អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការថៃ ​បើក​សវនាកា​រ លើ​សំណុំ​រឿង​ជួញដូរ​ជន​ភៀស​​ខ្លួន​រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

យើង​ទាំងអស់​គ្នា​ ពិតជា​នៅ​ចាំ​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​នៅពេល​ដែល​អាជ្ញាធរ​ថៃ ​បាន​ប្រទះ​ឃើញ ​ រណ្តៅ​កប់ខ្មោច​រួម ​ជាច្រើន​កន្លែង ​នៅក្នុង​ព្រៃ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​ក្បែរ​ព្រំដែន​ម៉ាឡេស៊ី។ ជន​ភៀសខ្លួន ​រ៉ូហ៊ីងយ៉ា​ ជា​ច្រើន​រយ​នាក់ ​ត្រូវ​បាន​គេ​ឃុំឃាំង ​ធ្វើ​ទារុណកម្ម ​និង​សម្លាប់​ចោល ​យ៉ាង​អមនុស្សធម៌ ​ជាទី​បំផុត។ អាជ្ញាធរ​ថៃ​បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ ​បំបែក​បណ្តាញ​ជួញដូរ​មនុស្ស​នេះ។ ឆ្លងកាត់​ ពេល​ជិត​២​ឆ្នាំ ​សវនាការ​ដ៏​ធំ​មួយ ​កំពុង​បើក​ទ្វារ​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក ​ដើម្បី​ប្រកាស​ទោស ​លើ​មនុស្ស​ជាច្រើន​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ទុច្ចរិត​នេះ។

ជនជាប់ចោទ ជាមេទ័ពថៃ ឈ្មោះ Manas Kongpan ដែលជាប់ចោទ​ក្នុង​សំណុំរឿង​ជួញ​​ដូរ​ជន​ភៀស​ខ្លួន
ជនជាប់ចោទ ជាមេទ័ពថៃ ឈ្មោះ Manas Kongpan ដែលជាប់ចោទ​ក្នុង​សំណុំរឿង​ជួញ​​ដូរ​ជន​ភៀស​ខ្លួន Reuters
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ​ដែល​អាជ្ញាធរ​ថៃ ​បាន​ធ្វើការ​ស៊ើបអង្កេត​ និង​បញ្ជូន​ជ​នសង្ស័យ​ទៅ​កាន់​តុលាការ ​បន្ទាប់​ពី​បាន​រកឃើញ​រណ្តៅ​កប់ខ្មោច​រួម​ និង​កន្លែង​ឃុំឃាំង​មនុស្ស​ជាច្រើន​កន្លែង​នៅ​ក្នុង​ព្រៃ ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ម៉ាឡេស៊ី។ ជនជាតិ​រ៉ូហ៊ីងយ៉ា ​និង​ជនជាតិ​បង់ក្លាដែស ​ត្រូវ​បាន​គេ​ជឿថា​ គឺ​ជា​ជនរងគ្រោះ ​នៃ​បណ្តាញ​ជួញដូរ​មនុស្ស​ ដ៏​សែន​ព្រៃផ្សៃ​នេះ។ ពួកគេ​ ត្រូវ​បាន​ពួក​ឈ្មួញ​បញ្ជូន​តាម​ទូក ​យក​មក​ឃុំ​នៅ​ក្នុង​ព្រៃ ​ជាច្រើន​ខែ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​គ្រួសារ។ មនុស្ស​ជាច្រើន​រយ​នាក់ ​បាន​ស្លាប់​ ដោយសារ​ជម្ងឺ ​ដោយសារ​អត់​អាហារ ​និង​ត្រូវ​បាន​ពួក​ឈ្មួញ​ទុច្ចរិត ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់។ ហេតុដូច​នេះ​ហើយ ​ បាន​ជា​បាន​ប្រទះ​ឃើញ ​រណ្តៅ​កប់​ខ្មោច​រួម​ ជាច្រើន​កន្លែង​នៅ​តាម​ព្រៃ។

ជន​ជាប់ចោទ​ ១០២នាក់​ ក្នុងនោះ​មាន​មេទ័ព​ថៃ​ម្នាក់

ឆ្លងកាត់​ការ​ស៊ើបអង្កេត​ តុលាការ​ថៃ ​បាន​ធ្វើការ​ចោទ​ប្រកាន់​ មនុស្ស​១០២​នាក់ ​ ពីបទ​ជួញដូរ​មនុស្ស ​ចាប់​ជំរិត​មនុស្ស ​និង​មនុស្សឃាត ​ដែល​ទោស​ធ្ងន់​បំផុត​ អាច​ឈាន​ទៅ​ដល់​ ទោស​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ទទួល​ការ​វិនិច្ឆ័យទោស ​នៅ​ថ្ងៃ​នេះ ​មាន​មេទ័ពថៃ​ម្នាក់​ ឈ្មោះ ​Manas Kongpan ​ដែល​ជា​មេ​បញ្ជាការ​ទ័ព​ថៃ​ ប្រចាំ​ភាគ​ខាង​ត្បូង។ តាម​ការ​សង្ស័យ ​មនុស្ស​នេះហើយ ​ដែល​ជា​មេ​កំពូល​រៀប​ចំ​ឲ្យ​មាន​បណ្តាញ​ជួញដូរ​ជន​ភៀស​ខ្លួន​នេះ ​ដោយ​ឃុំឃិត​ ជាមួយ​អាជ្ញាធរ​នៅ​តំបន់​នោះ។

ក្រៅ​ពី​មេទ័ព​ថៃ​ម្នាក់​នេះ ​នៅមាន​មន្ត្រី​យោធា​ថៃ​ម្នាក់​ មន្ត្រី​នគរបាល​ថៃ​សក្តិ៍​ធំៗ​ ៤នាក់​ ស្ត្រី​បុគ្គលិក​ពេទ្យម្នាក់​ អ្នក​បកប្រែ ​ព្រមទាំង​អ្នក​នយោបាយ ​មន្ត្រី​រដ្ឋការ​ថៃ​ជា​ច្រើន​នាក់។ លោក ​អភិបាល​ក្រុង​ Pedang ​Besar ​ក៏ជាប់​ឈ្មោះ​ក្នុង​នោះ​ដែរ។ មនុស្ស​ទាំង​១០២​នាក់​នេះ ​សុទ្ធតែ​បាន​ប្រកែក ​មិន​ព្រម​ទទួល​ការ​ចោទ​ប្រកាន់​ទេ។

សវនាការរ ​ដើម្បី​ស្រោចស្រង់​កិត្តិយស​ ព្រះ​រាជា​ណាចក្រ​ថៃ

អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​អង្គការ​នានា ​បាន​ព្យាយាម​ទាញ​សញ្ញា​អាសន្ន ​និង​ចង្អុរ​មុខ​រដ្ឋាភិបាល​ថៃ ​ទាក់ទិន​នឹង​បណ្តាញ​ជួញដូរ​មនុស្ស​នេះ។ រហូត​ទាល់តែ​មាន​ការ​ប្រទះ​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​ជាច្រើន​កន្លែង​នេះ ​ទើប​បាន​មតិ​សាធារណៈ ​ជា​ពិសេស​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ បាន​ចាប់​អារម្មណ៍​ខ្លាំង។ របាយការណ៍​អង្គការ​អន្តរជាតិ ​នានា ​បាន​ចាត់​ទុក​ថៃ​ក្នុង​បញ្ជីរ​ខ្មៅ​ ដែល​មាន​អត្រា​ជួញដូរ​មនុស្ស​ខ្ពស់​បំផុត។ អាជ្ញាធរ​ថៃ ​គ្មាន​ជម្រើស​អ្វី​ ក្រៅតែ​ពី​ធ្វើ​អ្វី​មួយ ​ដើម្បី​លុប​លាង​កិត្តិយស​ខ្លួន​ទេ។

កន្លងមក អ្នកខ្លះ​ គេ​មិនមែន​ត្រឹមតែ​និយាយ​ថា ​អាជ្ញាធរ​ថៃ​ធ្មេញ​ភ្នែក ​មិន​ធ្វើ​អ្វី​សោះនោះ​ទេ ​គឺ​គេ​ហ៊ាន​ទាំង​និយាយ​ថា ​អាជ្ញាធរ​ថៃ ​បាន​ចូល​ដៃ​ចូលជើង​ ក្នុង​ជំនួញ​ទុច្ចរិត​នេះ​ទៀត​ផង។ ជាក់ស្តែង​យើង​ ឃើញ​ហើយ ​ថាក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​១០២​នាក់​ខាង​លើ​ គឺ​មាន​មេទ័ព ​នាយ​ទាហាន ​នគរបាល ​និង​អភិបាល​ក្រុង​ថៃ ​ផងដែរ​ ដែល​ជាប់​ពាក់​ព័ន្ធ។ ដូច្នេះ​ សវនាការ​ប្រកាស​ទោស​នាពេល​នេះ ​គឺ​ជា​ឱកាស​មួយ​ សម្រាប់​រដ្ឋាភិបាល​យោធាថៃ​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ ក្នុងការ​ទប់​ស្កាត់​បណ្តាញ​ទុច្ចរិត​នេះ។

តែ​យ៉ាង​ណា ​យុត្តិធម៌​ ១០០%​ គ្មាន​នរណា​សង្ឃឹម​ថា​មាន​ទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​តាម​ដាន​សវនាការ​នេះ ​ បាន​លើក​ឡើង​ថា ​នៅមាន​ចំណុច​ខ្វះខាត​ច្រើន​ណាស់។ គេ​សង្ស័យ​ថា ​មន្ត្រី​ស៊ើបអង្កេត​ អាច​ត្រូវ​បណ្តាញ​ទុច្ចរិត​គម្រាម​ផង។ យ៉ាងណា​មិញ ​មន្ត្រី​នគរបាល​ថៃ​ម្នាក់​ ដែល​ទទួល​បន្ទុក​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ ​បាន​ចាកចេញ​ ទៅ​សុំសិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី ​ដោយ​សារ​ខ្លាច​គេ​សម្លាប់។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លើកឡើង​ថា ​អាជ្ញាធរថៃ ​បាន​ព្យាយាម​រារាំង​ មិន​ឲ្យ​មាន​វត្តមាន​អ្នក​កាសែត​ចូលទៅ​ស្តាប់​សវនាការ​ទេ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក៏​មាន​ការ​គំរាមកំហែង​ទៅលើ​សាក្សី​ជាដើម។ លោកស្រី ​Amy Smith​ មន្ត្រី​របស់​អង្គការ ​Fortify Rights ​បាន​លើកឡើង​ថា ​អំពើ​ជួញដូរ​មនុស្ស​នៅ​ថៃ ​គឺជា​ជំនួញ​ដ៏សែន​កាក់កប ​ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ជាច្រើន​ក្រុម។ ដូច្នេះ ​នៅ​មាន​មនុស្ស​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​មនុស្ស​នេះ ​នៅក្រៅ​ឃុំ​ច្រើន​ណាស់ ​ហើយ​សុទ្ធតែ​ជា​មនុស្ស​មាន​អំណាញ។

ដរាបណា​នៅតែ​មាន​ការធ្វើបាប​នៅ​ភូមា​ ជនជាតិ​រ៉ូហ៊ីយ៉ា ​នៅតែ​ប្តូរ​ស្លាប់​ ដើម្បី​ធ្វើ​ចំណាក​ស្រុក

ថៃ​ជា​ចំនុចស្នូល​នៃ​បណ្តាញ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់។ នៅ​ជុំវិញ​ថៃ ​សុទ្ធតែជា​ប្រទេស​ក្រីក្រ ​ដូចជា​ភូមា ​ឡាវ ​និង​កម្ពុជា​យើង​ជា​ដើម។ ប្រជាជន​តាម​ប្រទេស​ក្រីក្រ​ទាំងនេះ ​បាន​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​រក​ការងារ​ធ្វើ ​ហើយ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ ​នៃ​បណ្តាញ​ជួញដូរ​ ចាប់​ជំរិត​ និង​អំពើ​ពេស្យាចារ​ជាដើម។ តែ​ករណី ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​និង​ជនជាតិ​បង់ក្លាដែស ​គឺ​ជា​ករណី​ពិសេស ​និង​មាន​ទំហំ​ធំ​ហួស​ប្រមាណ។

ជនជាតិ រ៉ូហ៊ីងយ៉ា ​ក៏ដូចជា​ជនជាតិ​បង់ក្លាសែស ​បាននាំ​គ្នា​ធ្វើ​ចំនាក​ស្រុក ​ដើម្បី​គេច​ចេញ​ពី​ភាព​ក្រីក្រ ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ នៅភូមា​ ក្នុង​ខេត្ត ​អារ៉ាខាន់ ​ប្រជាជន​រ៉ូហ៊ីយ៉ា ​ប្រមាណ​១លាន​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ភូមា ​ធ្វើបាប​យ៉ាង​អមនុស្សធម៌​បំផុត។ ជនជាតិ​រ៉ូហ៊ីងយ៉ា ​ពុំត្រូវ​បាន​ភូមា​ទទួល​ស្គាល់​ថា​ជា​ប្រជាជន​ភូមា​ទេ ​ដោយសារ​តែ​ពួក​គេ​កាន់​សាសនា​អ៊ីស្លាម។ សេចក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ពួក​គេ ​គឺ​​ចាកចេញ​ពី​ភូមា ​តាម​ច្រក​សមុទ្រ ​ទៅ​បង់ក្លាដែស ​រួច​បន្ត​ទៅ​ម៉ាឡេស៊ី ​ដោយ​ឆ្លងកាត់​តាម​ប្រទេស​ថៃ។

យ៉ាង​ណាមិញ ​ករណី​បណ្តាញ​ជួញដូរ​ជនភៀសខ្លួន​នេះ ​យើង​និយាយ​តែ​ប្រទេស​ថៃ​មួយ​ទេ។ នៅ​មាន​ម៉ាឡេស៊ី​មួយ​ទៀត ​ដែល​គេ​បាន​រកឃើញ ​រណ្តៅ​កប់ខ្មោច​រួម​ រាប់​រយ​រណ្តៅ។ រហូត​មក​ដល់​ពេល​នេះ ​ម៉ាឡេស៊ី ​នៅមិន​ទាន់​បើក​សវនាការ ​កាត់ទោស​មនុស្ស​ក្នុង​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ។

វាសនា​របស់​ប្រជាជន​រ៉ូហ៊ីយ៉ាស ​រំពឹង​ទាំងស្រុង​ ទៅ​លើ​ការ​សម្រេច​របស់​អាជ្ញាធរ​ភូមា។ រហូត​មក​ដល់ពេល​នេះ ​ភូមា ​មិន​ទាន់​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​រឿង​នេះនៅ​ឡើយ​ទេ។ យ៉ាងណាមិញ ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​សា​ជា​ថ្មី ​ដោយ​ទាហាន​ភូមា​ បាន​ដុត​បំផ្លាញ​ភូមិ​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា។

ចរន្ត​ជ្រុល​និយម ​ស្អប់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ពី​សំណាក់​ប្រជាជន​ភូមា ​គឺ​ជា​រឿង​បន្ទាន់​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ ​ត្រូវតែ​យក​ចិត្ត​ទុកដាក់។ ​បើ​បន្ត​មិន​ធ្វើ​អ្វី​សោះ ​រដ្ឋាភិបាល​ភូមា ​រួមទាំង​លោក​ស្រី ​អ៊ុង សានសូជី​ ផង​នោះ ​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​អំពើ​ប្រល័យ​ពូជសាសន៍​ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ជាក់ជា​មិន​ខាន​ទេ។ ដូចគ្នា​ដែរ​ សហគម​អន្តរជាតិ​ មិន​អាច​បន្ត​ឱបដៃ ​ទុក​ឲ្យ​អាជ្ញាធរ​ភូមា​ ធ្វើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​បែប​នេះ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ