អានតួអត្ថបទ

ជនជាតិអ៊ុយហ្គួរ៖ សភាតំណាងអាមេរិក អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ចិន

កាលពីថ្ងៃអង្គារទី៣ធ្នូ សភាតំណាងនៃសហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័ត ដោយសម្លេងភាគច្រើនលើសលប់ ទៅលើគម្រោងច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មទៅលើចិន ចំពោះទង្វើរំលោភបំពានសិទ្ធិសេរីភាព ការធ្វើទុក្ខបុកម្នេញទៅលើសហគមនជនជាតិភាគតិចអ៊ុយហ្គួរ នៅក្នុងខេត្តស៊ីញជាំង។ គម្រោងច្បាប់នេះ នឹងត្រូវបញ្ជូនទៅឲ្យព្រឹទ្ធសភាអាមេរិក អនុម័ត មុននឹងធ្លាក់ដល់ដៃលោកប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋាភិបាលចិនវិញ បានសម្តែងការខឹងសម្បារជាខ្លាំង ទាក់ទិននឹងការអនុម័តគម្រោងច្បាប់នេះ។

បាតុកម្មនៅ​ញូយ៉ក ទាមទារ​ឲ្យចិន ដោះលែង​ជនជាតិ​អ៊ុយហ្គួរ ដែល​ជាប់ឃុំ។ ញូយ៉ក ​ថ្ងៃទី ៥ កុម្ភៈ ២០១៩
បាតុកម្មនៅ​ញូយ៉ក ទាមទារ​ឲ្យចិន ដោះលែង​ជនជាតិ​អ៊ុយហ្គួរ ដែល​ជាប់ឃុំ។ ញូយ៉ក ​ថ្ងៃទី ៥ កុម្ភៈ ២០១៩ TIMOTHY A. CLARY / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអង្គសភា លោកស្រី ណាន់ស៊ី ប៉េឡូហ្ស៊ី ប្រធានសភាតំណាងអាមេរិក បានលើកឡើងថា៖ “បច្ចុប្បន្ននេះ ភាពថ្លៃថ្នូរជាមនុស្ស និងសិទ្ធិសេរីភាពរបស់ប្រជាជនអ៊ុយហ្គួរក្នុងខេត្តស៊ីញជាំង កំពុងត្រូវបានគំរាមកំហែង ដោយអំពើព្រៃផ្សៃរបស់អាជ្ញាធរចិន។ ទង្វើនេះ គឺជាការជេរប្រមាថ ដល់មនសិការួមរបស់ពិភពលោកទាំងមូល” ។ លោកស្រីបន្ថែមថា៖ “តាមរយៈគម្រោងច្បាប់នេះ អាមេរិកចង់ផ្ញើសារ បញ្ជាក់ប្រាប់ទៅចិន​ថា អាមេរិកមិនអាច​បិទមាត់ នៅស្ងៀមបានទេ”

សូមបញ្ជាក់ថា គម្រោងច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្មទៅលើមន្ត្រីធំៗរបស់ចិន នៅខេត្តស៊ីនជាំង ដែលបានចូលរួម អនុវត្តសកម្មភាព​ធ្វើទុក្ខបុកម្នេញទៅលើប្រជាជនអ៊ុយហ្គួរ។ យោងតាម​ការសន្និដ្ឋានរបស់អង្គការសិទ្ធិមនុស្សជាច្រើន ក៏ដូចជាអ្នកជំនាញ​របស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តស៊ីនជាំង បាន​បង្កើតជំរុំដាក់បង្ឃាំងជនជាតិអ៊ុយហ្គួរប្រមាណ​១លាននាក់ ដើម្បីធ្វើការកសាង លាងសំអាតស្មារតីនយោបាយ។ លោក Marco Rubio ព្រឹទ្ធសមាជិកមកពីបក្សសាធារណៈរដ្ឋ ធ្លាប់បាន​លើកឡើងថា រដ្ឋាភិបាលចិន កំពុងតែ​អនុវត្ត ការ​កំទេចចោលនូវអត្តសញ្ញាណវប្បធម៌ របស់ជនជាតិភាគតិច​ដែល​កាន់សាសនាអ៊ីស្លាមទាំងអស់​ នៅក្នុងខេត្តស៊ីញជាំង។

ប៉ុន្តែ យោងតាមអាជ្ញាធរចិនវិញ មណ្ឌលទាំងនោះ មិនមែនជាមន្ទីរឃុំឃាំងទេ តែជាមណ្ឌលអប់រំ បណ្តុះបណ្តាលផ្តល់ជំនាញវិជ្ជាជីវៈ ដល់ជនជាតិអ៊ុយហ្គួរ ដើម្បីឲ្យពួកគេអាចរកការងារធ្វើ និង​ចៀសចាកឆ្ងាយ ពីទ្រឹស្តីអ៊ីស្លាមភេរវកម្មនិយម។

គួរកត់សំគាល់ថា ក្រោយដំណឹងនៃការអនុម័តច្បាប់ដាក់ទណ្ឌកម្មនេះ រដ្ឋាភិបាលចិន បានសំដែងការខឹងសម្បារជាខ្លាំង ទៅលើសភាអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ “ការសន្និដ្ឋានរបស់អ្នកជំនាញ ក៏ដូចជាសភាអាមេរិក គឺជាការសន្និដ្ឋានដោយលំអៀង គ្មានការពិត ហើយថាវាគឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។​ ចិននឹងមានវិធានការតបវិញ បើអាមេរិក ហ៊ានដាក់ទណ្ឌកម្ម​មែននោះ”

គួររំលឹកផងដែរថា បរិបទទំនាស់រវាងចិននិងអាមេរិកកំពុងតែរីកធំ ជាមួយនឹងសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចទាំង២។ កាលពីសប្តាហ៍មុនអាមេរិក បានអនុម័តច្បាប់មួយ ដើម្បីប្រកាសគាំទ្រដល់ការធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ ហើយចំណែកកាលពីខែតុលា រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ក្រុមហ៊ុននិងស្ថាប័នរដ្ឋចិនចំនួន​២៨ ទៅក្នុងបញ្ជីរខ្មៅ ដែលគេសង្ស័យថាបានចូលរួមតាមដានប្រមូលទិន្នន័យ ចាប់រូបភាពនឹងសកម្មភាពរបស់ប្រជាជន ទៅឲ្យអាជ្ញាធរចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ