ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/03 12h00 GMT
អាស៊ី

ថៃ៖ របប​សិក​ថ្លែង​ការពារ ការ​ចំណាយ​លើ​កងទ័ព ដែល​ចេះ​តែ​កើនឡើង

media  
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ​ REUTERS/Athit Perawongmetha

បន្ទាប់ពីមានការរិះគន់ ទៅលើការចំណាយប្រាក់សន្ធឹកសន្ធាប់​ ទៅលើកងទ័ព របស់របបយោធាថៃ នៅថ្ងៃចន្ទ ទី១៨កុម្ភៈ​ លោកប្រាយុទ្ធ ចាន់អូចា បានចេញមុខ មកនិយាយការពារការចំណាយ ដែលចេះតែកើនឡើងជាលំដាប់នេះ។ សម្រាប់ឆ្នាំ២០១៩នេះ កងទ័ពថៃ ទទួល​បាន​កញ្ចប់​ថវិកា ចំនួន៧ពាន់លានដុល្លារ ដែលនេះគឺជាចំនួនច្រើនណាស់ បើប្រៀបធៀប​ទៅនឹង​បណ្តាប្រទេសអាស៊ានផ្សេងទៀត។ គណបក្សភឿថៃ ដែលស្និទនឹងលោកថាក់ស៊ីន បានធ្វើការឃោសនាថា​ បើបក្សខ្លួនឈ្នះឆ្នោត គេ​នឹងកាត់បន្ថយថវិកាកងទ័ព យ៉ាងហោចណាស់ ១០%។

ប្រទេសថៃដែលដឹកនាំដោយរបបយោធា ចាប់តាំងពីឆ្នាំ២០១៤មក កំពុងតែក្លាយជាប្រទេសអាស៊ានទីមួយ ដែលមានការចំណាយក្នុងផ្នែកកងទ័ពច្រើនជាងគេបង្អស់។ ឆ្នាំ២០១៩ សភាថៃ បានសម្រេចផ្តល់កញ្ចប់ថវិកា ចំនួន៧ពាន់​លាន​ដុល្លារ ឲ្យដល់វិស័យកងទ័ព។ ប្រមាណ៤ឆ្នាំមកនេះ ថវិកាកងទ័ពថៃ បានកើនឡើងចំនួន១ពាន់លានដុល្លារ។

ខណៈដែលការបោះឆ្នោតសភានៅខែមីនា កាន់តែខិតជិតមកដល់ ក្រុមអ្នកនយោបាយប្រឆាំង មានជាអាទិ៍ មកពីបក្សភឿថៃដែលស្និទនឹងលោកថាក់ស៊ីន បានចេញមុខរិះគន់ ទៅនឹងកញ្ចប់ថវិកាច្រើនហួសប្រមាណ​នេះ។ វិស័យកងទ័ពកាន់តែមាន ផ្ទុយទៅវិញ​ស្ថាប័នរដ្ឋ ក្នុងវិស័យផ្សេង កំពុង​ខ្វះខាតថវិកា ដើម្បីអភិវឌ្ឍន៍ជីវភាព​របស់​ប្រជាជនថៃ ឲ្យល្អប្រសើរ។ ជាងនេះទៅទៀត អ្នករិះគន់ បានលើកឡើងថា របបយោធារបស់លោកប្រាយុទ្ធ ចាន់អូចា យកថវិការដ្ឋទៅបញ្ចុកបំប៉នមេទ័ពធំៗ ឲ្យស្មោះនឹងខ្លួន។

នៅថ្ងៃអាទិត្យទី១៨កុម្ភៈ លោកប្រាយុទ្ធ ចាន់អូចា បានអះអាងថា កងទ័ពថៃត្រូវការបំពាក់ឲ្យមានគ្រឿងសព្វាវុធ និងសម្ភារៈថ្មីទំនើប ដើម្បីដើរឲ្យទាន់ប្រទេសផ្សេង។ នាយករដ្ឋម​ន្ត្រីអតីតមេទ័ពរូបនេះ បន្ថែមថា សង្រ្គាម គ្មាននរណាអាចស្មានទុកមុនបានទេ ហើយបើទោះគ្មានសង្រ្គាម កងទ័ពថៃ ត្រូវធ្វើការឲ្យមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពារព្រំដែន។ លោកបានឆ្លៀតបញ្ជាក់ថា បុរសជនជាតិថៃ​ ត្រូវតែមានកាតព្វកិច្ចបំរើកងទ័ព។

សូមរំលឹកថា នៅឆ្នាំកន្លងទៅនេះ របបសិកថៃបានទិញសម្ភារសិកជាច្រើនពីចិន មានដូចជាយានមុជទឹកបាតសមុទ្រ និងរថក្រោះជាច្រើនគ្រឿង។ ជារៀងរាល់ឆ្នាំ យុវជនភេទប្រុសថៃ អាយុក្រោយ២១ឆ្នាំ ប្រមាណ១សែននាក់ ត្រូវតែចូលបំរើកងទ័ព លើកលែងតែនិស្សិត។ ក្រុមអ្នករិះគន់ បានលើកឡើងថា របបសិក ត្រូវការប្រើទាហានច្រើន គឺមិនមែនប្រើដើម្បី​ការពារទឹកដី ឬធ្វើសង្រ្គាមអ្វីទេ តែគឺប្រើដើម្បីយកមកគំរាម និងបង្រ្កាបរាល់បាតុកម្មតវ៉ា របស់ប្រជាជនថៃ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ