ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

តុលាការបង់ក្លាដែស ប្រកាស​ទោស​ប្រហារជីវិត​មនុស្ស​១៦​នាក់ ពីបទ​មនុស្សឃាត​លើ​នារី​ម្នាក់

media  
ជនជាប់ចោទទាំង១៦នាក់ នៅក្នុងឡានទ្រុង​ បញ្ជូនចេញ​ពី​សវនាកា ក្រោយការប្រកាសទោស​​ប្រហារជីវិត​ដោយ​តុលាការ​ក្រុង​ Feni​ ថ្ងៃទី​​២៤តុលា​ ២០១៩​ REUTERS/Stringer

នៅថ្ងៃព្រហស្បតិ៍ទី​២៤តុលានេះ តុលាការបង់ក្លាដែសមួយ បានប្រកាសទោស​ប្រហារជីវិត លើមនុស្សចំនួន​១៦នាក់ ពីបទចូលរួម និងឃុបឃិតគ្នា​សម្លាប់នារីវ័យក្មេងម្នាក់ ដោយការចាក់សាំងដុតទាំងរស់។ អង្គការការពារសិទ្ធិស្ត្រីបានសម្តែងការអបអរ ចំពោះការសម្រេចទោសនេះ ខណៈដែល​អំពើហិង្សា ក៏ដូចជា​ការរំលោភបំពានផ្លូវភេទលើស្ត្រី តែងតែកើតមានជាញឹកញាប់នៅបង់ក្លាដែស ហើយដោយជនល្មើសភេទប្រុស​ តែងតែរួចផុតពីសំណាញ់ច្បាប់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី​៥មេសា ដោយនារីវ័យក្មេងជនជាតិបង់ក្លាដែសម្នាក់ ឈ្មោះ Nusrat Jahan Rafi ត្រូវបាន​គេយកសាំងមកចាក់ដុតទាំងរស់។ ការស៊ើបអង្កេត បានឈានទៅវែកមុខមនុស្សប្រុស​ចំនួន​១៦នាក់ ដែលសុទ្ធតែជាគ្រូបង្រៀននៅសាលាកូរ៉ាន់អ៊ីស្លាម​ ដែលនារីរងគ្រោះ​នោះជាសិស្សនៅទីនោះ។ សាវនាកា បានចាប់ផ្តើមបើកនៅខែ​មិថុនា ហើយទីបំផុត តុលាការក្រុងFeni បានសម្រេចទោសប្រហារជីវិត លើជនជាប់ចោទទាំង១៦នាក់។

លោក Hafez Ahmed រដ្ឋអាជ្ញាបង់ក្លាដែស បានថ្លែងប្រាប់អ្នកកាសែតថា សាលដីកាសម្រេចទោសនេះ បានបញ្ជាក់​ថាបង់ក្លាដែស គឺជាប្រទេសនីតិរដ្ឋ ហើយ​គ្មានអំពើឧក្រិដ្ឋណា អាចរួចផុតពីសំណាញ់ច្បាប់បានទេ។ យ៉ាងណាក៏ដោយ មេធាវីការពារជនចាប់ចោទទាំង១៦នាក់ បានប្រកាសថាគេនឹងប្តឹងទៅសាលាឧទ្ធរណ៍។

សូមរំលឹកថា ដំណើរដើមហេតុ ដែលបណ្តាលឲ្យមាន​ករណីឃាតកម្មនេះ គឺនៅ​រវាងចុងខែមីនា នារីរងគ្រោះបានសម្រេចដាក់ពាក្យប្តឹងទៅនគរបាល នូវអំពើបំពារបំពានផ្លូវភេទ បង្កឡើងដោយនាយកសាលារៀនរបស់នាង ដែលធ្វើមកលើរូបនាង។ នាយកសាលាដែលជាប់ចោទ ត្រូវបាន​សមត្ថកិច្ចចាប់ឃុំខ្លួន។ ឆ្លងកាត់ការស៊ើបអង្កេត គឺ​នាយកសាលារូបនោះ ជាអ្នករៀបចំផែនការ និងបញ្ជាឲ្យ​គ្រូៗចំនួន​១៦នាក់ ដែលជាបក្សពួក ទៅគំរាមស្ត្រីរងគ្រោះឲ្យដកពាក្យបណ្តឹង។

នៅថ្ងៃកើតហេតុ នារីរងគ្រោះ ត្រូវបាន​ជនដៃដល់ទាំង១៦នាក់ នាំយកទៅលើដំបូលសាលារៀន ហើយបានគំរាមឲ្យ​ដកពាក្យបណ្តឹង ពុំនោះទេ ពួកគេនឹងសម្លាប់ចោល។ ដោយស្ត្រីរងគ្រោះនៅតែមិនព្រម ពួកគេបានយកសាំងមកចាក់ដុតសម្លាប់តែម្តង ដើម្បី​បន្លំធ្វើជាករណីធ្វើអត្តឃាត។ ក៏ប៉ុន្តែ សមត្ថកិច្ចស៊ើបអង្កេតបាន​បញ្ជាក់ថា នារីរងគ្រោះ បាន​ចុះទៅក្រោមអាគារ ទាំងភ្លើងឆេះលើខ្លួន ដើម្បីស្រែករកគេជួយ។ នារីរងគ្រោះបាន​ស្លាប់៥ថ្ងៃក្រោយមក​ គឺថ្ងៃទី​១០មេសា បន្ទាប់ពីរងរបួសឆេះសឹងតែសព្វសាច់។

ហេតុការណ៍នេះ បានធ្វើឲ្យរញ្ជួយមតិសាធារណៈបង់ក្លាដែស ដែលជាប្រទេសកាន់សាសនាអ៊ីស្លាម ហើយដែលស្ត្រីភេទ តែងតែរងគ្រោះដោយអំពើហិង្សា គ្រប់ទំរង់។ បងប្រុសរបស់ស្ត្រីរងគ្រោះ បានថ្លែងអរគុណចំពោះអន្តរាគមន៍របស់​លោកស្រី Sheikh Hasina ដែលបានជួយជំរុញ ឲ្យមាន​ការអនុវត្តន៍នីតិវិធីច្បាប់ស្វែងរកយុត្តិធម៌។ លោកស្រី Mahila Parishad ប្រធានសមាគមការពារសិទ្ធិស្ត្រីបង់ក្លាដែស បានលើកឡើងថា សាលដីកានេះ គឺជាគម្រូមួយ ដើម្បីយកទៅ​ធ្វើជាអាវុធ ​ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ​រំលោភបំពាន​ផ្លូវភេទលើស្ត្រី។ លោកស្រីលើកឡើងថា កន្លងមក នៅបង់ក្លាដែស មានករណីរំលោភសេពសន្ទវៈ តែ៣%ប៉ុណ្ណោះ ដែលអាចឈានទៅ​ដល់សវនាកាជំនំជំរះ កាត់ទោសជនល្មើស៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ