ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

និស្សិត​អាមេរិកាំង​ម្នាក់​ធ្លាក់​ក្នុង​សំណាញ់​ចោទប្រកាន់​របស់​ទីក្រុង​ព្យុងយ៉ាង

media  
មេដឹកនាំ​កូរ៉េខាងជើង​ដើរត្រួតពល ទាំង​ក្នុង​ពេល​ទឹកកក​ធ្លាក់ នៅថ្ងៃ​ទី ១០​មករា ២០១៦ © REUTERS/KCNA

នៅថ្ងៃ​ទី សុក្រទី ២២​មករា​នេះ កូរ៉េខាងជើង​បាន​ប្រកាស​ថា ខ្លួនទើប​បាន​ចាប់ឃុំ​និស្សិត​អាមេរិកាំង​ម្នាក់ ពីបទ​ធ្វើ​សកម្មភាព អរិភាព ប្រឆាំង​នឹង​របបកុម្មុយនិស្ត​ព្យុងយ៉ាង។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​កូរ៉េខាងជើង KCNA និស្សិត​អាមេរិក ដែល​ធ្វើការ​ទៅតាម​បញ្ជារ​របស់​ទីក្រុង​វ៉ាស៊ីនតោន បាន​ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង ដោយ​ប្រើ​ទិដ្ឋាការ​ជាអ្នកទេសចរ។

 

យុវជន​អាមេរិកាំង​ដែល​កូរ៉េខាងជើង​ចាប់ខ្លួន មាន​ឈ្មោះ​ថា Otto Frederik Warmbier ជា​និស្សិត​នៅ​សកលវិទ្យាល័យ Virginia។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង និស្សិត​អាមេរិកាំង​រូបនេះ បាន​បន្លំខ្លួន​ជា​អ្នកទេសចរ ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ដើម្បី​ធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​ឈាន​ទៅដល់​ការបំផ្លាញ​គ្រឹះ​នៃ​ការរួបរួមគ្នា នៅ​កូរ៉េខាងជើង។ ជារួម ទីក្រុង​ព្យុងយ៉ាង​ចោទ​និស្សិត​អាមេរិក ពី​បទ​មាន​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋអំណាច​កូរ៉េខាងជើង។ បទ​ចោទប្រកាន់ ដែល​កូរ៉េខាងជើង​តែងតែ​ប្រើ​សម្រាប់​ចាប់ដាក់​ឃុំ​ខ្លួន ជនបរទេស ជាពិសេស ជនជាតិ​អាមេរិកាំង ដែល​បាន​ចូល​ដល់​ក្នុង​ទឹកដី​កូរ៉េខាងជើង។

 
ការប្រកាស​ចាប់ខ្លួន និង​ចោទប្រកាន់​និស្សិត​អាមេរិក​ដោយ​ទីក្រុង​ព្យុងយ៉ាង កើតឡើង​នៅក្នុង​បរិបទ​មួយ​ដែល​កូរ៉េខាងជើង​កំពុង​មាន​ភាពតានតឹង​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស អាមេរិក ដែល​កំពុង​ដឹកនាំ បញ្ចុះបញ្ចូល​ឲ្យ​មាន​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង នៅក្រោយ​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​លើក​ទី ៤ របស់​ប្រទេស​នេះ កាលពី​ដើម​ខែ​មករា។

កន្លងមក គេ​សង្កេត​ឃើញ​ថា ទីក្រុង​ព្យុងយ៉ាង​តែង​មាន​ប្រវត្តិ​យក​សំណុំរឿង​អ្នកទោស​បរទេស ទៅធ្វើ​ជាត្រីមុខ ទៅក្នុង​ចរចា ទាមទារ​ឲ្យ​មានការធ្វើ​សម្បទាន ពី​ប្រទេស​លោកខាងលិច។ ជាញឹកញយ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាមេរិក​តែងតែ​ធ្វើ​ដំណើរ ទៅ​កូរ៉េខាងជើង ដើម្បី​ចរចា សុំ​ឲ្យ​ដោះលែង​អ្នកទោស ដែល​ជា​ជនជាតិ​របស់ខ្លួន។ ជាក់ស្តែង ជនជាតិ​អាមេរិកាំង ដើមកំណើត​កូរ៉ខាងត្បូង​ម្នាក់ ដែល​ត្រូវ​បាន​របប​កុម្មុយនិស្ត កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥ឆ្នាំ ក្នុង​បទចោទ​ប្រកាន់ មាន​អរិភាព ធ្វើសកម្មភាព ប្រឆាំង​នឹង​រដ្ឋអំណាច​កូរ៉េខាងជើង កាលពី​ឆ្នាំ ២០១៣ នៅទីបំផុត ត្រូវ​បានដោះលែង ជាមួយ​ជនជាតិ​អាមេរិកាំង​ម្នាក់​ទៀត នៅ​ឆ្នាំ ២០១៤ នៅក្រោយ​ដំណើរទស្សនកិច្ច​ស្ងាត់ៗ​របស់​គណៈប្រតិភូ​អាមេរិក ដឹកនាំ​ដោយ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក James Clapper។

លើកនេះ គេ​នៅ​មិនទាន់ដឹង​តើ​និស្សិត​អាមេរិកាំង Warbier នឹង​អាច​ជោគវាសនា​រួចផុត​ពី​ទោស ធ្វើការ​ដោយ​បង្ខំ នៅ​ក្នុង​ពន្ធនាគារ​កូរ៉េខាងជើង​ដូច​អ្នកទោស​បរទេស​ដែរ ឬយ៉ាងណានោះទេ។​គេគ្រាន់តែ​ដឹងថា បទចោទប្រកាន់​ទៅលើ​ Warbier ដែល​ថា បាន​ធ្វើ​ទៅតាម​ការបញ្ជារ​របស់​រដ្ឋាភិបាល​អាមេរិកាំង គឺ​មាន​ន័យ​ស្មើ​នឹង​ការចោទប្រកាន់​ធ្វើ​ចារកម្ម ក្នុង​ទឹកដី​កូរ៉េខាងជើង ដែល​អាច​ប្រឈម​នឹង​ដាក់ពិន័យ ដ៏​ធ្ងន់ធ្ងរ នៅ​កូរ៉េខាងជើង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ