អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ត្រាំ ប្រកាស​ថា​នឹង​ជួប​គីម ជុងអ៊ុន ដូច​ការ​គ្រោង​ទុកវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង១សប្តាហ៍ បន្ទាប់ពីបានប្រកាសថា លប់​ចោល​ជំនួប​ប្រជុំ​ជាមួយ មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ុន​នោះ កាល​ពីថ្ងៃ​សុក្រ​ទី១​មិថុនា ពី​សេតវិមាន ​លោក​ដូណាល់ ត្រាំ ​​បាន​ប្រកាស​ថា ជំនួបនេះ​នឹង​កើត​មាន​ឡើង ដូច​តាម​ការ​គ្រោង​ទុកវិញ។ ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ​ គឺ​នៅក្រោយ​ពេល ដែល​លោក បាន​ទទួល​ជួប ​មនុស្ស​ដ៏​​សំខាន់​ម្នាក់​របស់​គីម ជុងអ៊ុន ​គឺ​លោក​មេ​បញ្ជាការ​ គីម យុងជុល​ ដែល​លោក​បា​នយក​លិខិត​មួយច្បាប់ ​របស់​គីម ជុងអ៊ុន ​មក​ប្រគល់​ដល់ដៃ​លោក​ដូណាល់ ត្រាំ នៅឯ​សេតវិមាន។ តាម​​រយៈ​​ការ​​ប្រកាស​នេះ គេ​សង្កេតឃើញ​ថា លោក​ដូណាល់ ត្រាំ ​កំពុង​បង្អួត​ប្រាប់​ពិភព​​លោក​​ទាំងមូល ថា​ដំណើរ​ការស្វែងរក​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង កំពុងតែ​ដើរ​ទៅមុខ​យ៉ាង​ល្អ ​ហើយ​អ្វីៗ​គឺ​ជា​លទ្ធផល​ការងារ ​របស់​រដ្ឋាភិបាល​លោក។

លោក Donald Trump និងលោកមេបញ្ជាការ Kim Yong-chol នៅសេតវិមាន ថ្ងៃទី​១ មិថុនា ២០១៨
លោក Donald Trump និងលោកមេបញ្ជាការ Kim Yong-chol នៅសេតវិមាន ថ្ងៃទី​១ មិថុនា ២០១៨ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ក្រាលព្រំក្រហមទទួលមេបញ្ជាការកូរ៉េខាងជើង ដែលធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ

តាំងតែពីដំបូងមក លោកដូណាល់ ត្រាំ តែងតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជានិច្ច តាមរយៈការសម្រេចចិត្ត ម្តងអញ្ចេះ ម្តងអញ្ចោះ មកក្តៅម្តងត្រជាក់ តាមចិត្តចង់បាន។ វាជានយោបាយការទូត ដែលគ្មានរូបរាង និងគ្មានភាពប្រកដប្រជា ពិបាកនឹងស្មានណាស់។ រឿងអ្វីក៏លោកដូណាល់ ត្រាំ អាចធ្វើទៅរួចដែរ បើសិនជាយើងវិភាគតាមមើលឃើញ។

ជាក់ស្តែង ការទទួលជួប លោកមេបញ្ជាការ គីម យុងជុល ដែលជាមនុស្សមានឥទ្ធិពលធំលំដាប់ទី២ នៅកូរ៉េខាងជើង កាលពីថ្ងៃសុក្រ ទី១មិថុនា គឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់។ វាមិនមែនជាជំនួបធម្មតាទេ តែជាជំនួប ដែលសេតវិមាន ខិតខំរៀបចំ ដើម្បីបង្អួតសំញ៉ែញ និងផ្តល់តំលៃយ៉ាងខ្លាំង ប្រៀបបាននឹងជំនួបជាមួយប្រមុខរដ្ឋរបស់ប្រទេសមួយ ដូច្នោះដែរ។

អ្វីដែលចំលែកនោះ គឺថា លោក គីម យុងជុល គឺជាអតីតប្រធានក្រុមស៊ើបការសំងាត់ របស់កូរ៉េខាងជើង ហើយជាមនុស្សដែលធ្លាប់ជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក កាលពីរដ្ឋបាលមុនៗ។ មនុស្សធ្លាប់ជាប់​ក្នុងបញ្ជីខ្មៅបែបនេះ តាមធម្មតា ប្រធានាធិបតីអាចទទួលជួប តែគេឲ្យចូលតាមទ្វាក្រោយ គេ​មិនក្រាលព្រំក្រហមទទួលយ៉ាងអាធិកអាធម្មបែបនេះទេ។ ជាងនេះទៅទៀត លោកដូណាល់ ត្រាំ បានផ្តល់កិត្តិយសទទួលជួបលោកមេបញ្ជាការ គីម យុងជុលនេះ ដល់ក្នុងបន្ទប់ប្រធានាធិបតី ក្នុងរយៈពេលដល់ទៅ១ម៉ោងកន្លះឯណោះ។ មានការរិះគន់ច្រើនណាស់ ថាលោកដូណាល់ ត្រាំ ធ្វើនេះជ្រុល ដែលផ្តល់កិត្តិយសជ្រុលពេក ដល់មេដឹកនាំរបបផ្តាច់ការធ្វើបាបប្រជាជនឯង ដូចជាកូរ៉េខាងជើងនេះ។

ជារួមយើងឃើញថា លោកដូណាល់ ត្រាំ កាលពីប៉ុន្មានខែមុន បានជេរ បានប្រើពាក្យធ្ងន់ៗ គំរាមកំទេចកូរ៉េខាងជើង ឲ្យក្លាយជាផេះ  តែថ្ងៃនេះលោកដូណាល់ ប្រើរបៀបបញ្ជោរបែបសំបើម ទទួលរាក់ទាក់ធ្វើដូចគ្មានរឿងអ្វីកើតឡើងទៅវិញ។ ថ្ងៃមុនថាចង់កំទេច តែថ្ងៃនេះ លោកដូណាល់ ត្រាំ បានប្រកាសនៅចំពោះមុខអ្នកកាសែតថា លោកឈប់ប្រើភាសាបែប “គំរាមសំឡុត” ទៀតហើយ។ ដូច្នេះ យើងឃើញថា វាមិនមានអ្វីទៀតទាត់ទេ ជាមួយលោកដូណាល់ ត្រាំ ហើយអ្នកវិភាគជាច្រើនជឿថា ភាគីកូរ៉េខាងជើង ក៏គេយល់ពីបញ្ហានេះដែរ។

១ម៉ោងកន្លះ និយាយពីគ្រប់បញ្ហា

តាមការប្រកាសដំបូង ថា លោក គីម យុងជុល ចូលទៅបន្ទប់ប្រធានាធិបតី តែមួយភ្លែតទេ ដើម្បីប្រគល់សំបុត្ររបស់គីម ជុងអ៊ុន​ឲ្យដល់ដៃលោកដូណាល់ ត្រាំ។ ក៏ប៉ុន្តែដល់មែនទែនទៅ ជំនួបនេះ បានអូសបន្លាយដល់ទៅ១ម៉ោងកន្លះម៉ោង។

ក្រៅពីប្រកាសថា នឹងរក្សាការប្រជុំជាមួយគីម ជុងអ៊ុន ដែលគ្រោងធ្វើនៅសិង្ហបុរី ថ្ងៃ​ទី​១២​មិថុនា​ខាងមុខ លោកដូណាល់ ត្រាំ បានប្រកាសប្រាប់អ្នកកាសែតថា ជំនួបរវាងលោក និងលោកមេបញ្ជាការ គីម យុងជុល បានប្រព្រឹត្តិយ៉ាងល្អ និងមានខ្លឹមសារគួរជាទីចាប់អារម្មណ៍។ លោកត្រាំ លើកឡើងថា លោកមិនទាន់បានអានសំបុត្រ របស់គីម ជុងអ៊ុនទេ ព្រោះលោក គីម យុងជុន បានប្រាប់ថា ចាំលោកចេញទៅវិញចុះ ចាំអានលិខិតនោះ។

លោកដូណាល់ ត្រាំនិយាយថា លោកនិងលោកគីម យុងជុល បាននិយាយពីបញ្ហាទាំងអស់​ ដែលមានរវាងអាមេរិក និងកូរ៉េខាជើង។ តែយ៉ាងណា គាត់បានទទួលស្គាល់ថា គាត់មិនបានលើកឡើងអំពីបញ្ហា សិទ្ធិមនុស្សនៅកូរ៉េខាងជើងទេ ព្រោះលោកមិនចង់បូកច្របល់បញ្ហាបញ្ចូលគ្នា ហើយយកឱកាសនេះ ផ្តោត​​សំខាន់ តែទៅលើបញ្ហានុយក្លេអែរ។

លោក ដូណាល់ ត្រាំ បញ្ជាក់ថា ជាមួយនឹងភាគីកូរ៉េខាងជើង លោកបាននិយាយអំពីបំណង បិទបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ ព្រោះថ្វីបើសង្រ្គាមកូរ៉េបានចប់៦៥ឆ្នាំមកនេះមែន តែធាតុពិតជាក់ស្តែង កូរ៉េខាងជើង និងអាមេរិកមិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពនឹងគ្នាទេ រហូតមកដល់រាល់ថ្ងៃនេះ។

បិទកម្មវិធីនុយក្លេអ៊ែរភ្លាម ទាំងស្រុង ឬជាដំណាក់ ?

មកត្រឹមពេលនេះ គេគ្រាន់តែដឹងថា​ បញ្ហាកងទ័ពអាមេរិក ដែលតាំងទីនៅកូរ៉េខាងត្បូងនោះ នឹងមិនត្រូវលើកយកមកនិយាយ នៅក្នុងការប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃទី១២មិថុនា ខាងមុខនេះទេ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកគ្មានបំណងសម្រេចអ្វីមួយនៅថ្ងៃទី ១២ ខែមិថុនានោះទេ ក៏ប៉ុន្តែ ជំនួបនេះ គឺជាការចាប់ផ្តើម នូវដំណើរការដោះស្រាយសន្តិភាព បិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ទាក់ទិននឹងបញ្ហានុយក្លេអ៊ែរនេះ លោក ដូណាល់ ត្រាំ បានអះអាង ដោយសុទិដ្ឋិនិយមថា លោកសង្កេតឃើញថា ភាគីកូរ៉េខាងជើងពិតជាមានចេតនា រុះរើប្រព័ន្ធនុយក្លេអ៊ែរចោល តាមការទាមទាររបស់អាមេរិកមែន។ លោកនិយាយបន្ថែមថា លោកជឿថាកូរ៉េខាងជើង ចង់ក្លាយជាប្រទេសមានការអភិវឌ្ឍន៍មួយនឹងគេ។

តែយ៉ាងណា មកត្រឹមដំណាក់កាលនេះ យើងមិនអាចស្មានបានទេថា តើកូរ៉េខាងជើង សុខចិត្តធ្វើសម្បទានកំរិតណា។ ភាគីអាមេរិក បានទាមទារ ឲ្យកូរ៉េខាងជើង លប់ចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុង ភ្លាមៗ នឹងជារៀងរហូត ឲ្យខាងតែបាន។ ក៏ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង បានប្រកែកថា គេមិនព្រមរំលាយកម្មវិធីនុយក្លេអ៊ែរចោលទាំងស្រុង ក្នុងពេលនេះទាំងអស់នោះទេ។ គីម ជុងអ៊ុនបានលើកឡើងថា កូរ៉េខាងជើងសុខចិត្តរំលាយចោល តែត្រូវធ្វើជាដំណាក់ៗ  ម្តងបន្តិចៗ។

ដូច្នេះតាមការសន្និដ្ឋាន ការប្រជុំនៅថ្ងៃទី១២មិថុនាខាងមុខនេះ គឺភាគីទាំង២ ត្រូវចរចាគ្នាពីបញ្ហានេះ ដើម្បីកំណត់ ថាត្រូវចាប់ផ្តើមដំណើរការសន្តិភាព និងរំលាយកម្មវិធីនុយក្លេអ៊ែរ ដោយវិធីណា។ តែយ៉ាងណាក៏ដោយ គេជឿថា លោកដូណាល់ ត្រាំ នឹងមិនទាន់ព្រមធ្វើសម្បទាន សម្រេចលុបចោលទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើងភ្លាមៗនោះទេ ដរាបណា កូរ៉េខាងជើង មិនព្រមលុបចោលកម្មវិធីនុយក្លេអ៊ែរ ចោលទាំងស្រុងទេនោះ។

អញ្ចឹង លទ្ធផលប្រជុំ គឺគេមិនអាចស្មានបានទាំងអស់ ព្រោះទាំងលោកដូណាល់ ត្រាំ ទាំងលោកគីម ជុងអ៊ុន គឺសុទ្ធតែជាមនុស្ស ងាយបត់បែន បាតដៃខ្នងដៃបានយ៉ាងងាយដូចគ្នា។ មួយវិញទៀត គេមិនដឹងថា លោកគីម ជុងអ៊ុន សរសេរអ្វីខ្លះ ក្នុងលិខិតនោះទេ។​ នៅសល់តែ១០ថ្ងៃទៀតទេ ដល់ពេលប្រជុំហើយ ដូច្នេះការរៀបចំគឺស្ថិតក្នុវភាពតក់ក្រហល់រៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ