អានតួអត្ថបទ

តុលាការ​ក្រុងឡាអេ បដិសេធ​មិន​បើក​ការ​ស៊ើបអង្កេត លើ​​ករណី​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​​នៅ​​អាហ្វហ្កានីស្ថាន

កាលពីរសៀលថ្ងៃទី​១២មេសា ចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ បានសម្រេចបដិសេធ មិនបើកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្រ្គាម ដែលកើតឡើងនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងរវាង១៥ឆ្នាំ នៃអន្តរាគមន៍យោធា របស់កងទ័ពអាមេរិក។ ជាការស៊ើបង្កេត ដែលអាចពាក់ព័ន្ធ ដល់សកម្មភាពនានា របស់កងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្ត។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិក ក៏ធ្លាប់បានគំរាមតុលាការក្រុងឡាអេដែរ បើតុលាការនេះហានបើកការស៊ើបអង្កេត។

លោកស្រី Fatou Bensouda អយ្យការ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC)
លោកស្រី Fatou Bensouda អយ្យការ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) AFP
ផ្សាយពាណិជ្ជកម្ម

ចៅក្រមនៃអង្គជំនុំជំរះបឋម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានសម្រេចគ្នាជាឯកច្ឆ័ន្ទ បដិសេធ មិន​បើកការស៊ើបអង្កេត លើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្កានីស្ថាន។ អង្គចៅក្រម បានផ្តល់ហេតុផលថា ការបើកការស៊ើបអង្កេតលើសំណុំរឿងនេះ នៅក្នុងដំណាលកាលបច្ចុប្បន្ននេះ នឹងមិនជះផលវិជ្ជមានអ្វីដល់ការស្វែងរកយុត្តិធម៌ឡើយ។

សម្រាប់អង្គចៅក្រម ដំណាក់កាលនេះ គឺលក្ខខណ្ឌទាំងអស់ មិនទាន់ត្រូវបានប្រមូលផ្តុំ ដើម្បីអាចបើកសំណុំរឿងនេះបានទេ ជាក់ស្តែង ដូចជាទាក់ទិននឹងអជ្ញាយុត្តាធិការរបស់តុលាការ ព្រមទាំងស្ថានភាពដ៏ស្មុគស្មាញ​នាពេលបច្ចុប្បន្ន នៅអាហ្វហ្កានីស្ថាន ដែលអាចជាឧបសគ្គដល់ការស៊ើបអង្កេត។

សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អយ្យកាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី Fatou Bensouda បានរៀបចំឯកសារ ស្នើទៅកាន់អង្គចៅក្រម ឲ្យបើកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេល១៥ឆ្នាំ នៃអន្តរាគមយោធារបស់អាមេរិក។

គួរបញ្ជាក់ផងដែរថា សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្កានីស្ថាននេះ គឺវាពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងប្រតិបត្តិការរបស់កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន។ កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលអាមេរិក បានសម្រេចលប់ចោលទិដ្ឋកា មិនឲ្យជាន់ដីអាមេរិក ពី​មន្ត្រីតុលាការក្រុងឡាអេណា ដែលបានចូលរួម ក្នុងការស្រា​វជ្រាវ រករឿងចោទថាកងទ័ពអាមេរិក បានធ្វើបទឧក្រិដ្ឋកម្មសង្រ្គាម។ ជាក់ស្តែង លោកស្រី Fatou Bensouda អយ្យការតុលាការក្រុងឡាអេតែម្តង ដែលត្រូវបានគេលប់វីហ្សាចោល។

សូមបញ្ជាក់ថា អាមេរិកមិនមែនជាប្រទេសហត្ថលេខី នៃសន្ធីសញ្ញាទីក្រុងរ៉ូម ដែលជាស្ថាបនិកតុលាកា​រ​​ក្រុងឡាអេទេ។ រដ្ឋាភិបាលអាមេរិក បាន​គំរាមថា នឹងដាក់ពិន័យទៅលើតុលាការនេះ បើនៅតែចចេស បើកសំណុំរឿងនេះ។

តែយ៉ាងណា តុលាការព្រហ្មទណ្ឌអន្តរជាតិ អះអាងថា តុលារនឹងបន្តធ្វើការដោយឯករាជ្យ។ គួរកត់សំគាល់ថា ថ្វីបើអង្គចៅក្រម មិនបើកការស៊ើបអង្កេតនាពេលនេះ តែមិនមែនមានន័យថា នឹងមិនបើកនៅថ្ងៃខាងមុខឡើយ។ ព្រោះបើតាមការពន្យល់របស់ចៅក្រម គឺពេលនេះ លក្ខខណ្ឌនៅមិនទាន់គ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ