អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​៦ខែមកហើយ ដែលវិបត្តិហុងកុងបានអូសបន្លាយ។ បាតុកម្មរបស់យុវជនគាំទ្រប្រជាធិបតេយ្យ មានលក្ខណៈកាន់តែហិង្សា ដែលវាជាការឆ្លើយតបទៅ​នឹង វិធានការបង្រ្កាបរបស់អាជ្ញាធរហុងកុង ដែលបានប្រើធម៌ក្តៅកាន់តែខ្លាំងឡើងដែរ។ ហុងកុង ទីក្រុងទំនើប ជម្ឈមណ្ឌល​សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាស៊ី កំពុងតែធ្លាក់ខ្លួនក្លាយ​ជាទីក្រុងគ្មានស្ថិរភាព និងអាណាធិបតេយ្យ។ ទាំងប្រជាជនហុងកុង ទាំងថ្នាក់ដឹកនាំនយោបាយ​ ហាក់ដូចជា​កំពុងនឿយណាយ នឹងការអូសបន្លាយ​នៃវិបត្តិនេះ។ តើវិបត្តិបាតុកម្មប្រជាធិបតេយ្យហុងកុងនេះ អាចនឹងបិទបញ្ចប់ទៅ ដោយរបៀបណា?

យុវជនបាតុករម្នាក់​ អស់កម្លាំងអង្គុយផ្អែក យ៉ាង​អស់សង្ឃឹម នៅទីតាំង​​សកលវិទ្យាល័យ ​PolyU ​ថ្ងៃទី​​១៨ វិច្ឆិកា ២០១៩​
យុវជនបាតុករម្នាក់​ អស់កម្លាំងអង្គុយផ្អែក យ៉ាង​អស់សង្ឃឹម នៅទីតាំង​​សកលវិទ្យាល័យ ​PolyU ​ថ្ងៃទី​​១៨ វិច្ឆិកា ២០១៩​ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ស្ថានភាពនៅហុងកុង ហាក់កំពុងតែស្ថិតនៅលើផ្លូវទ័លច្រក ទៅមុខមិនរួច ថយក្រោយមិនកើត។ ៦ខែមកនេះ ចលនាបាតុកម្មបានអូសបន្លាយ ធ្វើឲ្យប្រជាជនកាន់តែនឿយណាយ កងសមត្ថកិច្ចវិញកាន់តែ ក្តៅ​ឆេវឆាវប្រើធម៌ក្តៅកាន់តែខ្លាំង ទៅលើហ្វូងបាតុករ។

អស់រយៈពេល​៣ថ្ងៃ គិតពីថ្ងៃសៅរ៍ទី១៦ វិច្ឆិកា សិស្សនិស្សិតហុងកុង ដែលជាបាតុករមានការប្តេជ្ញាចិត្តខ្ពស់ មានគ្នាជាង១០០នាក់ បានសំងំ តស៊ូលាក់ខ្លួននៅក្នុងអាគារ​សកលវិទ្យាល័យ​ពហុបច្ចេកវិទ្យា។ សមត្ថកិច្ចហុងកុងបានឡោមព័ទ្ធ នឹងបានគំរាមប្រើគ្រាប់​កាំភ្លើងពិត ដើម្បីបំបែកពួកគេ។ ទន្ទឹមពេលគ្នានេះ នៅខាងក្រៅ​របង​សកល​វិទ្យាល័យ​ឯណោះវិញ ឪពុកម្តាយ ក្រុ​មគ្រួសាររបស់យុវជន​បាតុករទាំងនោះ អន្ទះអន្ទែង ក្នុងទឹកមុខភ័យបារម្ភពីសុវត្ថិភាព របស់កូនចៅខ្លួន ដោយម្នាក់ៗ លែងគិតពីបាតុកម្មអ្វីទៀតឡើយ គឺសុំឲ្យតែកូនចៅខ្លួន ​ត្រលប់មកផ្ទះវិញ ដោយសុវត្ថិភាពតែប៉ុណ្ណោះ។

តើពេលណាវិបត្តិនេះ នឹងបិទបញ្ចប់? តើបាតុករហុងកុង នឹងបន្តតស៊ូរបៀបនេះ ដល់ពេលណា? តើសមត្ថកិច្ចហុងកុង ក៏ដូចជារដ្ឋអំណាចចិន នឹងបន្តអត់ធ្មត់ដល់ពេលណា?

គួរកត់សំគាល់ថា ៦ខែនៃការតស៊ូបាតុកម្មនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះហុងកុងល្បីរន្ទឺ ទូ​ទាំងពិភពលោក។ សេចក្តីក្លាហាន ការប្តេជ្ញាចិត្ត កម្លាំងសាមគ្គី ក៏ដូចគំនិតច្នៃប្រឌិត របស់ក្រុមបាតុករហុងកុង បានធ្វើឲ្យគ្រប់គ្នា​កោតសរសើរ។ តែទន្ទឹមនឹងនេះ ការបន្តអូសបន្លាយបាតុកម្មយូរបែបនេះ ក៏បានធ្វើឲ្យគេព្រួយបារម្ភផងដែរ ពីផលវិបាកផ្សេងៗ ទៅលើសុវត្ថិភាព​ សន្តិសុខ និងស្ថិរភាព​សេដ្ឋកិច្ចហុងកុង។

“ចិនមិនឈរឱបដៃមើលទេ បើទប់លែងឈ្នះ”

លោកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអង់គ្លេស បានលើកឡើងបែបគំរាមថា "បើស្ថានភាពកាន់តែវឹកវរ មិនអាចទប់ទល់បាន នោះរដ្ឋអំណាចចិនមិនអាចឈរឲ្យដៃមើលបានទេ"។ ក្នុងន័យនេះដែរ កាសែតផ្លូវការរដ្ឋចិន បានចុះផ្សាយថា "សកម្មភាព​របស់ក្រុមបាតុករអន្ធពាលហុងកុង គឺវាហួសហេតុ មិនអាចបណ្តោយឲ្យបន្តបានទៀតទេ"។

ជាការពិត អ្វីដែលគេគិតសង្ស័យ គឺថ្ងៃណាមួយ គណបក្សកុម្មនីស្តចិនអាចនឹងប្រើប្រាស់កងទ័ព ឲ្យ​ចេញមកបង្រ្កាបបាតុករ​ហុងកុង ដូចដែលខ្លួនបានធ្លាប់ធ្វើ នៅទីលានធានអានមិន ក្នុងឆ្នាំ​១៩៨៩។ គេហទំព័រវិភាគស្រាវជ្រាវ ឈ្មោះSinoInsider បានលើកឡើងថា លទ្ធភាព​ប្រើកម្លាំងទ័ព គឺនៅតែមានសុពលភាព​ជានិច្ច។ អធិបតេយ្យភាព និង​បូរណភាពដែនដី ចិនតែមួយ​ គឺជាចំណុចកំពូល ដែលបក្សកុម្មុយនីស្តចិន មិនអាចឲ្យនរណាប៉ះពាល់បានទេ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ទី​១៩វិច្ឆិកា អ្នកនាំពាក្យសភាប្រជាមានិតចិន បានប្រកាស​ថា មាន​តែសភាប្រជាមានិតចិនតែមួយគត់ ដែលមានសិទ្ធិសម្រេច ថាបទបញ្ជា​ណាមួយ​ស្របឬមិនស្រប នឹងច្បាប់ជាមូលដ្ឋាននៅហុងកុង។ ការប្រកាសនេះ គឺធ្វើឡើង ក្រោយពេលដែលតុលាការកំពូលហុងកុង បានសម្រេចទុកជាមោឃៈ នូវបទបញ្ជារបស់រដ្ឋបាលហុងកុង​ ដែលហាមមិនឲ្យក្រុមបាតុករ ពាក់ម៉ាសបាំងមុខ ក្នុងពេលធ្វើបាតុកម្ម។ តុលាការកំពូលហុងកុង យល់ថាការហាមឃាត់នេះ គឺជារឿងមិនត្រឹមត្រូវ ហើយផ្ទុយពីរដ្ឋធម្មនុញ្ញ។

ការចេញមុខប្រកាស ជាន់ពន្លិចសេចក្តីសម្រេចចិត្តរបស់តុលាការកំពូលហុងកុងនេះ បង្ហាញថាសភាប្រជាមានិតចិន ដែលជាស្ថាប័នកំពូលនៃរដ្ឋចិន មិនព្រងើយកន្តើយ ទុកឲ្យ​ជោគជ័យ ធ្លាក់ទៅក្នុង​ដៃ​បាតុករ​ហុងកុងនោះឡើយ។ ពិតណាស់ ដែលថា អន្តរាគមន៍យោធាគឺជាជម្រើសមួយ​ដែលចិន មិនបោះបង់ចោល។ ទាហានចិនឈរជើងនៅហុងកុង មានជាច្រើនពាន់នាក់ដែលនៅសំងំក្នុងបន្ទាយ រងចាំតែមានការសម្រេច​ពីថ្នាក់លើ។ កាលពីចុងសប្តាហ៍មុន​ទាហានចិន ​បានចេញក្រៅបន្ទាយ បើកប្រតិបត្តិការសំអាតតាមផ្លូវហុងកុង ហាក់ដូចជាមានបំណងចង់សាកល្បង បំភ័យប្រជាជនហុងកុង។

មិនប្រើទ័ព តែប្រើដៃនគរបាលហុងកុង

លោក Brian Fong អ្នកស្រាវជ្រាវនយោបាយនៅហុងកុងម្នាក់ ដែលបានតាមដាន ការងើបបះបោរ​​របស់យុវជនហុងកុង បានវិភាគ​ថា ចិន មានជំរើស៣ ដើម្បីបញ្ចប់​វិបត្តិ​ហុងកុង។ ជំរើសទី១ គឺការប្រើកម្លាំងទ័ពដូចនៅទីលានធានអានមិន ហើយជំរើសទី២ គឺការធ្វើសម្បទានទៅតាមការចង់បាន​របស់បាតុករប្រជាធិបតេយ្យ។ ការយល់ព្រម លប់ចោល​ច្បាប់ធ្វើបត្យាប័ន ត្រូវបានក្រុមបាតុករចាត់ទុកថា នៅមិនទាន់គ្រប់គ្រាន់ទេ។ បាតុករហុងកុង ចង់ឲ្យដកតំណែងលោកស្រី ការី ឡាំ ចង់ឲ្យ​ធ្វើ​កំណែទម្រង់ មានការបោះឆ្នោតជ្រើសរើសសភា និងមេដឹកនាំហុងកុង​ តាមបែបសេរីប្រជាធិបតេយ្យ​ និងទាមទារ​ឲ្យមានការស៊ើបអង្កេត លើវិធានការហិង្សារបស់សមត្ថកិច្ចហុងកុង​ ប្រើ​មក​លើ​បាតុករ ហើយចុងក្រោយ គឺត្រូវដោះលែងបាតុករទាំងអស់ មិនត្រូវដាក់ទោសអ្នកណាទាំងអស់​។

ក៏ប៉ុន្តែ លោក Brian Fong លើកឡើងថា ជំរើសទាំង២នេះ គឺចិនពិបាកសម្រេចចិត្តណាស់។ ចិនមិនអាចធ្វើសម្បទាន ទៅតាមការទាមទារគ្រប់ចំណុចរបស់បាតុករបានទេ។ ធ្វើបែបនេះគឺបក្សកុម្មុយនិស្តចិន នឹងបង្ហាញជំហរទន់ជ្រាយ ហើយអាចប្រឈម​នឹងការរើបំរះផ្សេងទៀត នៅទីកន្លែងផ្សេង។ រីឯជម្រើសប្រើកម្លាំងទ័ពវិញ​ គឺចិនរិតតែមិនអាចធ្វើវាបាន។

លោកពន្យល់ថា ហុងកុងគឺជាបណ្តុំនៃ​ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់សម្រាប់សេដ្ឋកិច្ចចិន។ ទឹកប្រាក់វិនិយោគក្រៅប្រទេសរបស់ចិន យ៉ាងតិច៧០% គឺឆ្លងកាត់ហុងកុង។ ហុងកុង ក៏ជាទីតាំងដោះដូរ ចរាចរសាច់ប្រាក់ និងមូលធន ដ៏សំខាន់របស់ចិន។ បើមាន​​អន្តរាគមន៍​យោធានៅហុងកុង នឹងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុហុងកុងរលំ ហើយសេដ្ឋកិច្ចនិងការវិនិយោគរបស់ចិន ប្រាកដជាខាតបង់ធ្ងន់មិនខាន។

ដូច្នេះគឺមានតែជម្រើសទី៣ទេ ដែលចិនអាចសម្រេចធ្វើ នោះគឺការរឹតបន្តឹងការប្រើកណ្តាប់​ដៃ​ដែក ពង្រឹងកម្លាំងសមត្ថកិច្ចហុងកុង ដើម្បីកៀបបាតុករហុងកុង ឲ្យរាបម្តងបន្តិចៗ។ ក្នុងន័យនេះ ការប្រើប្រាស់គ្រាប់កាំភ្លើងពិត ម្តងម្កាល ប្រាកដជាអាចកើតមាន ក្នុងលេសដើម្បីបំបែកបាតុករដែលហឹង្សា។ ក្នុងន័យនេះដែរ កងកុម្មង់ដូពិសេស មានគ្នា៨០នាក់ ទើបតែត្រូវបានបញ្ជូនមកបន្ថែម ដើម្បីបង្រ្កាបបាតុករ។

លោក Brian Fong អះអាងថា គឺជម្រើសនេះហើយ ដែលចិនកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ។ ចិនបើកដៃឲ្យអជ្ញាធរ​ហុងកុង បង្រ្កាបបាតុករឲ្យខ្លាំង ដោយឥតរើសមុខ ហើយចាប់ពួកគេដាក់ឃុំ ដោយឥតត្រាប្រណី។ ធ្វើដូចនេះ ចលនាបាតុកម្មនេះ នឹងសាបរលាបបន្តិចម្តងៗ​ដោយឯកឯង ដោយសារតែ​បាតុករ​​អស់សង្ឃឹម ក្លបខ្លាច លែងហ៊ានតវ៉ាតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ