ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”
 
អ្នកគាំទ្រ លោកថាណាថន លើកបដាសរសេរថា "#SAVETHANATHOR" នៅមុខ​អាគារ​ស្នងការ​នគរបាល​ក្រុង​បាងកក ថ្ងៃទី​៦​មេសា ​២០១៩។ REUTERS/Athit Perawongmetha

នៅប្រទេសថៃ ខណៈដែលលទ្ធផលបោះឆ្នោត ផ្លូវការ នៅមិនទាន់ដឹងនៅឡើយនោះ នៅថ្ងៃសោរ៍ទី៦មេសា​​នេះ នគរបាល​ថៃបានចោទប្រកាន់ លោក ថាណាថន ប្រធានគណបក្សវ័យក្មេង ឈ្មោះបក្ស អាណាគត់ម៉ៃ ពីបទ ញុះញង់ឲ្យមានការបះបោរ និងបង្កអស្ថិរភាពជាតិ។​ សូមរំលឹកថា គណបក្សវ័យក្មេងរបស់លោកថាណាថន ជាបក្សដែលមានជំហរប្រឆាំងនឹងក្រុមយោធាថៃ ហើយ​បានទទួលសម្លេងឆ្នោតលំដាប់ទី៣ កាលពីពេលបោះឆ្នោតថ្ងៃទី​២៤មីនា​កន្លងមកនេះ។ នេះបើយោងតាមលទ្ធផលបឋម។ ហើយថ្មីៗនេះ គណបក្សអនាគត់ម៉ៃនេះ បានសន្យាចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សភឿថៃទៀតផង។

នៅព្រឹកថ្ងៃសៅរ៍ ទី៦មេសា លោកថាណាថន បានចូលខ្លួនទៅកាន់ ស្នងការនគរបាលនៅសង្កាត់ ប៉ាធំវ៉ាន់ កណ្តាលក្រុងបាងកក ទៅតាមការកោះហៅរបស់សមត្ថកិច្ចថៃ។ នៅខាងក្រៅ​អាគារស្នងការនគរបាលនេះ មានមនុស្សជាច្រើនរយនាក់​ បានមកឈរកកកុញ ដើម្បីសំដែងការគាំទ្រ នឹងលើកទិកចិត្តលោក ថាណាថន ដោយសឹងតែគ្រប់គ្នា មានកាន់បដា សរសេរថា « #SAVETHANATHORN​ »។

“ញុះញង់ឲ្យមានការបះបោរ នៅឆ្នាំ២០១៥”

លោក ថាណាថន បានចូលទៅក្នុងស្នងការនគរបាល អស់រយៈពេលប្រមាណជាង២ម៉ោង។ បើតាមការផ្តល់ព័ត៌មាន ពីអ្នកកាសែតបារាំង ប្រចាំក្រុងបាងកក បានអះអាងថា គឺជានីតិវិធីសួរនាំ និងផ្តិតមេដៃ លើពាក្យចោទប្រកាន់ របស់សមត្ថកិច្ចនគរបាល។ លោក ថាណាថន ​បានផ្តិតមេដៃ ដោយមានវត្តមានពី តំណាងអង្គទូតបរទេស និងតំណាងរបស់អង្គការសហប្រជាជាតិ នៅទីនោះដែរ។ នេះបើតាមរូបថតជាច្រើនប៉ុស្តិ ដែលសមាជិកគណបក្សអនាគត់ម៉ៃ បានបង្ហោះផ្សាយនៅលើទំព័រTwitter។

ពេលចេញមកវិញ នៅខាងមុខស្នងការនគរបាល លោកថាណាថន បាននិយាយទៅកាន់អ្នកកាសែត និង ហ្វូងមនុស្ស ដែលសុទ្ធតែជាអ្នកគាំទ្រលោក ថា លោកត្រូវបាននគរបាលចោទពីបទ “ញុះញង់ ឲ្យមានការបះបោរ ជួយជនសង្ស័យឲ្យគេចខ្លួន និងរៀបចំការជួបជុំមនុស្សលើសពី១០នាក់ ដោយគ្មានច្បាប់អនុញ្ញាត”។ ការចោទប្រកាន់នេះ គឺដោយផ្អែកទៅលើអង្គហេតុ នៅឆ្នាំ២០១៥ ដែលកាលណោះ លោកថាណាថន​ បានអំពាវនាវ ឲ្យមានការធ្វើបាតុកម្ម ប្រឆាំងនឹងក្រុមយោធាថៃ ដែលបានឡើងកាន់អំណាច ដោយការធ្វើរដ្ឋប្រហារ។

“ថាណាថន តស៊ូ! ថាណាថន តស៊ូ!”​

គ្មានអ្វីភ្ញាក់ផ្អើលទេ ព្រោះថាលោកថាណាថន ដឹងខ្លួនប៉ុន្មានថ្ងៃមកហើយ ថានគរបាល​ថៃ និងចោទលោកពីបទល្មើស​ញុះញង់ឲ្យមានការបះបោរនេះ។ យ៉ាងណាមិញ កាលពីដើម​សប្តាហ៍នេះ លោកក៏បានសរសេរនៅលើFacebook ដែរថា នគរបាលកោះហៅលោក ឲ្យចូលប៉ុស្តិនៅថ្ងៃសៅរ៍នេះ ដើម្បីផិ្តមេដៃ។

នៅចំពោះមុខអ្នកគាំទ្រលោករាប់រយនាក់ នៅខាងក្រៅស្នងការនគរបាល លោក​ថាណាថន បាន​ប្រកាសថា ការចោទប្រកាន់ របស់នគរបាលនេះ គឺ “មានលក្ខណៈនយោបាយ​សុទ្ធសាធ”។ លោកអះអាងទៀតថា វាច្បាស់ណាស់ ដែលថាលោកស្អាតស្អំ ពុំបាន​ធ្វើខុសនោះទេ ហើយលោកបដិសេធចោល រាល់ការចោទប្រកាន់ទាំងអស់។ លោកនិយាយបន្តថា​ អ្វីដែលលោកធ្វើកន្លងមក គឺក្នុងទឹកចិត្តមួយស្មោះត្រង់ និងមានទំនុកចិត្តដើម្បីជួយប្រជាជាតិថៃ។

សម្តីស្រែកប្រកាសរបស់លោកថាណាថន បានជំរុញឲ្យមានសម្លេងកងរំពងស្រែកឡើងថា “ថាណាថនតស៊ូ! ថាណាថនតស៊ូ!” ពីសំណាក់អ្នកគាំទ្រលោក។ មានបដាខ្លះសរសេរថា “ពួកទាហាន ត្រូវតែដើរចេញ!”​។ លោកថាណាថន និងអ្នកគាំទ្រ បានទាំងលើកម្រាមដៃ៣ជាសញ្ញា ដើម្បីបញ្ជាក់ ពីទឹកចិត្តប្រឆាំងទៅនឹងអំណាចផ្តាច់ការ របស់អំណាចរដ្ឋាភិបាល​យោធាថៃ ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។

ក្រុមយោធា ចង់រារាំងលោកថាណាថន មិនឲ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះ?

វាពិបាកជឿណាស់ ថាបញ្ហានេះ មិនពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជាការរៀបចំរដ្ឋាភិបាលចំរុះ នៅក្នុងពេលខាង​មុខ។ អ្នកគាំទ្រម្នាក់ របស់លោក ថាណាថន បានលើកឡើងថា ការដែលនគរបាល សុខៗបែរជាយករឿងចាស់ កើតឡើងនៅឆ្នាំ២០១៥ មកបំប៉ោងប៉ាតម្សៅ ដើម្បីចោទប្រកាន់មកលើលោកថាណាថន នាពេលនេះ គឺវាមានមូលហេតុតែមួយគត់ គឺចង់រារាំងលោកថាណាថន និងបក្សអនាគត់ម៉ៃ មិនឲ្យចូលរួម ក្នុងរដ្ឋាភិបាលចំរុះ។

កាលពីមុន របបសិកថៃ​ មិននឹកស្មានដល់ទេ ថាលោកថាណាថន អាចទទួលបានប្រជាប្រិយភាព ប្រមូលសម្លេងឆ្នោតបានច្រើនដូចនេះ។ យោងតាមលទ្ធផលបឋម បក្សអនាគត់ម៉ៃ អាចបានសម្លេងឆ្នោតសរុប លំដាប់ទី៣ ប្រមាណ៦លានសន្លឹក។ បើគិតជាអាសនៈ គឺប្រហែលជា៨៧អាសនៈ នៅក្នុងរដ្ឋសភាថ្មី។ ជាងនេះទៀត កាលពីសប្តាហ៍មុននេះ គណបក្សអនាគត់ម៉ៃ បានប្រកាសថា និងចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ ដែលជាអតីតបក្ស​របស់លោកថាក់ស៊ីន។ សម្ព័ន្ធភាពនេះ គឺត្រូវបានលោកថាណាថន ប្រកាសថា គឺដើម្បីបណ្តេញក្រុមយោធាឲ្យចេញពីអំណាច ហើយកសាងលទ្ធិប្រជាធិបតេយ្យនៅថៃឡើងវិញ។

ដូចយើងដឹងហើយ ថាមកត្រឹមពេលនេះ បក្សភឿថៃ និងបក្សផាឡាំងប្រាឆារ៉ាត់ សុទ្ធតែទាមទារសិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះដូចគ្នា។ បក្សភឿថៃអះអាងថាខ្លួន បានអាសនៈច្រើន​ជាងគេ ឯបក្សផាឡាំងប្រាឆារ៉ាត់វិញ អះអាងថាខ្លួន​ បានសម្លេងឆ្នោតច្រើនជាង​គេ។ តែបញ្ហាគឺថា បក្សទាំង២នេះ ត្រូវការប្រមូលបក្សផ្សេងឲ្យចូលរួម ដើម្បីបានសម្លេង​ភាគច្រើន​ក្នុងសភា និងឈានទៅតែងតាំងនាយកដ្ឋមន្ត្រីថ្មី និងបង្កើតរដ្ឋាភិបាលថ្មី​។ ដូច្នេះ ក្នុងអំឡុងពេលនេះ ការប្រមូលដណ្តើមបក្សតូចៗឲ្យចុះចូល គឺជារឿងសំខាន់ណាស់។ ការរំខានបក្សផ្សេង មិនឲ្យទៅចូលរួម​ជាមួយ​បក្សមួយទៀត ក៏អាចជាមធ្យោបាយ ដើម្បីយកឈ្នះដែរ​។

បក្សណានឹងដឹកនាំបង្កើតរដ្ឋាភិបាលចម្រុះ?

គិតត្រឹមពេលនេះ គឺវាពិបាកស្មានណាស់។ បើគិតតាមតួលេខបឋម គណបក្សផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ចាន់អូចា អាចមានប្រៀបខ្លាំង ព្រោះលោកមានព្រឹទ្ធសភា​ជាបង្អែក។ សមាជិកព្រឹទ្ធសភាចំនួន​២៥០ គឺត្រូវបានកងទ័ពជាអ្នកតែងតាំង។ ហើយដើម្បីអាចធ្វើនាយករដ្ឋមន្ត្រីបាន គឺទាល់តែបាន​សម្លេងភាគច្រើន ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភាបញ្ចូលគ្នា ពោលគឺត្រូវការសម្លេងឆ្នោតសរុប៣៧៦ លើ៧៥០។

ដូច្នេះ មានន័យថាលោកប្រាយុទ្ធ ត្រូវការអាសនៈក្នុងរដ្ឋសភាបន្ថែមទៀត ប្រមាណជា១២៦អាសនៈ ខណៈដែលបក្សភឿថៃ ត្រូវការដល់ទៅ២៥០អាសនៈ។ បើបាត់បង់បក្សអាណាគត់ម៉ៃ គឺមានន័យថា បក្សភឿថៃ កាន់តែលំបាកខ្លាំងថែមទៀត។ ចំណែកគណបក្ស ភូមចៃថៃ ដែលស្ថិតនៅកណ្តាល មិនទាន់ប្រកាសចុះចូលទៅខាងណានៅ​ឡើយ​ទេ។ តែតាមការស្មាន បក្សនេះក៏ដូចជាបក្សប្រជាធិបតេយ្យ របស់លោកអភីសីទ្ធ ប្រហែល​ជាងាកទៅរកលោកប្រាយុទ្ធ ចាន់អូចាច្រើនជាង។

តែយ៉ាងណាក៏ដោយ ក្រៅពីការចុះចូលរបស់បក្សតូចៗ លទ្ធផលផ្លូវការនៅមិនទាន់ចេញទេ ហើយអាសនៈ​សភា ប្រមាណ១៥០ទៀត កំពុងស្ថិតនៅចំណុចរងចាំ មិនទាន់ប្រាកដ ថាប្រគល់ទៅឲ្យបក្សណានៅឡើយទេ។ នយោបាយថៃ អាចក្រឡាប់ផ្ងារ បានគ្រប់ពេលវេលា។ បាតុកម្មតវ៉ា ទ្រង់ទ្រាយធំរបស់ប្រជាជន ក៏អាចកើតមានដែរ ដូចយើងធ្លាប់ឃើញកន្លងមក។ សូម្បីតែលោកថាក់ស៊ីន ដែលភៀសខ្លួននៅក្រៅស្រុក ក៏បាននិយាយដែរ នៅក្នុងបទសម្ភាសន៍មួយ​ កាលពីថ្ងៃទី៣០មីនាថា លោកមិនអាចសន្និដ្ឋានស្មានអ្វីបានទាំងអស់ ក្នុងពេលនេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ