើ​សន្ទរកថា​​ក្នុង​មហាសន្និបាទ REUTERS/Jason Lee

គម្រោង​ផែនការ​ទាំង​អស់​នេះ ​គឺ​រដ្ឋាភិបាល​ចិន សង្ឃឹម​ថា​នឹង​អាច​នាំ​សេដ្ឋកិច្ច​ចិន​ ឲ្យ​មាន​លំនឹង​ឡើងវិញ។ ប៉ុន្តែ​តាម​មើល​ទៅ ​ ដូច​ជា​ពិបាក​សង្ឃឹម​ណាស់ ​ព្រោះ​រដ្ឋាភិបាល​ចិន​ខ្លួនឯង​ បាន​ប៉ាន់​ប្រមាណ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៦ ​តែ​រវាង​ពី​ ៦,៥​ ទៅ​៧%​តែ​ប៉ុណ្ណោះ។

គ្រោះថ្នាក់​នៃ​បំណុល​សាធារណៈ​ដែល​ចេះតែ​ប៉ោង៖
រាល់​ដំណោះស្រាយ​ទាំងអស់​ វា​មិនដែល​ល្អ​ឥតខ្ចោះ​ទេ ​ វា​តែងតែ​មាន​ផល​អវិជ្ជមាន​នៅ​ក្បែរ។ ជាក់​ស្តែង​គម្រោង​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ​ចិន ​និង​ការ​កាត់​បន្ថយ​ពន្ធ​ នា​ពេលនេះ។ បើ​យើង​វិភាគ​ ដោយ​យោង​លើ​អ្វី​ដែល​លោក ​នាយករដ្ឋមន្ត្រី​ចិន​ប្រកាស​នៅ​ថ្ងៃ​នេះ ​ គឺ​មាន​ន័យ​ថា​បំណុល​សាធារណៈ​របស់​ចិន ​នឹង​កើនឡើង ​ព្រោះថា​រក​ចំណូល​បាន​តិច​ ជាង​ចំណាយ។

ក្នុង​ឆ្នាំ​២០១៥​ កន្លង​ទៅ ​ការ​ខាតបង់​សាធារណៈ​របស់​ចិន​ គឺ​មាន​ប្រមាណ​ជា​២,៣​ នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប។ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ការ​ខាតបង់​នេះ ​អាច​នឹង​កើន​ដល់​៣% ​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក ​ដែល​យើង​ហៅថា​ PIB។ ៣% ​គឺ​ខ្ពស់​មិន​ធ្លាប់​មាន​ទេ ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​សម្រាប់​ចិន។ ៣% ​នៃ ​PIBចិន​ គឺ​មាន​ន័យ​ថា ​ប្រហែល​ជា​ ២១៨០​ពាន់​លាន​យាន់ ​ដែល​ស្មើ​នឹង ​៣០៤​ពាន់​លាន​អឺរ៉ូ។

វា​មិនខុស​ពី​ក្រុមហ៊ុន​មួយ​ ដែល​មួយ​ឆ្នាំ​ខាត​បន្តិច​ មួយ​ឆ្នាំ​ខាត​បន្តិច​ ដូច្នេះ​ទោះពី​ប្រាក់​ចំណេញ​កាល​ពី​មុន​ មាន​ច្រើន​ប៉ុន្នា​ក៏​ដោយ ​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​តែ​ផ្កាប់​ឆ្នាំង​មិន​ខាន។ បើ​យោង​តាម​ទិន្ន័យ​របស់​ភ្នាក់ងារ​ Bloomberg បំណុល​សរុប​របស់​ចិន ​ទាំង​សាធារណៈ ​ទាំង​ឯកជន ​ បច្ចុប្បន្ន​នេះ​មាន​ចំនួន​ដល់​ទៅ​២៥០% ​នៃ​ចំនួន​PIB  ទៅ​ហើយ
 
ចំណុច​ព្រួយ​បារម្ភ​មួយ​ទៀត ​ ទាក់ទង​នឹង​ការ​កើនឡើង​ខ្លាំង​ នូវ​កំចី​ធនាគារ ​ ដោយសារ​តែ​ការ​ប្រាក់​ទាប។ វិស័យ​កម្ចីឥណទាន​នេះ ​អាច​នឹង​ជួប​បញ្ហា​ ដោយសារ​ធនាគារ​គិតតែ​ផ្តល់​ប្រាក់​កម្ចី​ឯកជន ​ដោយ​គ្មាន​គិត​ពី​ហានិភ័យ ​ ព្រោះ​អាងតែ​ធនាគារ​កណ្តាល​យក​ការ​ប្រាក់​ទាប។ គ្រាន់តែ​គិត​ពី​ចុង​​ឆ្នាំ​២០១៤​មក ​ ធនាគារ​កណ្តាល​ចិន ​បន្ថយ​ការ​ប្រាក់​កណ្តាល​៦ដង​ទៅ​ហើយ ​ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​ខ្ចី​លុយ​យក​ទៅ​រកស៊ី​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​កុំភ្លេច​ថា​ ចុះ​បើ​ដល់​ពេល​មួយ​ ម្នាក់ៗ​គ្មាន​លុយ​សង ​តើ​នរណា​​អ្នក​សង​ជំនួស?​ ធនាគារ​កណ្តាល​របស់​ចិន ​ប្រាកដ​ជា​ជួយ​បញ្ហា ​ក្នុង​ករណី​នេះ។

ថវិកា​កងទ័ព​កើនឡើង ​តែ​តិច​ជា​ឆ្នាំ​មុនៗ៖
វិស័យ​យោធា​ចិន ​ហាក់​កំពុង​តែ​ថយខ្លួន​ លែង​ជា​វិស័យ​អទិភាព ​ដូច​ឆ្នាំ​មុនៗ​ទៀត​ហើយ។ យោង​តាម​ប្រសាសន៍​លោក ​លី កឺឈាំង ​កញ្ចប់​ថវិការ​កងទ័ព​នឹង​កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​ ចំនួន​៧,៦%។ ទឹក​ប្រាក់​នេះ​  គឺ​ស្មើ​នឹង​ ៩៥៤​ពាន់​លាន​យាន់ ​ដែល​ស្មើ​នឹង​១៤៦​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១៥ ​ ថវិកា​កងទ័ព​ ត្រូវ​បាន​តំឡើង​ចំនួន​ ជាង​១០%​ឯនោះ។ អញ្ចឹង ​យើង​ឃើញ​ថា ​ឆ្នាំ​២០១៦​នេះ ​ ថ្វីត្បិត​តែ​ចិន​នៅ​តែ​បន្ត​តម្លើង​ការ​ចំណាយ ​ក្នុង​វិស័យ​យោធា ក៏​ប៉ុន្តែ​ការ​តម្លើង​មាន​កំរិត​ទាប​ខ្លាំង ​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុនៗ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​ស្ថិត​ក្នុង​បរិបទ​វិបត្តិ​បែប​នេះ ​ចិន​នៅ​តែ​មិន​ចោល​វិស័យ​កងទ័ព​ទេ។ នាយករដ្ឋមន្ត្រី​ចិន​ និយាយ​ថា​ ​វា​គឺ​ជា​រឿង​សំខាន់​ ដែល​ចិន​ត្រូវ​តែ​ត្រៀមខ្លួន​ គោរព​ទៅ​តាម​ផែនការ​ជាក់​លាក់ពី​ចំ​​ងាយ ​ដើម្បី​ប្រយុទ្ធ​ក្នុង​ករណី​មាន​ការ​ប្រឈមមុខ​យោធា ​លើ​គ្រប់​វិស័យ​ទាំងអស់។

សូម​បញ្ជាក់​ថា​កងទ័ព​បដិវដ្តន៍​ចិន​ ជា​ឧបករណ៍​ឃោសនា​នយោបាយ​មួយ​ដ៏​សំខាន់​ ក្នុង​ការ​បញ្ចេញ​កម្លាំង​សាច់ដុំ​នៅ​ក្នុង​តំបន់​ ព្រោះ​វា​ត្រូវ​បាន​បក្ស​កុម្មុយនីស្ត​ចិន​ប្រើប្រាស់ ​ដើម្បី​ឃោសនា​ពី​មោទនភាព​ជាតិ​របស់​ចិន។ ដូច្នេះ ​ការ​ចំណាយ​ក្នុង​វិស័យ​កងទ័ព​នៅ​តែ​សំខាន់​ដដែល។ យ៉ាង​ណា​មិញ​ អ្នក​វិភាគ​មួយ​​ចំនួន​យល់​ថា ​តួលេខ​ខ្ទង់​ចំណាយ​ឆ្នាំ​នេះ ​ ​គឺ​មាន​ចំនួន​តិច​ជាង​ពី​តថៈភាព​ជាក់ស្តែង ​ព្រោះគេ​មិន​បាន​រាប់​បញ្ចូល​កញ្ចប់​ថវិកា​ដែល​ប្រើ​ក្នុង​វិស័យ​ស្រាវជ្រាវ​យោធា​ទេ។

ប្តេជ្ញា​កាត់​បន្ថយ​ផ្សែងពុល​ក្នុង​បរិយាកាស ​ជា​សន្យា​ខ្យល់?
រដ្ឋាភិបាល​ចិន​យល់​ច្បាស់​ ថា​គេ​មិន​អាច​មិន​និយាយ​ពី​បញ្ហា​ បរិស្ថាន​បាន​ទេ។​បញ្ហា​បវិស្ថាន ​ផ្សែង​ពុលក្នុង​បរិយាកាស ​ការ​បំពុល​ទឹកស្អាត ​ទាំង​អស់​នេះ ​ ​គឺ​ជា​ប្រភព​នៃ​ការ​តវ៉ា ​ការ​រិះគន់​ពី​សំណាក់​ប្រជាជន​ចិន​ទូទៅ។
 

អ្នកទេសចរជនជាតិចិន​ ពាក់ម៉ាសការពារ​ ព្យយាមថតរូប​វិមាន​ធានអានមិន​ ដែល​សឹងតែ​មើល​​មិន​ឃើញ​​ដោយសារ​​តែ​ផ្សែង​ពុល
អ្នកទេសចរជនជាតិចិន​ ពាក់ម៉ាសការពារ​ ព្យយាមថតរូប​វិមាន​ធានអានមិន​ ដែល​សឹងតែ​មើល​​មិន​ឃើញ​​ដោយសារ​​តែ​ផ្សែង​ពុល ©REUTERS/Damir Sagolj

នៅ​ក្នុង​ផែនការ​ សម្រាប់​២០១៦-២០២០ ​ចិន​សន្យា​អនុវត្ត​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម​ ដែល​បច្ចុប្បន្ន ​មាន​កំរិត​ដល់​ទៅ​៧០%​នៃ​ប្រភព​ថាមពល​សរុប​នៅ​ចិន។ ការ​កាត់​បន្ថយ​នេះ ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​កំណត់​ឲ្យ​មាន​កូតា​នៃ​ការ​បញ្ចេញ​ផ្សែង​កាបូន​ របស់​រោងចក្រ​នីមួយៗ។ កូតា ​និង​អាច​ទិញ​ដោះដូរ​គ្នា​ នៅ​លើ​ទីផ្សារ​កាបូន ​ ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧។ ក្រៅ​ពី​នេះ ​ ​គឺ​រដ្ឋាភិបាល​ចិន​ សន្យា ​ពង្រីក​ប្រភព​ថាមពល​ផ្សេង​ទៀត ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស។

ប៉ុន្តែ​ទាំងអស់​នេះ ​ គឺ​ជា​ការ​សន្យា ​ធ្វើ​បាន​ប៉ុណ្ណា ​យើង​មិន​ទាន់​ដឹង​ទេ។ ការ​សន្យា​ប្រយុទ្ធ​នឹង​ផ្សែង​ពុលនេះ​ លោក ​លី កឺឈាំង​បាន​សន្យា​តាំងពី​ឆ្នាំ​២០១៤​ម្លេះ ​តែ​ដូច​យើង​បាន​ដឹង​ហើយ ​ ​ថា​ស្ថានភាព​បំពុល​បរិយាកាស ​ជា​ពិសេស​នៅ​តាម​ទីក្រុង​ធំៗ ​ កាន់តែ​ធ្ងន់ធ្ងរ​ទៅ។ បរិយាកាស​ពោពេញ​ដោយ​ជាតិពុល​នេះ​ ​និង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ​សង្គម​ចិន​នឹង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ​ហើយ​ដែល​រដ្ឋាភិបាល ​និង​ត្រូវ​តែ​មាន​បន្ទុក​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ