អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងត្បូង

ជប៉ុន និង​កូរ៉េខាងត្បូង​រកឃើញ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ស្រ្តីទាសករ​ផ្លូវភេទ

ជប៉ុន និង​កូរ៉េខាងត្បូង បាន​បោះ​មួយជំហាន​ទៅមុខ​ដើម្បី​សម្រាល​ភាពតានតឹង​នឹង​គ្នា។ នៅ​ថ្ងៃ​ចន្ទ ទី ២៨ ធ្នូ ២០១៥ នៅ​ទីក្រុង​សេអ៊ូល លោក​រដ្ឋមន្រ្តី​ការបរទេស ជប៉ុន Fumio Kishida និង​សមភាគី​កូរ៉េខាងត្បូង លោក​Yun Byung Se បាន​រកឃើញ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត លើ​សំណុំរឿង​ស្រ្តី​ទាសករ​ផ្លូវភេទ ដែល​ធ្លាប់​តែ​ជា​ឆ្អឹង ទទឹងក និង​ឧបសគ្គ​នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។  

រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​លោក​Yun Byung-Se (ស្តាំ) ចាប់​ដៃ​ជាមួយ​សមភាគី​ជប៉ុន លោក​Fumio Kishida (ឆ្វេង) នៅ​ក្រសួង​ការបរទេស​នៅទីក្រុង​សេអ៊ូល ថ្ងៃទី ២៨ ធ្នូ ២០១៥
រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​លោក​Yun Byung-Se (ស្តាំ) ចាប់​ដៃ​ជាមួយ​សមភាគី​ជប៉ុន លោក​Fumio Kishida (ឆ្វេង) នៅ​ក្រសួង​ការបរទេស​នៅទីក្រុង​សេអ៊ូល ថ្ងៃទី ២៨ ធ្នូ ២០១៥ ©REUTERS/Jung Yeon-je
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង នៅ​ថ្ងៃចន្ទ ដែល​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​រកឃើញ​ជាមួយ​គ្នា មាន​និយាយ​ចំណុច​សំខាន់​ពីរ ដែល​ធ្លាប់​ទាមទារ​ដោយ​ភាគី​កូរ៉េខាងត្បូង។ ទី១ គឺ​រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​បង្កើត​មូលនិធិ​មួយ សម្រាប់​បង់​សង​ជម្ងឺចិត្ត​ដល់​ស្រ្តី ដែល​រងគ្រោះ​ដោយសារ​នយោបាយ​ពេស្យាចារ​របស់​ទាហាន​ជប៉ុន​នៅ​សម័យ​សង្រ្គាម​លោកលើក​ទី ២ និង​ដែល​កំពុង​នៅ​រស់រាន​មាន​ជីវិត។ ទៅតាម​ការទាមទារ​របស់​កូរ៉េខាងត្បូង រដ្ឋាភិបាល​ជប៉ុន​សុខចិត្ត​បង្កើន​ទឹកប្រាក់​នៅក្នុង​មូលនិធិ រហូត​ដល់​១​ពាន់​លាន​យេន គឺ​ស្មើ​នឹង ៧លាន​៥​សែន​អឺរ៉ូ សម្រាប់​ជួយ​ស្រ្តីរងគ្រោះ​កូរ៉េខាងត្បូង​ប្រមាណ ៤៦​នាក់ ដែល​កំពុង​មាន​ជីវិត​នៅឡើយ។

 
ទីពីរ​ទៀត គឺ​រដ្ឋាភិបាល​ជប៉ុន​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​ចាប់បង្ខំ​ស្រ្តីកូរ៉េ ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ បង្ក​ឡើង​ដោយ​កងទ័ព​ជប៉ុន ពិតមែន គឺ​នៅក្នុង​សម័យ​ដែល​ជប៉ុន​បាន​ចូលត្រួត្រា​កូរ៉េ តាំង​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។ នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ចន្ទ​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន នៅ​បាន​បញ្ជាក់​ថា លោក​នាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបេ ផ្ទាល់​បាន​សំដែង​ការសុំទោស ដល់​ជនរងគ្រោះ និង​ការសោកស្តាយ អស់​ពីក្នុង​បេះដូង​របស់លោក។

ការនិយាយ​សុំទោស​ពី​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ហើយ​និង​ការបង់​សង​ប្រាក់​ជម្ងឺចិត្ត​ដល់​ជនរងគ្រោះ គឺ​ជាអ្វី​ដែល​ភាគី​កូរ៉េខាងត្បូង​ទាមទារ ចង់​បាន​ខ្លាំង​បំផុត។ នៅក្នុង​កិច្ច​ព្រមព្រៀង ដែល​គេ​រកឃើញ​នៅថ្ងៃ​ចន្ទនេះ កូរ៉េខាងត្បូង​វិញ បាន​សន្យា​ដែរ​ថា នឹង​ប្រឹងប្រែង​ធ្វើការ​ជាមួយ​សមាគម​ស្រ្តីរងគ្រោះ​ដោយសារ​ទាសភាព​ផ្លូវភេទ​របស់​ទាហាន​ជប៉ុន ដើម្បី ផ្លាស់ប្តូរ ទីតាំង​រូបសំណាក ដែល​តំណាង​ឲ្យ​ស្រ្តី​ទាសករ​ផ្លូវភេទ ដែល​បច្ចុប្បន្ន ត្រូវ​បាន​គេ​សាងសង់ ដាក់​មុខ ស្ថានទូត​ជប៉ុន នៅ​ទីក្រុង​សេអ៊ូល។ សម្រាប់ជប៉ុន ការដាក់​រូប​ស្រ្តី​ទាសករ​ផ្លូវភេទ នៅ​មុខ​ស្ថានទូត​របស់ខ្លួន បែបនេះ គឺ​ជា​ការជេរប្រមាថ​មួយ​យ៉ាងធ្ងន់ធ្ងរ។ ក្រៅ​តែ​ពី​សន្យា​ដក​រូបសំណាក​ចេញ​ពី​មុខ​ស្ថានទូត​ជប៉ុន ទីក្រុង​សេអ៊ូល​នៅ​បាន​និយាយ​ដែរ​ថា អំណើះតទៅ ខ្លួន​នឹង​ព្យាយាម លែង​លើក​យក​រឿងស្រ្តី​ទាសករ​ផ្លូវភេទ មក​និយាយ​នៅក្នុង​ជំនួប​កំពូល អន្តរជាតិ​នៅ​ថ្ងៃ​ខាងមុខ។

ភាគី​ជប៉ុន ​គិត​ថា បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​ហើយ តាមរយៈ​កិច្ចព្រមព្រៀង ឆ្នាំ​១៩៦៥​នោះ។ មួយវិញទៀត នៅ​ឆ្នាំ ១៩៩៣ រដ្ឋាភិបាល​ជប៉ុន​ក៏ធ្លាប់​បាន​ទទួល​ស្គាល់​កំហុស​របស់​ជប៉ុន ដែល​បាន​ធ្វើ​អាជីវកម្ម​ទៅលើ​ស្រ្តី​អាស៊ី នៅ​ក្នុង​សង្រ្គាម​លោកលើក​ទី២​ដែរ។ ប៉ុន្តែ សម្រាប់​ភាគី​កូរ៉េខាងត្បូង​វិញ ជប៉ុន​នៅ​មិន​ទាន់​បាន​ធ្វើអ្វី​ឲ្យ​សក្តិសម​ទៅ​នឹង​ការប្រព្រឹត្តិ​របស់ខ្លួនឡើយ។ ជប៉ុន នៅ​មិនទាន់​បាន​សុំទោស និង​សំដែង​ការសោកស្តាយ ឲ្យ​អស់​ពីចិត្ត នៅក្នុង​រឿងចាប់​ស្រ្តី​កូរ៉េ​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នៅក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី ២​នោះ​ទេ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​១៩៦៥ នៅក្រោយ​ចុះ​កិច្ចព្រមព្រៀង ស្តារទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ជប៉ុន​បាន​បង្កើត​ឲ្យ​មាន​មូលនិធិ​សម្រាប់​ជួយ ស្រ្តី​អាស៊ី ដែល​រងគ្រោះ​ដោយសារ​ស្នាដៃ​ទាហាន​ជប៉ុន ប៉ុន្តែ មូលនិធិ​ទាំង​នោះ​ភាគច្រើន​ជា​មូលនិធិ​ឯកជន ប៉ុន្តែ មិនមែន​ជា​មូលនិធិ​របស់​រដ្ឋាភិបាល​ជប៉ុន​នោះ​ទេ។ ទីក្រុង​សេអ៊ូល ដែល​នៅ​តែ​សោកស្តាយ ខកចិត្ត​នឹង​ឥរិយាបថ​រឹងទទឹង​របស់​រដ្ឋាភិបាល​ជប៉ុន គឺ​នៅ​តែ​ទាមទារ​រហូត ឲ្យ​ជប៉ុន​សុំទោស និង​គិតគូរ​ដល់​ការសងជម្ងឺចិត្ត​ដល់​ស្រ្តី​ដែល​រងគ្រោះ ដោយសារ​ស្នាដៃ​ទាហាន​ជប៉ុន។
 

ទាហាន​អាមេរិកាំង​ចុះ​ស្រង់​ព័ត៌មាន​ពី​ស្រ្តី​អាស៊ី​ដែល​ទាហាន​ជប៉ុន​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លុវភេទ​នៅ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី ២
ទាហាន​អាមេរិកាំង​ចុះ​ស្រង់​ព័ត៌មាន​ពី​ស្រ្តី​អាស៊ី​ដែល​ទាហាន​ជប៉ុន​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លុវភេទ​នៅ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី ២ wikimédia

តាម​ការរាប់ឃើញ របស់​អ្នកប្រវត្តិសាស្រ្ត ស្រ្តី​អាស៊ី ប្រមាណ ២សែន​នាក់ ដែល​មាន​កូរ៉េ ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន និង​អាំងដូស្ហីន ជា​ដើម ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ក្នុងបន​ពេស្យាចារ។ ប៉ុន្តែ តាម​កិច្ចព្រមព្រៀង​ខាងលើ ទឹកប្រាក់​ជំនួយ​សងជម្ងឺចិត្ត ប្រមាណ ៧លាន ៥សែន​អឺរ៉ូ របស់​មូននិធិ​រដ្ឋាភិបាល​ជប៉ុន នឹង​ត្រូវ​ប្រើ​សម្រាប់​តែ​ស្រ្តី​រងគ្រោះ​កូរ៉េខាងត្បូង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​សំដៅ​ដល់​ស្រ្តី​ជនរងគ្រោះ​អាស៊ី​ផ្សេងទៀត​នោះទេ។

ហេតុអ្វី​បាន​ជា​ជប៉ុន និង​កូរ៉េខាងត្បូង​ចុះសម្រុង​គ្នា នៅពេលនេះ?
ប្រមុខ​ការបរទេស​ជប៉ុន មាន​វត្តមាន នៅទីក្រុង​សេអ៊ូល​នៅថ្ងៃ​ចន្ទ នេះ ក៏ដោយសារតែ​មាន​ការបញ្ជារ​ពីលោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ​ដែរ។ លោក​អាបេ កាលពី​សប្តាហ៍​មុន ធ្លាប់​បាន​បង្ហាញ ពី​បំណង​របស់លោក​ក្នុង​ការបិទ​បញ្ចប់​ជម្លោះ និង​ភាពតានតឹង​ជាមួយ​កូរ៉េខាងត្បូង ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ ២០១៥​នេះ។ ឆ្នាំ ២០១៥ ដែល​ជប៉ុន និង​កូរ៉េខាងត្បូង​ត្រូវ​ប្រារព្ធខួប ៥០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋាភិបាល​ជប៉ុន ក្រោម​ការដឹកនាំ​របស់​លោក​ស៊ីនហ្សូ អាបេ មេដឹកនាំ​ជាតិ​និយម ធ្លាប់​មាន​អស្មិមានៈ មិន​ចង់​រំលឹក​រឿង​ស្រ្តីទាសករ​ផ្លូវភេទ ដែល​ជា​ស្នាដៃ​របស់​ទាហាន​ជប៉ុន​នោះទេ។ ប៉ុន្តែ ផល​ប្រយោជន៍​នយោបាយ​ការបរទេស និង​សេដ្ឋកិច្ច បាន​ចាប់​តម្រូវ​ឲ្យ​ជប៉ុន ត្រូវ​តែ​ដាក់​ខ្លួន សុំ​ទោស​កូរ៉េខាងត្បូង។ ម្យ៉ាងទៀត គេ​មើលឃើញថា ការដែល​ជប៉ុន​យល់ព្រម​បន្ទន់ជំហរ​របស់ខ្លួន ក៏ដោយសារ​មាន​ការដាក់​សំពាធ​ពី​អាមេរិក​ដែល​មិន​ចង់​ឃើញសម្ព័ន្ធមិត្ត​ទាំង​ពីរ​របស់ខ្លួន ជប៉ុន និង​កូរ៉េខាងត្បូង ឈ្លោះ ប្រឈមមុខ​ដាក់​គ្នា នៅក្នុង​ពេល​ដែល​មហាអំណាច​ចិត្ត ដែល​ជា​គូប្រជែង​នោះ កំពុង​បញ្ចេញ​អំណាច និង​ឥទ្ធិពល​ក្នុង​តំបន់​នោះ​ទេ។

តាម​អ្នកវិភាគ​ជាច្រើន សេតវិមាន​ក៏​បាន​ដាក់​សំពាធ​ជា​ពិសេស​ទៅលើ​លោកស្រី ប្រធានាធិបតី​ប៉ាក់ គុនហេ ផងដែរ រហូត​ធ្វើ​ឲ្យ​លោកស្រី​បាន​សុខចិត្ត​បើកជំនួប​កំពូល ទ្វេភាគី ជប៉ុន និង​កូរ៉េខាងត្បូង កាលពី​ខែ​វិច្ឆិកា ពោល​គឺ​បន្ទាប់ពី​ខកខាន មិន​បាន​ធ្វើ អស់​ជាង​៤​ឆ្នាំ​មក​ហើយ​នោះ។ មួយវិញទៀត ការដែល​ជប៉ុន​បោះ​មួយ​ជំហាន​ទៅមុខ​រក​កូរ៉េខាងត្បូង ក៏ដោយ​មក​ពី​ជប៉ុន​បាន​មើលឃើញថា កូរ៉េខាងត្បូង ក៏​ចង់​ដោះស្រាយ បិទ​បញ្ចប់​ជម្លោះ​ជាមួយ ជប៉ុនដែរ។ ការប្រកាស​លើកលែង​ទោស អ្នកកាសែត​ជប៉ុន​ម្នាក់ ដែល​ត្រូវ​គេចោទ​ថា បាន​សរសេរ​បរិហារ​កេរ្តិ៍ឈ្មោះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ពេលថ្មីៗនេះ គឺ​ជា​សញ្ញា​បើក​ផ្លូវ ចង់ចរចា ដែល​កូរ៉េខាងត្បូង​ចង់​បញ្ជូន​ឲ្យ​ជប៉ុន​ដឹងពី​ចេតនា​របស់ខ្លួន។ កូរ៉េខាងត្បូង​ចង់​បញ្ជាក់​ទៅ​ជប៉ុន​ថា ខ្លួន​ត្រៀម​ដោះស្រាយ​រាល់​បញ្ហា​ដែល​មិន​ចុះ​សម្រុងគ្នា កន្លងមក ពោល​គឺ​រួម​ទាំង​បញ្ហា​ស្រ្តីទាសករ​ផ្លូវភេទ​នេះ​ផង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ