អានតួអត្ថបទ

ព្រះចៅ អាគីហ៊ីតូ ប្រារព្ធ​​ខួប​ជាលើក​ចុងក្រោយ ក្នុង​នាម​​ជា​អធិរាជជប៉ុន

យ៉ាងហោចណាស់ មានមនុស្សប្រមាណ៨២០០០នាក់ ដែលបានមកជួបជុំគ្នា​ នៅក្បែរព្រះបរមរាជវាំង នៃអធិរាជជប៉ុន នៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យ ទី២៣ធ្នូ ដើម្បីប្រារព្ធពិធីចម្រើន​ព្រះជន្ន ​គម្រប់​៨៥ព្រះវស្សា របស់ព្រះចៅអធិរាជ អាគីហ៊ីតូ។ បើតាមការអះអាង​ របស់ព្រះបរមរាជវាំងជប៉ុន នេះគឺ ជាលើកទីមួយហើយ ដែលមានមនុស្ស មកចូលរួមច្រើនដល់ថ្នាក់នេះ។ ពិធីរំលឹកខួបឆ្នាំនេះ គឺជាឆ្នាំចុងក្រោយហើយ សម្រាប់ព្រះចៅអាគីហ៊ីតូ ក្នុងនា​មជាអធិរាជជប៉ុន។

ព្រះចៅ Akihito ព្រះរាជបុត្រស្នងរាជ​​ Naruhito ​លើក​ព្រះហស្ថ​ស្វាគមន៍​​​ប្រជាជន​ ពីខាង​​លើ​ព្រះ​បរមរាជវាំង​។ ថ្ងៃទី​២៣ ធ្នូ ២០១៨​
ព្រះចៅ Akihito ព្រះរាជបុត្រស្នងរាជ​​ Naruhito ​លើក​ព្រះហស្ថ​ស្វាគមន៍​​​ប្រជាជន​ ពីខាង​​លើ​ព្រះ​បរមរាជវាំង​។ ថ្ងៃទី​២៣ ធ្នូ ២០១៨​ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ជប៉ុនទាំងមូល បានប្រារព្ធ ពិធីបុណ្យខួបចម្រើនព្រះជន្ម នៃព្រះចៅអាគីហ៊ីតូ គម្រប់៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា។ នៅជុំវិញ ព្រះបរមរាជវាំង មានមនុស្សម្នាមកកកកុញ ប្រមាណ៨ម៉ឺន ២ពាន់នាក់ ដែល​ចំនួន​មនុស្សចូលរួមច្រើនបែបនេះ គឺមិនធ្លាប់មានទេ នៅក្នុងរាជ្យ “Heisei” របស់ព្រះចៅអាគីហ៊ីតូ។

ព្រះចៅអាគីហ៊ីតូ អមដោយព្រះរាជនី មីឈីកូ ព្រមទាំងព្រះអង្គរាជទាយាទ ណារូហ៊ីតូ បានបង្ហាញ​ព្រះភក្ត្រ និងលើកព្រះហស្ថស្វាគមន៍ ដល់ប្រជាជនជប៉ុន ដែលបានមកជួបជុំខ្ញៀវខ្ងារ នៅខាងមុខព្រះបរមរាជវាំង។ ព្រះចៅអាគីហ៊ីតូ បានមាន​បន្ទូលទៅកាន់ប្រជាជន​ជប៉ុន ដោយបានរំលែកទុក្ខសោក របស់ប្រជាជន ដែលបានបាត់បង់បងប្អូន សមាជិក​គ្រួសារ ឬមិត្តភក្តិ ក្នុងហេតុការណ៍គ្រោះមហន្តរាយធម្មជាតិ ផ្ទួនៗគ្នា ដែលបានវាយសង្រ្គប់លើជប៉ុន ក្នុងពេញមួយឆ្នាំ២០១៨នេះ។

នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ប្រជាជាតិជប៉ុន ដែលបណ្តាញព័ត៌មាន បានចាក់ផ្សាយ ព្រះចៅអាគីហ៊ីតូ បានលើកឡើងថា៖ “វាគឺជារឿងចាំបាច់បំផុត ដែលយើង ត្រូវតែចងចាំទំព័រប្រវត្តិសាស្ត្រ។ សង្រ្គាមលោកលើកទី២ បានសម្លាប់ជីវិតមនុស្សច្រើនពន់ពេកណាស់ ដូច្នេះយើង មានកាតព្វកិច្ច ត្រូវតែផ្ទេរការពិត យ៉ាងប្រត្យក្ស នៃទំព័រប្រវត្តិសាស្ត្រនេះ ឲ្យទៅកូនចៅជំនាន់ក្រោយ ដែលកើតមិនទាន់សង្រ្គាម ឲ្យពួកបានដឹង បានយល់នូវការពិត"។ ព្រះអង្គ ក៏បានលើកឡើង អំពីរយៈកាលនៃការសោយរាជ្យរបស់ព្រះអង្គ ដែលជប៉ុន ស្ថិតក្នុងសន្តិភាព​​ពេញបរិបូរណ៍។ ព្រះចៅអាគីហ៊ីតូ ក៏បានលើកទឹកចិត្តផងដែរ ឲ្យជប៉ុនបើកទ្វារចំហរ ទទួលបុគ្គលិកដែលជាជនបរទេស ឲ្យមកធ្វើការងារ​ កសាងជីវិត និងចូលចុះក្នុងសង្គមជប៉ុន ដោយសុខក្សេមក្សាន្ត។

សូមបញ្ជាក់ថា ព្រះចៅអាគីហ៊ីតូ បានឡើងគ្រងរាជ នៅឆ្នាំ១៩៨៩ បន្ទាប់ពីព្រះចៅ​ហ៊ីរ៉ូហ៊ីតូ ដែលជាបិតា បានសោយទីវង្គត់។ ពិធីចំរើនព្រះជនឆ្នាំនេះ គឺជាឆ្នាំចុងក្រោយហើយ របស់ព្រះចៅអាគីហ៊ីតូ ក្នុងនាមជាព្រះចៅអធិរាជជប៉ុន ព្រោះថានៅខែមេសា ឆ្នាំ២០១៩ ព្រះអង្គនឹងដាក់រាជសម្បតិ្ត ប្រគល់ទៅឲ្យបុត្រច្បង​របស់ព្រះអង្គ។ វាគឺ​ជាលើកទីមួយ​ហើយ​ ដែលព្រះចៅអធិរាជប៉ុន ធ្វើការដាក់រាជសម្បត្តិ​បែបនេះ បើរាប់ចាប់ពី​​ កកើត​​របប​​ចក្រភព​ជប៉ុន នៅឆ្នាំ១៨១៧មក។

ការសម្រេចព្រះទ័យដាក់រាជ្យសម្បតិ្តនេះ គឺផ្តើមឡើង ដោយសារតែព្រះអង្គ ពុំស្របព្រះទ័យ ទៅនឹងគោលគំនិតយោបាយ របស់លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន ដែលជាអ្នកនយោបាយ មានគំនិតជាតិនិយមជ្រុល។ លោកស៊ិនហ្សូ អាបេ មានបំណងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញជប៉ុន ដើម្បីឲ្យជប៉ុន​មានកងទ័ព ទុកធ្វើសង្រ្គាមការពារខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដឹកនាំដោយ លោក​សិនហ្សូអាបេ បានធ្វើការកែប្រែចំណុចខ្លះ នៅក្នុងសៀវភៅសិក្សាប្រវត្តិសាស្ត្រ នៃ​កម្មវិធីសិក្សាទៀតផង ដើម្បីបណ្តុះគំនិតឈឺចាប់ និងគំនិតស្នេហាជាតិបែប​ជ្រុលនិយម ដល់យុវជនជប៉ុនជំនាន់ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ