អានតួអត្ថបទ

អាជ្ញាធរ​ក្រុង​បាងកក​​ទ័លតំរិះ អំពាវនាវ​សុំ​យោបល់​គេឯង ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សែងពុល

ប្រឈមមុខនឹងបញ្ហាផ្សែងពុល ក្នុងបរិយាកាស ដែលកាន់តែធ្ងន់ធ្ងរទៅៗ អាជ្ញាធរក្រុងបាងកក បានអំពាវនាវថា បើអ្នកណាមានយោបល់ មានគំនិត ក្នុងការដោះស្រាយបញ្ហានេះ សូមមេត្តា​ ប្រាប់មកសមត្ថកិច្ច។ គួរបញ្ជាក់ថា ចាប់តាំងពីដើមខែមករា ផ្សែងពុលក្រាស់ឃ្មឹក បានគ្រប់ដណ្តប់ទីក្រុងបាងកក និងទីក្រុងមួយចំនួនទៀត ដែលធ្វើឲ្យប្រជាជន​មានការព្រួយបារម្ភជាខ្លាំង។ អាជ្ញាធរក្រុងបាងកក បានសាកល្បងដោះស្រាយ តាមវិធានការផ្សេងៗ ក៏ប៉ុន្តែ​អាជ្ញាធរថៃ នៅតែចៀសមិនរួចពីការរិះគន់ សើចចំអកនោះឡើយ។

យានដ្រូន ហោះបាញ់សារធាតុម្យ៉ាង ដើម្បីកាត់បន្ថយសារធាតុពុល​ក្នុងបរិយាកាស តែត្រូវប្រជាជនថៃ រិះគន់សើចចំអក​ថា​ល្អតែមើល​ តែគ្មាន​ប្រសិទ្ធិភាព​។ ថ្ងៃទី​៣១ មករា ២០១៩​
យានដ្រូន ហោះបាញ់សារធាតុម្យ៉ាង ដើម្បីកាត់បន្ថយសារធាតុពុល​ក្នុងបរិយាកាស តែត្រូវប្រជាជនថៃ រិះគន់សើចចំអក​ថា​ល្អតែមើល​ តែគ្មាន​ប្រសិទ្ធិភាព​។ ថ្ងៃទី​៣១ មករា ២០១៩​ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ប្រជាជននៅទីក្រុងបាងកក ប្រមាណ១២លាននាក់ មានការ​ព្រួយបារម្ភកាន់តែ​ខ្លាំងឡើង ដោយសារតែ​ផ្សែងពុល ដែលគ្រប់ដណ្តប់ក្នុង​បរិយាកាស​ អស់រយៈពេលប្រមាណ១ខែកន្លងមកនេះ។ ការព្រួយបារម្ភនេះ បានបង្កឲ្យក្លាយទៅជាទឹកចិត្តខឹងសម្បារ ចំពោះអាជ្ញាធរក្រុង​បាងកក ក៏ដូចជាសមត្ថកិច្ចផ្នែកបរិស្ថានថៃ ថាមិនអើរពើ ធ្វើការ​យឺតយ៉ាវ ឬអសមត្ថភាពជាដើម។

កាលពីថ្ងៃពុធ ទី៣០មករា អាជ្ញាធរក្រុងបាងកក បានសម្រេចបិទសាលារៀនរដ្ឋ ចំនួនជាង៤០០ទីតាំង នៅក្នុងក្រុងបាងកក រហូតដល់ថ្ងៃសុក្រទី១កម្ភៈ។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចបានប្រើយន្តហោះ ហោះទៅសាបនូវសារធាតុគីមី ក្នុងបរិយាកាស ដើម្បីបង្អុរទឹកភ្លៀង សំអាតបរិយាកាស។ ហើយនៅថ្ងៃបន្ទាប់ អាជ្ញាធរថាបានទាំងប្រើប្រាស់ យានដ្រូន ឲ្យហោះឡើងទៅលើយកសារធាតុទឹកម្យ៉ាង ទៅបាញ់ព្រួសក្នុងបរិយាកាស ដែលសារធាតុនោះ ត្រូវបានអាជ្ញាធរថៃ អះអាងថាអាចសម្លាប់ជាតិពុលបានខ្លះ។

ហើយក្រៅពីបាចទឹកស្រោចសំអាតតាមផ្លូវ អាជ្ញាធរថៃបានអំពាវនាវ កុំឲ្យប្រជាជនដុតធូប និងក្រដាសសែន ក្នុងអំឡុងពេលចូលឆ្នាំចិន។ វិធានការទាំងអំបាលម៉ាណនេះ បានធ្វើឲ្យអាជ្ញាធរក្រុងបាងកក រងការរិះគន់ សើចចំអកជាខ្លាំង ជាពិសេសនៅតាមបណ្តាញសង្គម។

ដោយទ័លតំរិះ លោក Aswin Kwanmuang អភិបាលក្រុងបាងកក បានប្រកាសថា លោកមិនមែនជាបិតាវិទ្យាសាស្ត្រនោះទេ។ ដូច្នេះបើអ្នក​ណា​មានយោបល់ សូមប្រាប់មកអាជ្ញាធរមកចុះ។ លោកអភិបាលក្រុងបន្តថា បើអាជ្ញាធរមិនចាត់វិធានការ គឺប្រជាជនរិះគន់ ហើយពេលចាត់វិធានការ ក៏នៅតែរិះគន់ ដដែល។

ដោយឡែក លោកស្រី Kakuko Nagatani-Yoshida តំណាងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ី បានលើកឡើង​ថា បញ្ហាគឺមកពីសកម្មភាពចរាចរណ៍យានយន្ត និងរោងចក្រ ដ៏ច្រើនជុំវិញក្រុងបាងកក។ លោកស្រីលើកឡើងថា ដើម្បីកាត់បន្ថយឧស្ម័នពុល ឲ្យបានយូរអង្វែង រោងចក្រដែលបញ្ចេញឧស្ម័នពុល ត្រូវតែបិទទ្វារ ឬត្រូវតែ​ផ្លាស់ប្តូរមកប្រើបច្ចេកវិទ្យាថ្មី ដែលមិនបញ្ចេញឧស្ម័នពុលច្រើនជ្រុល។ ដូចគ្នាដែរ ការដុតសម្រាម និងកាកសំណល់ឧស្សហកម្មនៅ​ហាលវាល ត្រូវតែហាមឃាត់ជាដាច់ខាត។

សូមបញ្ជាក់ថា ទីក្រុងបាងកក និងក្រុងហ្សាកាតា គឺជាទីក្រុងដែលមានកម្រិតផ្សែងពុល ក្រាស់ជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ល្អងធូលីតូចល្អិត ប្រភេទ PM2.5 ដែលអណ្តែតក្នុងបរិយាកាស អាចជ្រាបចូលដល់ក្នុងសួតមនុស្ស ហើយដែលអាចបង្កជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ ជាមួយនឹងការបោះឆ្នោត ដែលខិតជិតមកដល់ បញ្ហាបរិស្ថាន ផ្សែងពុល​​នេះ បានក្លាយជាប្រធានបទក្តៅគគុកនៅប្រទេសថៃ។ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យប្រជាជន ផ្តល់អាទិភាពដល់ការប្រើយានយន្តរួមគ្នា ហើយបានដាក់បញ្ជាទៅកងទ័ព​ ថាត្រូវចុះទៅត្រួតពិនិត្យ នៅតាមរោងចក្រទូទាំងប្រទេស ហើយ​ត្រូវយករបាយការណ៍មកជូន​លោក ដោយផ្ទាល់ដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ