ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​
 
ប្រធានបក្សថៃរ៉ាក់សាឆាត លោក Preechapol Pongpanich លើក​បែបបទ​ដាក់​ពាក្យជាបេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់​ក្សត្រី អ៊ុប៊ុនរ៉ាត់ រាចាកាន់យ៉ា នៅគជប ថ្ងៃទី ៨ កុម្ភៈ ២០១៨ REUTERS/Athit Perawongmetha

បេក្ខភាព​ឈរឈ្មោះ ជានាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ របស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ មិនបានឆ្លងផុតមួយថ្ងៃទេ។ កាលពីល្ងាចថ្ងៃសុក្រ ទី៨កុម្ភៈ ព្រះបរមរាជវាំងថៃ បានចេញលិខិតប្រឆាំង ចំពោះការដែល​សមាជិកគ្រួសារព្រះញាតិវង្ស ទៅចូលរួមក្នុងឆាកនយោបាយ។ ប៉ុន្មានម៉ោងក្រោយមក គណបក្ស ថៃរ៉ាក់សាឆាត បានសម្រេចដកហូតបេក្ខភាពរបស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់។ ជាមួយនឹងការដាក់ និងដកចេញភ្លាមៗ នៃបេក្ខភាពនាយករដ្ឋមន្ត្រី របស់ព្រះអង្គម្ចាស់ក្សត្រីអ៊ុប៊ុនរ៉ាត់ នេះ បានធ្វើឲ្យគេចោទសួរថា តើព្រះមហាក្សត្រថៃ ពិតជាពុំបានដឹង អំពីបំណងប្រឡូកក្នុងនយោបាយ របស់​ព្រះរាមព្រះអង្គ ពិតមែនឬយ៉ាងណា?

ដំណឹងស្តីពីនយោបាយថៃពេលនេះ មិនខុសពីឆាកល្ខោននោះទេ។ យើងនៅចាំបាន ថាកាលពីព្រឹកថ្ងៃសុក្រ ទី៨កុម្ភៈ ប្រជាជនថៃ ក៏ដូចជាបណ្តាញព័ត៌មានទូទាំងពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការប្រកាសបេក្ខភាព រ​បស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ ដើម្បីឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី តំណាងឲ្យគណបក្ស ថៃរ៉ាក់សាឆាត។ ដំណឹងនេះ មិនខុសពីខ្យល់ព្យុះបោកបក់ មកលើនយោបាយថៃនោះទេ។

គ្រួសារព្រះញាតិវង្ស នៅខ្ពស់ហួសពីនយោបាយ

មិនបានមួយថ្ងៃផង ស្រាប់តែដំណឹងមួយទៀត បានធ្លាក់ចេញមក ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង​ម្តងទៀត។ នោះគឺការសម្រេចលប់ចោលបេក្ខភាពវិញ របស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់។ នៅល្ងាចថ្ងៃសុក្រ ព្រះបរមរាជវាំងថៃ បានចេញព្រះរាជសារមួយ ដោយ​បាន​សរសេរថា៖ “ព្រះមហាក្សត្រីយានី ព្រះអង្គម្ចាស់រាជទាយាទ ព្រមទាំងសមាជិក​គ្រួសារព្រះញាតិវង្សទាំងអស់​ គឺត្រូវស្ថិតនៅខ្ពស់ លើសពីឆាកនយោបាយ ហើយ​មិន​អាច ចូលទៅកាន់កាប់ មុខងារនយោបាយណាមួយបានទេ។ បើហ៊ានធ្វើដូច្នេះ គឺវាផ្ទុយពីរដ្ឋធម្មនុញ្ញ”។ សារដដែល បន្តថា៖ “ការចូលធ្វើនយោបាយ របស់គ្រួសារព្រះញាតិវង្ស គឺវានឹងប្រាសចាក ពីទំនៀបទំលាប់ប្រពៃណី នៃស្ថាប័នព្រះបរមរាជវាំង”។

ព្រះរាជសារនេះ ត្រូវបានគេយកទៅប្រកាសផ្សាយ យ៉ាងព្រោងព្រាត នៅតាមបណ្តាញព័ត៌មានរបស់ថៃ។ ហើយ នៅព្រឹកថ្ងៃសៅរ៍ទី៩ កុម្ភៈ គណបក្ស ថៃរ៉ាក់សា ឆាត ដែលជាអ្នកបានលើកព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ ឲ្យឈរឈ្មោះនោះ ក៏បានសម្រេចចិត្ត ដកបេក្ខភាពនេះវិញ។ ក្នុងលិខិតប្រកាសរបស់ខ្លួន គណបក្សនេះសរសេរថា៖ “គណបក្សថៃរ៉ាក់សាឆាត ត្រូវស្ថិតនៅក្រោមបង្គាប់ នៃព្រះរាជបញ្ជា”។

ចំណែកព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ វិញ ហាក់នៅមិនទាន់​អស់ចិត្តទេ ដោយបានសរសេរ​នៅលើទំព័រTwitter ថា៖ “ខ្ញុំសូមប្រកាសសារជាថ្មី ដោយសេចក្តីទៀតត្រង់អស់ពីចិត្តថា ខ្ញុំចង់ឲ្យប្រទេសថៃ បោះជំហានទៅមុខ ហើយត្រូវគេទទួលស្គាល់និងគោរព ពីសំណាក់សហគមអន្តរជាតិ”។ ក្នុងសម្តីនេះ យើងអាចយល់បានថា ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ ចង់សំដៅថា មូលហេតុដែលព្រះអង្គម្ចាស់ក្សត្រី ចង់ចូលរួមធ្វើនយោបាយ គឺដោយសារព្រះអង្គ មិនចង់ឃើញរបបយោធា បន្តដឹកនាំប្រទេសតទៅទៀត ព្រោះវា​ជា​របប ដែល​កើត​ចេញ​ពីការធ្វើរដ្ឋប្រហារយោធា ម្តងហើយម្តងទៀត ហើយដែលសហគមអន្តរជាតិ​ មិនទទួលស្គាល់ទេ។

“ធ្វើឲ្យស្ថាប័នព្រះមហាក្សត្រអាចជួបគ្រោះថ្នាក់”

បេក្ខភាពឈរឈ្មោះ របស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់នេះ មានភាពចម្រូងចម្រាស់ណាស់ ព្រោះវានឹងធ្វើឲ្យក្រឡាប់ចាក់ ក្នុងប្រវត្តិ​នយោបាយថៃតែម្តង។ លោកស្រី ភួងថង ប៉ាវ៉ាកាផាន សាស្ត្រាចារ្យនៅសកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា៖ “បេក្ខភាពឈរឈ្មោះ ជានាយករដ្ឋមន្ត្រី របស់ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ គឺបានដើរហួសបន្ទាត់ក្រហម ហើយវានឹងធ្វើឲ្យស្ថាប័នព្រះបរមរាជវាំងថៃ ជួបនឹងគ្រោះថ្នាក់”។ សាស្ត្រាចារ្យរូបនេះ ដឹងច្បាស់ថា គ្មានថ្ងៃទេ ដែលព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ អាចឈរឈ្មោះ ហើយក្លាយជានាយករដ្ឋមន្ត្រីនោះ។

សួរថា តើអ្វីទៅជាគ្រោះថ្នាក់សម្រាប់ព្រះបរមរាជវាំង? គឺអព្យាក្រិត្យភាព។ គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា គណបក្សថៃរ៉ាក់សាឆាត ជាគណបក្សដែលគេបង្កើតឡើង ដើម្បីជួយប្រមូលសម្លេងឆ្នោត យកទៅជួយគណបក្សភឿថៃ របស់បក្សពួកលោកថាក់ស៊ីន។ ជាងនេះទៅទៀត គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ មានទំនាក់ទំនងល្អ រាប់អានគ្នា ជាមួយលោកថាក់ស៊ីន និងលោកស្រីយីងឡាក់ កម្រិតណា។

ដូច្នេះ សម្រាប់ក្រុមយោធា ក៏ដូចជាក្រុមរាជានិយម គឺគេគិតថា ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ នេះ គ្រាន់តែជាកូនអុក ដែលក្រុមលោកថាក់ស៊ីនយកមកប្រើ ដើម្បីឈានចូលទៅកាន់អំណាចវិញ តែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមរាជានិយមជ្រុល បានទាំងអំពាវនាវ ឲ្យព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ ត្រូវតែធ្វើការសុំទោសជាសាធារណៈ ចំពោះការយកខ្លួនទៅប្រឡាក់ប្រឡូសជាមួយនឹងពួក “ក្រហម” ដែលជាពួកប្រឆាំងនឹងព្រះរាជបល្លង្គ័។

ឆាកល្ខោនរៀបចំឡើង ដោយមហាក្សត្រថៃ?

តែយ៉ាងណាក៏ដោយ ទោះយើងដឹងថាព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ នេះ កន្លងមកបានធ្វើអ្វីស្រេចតែព្រះទ័យ ផ្ទុយពីច្បាប់វិន័យនៃព្រះបរមរាជវាំងមែន ក៏ប៉ុន្តែបញ្ហាដាក់បេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី​នេះ មិនមែនជារឿងលេងសើចទេ។ មានគេលើកឡើងច្រើនណាស់ ថា វាជារឿងមិនអាចទៅរួចទេ ដែលព្រះចៅវិជ្ជរ៉ាឡុងកន មិនបានដឹងមុន ថាព្រះរាមព្រះអង្គ ចង់ចូលធ្វើនយោបាយ ឈរឈ្មោះជានាយករដ្ឋមន្ត្រី តំណាងឲ្យគណបក្សស្និទនឹងលោកថាក់ស៊ីន ទៅទៀត។ ផលវិបាកទៅលើទិដ្ឋភាពនយោបាយថៃ ដែលកើតចេញពីបេក្ខភាពនេះ គឺធ្ងន់ណាស់ មិនមែនចេះតែនឹកឃើញធ្វើទេ។ មួយវិញទៀត គណបក្សថៃរក្សាឆាត ក៏មិនមែន គ្មានការពិចារណាវែងឆ្ងាយ ធ្វើរឿងបែបនេះដែរ។ ផ្ទុយទៅវិញ ឆាកល្ខោននេះ អាចជួយធ្វើឲ្យបក្សនេះ លេចមុខល្បីបានមួយកម្រិតធំ ខណៈថ្ងៃបោះឆ្នោតខិតជិតមកដល់។

កន្លងមកគេដឹងថា ព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ នេះ មានភាពស្និទស្នាលនឹងព្រះ​ចៅ​វិជ្ជរ៉ាឡុងកន​ខ្លាំង។ អ្នកទាំង២នេះ បើគិតទៅ មានអត្តចរិក និងការនិយមចូលចិត្តប្រហាក់​ប្រហែលគ្នាដែរ។ ដូច្នេះ វាអាចដែរ ដែលថា ព្រះចៅវិជ្ជរ៉ាឡុងកន និងព្រះរាម បាន​និយាយ​គ្នា​មុន។ មានអ្នកវិភាគខ្លះ ហ៊ានទាំងសន្និដ្ឋានទៀតថា គឺព្រះចៅ​វិជ្ជរ៉ាឡុងកន​ផ្ទាល់តែម្តង​ ដែលអាចជាអ្នករៀបចំឆាកល្ខោននេះឡើង  ដោយឲ្យព្រះរាមព្រះអង្គ ជាអ្នកសម្តែង។

អ្នក​វិភាគ​លើកឡើង​ថា តាំងតែពីបានគ្រងរាជមក ព្រះចៅវិជ្ជរ៉ាឡុងកន បានព្យាយាមធ្វើកំណែ​ទម្រង់​ច្រើន នៅក្នុងស្ថាប័នព្រះបរមរាជវាំង ប្រឆាំងនឹងការជំទាស់ របស់ពួកយោធា និងក្រុមអាម៉ាតគ្រាក់ៗ ដែលល្បីថាមានអំណាច មានឥទ្ធិពល និងពុករលួយ។ ពួក​អាម៉ាតគ្រាក់ៗទាំងនោះហើយ ដែលជាអ្នកស្និទនឹងក្រុមយោធា របស់លោកប្រាយុទ្ធ ចាន់អូចា ហើយដែលស្អប់ក្រុមលោកថាក់ស៊ីនដល់ឆ្អឹង។ ដូ​ច្នេះឆាកល្ខោននាពេលនេះ គឺអាចក្នុងន័យ ដែលព្រះចៅវិជ្ជរ៉ាឡុងកន ចង់ប្រាប់ទៅក្រុមយោធា និងបក្សពួកថា អ្នកដែលមានអំណាចពិតប្រាកដ គឺព្រះមហាក្សត្រឯណេះទេ។ បើកុំតែមហាក្សត្រចេញមុខជំទាស់ទាន់ កុំអីព្រះអង្គម្ចាស់ក្សត្រី អ៊ុប៊ុនរ៉ាត់ អាចបន្តឈរឈ្មោះ ហើយថាមិនត្រូវ ក៏អាចឈ្នះឆ្នោត នាំក្រុមថាក់ស៊ីន ឲ្យមកកាន់អំណាចវិញក៏ថាបានដែរ។

តែយ៉ាងណាក៏ដោយ​ ទាំងនេះ វាគ្រាន់តែជាការវិភាគ ការពិតយ៉ាងណា យើងមិនអាចដឹងអស់ទេ ព្រោះថា បរិបទនយោបាយថៃ រួមទាំងស្ថាប័នមហាក្សត្រ មានភាពស្រពេចស្រពិល​ខ្លាំងណាស់។ អ្វីៗក៏លាក់ជិត ហើយពុំមាននរណាអាចនិយាយ ឬជជីកសួរនាំអ្វីបានទេ។ អ្វីដែលច្បាស់ សម្រាប់ពេលនេះ គឺថា​ពុំទាន់​មាន​នរណាម្នាក់ ដែលទំនង អាចមកប្រជែង ជាមួយលោក ប្រាយុទ្ធចាន់អូចា បានទេ នៅក្នុងការបោះឆ្នោតថ្ងៃទី២៤មីនា ខាងមុខនេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ