អានតួអត្ថបទ
ថៃ-សេដ្ឋកិច្ច

ឆ្នាំ​២០១៥​វិនិយោគទុន​បរទេស​នៅ​ថៃ​ធ្លាក់​ចុះ​៧៨%

ឆ្នាំ២០១៥ ​ជា​ឆ្នាំ​ខ្មៅ​ងងឹត​នៃ​វិស័យ​សេដ្ឋកិច្ច​ថៃ ​ដោយសារ​វិនិយោគ​ទុន​បរទេស ​បាន​ធ្លាក់​ចុះ​ជា​គំហុក។ នេះ​សបញ្ហាញ​អំពី​សុខភាព​មិនល្អ​ នៃ​សេដ្ឋកិច្ច​ថៃ​បន្ទាប់​ពី​របប​យោធា​ថៃ ​បាន​កាន់​កាប់​អំណាច ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ ភាព​មិន​ប្រាកដ​ប្រជា​នយោបាយ ​ការ​ប្រើប្រាស់​អំណាច​ផ្តាច់ការ​ទៅ​លើ​សេរីភាព​សាធារណៈ ​ជា​បុព្វហេតុ​ចំបង​ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​បរទេស​ មានការ​មិន​ទុក​ចិត្ត​ ទៅ​លើ​រដ្ឋាភិបាល​យោធា​ថៃ។

វិបត្តិនយោបាយថៃ គឺជាដំបៅ​ដែល​ធ្វើសុខភាព​សេដ្ឋកិច្ចថៃ​ធ្លាក់​ដុន​ដាប
វិបត្តិនយោបាយថៃ គឺជាដំបៅ​ដែល​ធ្វើសុខភាព​សេដ្ឋកិច្ចថៃ​ធ្លាក់​ដុន​ដាប REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

៧៨% ​នេះ​គឺ​ជា​តួលេខ​នៃ​ការ​ធ្លាក់ចុះ​ នៃ​ចំនួន​ទុន​វិនិយោគ​បរទេស ​នៅ​ក្នុង​ប្រទេស​ថៃ ​ក្នុង​ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ ចំនួន​ទុន​វិនិយោគ​បរទេស​ បាន​ថយ​មក​ត្រឹម​គិត​ជា​ទឹកប្រាក់ ​ប្រមាណជា​៩៤​ពាន់​លានបាត​ ដែល​ស្មើ​នឹង​២៤០០​លាន​អឺរ៉ូ​ តែ​ប៉ុណ្ណោះ។ កំណើន​សេដ្ឋកិច្ច​ថៃ​ឆ្នាំ​២០១៥ ​មាន​ត្រឹមតែ​២,៥%​ ពោលគឺ​ជា​កម្រិត​ទាប​ជាង​គេ​បំផុត ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ឯទៀត។

 
ជប៉ុន ​ដែល​ធ្លាប់​ជា​ប្រទេស​ឈាន​មុខ​គេ ​ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​ថៃ ​បាន​កាត់​បន្ថយ​ចុះ​ចំនួន​ដល់​ទៅ ​៨១% ​ ដោយ​នៅ​សល់​តែ​ទឹក​ប្រាក់​ចំនួន​ ២៨​ពាន់​លាន​បាត​ប៉ុណ្ណោះ។ ដូចគ្នា​ដែរ​ ទុន​វិនិយោគ​របស់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក៏​បាន​ធ្លាក់​ចុះជា​គំហុក​ផង​ដែរ។ ដោយឡែក​ គេ​សង្កេត​ឃើញ ​ចំនួន​ទុន​វិនិយោគ​របស់​សហគ្រាសចិន ​ មាន​ការ​ថយ​ចុះ​តិចតួច​តែ​ប៉ុណ្ណោះ។

វិបត្តិ​នយោបាយ​ និងភាព​អសមត្ថភាព​​របស់​របប​យោធា៖
តួលេខ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ហ៊ុន​វិនិយោគ​បរទេស​បែប​នេះ ​ សបង្ហាញ​អំពី​ស្ថានភាព​មិន​ប្រសើរ ​នៃ​សេដ្ឋកិច្ច​ថៃ ​ដែល​កំពុងតែ​បាត់បង់​ល្បឿន​ប្រកួត​ប្រជែង ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ ជា​ពិសេស​ជាមួយ​វៀតណាម ​ដែល​កំពុងតែ​ឡើង​កម្លាំង​ខ្លាំង។

សូមរំលឹកថា ​រដ្ឋាភិបាល​យោធា ​បន្ទាប់​ពី​បាន​ធ្វើរ​រដ្ឋមប្រហារ ​ឡើង​កាន់​អំណាច​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ​ បាន​សន្យា​ផ្តល់​អាទិភាព​ដល់​វិស័យ​សេដ្ឋកិច្ច ​ការ​ផលិត​ដើម្បី​នាំចេញ​ ព្រម​ទាំង​ការ​ប្រើប្រាស់​ក្នុងស្រុក។ ក៏​ប៉ុន្តែ ​មួយឆ្នាំ​កន្លះ​មក​នេះ ​ សេដ្ឋកិច្ច​ថៃ​មិនត្រឹម​តែ​មិន​ទៅ​មុខ​ គឺ​បែរ​ជា​ថយក្រោយ​ ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំង។

យោង​តាម​ប្រសាសន៍ ​លោកស្រី ​តាន់ គ្រីស្តាល់ ​អ្នក​វិភាគ​សេដ្ឋកិច្ច​ នៅ​Capital Economics ​បាន​បញ្ជាក់​ថា ​ តួលេខ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ ​បង្ហាញ​ពី​ចំណុច​ខ្សោយ​ នៃ​សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន ​ដែល​កំពុងតែ​បាក់​កម្លាំង។ ថៃ​កំពុងតែ​បាត់បង់​ល្បឿន​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ ដែល​ថៃ​កំពុង​តែ​ជួប​បច្ចុប្បន្ន​នេះ ​ បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​រឹតតែ​មិន​ទុក​ចិត្ត​ខ្លាំង​ឡើង​ថែម​ទៀត។
 
វិស័យ​បច្ចេកវិទ្យា​ទំនើប ​អាច​ជា​ចំណុច​សង្ឃឹម​នៃ​សេដ្ឋកិច្ច​ថៃ៖
ទោះបី​ជា​យ៉ាងណា ​សម្រាប់​លោក​ ស៊ុមប្រាវីន ម៉ានប្រាសីទ ​សាស្ត្រចារ្យ​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​ជូឡាឡុងកន​ លោក​នៅ​តែ​មាន​សុទិដ្ឋិយម​ទៅលើ​សេដ្ឋកិច្ច​ថៃ។ លោក​ពន្យល់​ថា ​ចំនួន​វិនិយោគ​មាន​ការ​ថយចុះ​ក៏​មែន​ពិត ​ ក៏​ប៉ុន្តែ​បើ​យើង​ពិនិត្យ​លើ​តួលេខ​ជាក់ស្តែង​ កម្រឹត​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ​បាន​កើន​ឡើង។ នេះ​ជា​សញ្ញា​ល្អ ​ព្រោះ​វិស័យ​នេះ ​គឺ​ជា​វិស័យ​អទិភាព​ ដែល​ថៃ​អាច​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​ទំនើប។

យ៉ាងណា​ក៏ដោយ​ ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ទុកថា​ ឆ្នាំ​២០១៦ ​ថៃ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​ ២%​ប៉ុណ្ណោះ ​ ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​វៀតណាម ​នឹង​កើន​ឡើង​លើស​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ពោល​គឺប្រហែល​ជា​៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ