ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

ធនាគារពិភពលោក៖ ចិន​និង​ឥណ្ឌា មាន​ការ​កែលម្អ “បរិយាកាស​ធ្វើ​ជំនួញ” បាន​ប្រសើរ​ជាងគេ

media  
លោកណារិន្ទ្រ ម៉ូឌី និងលោក ស៊ី ជីនពិង ពេលជួបគ្នា​នៅ​ Mamallapuram រដ្ឋ Chennai ប្រទេសឥណ្ឌា ថ្ងៃទី​១២ តុលា ២០១៩ REUTERS

ធនាគារពិភពលោក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីអំពី​កម្រិតនៃ បរិយាកាសធ្វើជំនួញ នៅតាមប្រទេសទាំងអស់ទូទាំងពិភពលោក។ យោងតាមរបាយការណ៍នេះ នៅក្នុងឆ្នាំ២០២០ ប្រទេសចិន និងឥណ្ឌា គឺជាប្រទេស២ ដែលបានធ្វើការកែលម្អ បានច្រើន​ជាងគេ ក្នុងការកសាងបរិយាកាសធ្វើជំនួញ​នៅក្នុងប្រទេសរបស់​ខ្លួន ដើម្បី​ឲ្យវា​មា​ន ភាព​កាន់តែល្អប្រសើរ។

បើទោះបីជា​រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំ បានចោទប្រកាន់ចិន ថាបាន​បិទទ្វារសេដ្ឋកិច្ច ជួយតែក្រុមហ៊ុនក្នុងស្រុក ឬមិនគោរព​ច្បាប់កម្មសិទ្ធិបញ្ញាក៏ដោយ តែសម្រាប់ធនាគារពិភពលោក ដែលទើបតែចេញរបាយការណ៍ប្រចាំឆ្នាំ នៅថ្ងៃទី​២៤តុលានេះ បានចាត់ទុកចិន ជាប្រទេសមួយ ដែលបានរៀបចំបរិយាកាសធ្វើជំនួញ ឲ្យមាន​ភាពកាន់តែល្អប្រសើរ។

សម្រាប់ចំណាត់ថ្នាក់ឆ្នាំ​២០២០នេះ ចិនបានផ្លោះរហូតដល់១៥លេខ ដោយបាន​ឡើងមកដល់លំដាប់លេខ៣១ លើបារាំងមួយលេខ ក្នុងចំណោម​ប្រទេសដែលមាន​បរិយាកាស​ធ្វើជំនួញល្អ។ របាយការណ៍ធនាគារពិភពលោក បានលើកឡើងថា រដ្ឋាភិបាលចិន បានប្រឹងប្រែងលើ​ច្រើនចំណុច ដូចជា​ការ​រៀបចំឲ្យមានយន្តការការពារអ្នកវិនិយោគដែលមានភាគហ៊ុនតិច ការរិតបន្តិងនីតិវិធីអនុវត្តកិច្ចសន្យា ការសម្រួលកែលម្អផ្នែករដ្ឋបាល នៅតាមការិយាល័យគយពន្ធដា និងនៅតាមកំពង់ផែជាដើម។

ក្រៅពីចិន ឥណ្ឌាក៏ជាប្រទេសមួយដែរ ដែលបានធ្វើការប្រឹងប្រែងបានល្អជាងគេ ក្នុងការកសាងបរិយាកាសធ្វើជំនួញ ក្នុងប្រទេសខ្លួនឲ្យល្អប្រសើរ។ ឥណ្ឌាបានឡើងចំណាត់ថ្នាក់បាន​១៤លេខ ដោយលើកនេះជាប់លេខ៦៣​ ក្នុងចំណោម​ប្រទេសទាំងអស់២០០។ យោងតាមរបាយការណ៍ គឺឥណ្ឌាបានធ្វើកំណែទម្រង់ជាច្រើនវិស័យ ក្នុងនោះមាន​ដូចជា ការ​លប់ចោលការបង់ប្រាក់ សម្រាប់​ការ​ចុះបញ្ជីរបង្កើតក្រុមហ៊ុន ការពន្លឿនពេលវេលា និងកាត់បន្ថយ​កម្រៃសេវាកម្ម​ដើម្បីទទួលបាន​សិទ្ធិសាងសង់ ការជួយសម្រួលការដោះដូរពាណិជ្ជកម្ម ដូចជាការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ និងការបង្កើតឲ្យមាន​ការបញ្ជូន​ឯកសារតាម​ប្រព័ន្ធអ៊ីនធ័រណិតជាដើម។

លោក David Malpass អគ្គនាយកធនាគារពិភពលោក បានលើកឡើងថា ការ​លប់ចោលនូវឧបសគ្គនានា ដែលរារាំងដំណើរការធ្វើជំនួញរបស់អ្នកវិនិយោគ គឺជា​រឿងល្អ ព្រោះវា​នឹងជំរុញឲ្យមាន​ការរីកចម្រើនផ្នែកការងារ ហើយ​រដ្ឋអាចប្រមូលពន្ធបានច្រើន បុគ្គលិកអាចទទួលបាននូវប្រាក់កម្រៃកើនឡើង។ លោកបន្ថែមថា ទាំងអស់នេះ គឺជាផ្លូវដើរ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ និងពង្រឹងជីវភាពរបស់ប្រជាជន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោកនេះ ​ប្រទេស​ដែល​មានបរិយាកាសធ្វើជំនួញល្អជាងគេ គឺណូវែលសេឡង់ ជាប់ចំណាត់ថ្នាក់លេខមួយ បន្ទាប់មក សិង្ហបុរី ហុងកុង ដាណឺម៉ាក កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​លំដាប់ទី​៦៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ