ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

ជំនួប​កំពូល​អាស៊ាន៖ គំនរ​សម្រាម​​ប្លាស្ទីក នៅ​​ពីមុខ​គម្រោង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ជំនួប​កំពូល​អាស៊ាន៖ គំនរ​សម្រាម​​ប្លាស្ទីក នៅ​​ពីមុខ​គម្រោង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សកម្មជន​អង្គការ​Greenpeace ពូនគំនរសម្រាមប្លាស្ទិក នៅ​ខាងមុខ​ទីតាំង​ជំនួប​កំពូល​អាស៊ាន​ ​លើកទី​៣៤ នៅបាងកក ថ្ងៃទី​២២ មិថុា ២០១៩។ REUTERS/Soe Zeya Tun

    ជំនួបកំពូល នៃថ្នាក់ដឹកនាំអាស៊ាន រួមជាមួយប្រទេស៦ផ្សេងទៀត នៃតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែជួបប្រជុំគ្នានៅក្រុងបាងកកប្រទេសថៃ។ ជំនួបកំពូល ដែលនឹងបិទបញ្ចប់ នៅថ្ងៃអាទិត្យស្អែកនេះ ត្រូវបានគេដឹងថា បានផ្តោតការពិភាក្សា ស្តីអំពីការចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលកិច្ចព្រមព្រៀងនេះ គឺជាគម្រោងផ្តួចផ្តើមរបស់ចិន ដើម្បីជំនួសកិច្ចព្រមព្រៀងអន្តរប៉ាស៊ី​ហ្វិក ដែលលោកដូណាល់ ត្រាំ បានដកខ្លួនចេញ។ ទន្ទឹមនឹងនេះដែរ នៅខាងមុខអាគារប្រជុំ បាតុករជាច្រើននាក់ បានលើកបដា បង្ខឲ្យថ្នាក់ដឹកនាំ ដោះស្រាយរឿងកាកសំណល់ប្លាស្ទិក។

    ជាទូទៅជំនួបកំពូលអាស៊ាន និយាយតែពីរឿងជំនួញរកស៊ី ពាណិជ្ជកម្មទេ។ តាំងតែពីដើមមក មានមតិរិះគន់ជាច្រើន មកលើអាស៊ាន ថាបានបិទភ្នែកខ្ទប់ត្រចៀក ធ្វើមិនឮធ្វើមិនឃើញ អំពីបញ្ហាគោរពសិទ្ធិមនុស្ស និងការបំបិទសិទ្ធិសេរីភាពជាដើម។ ឲ្យតែនិយាយចូលដល់បញ្ហាទាំងនេះ ប្រទេសអាស៊ាន តែងតែលើកឡើងថា មិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុង រៀងៗខ្លួន។

    ជាក់ស្តែង សម្រាប់ជំនួ​បកំពូលលើកនេះ តាមការគ្រោងទុក ក្រុមប្រទេសអាស៊ាន នឹងនិយាយគ្នា អំពីវិបត្តិទាក់ទិននឹងប្រជាជនរ៉ូហ៊ីងយ៉ា នៅភូមា។ មានតែលោក ម៉ាហាធា ម៉ាហាម៉េដ ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទេ​ ដែលបានរន្ធាន់ ទទូចឲ្យគេនិយាយពិភាក្សាគ្នា ដើម្បីដាក់សំពាធទៅលើភូមា ឲ្យស្វែងរកដំណោះស្រាយ ជួយការពារប្រជាជនរ៉ូហ៊ីងយ៉ាងស្លូតត្រង់។ តែ​ ប្រហែលជា​ដូចសព្វមួយដង គឺក្រុមប្រទេស​អាស៊ាន ប្រហែលជាមិនមាន​សេចក្តីក្លាហាន ដាក់សំពាធទៅលើរដ្ឋាភិបាល​ភូមា ឲ្យគោរពសិទ្ធិមនុស្សនោះទេ។

    អាស៊ីអាគ្នេយ៍ ជាធុងសម្រាម

    ថ្មីៗនេះដែរ អាស៊ីអាគ្នេយ៍បានទទួលចំណាប់អារម្មណ៍ខ្លាំង ដោយសារតែបញ្ហាកាកសំណល់ប្លាស្ទិក។ គឺកាកសំណល់ ដែលប្រទេសផ្សេងបញ្ជូនមក រាប់សិបតោន។ នៅខាងមុខអាគារជំនួបកំពូល​នៅបាងកក បាតុករជាច្រើននាក់ បានជួបជុំគ្នា លើកបដា រន្ធាន់ឲ្យថ្នាក់ដឹកនាំអាស៊ាន គិតគូរអំពីបញ្ហាប្លាស្ទិក។

    កាលពីដើមខែនេះ ព័ត៌មានបានផ្សព្វផ្សាយព្រោងព្រាត បន្ទាប់ពីហ្វីលីពីន បានបញ្ជូន​កុងទឺនឺ​ចំនួន​៦៩ ដែលផ្ទុកពេញទៅដោយកាកសំណល់ប្លាស្ទិក ឲ្យត្រលប់ទៅកាណាដាវិញ។ ហើយ ដូចគ្នាដែរ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជូនកុងទឺនឺចំនួន៥ ផ្ទុកដោយកាកសំណល់ប្លាស្ទិក ឲ្យត្រលប់ទៅកាន់អាមេរិកវិញដែរ កាលពីសប្តាហ៍មុននេះ។

    ក្រៅពីហ្វីលីពីន និងឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ក៏កំពុងតែប្រឈមនឹងបញ្ហាសម្រាមប្លាស្ទិកនេះដែរ។ ប្រទេស​នៅអាស៊ីអាគ្នេយ៍ កំពុងតែ​ក្លាយ​ជា​កន្លែង​ចាក់ស​ម្រាម របស់ប្រទេសអ្នកមាន។ បញ្ហានេះ បានរីកកាន់តែធំ បន្ទាប់ពីចិន បានបិទ លែងទទួលការនាំចូលសម្រាមប្លាស្ទិក​ ពីប្រទេសផ្សេង យកមកកែច្នៃក្នុងប្រទេសខ្លួន ចាប់ពីឆ្នាំ២០១៨មក។ ដូច្នេះ សម្រាមប្លាស្ទិក ត្រូវបាន​គេ​សម្រុក​ បញ្ជូនមកកាន់តំបន់អាស៊ីអាគ្នេយ៍។

    អ្វីដែលជាចំណោទ គឺប្រទេសអាស៊ានខ្លះ ហ៊ានទទួលសម្រាម ប៉ុន្តែ ពុំមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ ក្នុងការកែច្នៃរំលាយវាទេ។ គឺមានតែយកទៅដុតចោល នៅ​ហាលវាល បំពុលបរិស្ថាន បង្ករវិនាសកម្មជាច្រើន ដល់ធម្មជាតិ ដល់ប្រភពទឹក និងដល់សុខភាពរបស់ប្រជាជន។ បើតាមការរំពឹង ជំនួបកំពូលអាស៊ានលើកនេះ គេនឹងនិយាយគ្នា អំពីបញ្ហានេះ។

    តែដូចយើងធ្លាប់មាន​បទពិសោធន៍​កន្លងមកហើយ អាស៊ាន មិនសូវស្វាហាប់ទេ នៅក្នុងការស្វែងរក ឬក៏អនុវត្តគោលនយោបាយរួមណាមួយឡើយ។ កុំថាឡើយដល់ទៅបញ្ហា​កាកសំណល់ប្លាស្ទិកដែលនាំចូល សូម្បីតែបញ្ហាកាកសំណល់ប្លាស្ទិក ក្នុងស្រុកខ្លួន​ឯង ក៏ពុំទាន់មានប្រទេសអាស៊ានណា មានគោលនយោបាយកាត់បន្ថយឲ្យបានត្រឹមត្រូវ ផងទេ។

    កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP

    តាមកម្មវិធីគ្រោងទុក គឺរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ និងជួបប្រជុំគ្នា ដើម្បីចរចាបន្ត អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលមានចិនជាអ្នកផ្តួចផ្តើម។ កិច្ចព្រមព្រៀង ដែលចិនជាអ្នកផ្តួចផ្តើមនេះ មានឈ្មោះថា Regional Comprehensive Economic Partneship (RCEP)។ កិច្ចព្រមព្រៀងនេះ គឺគេរាប់បញ្ចូលប្រទេសអាស៊ានទាំង១០ រួមជាមួយប្រទេស​៦ទៀត ក្នុងនោះមាន​ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងណូវែល សេឡង់។ ចិន បានស្នើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីនេះ តាំងតែពីឆ្នាំ២០១២ម្លេះ ក៏ប៉ុន្តែគេមិនសូវចាប់អារម្មណ៍ ដោយសារតែ​អាមេរិក បានដឹកនាំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលធំជាងនេះ។

    គឺទើបតែក្រោយឆ្នាំ២០១៦ បន្ទាប់ពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ទើបបានចិន បានឆក់ឱកាស ប្រមូលប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់មួយចំនួន​ ឲ្យចួលរួមជាមួយខ្លួន។ ចិនរំពឹងថា ចុងឆ្នាំ២០១៩នេះ កិច្ចព្រមព្រៀងនេះនឹងចេញជារូបរាង្គ។ យ៉ាងណាមិញ មន្ត្រីទូតរបស់ហ្វីលីពីន ដែលមកចូលរួមជំនួបកំពូលនាពេលនេះ បានអះអាងថា ហ្វីលីពីន ចង់ឃើញកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីនេះ កាន់តែឆាប់ កាន់តែល្អ។ ជំនួបកំពូលធំមួយទៀត នៅខែវិច្ឆិកា នៅថៃដែរ គឺលោកស៊ី ជីនពីងប្រធានាធិបតីចិន នឹងមានវត្តមាន ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។

    ចិនចំណេញ ឬអាស៊ានខាត?

    ស្ថិតក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក​ ក្នុងអំឡុងពេលនេះ​ តើប្រទេសអាស៊ាន អាចទទួលបានផលចំណេញ ឬក៏ការខាតបង់អ្វីខ្លះ តាមរយៈការចូលរួម ក្នុង​កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលចិនផ្តួចផ្តើមនេះ?

    ជាបឋម អាស៊ានត្រូវមានគោលជំហររួមសិន ទើបអាចចរចា រកប្រយោជន៍រួមបាន នៅក្នុងកិច្ចព្រមព្រៀងនេះ។ តែដូចយើងដឹងហើយ ថាប្រទេសអាស៊ានទាំង១០ មានកម្រិតសក្តានុពលសេដ្ឋកិច្ច មិនស្មើគ្នាទេ។ យ៉ាងណាក៏ដោយ បើមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ទីផ្សាររួមតែមួយ គឺមានន័យថា ការធ្វើកំណែទម្រង់ រៀបចំបទដ្ឋានច្បាប់ ទាក់ទិននឹងពាណិជ្ជកម្ម នឹងកាន់តែដូចគ្នាៗ ស្របគ្នាពីរវាងប្រទេសទាំងអស់។ នេះជាចំណុចល្អមួយ។

    ទាក់ទិននឹងបរិបទសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនេះដែរ ក្រុមប្រទេសអាស៊ាន អាចទទួល​បានផលដែរ ព្រោះថាបញ្ហានេះ នឹងចាប់បង្ខំក្រុមហ៊ុនអន្តរជាតិ ឲ្យងាកមកបង្កើតរោងចក្រ ឬផលិតនូវផលិតផល​ខ្លួន​នៅតាមប្រទេសផ្សេង ក្រៅពីចិន ដើម្បីចៀសកុំឲ្យជាប់ទណ្ឌកម្មអាមេរិក។ ដូច្នេះ ប្រទេសអាស៊ាន អាចក្លាយជាគោលដៅថ្មី។ ក៏ប៉ុន្តែ វាទាល់តែប្រទេសអាស៊ាន ត្រៀមខ្លូន មានហេដ្ឋារចនាសម្ព័ន្ធ មានវត្ថុធាតុដើម និងមានក្រិត្យក្រមគតិយុទ្ធ ធានាសន្តិសុខផ្នែកច្បាប់ ឲ្យអ្នកវិនិយោគដែរ។

    មួយវិញទៀត ការបង្កើតឲ្យមានទីផ្សាររួម ដោះដូរទំនិញ និងសេវាកម្មដោយសេរី ជាមួយចិន សួរថា តើប្រទេសអាស៊ានមានលទ្ធភាព​ ធ្វើជាអ្នកនាំចេញ ឬមួយក៏គ្រាន់ តែចាំទទួលយកទំនិញ និងសេ​វាកម្មដែលហូរចូលពីចិនមក? ត្រង់នេះហើយ ដែលអាចក្លាយជាការលំបាក ព្រោះថា ទីផ្សាររួមតែមួយ ដែលមានតែម្នាក់ ដែលមានមានលទ្ធភាពលក់ចេញ ​លើសគេលើសឯង គឺវា​ពុំមានតុល្យភាពទេ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ