ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
អាស៊ី

រដ្ឋាភិបាល​តួកគី បណ្តេញ​មនុស្ស​២៧០០​នាក់ ​បន្ថែម​ទៀត ចេញ​ពី​មុខងារ​រដ្ឋ

media លោក Erdogan ប្រធានាធិបតីតួកគី Kayhan Ozer/Presidential Palace/Handout via REUTERS

នៅប្រទេសតួកគី កាលពីថ្ងៃអាទិត្យទី២៤ធ្នូ ម្សិលមិញនេះ រដ្ឋាភិបាលទើបតែបានចេញក្រិត្យថ្មីមួយទៀត  ដោយបានបណ្តេញបុគ្គលិគរដ្ឋ ប្រមាណជា២៧០០នាក់ ពី​មុខងារ។ មនុស្សទាំងនោះ ត្រូវបានជាប់ចោទពីបទ បានចូល ឬក៏មានទំនាក់ទំនង ជាមួយ​នឹង​បណ្តាញ​ភេរវកម្ម។ គួរបញ្ជាក់ថា ចាប់តាំងពីមានហេតុការណ៍ធ្វើរដ្ឋប្រហារមិន​បាន​សម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦ រដ្ឋាភិបាលលោកអ៊ែរដូហ្កាន់ បានបើកយុទ្ធនាការ​ ចាប់មនុស្ស និងបណ្តេញមនុស្សចេញពីស្ថាប័នរដ្ឋ រាប់ម៉ឺននាក់ ដោយ​ចោទ​ថា​ ពួកគេមានជាប់ទាក់ទង និងចលនានយោបាយប្រឆាំង ដែលជាប្រភពនៃការធ្វើ​រដ្ឋប្រហារ។

បុគ្គលិកស្ថាប័នរដ្ឋ ​សរុប​ទាំងអស់ ២៧៥៦នាក់ ត្រូវបានគេលប់ឈ្មោះចេញ ពីមុខងារ ដោយយោង​តាម​ក្រិត្យច្បាប់​មួយ ចេញដោយរដ្ឋាភិបាលតួកគី កាល​ពីថ្ងៃ​អាទិត្យ ទី ២៤​ធ្នូ។ បុគ្គលិករដ្ឋទាំងនោះ ​មាននៅ​តា​ម​ក្រសួង​ធំៗ ដូចជា​ក្រសួង​មហាផ្ទៃ ក្រសួង​​ការបរទេស​ ក្រសួង​អប់រំ និង​ក្រសួង​ការពារ​ជាតិ​​ជាដើម។ ហើយ​ក្នុង​ចំណោម​ អ្នក​ដែល​​ត្រូវ​គេ​​លប់ឈ្មោះ​ពី​ការងារ​នេះ គឺមាន​ប្រមាណ​៦៣៧នាក់ ជាទាហាន និង​១០៥​នាក់ គឺជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ។

ក្រិត្យច្បាប់នេះ បានសរសេរថា ជនដែលជាប់ឈ្មោះទាំងអស់នេះ គឺសុទ្ធតែជាមនុស្ស បើមិនមែនជាសមាជិក ក៏មានជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវកម្ម  ឬក៏បណ្តាញឧក្រិដ្ឋណា​មួយ ដែលធ្វើសកម្មភាព ប្រឆាំងនឹងសន្តិសុខជាតិ ដែរ។ ក្រៅពីដកហូតមុខដំណែងមនុស្ស​ទាំង២៧០០នាក់នេះ  ក្រិត្យច្បាប់នេះ បានកំណត់ឲ្យបិទស្ថានប័នចំនួន១៧ ទូទាំង​ប្រទេស​តួកគី ក្នុងនោះមាន ការិយាល័យនិពន្ធផ្សាយសារព័ត៌មានចំនួន២ និងសមាគម​ចំនួន៧ផងដែរ។

បន្ថែមពីនេះ រដ្ឋាភិបាលតួកគី បានចេញក្រិត្យច្បាប់មួយទៀត ដោយបានកំណត់ថា ជនដែលជាប់ចោទពីបទធ្វើបំពាននឹងច្បាប់ធម្មនុញ្ញ ក៏ដូចជាមានបំណងផ្តួលរំលំរដ្ឋាភិបាល  នឹងត្រូវបញ្ជូនខ្លួនទៅចំពោះមុខតុលាការ។ ហើយនៅចំពោះមុខតុលាការ ជនជាប់ចោទទាំងអស់ ត្រូវតែស្លៀកសំលៀកបំពាក់ ពណ៌ដូចគ្នា ទាំងលើទាំងក្រោម បើមិនពណ៌ប្រផេះ គឺពណ៌ក្រហមត្នោតក្រម៉ៅដែរ។ ក្រិត្យនេះ នឹងចូលជាធរមាននៅចុងខែមករា ហើយអនុវត្តតែទៅលើជនជាប់ចោទ ជាភេទប្រុសប៉ុណ្ណោះ។ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតី​តួកគី ធ្លាប់បាននិយាយឲ្យដឹងថា អ្នកជាប់ចោទ ពីបទចូលរួមធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល មិនអាចស្លៀកពាក់ស្អាតបាត ចងក្រវ៉ាត់ក នៅចំពោះមុខតុលាការទេ គឺត្រូវតែស្លៀកពាក់ ពណ៌តែមួយដូចគ្នាទាំងអស់ ឲ្យដូចអ្នកទោសអញ្ចឹង។

សូមរំលឹកថា ចាប់តាំងពីមានរដ្ឋប្រហារមិនបានសម្រេច នៅខែកក្កដា ឆ្នាំ២០១៦មក រដ្ឋាភិបាល​លោកអ៊ែរដូហ្កាន់ បានចាប់មនុស្សដាក់ឃុំ ចំនួន៥៥០០០នាក់ និងបានដក​ហូត​មុខតំណែងបុគ្គលិករដ្ឋចំនួន១សែន៤ម៉ឺននាក់ រួចមកហើយ។ រដ្ឋាភិបាលតួកគី បានសម្រេច​​ពន្យា ដាក់បន្តច្បាប់អាជ្ញាសិក ចំនួន៥ដងមកហើយ។ ស្ថានភាពេនះ គឺជាលេស ដើម្បី​​ប្រើច្បាប់អាជ្ញាសិក ចាប់ចងមនុស្ស ដោយមិនចាំបាច់ ឆ្លងកាត់ការវិនិច្ឆ័យពីតុលាការ។ ប្រតិបត្តិការដែលលោកអ៊ូដូហ្កាន់ ដាក់ឈ្មោះថាជ “ការកំចាត់មេរោគ” នេះ ត្រូវ​បានគេមើលឃើញថា ជាប្រតិបត្តិការបំបិទសម្លេងនយោបាយប្រឆាំង នៅតួកគីតែប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ