នគរបាលហុងកុង មានបំណងចង់រំលាយ និងហាមឃាត់គណបក្សឯករាជ្យនិយម
ក្រសួងសន្តិសុខហុងកុង បានប្រកាសឲ្យដឹង នៅថ្ងៃចន្ទទី១៧ កក្កដានេះថា ក្រសួងមានបំណង ចង់រំលាយ និងហាមឃាត់គណបក្សឯករាជ្យនិយមហុងកុង ដោយលើកឡើងថា គណបក្សនេះ បានធ្វើសកម្មភាពបំពានច្បាប់ ហើយអាចប៉ះពាល់ ដល់សន្តិសុខរបស់ហុងកុង។ សូមបញ្ជាក់ថា គណបក្សឯករាជ្យនិយមនេះ គឺជាគណបក្ស ដែលកើតចេញពីចលនាទាមទារលទ្ធិប្រជាធិបតេយ្យ នៅហុងកុង ក្រោយពេលមានមហាចលនាបាតុកម្មឆ័ត្រលឿង កាលពីឆ្នាំ២០១៤។ គណបក្សដែលភាគច្រើនគឺមានសមាជិកជាយុវជនហុងកុងនេះ មានគំនិតនយោបាយ ចង់ឲ្យហុងកុង មានឯករាជ្យពេញលេញ ផ្តាច់ខ្លួនពីរដ្ឋាភិបាលចិនកុម្មុយនីស្តិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
នគរបាលហុងកុង បានលើកឡើងថា គណបក្សឯករាជ្យនិយម អាចបង្កគ្រោះថា្នក់ធំ ដល់សន្តិសុខ និងស្ថិរភាពហុងកុងទាំងមូល។ លោក John Lee រដ្ឋមន្ត្រីហុងកុង ទទួលបន្ទុកសន្តិសុខ បានលើកឡើងថា ក្រសួងលោក កំពុងពិនិត្យពិចារណា ក្នុងការរំលាយ និងហាមឃាត់គណបក្សនេះចោល។ លោកបានលើកឡើងថា នៅហុងកុង ប្រជាជនមានសិទ្ធិជួបជុំគ្នា ដើម្បីសំដែងមតិយោបល់ ក៏ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវតែមានព្រំដែនកំណត់ ដោយត្រូវស្ថិតក្នុងរង្វង់ច្បាប់របស់ហុងកុង។
ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ដែលជជីកសួរថា តើគណបក្សឯករាជ្យនិយមហុងកុងនេះ អាចជាគ្រោះថា្នក់ ដល់ស្ថិរិភាព និងសន្តិសុខហុងកុង ដោយរបៀបណាខ្លះ លោករដ្ឋមន្ត្រីគ្រាន់តែបានឆ្លើយដោយខ្លីថា លោកមិនអាចនិយាយលំអិតបានទេ។ លោកបានបន្ថែមថា ពាក្យសុំរបស់អាជ្ញាធរ ដែលស្នើឲ្យបិទ និងហាមឃាត់គណបក្សនេះ គឺធ្វើទៅដោយមានហេតុផល និងភស្តុតាងត្រឹមត្រូវ។
ដោយឡែក លោក Andy Chan ដែលជាប្រធានគណបក្សឯករាជ្យនិយម (Hongkong National Party) បានប្រាប់អ្នកយកព័ត៌មានបារាំង AFP នៅរសៀលថ្ងៃចន្ទទី១៧កក្កដានេះថា មន្ត្រីនគរបាលហុងកុង បានចុះទៅដល់គេហដ្ឋានលោក ហើយបានប្រគល់ឯកសារជូនលោក។ ឯកសារនោះ គឺជាការជូនដំណឹងស្តីពីបំណងរបស់នគរបាលហុងកុង ក្នុងការបិទ និងហាមឃាត់គណបក្សរបស់លោក។ ក្នុងឯកសារនោះ នគរបាលហុងកុង បានភ្ជាប់មកជាមួយ នូវសំរង់សន្ទរកថាជាសាធារណៈរបស់លោក Andy Chan និងសំរង់នៃការផ្សាយនានានៅលើទំព័រFacebook របស់លោកទៀតផង។
លោក Andy Chan បានលើកឡើងថា ហេតុផលដែលនៅពីក្រោយ គំរោងចង់ហាមឃាត់គណបក្សលោកនេះ គឺអាចដោយសារតែលោក បានធ្វើដំណើរទៅកោះតែវ៉ាន់ កាលពីពេលថ្មីៗនេះ ហើយដែលក្នុងពេលនោះ លោកបាននិយាយលើកឡើង អំពីការតស៊ូទាមទារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
សូមរំលឹកថា គណបក្សឯករាជ្យនិយមហុងកុង គឺកើតចេញពីចលនាប្រជាធិបតេយ្យឆ័ត្រលឿង របស់យុវជន កាលពីឆ្នាំ២០១៤ ដែលបានតវ៉ា ទាមទារឲ្យរដ្ឋាភិបាលចិនកុម្មុយនីស្តិ ផ្តល់សិទ្ធិសេរីភាពឲ្យបានពេញលេញ ដល់ដែនដីហុងកុង។ ក៏ប៉ុន្តែ៤ឆ្នាំមកនេះ រដ្ឋាភិបាលចិនដីគោក និងរដ្ឋាភិបាលហុងកុង បានប្រើវិធីជាច្រើន ដើម្បីហាមឃាត់ការតវ៉ា និងការតស៊ូនយោបាយ។ ជាក់ស្តែង លោក Andy Chan ប្រធានចលនាគណបក្សនេះ ត្រូវបានគេហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោត ហើយសមាជិកសភាមកពីគណបក្សរបស់លោក ក៏ត្រូវគេដកចេញពីអាណត្តិសភាហុងកុងដែរ។ រីឯលោក Edward Leung ប្រធានចលនាប្រជាធិបតេយ្យហុងកុង ត្រូវតុលាការកាត់ទោសឲ្យជាប់ឃុំ៦ខែ ពីបទដឹកនាំការធ្វើបាតុកម្មបះបោរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ