អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ចង់ចាប់​ដៃ​ជាមួយ​ចិន​ក្នុង​វិស័យ​សេដ្ឋកិច្ច ​តែ​មិន​ចង់​ផ្តល់​មេរៀន​ឲ្យ​ចិន ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្នុងប្រទេសចិន របស់លោកអេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង ត្រូវបិទបញ្ចប់នៅថ្ងៃពុធនេះហើយ។ កិច្ចសន្យា និងគំរោងកិច្ចសន្យា ជាច្រើន ត្រូវបានចុះហត្ថលេខា រវាងភាគីចិន និងភាគីបារាំង មានជាអាថទិ៍ក្នុងវិស័យ នុយក្លេអ៊ែរស៊ីវីល និងវិស័យអាកាសចរណ៍។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបារាំង បានសំណូមពរ ឲ្យចិនត្រូវបោះទុនវិនិយោគនៅបារាំង ឲ្យបានច្រើន ឲ្យវាសមភាពទៅនឹងវិនិយោគ ដែលបារាំង បានបោះនៅចិន។  ក៏ប៉ុន្តែអ្វីដែលមតិសាធារណៈសោកស្តាយ គឺលោកម៉ាក្រុង មិនបានលើកឡើងពីបញ្ហាគោរពសិទ្ធិមនុស្សនៅចិន ជាចំហរនៅក្នុងសន្ទរកថាផ្លូវការទេ។

ប្រធានាធិបតីបារាំង Emmanuel Macron ​ចាប់​​ដៃ​ជាមួយ​​លោក ​Xi Jinping នៅវិមាន​​ប្រជាជន​ចិន ក្រុង​ប៉េកាំង ថ្ងៃទី​៩ មករា​ ២០១៨
ប្រធានាធិបតីបារាំង Emmanuel Macron ​ចាប់​​ដៃ​ជាមួយ​​លោក ​Xi Jinping នៅវិមាន​​ប្រជាជន​ចិន ក្រុង​ប៉េកាំង ថ្ងៃទី​៩ មករា​ ២០១៨ REUTERS/Mark Schiefelbei/Pool
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចមានន័យទូលាយ មិនមែនសំរុកតែនិយាយរឿងសេដ្ឋកិច្ច

លោកម៉ាក្រុងគាត់និយាយថា គាត់មិនដូ​ចមេដឹកនាំប្រទេសខ្លះទេ ដែលទៅធ្វើទស្សនកិច្ច គិតតែពីរឿងលុយ គិតតែពីសំរុកចរចា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ កម្មវត្ថុសេដ្ឋកិច្ច ជារឿងមួយហើយ តែទស្សនកិច្ចផ្លូវរដ្ឋនៅចិនរបស់លោកនាពេលនេះ មានន័យទូលំទូលាយជាងនេះ។ មួយវិញទៀតលោកម៉ាក្រុង បានលើកឡើងថា លោក​មិនចង់យកតួលេខមកប្រកាសបង្អួតគេ ថាលោកទៅចិន បានចុះកិច្ចសន្យាតំលៃប៉ុណ្ណេះ ប៉ុណ្ណោះនោះ​ទេ។ មេដឹកនាំខ្លះ ខំយកតួលេខមកសំញែញ​ តែធាតុពិត តួលេខនោះមានតែលើ​ក្រដាស​ទេ ឯតួលេខពិតប្រាកដ អាចទាបខុសគ្នាឆ្ងាយ។ ដូច្នេះហើយ បានខាងក្រុមការងារ របស់វិមានប្រធានាធិបតីបារាំង មិនចង់និយាយពីតួលេខទាំងនេះទេ។

តែបើសុរបជារួម ទស្សនកិច្ច របស់លោកម៉ាក្រុង ដែលអមដំណើរដោយនាយកក្រុមហ៊ុនបារាំង ធំៗ ជាច្រើននាក់ផងនោះ បានសម្រេចចុះហត្ថលេខា ជាមួយភាគីចិន​ ជាង​៥០​កិច្ច​សន្យា​ឯណោះ។ តែក្នុង​ចំណោមនោះ មានភាគច្រើន មិនមែនជាកិច្ចសន្យាផ្លូវការចុងក្រោយទេ គ្រាន់តែ​ជា​គំរោង​សហការ​គ្នា។

កិច្ចសន្យាទាំងនោះ មានជាអាថទិ៍ក្នុងវិស័យនុយក្លេអ៊ែរស៊ីវីល។ ក្រុមហ៊ុន Areva របស់បារាំង បានទទួលបានគំរោងកសាងស្ថានីយ៍បំលែងកាកសំណល់នុយក្លេអ៊ែរ មួយនៅ​ចិន ក្នុងតំលៃ១ម៉ឺនលានដុល្លារ។ គំរោងនេះ គឺគេជជែកគ្នាជិត១០ឆ្នាំហើយ។ ចំណែកក្រុមហ៊ុន​ EDF វិញ ដែលសហការជាមួយចិន និងបើកឲ្យ​ដំណើរការរោងចក្រផលិតថាមពលនុយក្លេអ៊ែរ មួយនៅភាគខាងត្បូងចិន ក្នុងពេល៦ខែទៀត។

ក្នុងវិស័យអាកាសចរណ៍វិញ ក្រុមហ៊ុនបារាំងឈ្មោះ CFM ដែលជាការចាប់ដៃសហការ ​រវាងក្រុមហ៊ុនវិស្វកម្មជំនាញម៉ាស៊ីនម៉ូទ័រយន្តហោះ២ គឺ Safran និង General Electric បានចុះកិច្ចសន្យា សេវាកម្មជួសជុល​ ជាមួយក្រុមហ៊ុនយន្តហោះចិន Spring Airlines ក្នុងតំលៃជិត៣ពាន់លានដុល្លារ។ ក្រៅពីនេះ បើតាមការអះអាងរបស់លោកម៉ាក្រុង គឺលោកស៊ី ជីនពីន បានផ្តល់ភ្លើងខៀវ ដល់កិច្ចសន្យាទិញយន្តហោះAirbus A320 ចំនួន ១៨៤គ្រឿង ព្រមទាំងអាចទិញ យន្តហោះ A380 និង A350 បន្ថែមទៀត ក្នុងឆ្នាំក្រោយ។ ក្រុមហ៊ុន Airbus ក៏បានចុះហត្ថលេខា លើគំរោងកិច្ចសន្យាមួយ ដើម្បីបង្កើនចង្វាក់ផលិតកម្ម នៅរោងចក្រAirbus នៅក្រុងធានជីង ដើម្បីផលិតយន្តហោះA320 ឲ្យបាន៦គ្រឿងក្នុង១ខែ ចាប់ពីឆ្នាំ២០២០ទៅ។

ក្រៅពីកិច្ចសន្យាពាណិជ្ជកម្មទាំងនេះ​ លោកម៉ាក្រុងក៏បានទទួលការយល់ព្រមពីចិន ថានឹងដកចេញនូវការហាមឃាត់ ការនាំចូលសាច់គោបារាំង មកក្នុងប្រទេសចិន នៅក្នុងរយៈពេល ៦ខែទៀត។

បារាំង មិនត្រូវការ​ហ៊ុនវិនិយោគរបស់ចិន ដែល​មានលក្ខណៈមកកើប​ប្រមូលលួចចំណេះ

ក្នុងពេលទស្សនកិច្ចនេះ លោកម៉ាក្រុង តែងតែលើកឡើងជា​និច្ច ថាទំនាក់ទំនងសេដ្ឋកិច្ច រវាងបារាំងនិងចិន​មិនស្មើភាពគ្នាសោះ។​ គំលាតរវាងការដោះដូរពាណិជ្ជកម្ម គឺខុសគ្នាដល់ទៅ ៣ម៉ឺនលានអឺរ៉ូឯណោះ។ ពោលគឺ ការនាំចូលទំនិញរបស់ចិន​ មកបារាំង មានច្រើនជាងទំនិញបារាំងទៅចិន។ នេះគឺមកពីចិន មិនសូវជាបើកទ្វារទទួលទេ។ ជាក់ស្តែងផលិតសាច់គោបារាំង ដែលចិនបានហាមតាំងតែពីឆ្នាំ២០០១មក ក្រោយផ្ទុះរឿងរ៉ាងគោឆ្គួតនៅអង់គ្លេស។

ឥឡូវនេះ ចិនបានសន្យាបើកឲ្យនាំចូលសាច់គោបារាំងវិញ។ តែបារាំងសង្ឃឹមថា ចិននឹងបើកបន្តិចៗម្តង ឲ្យគេនាំចូលផលិតផលកសិកម្មផ្សេងទៀត ឲ្យបានទូលំទូលាយ ដូចជាសាច់ជ្រូក សាច់មាន់ ព្រមទាំងស្រាទំពាំងបាយជូរជាដើម។​

ទាក់ទិននឹងបញ្ហាវិនិយោគវិញ ប្រធានាធិបតីបារាំង បានលើកឡើងថា លោកចង់ឃើញ​ចិន បោះទុនវិនិយោគឲ្យបានច្រើន ព្រោះរាល់ថ្ងៃនេះ មានតែក្រុមហ៊ុនបារាំងទេ ដែលទៅបោះទុន​នៅចិន។ ហើយការបោះទុនវិនិយោគនេះទៀតសោត បារាំងមិនចង់បានទេ នូវហ៊ុន​វិនិយោគ ដែលមានលក្ខណៈដើរប្រមូលទិញ កើបយកតែផលចំណេញមួយគ្រា។

លោក Bruno Le Maire រដ្ឋមន្ត្រីសេដ្ឋកិច្ច បានប្រើពាក្យរាងធ្ងន់បន្តិច ដោយបាននិយាយ​ថា បារាំងមិនចង់បានការបោះទុនវិនិយោគរបស់ចិន ដែលមានលក្ខណៈជាការ​មកលួច​យក​ចំណេះ លួចយកបច្ចេកវិទ្យា ហើយប្រមូលយកទៅស្រុកចិននោះទេ។ ការបោះទុន​វិនិយោគ ត្រូវតែធ្វើឲ្យមានសមភាព និងមានទិសដៅយូរអង្វែងថិតថេរ។ ក្នុងវិស័យបច្ចេកវិទ្យា​ជាពិសេស កន្លងមកចិន ប្រមូលទិញក្រុមហ៊ុនបរទេស ដើម្បីសន្សំចំណេះ ហើយ​យក​ទៅ​អភិវឌ្ឍន៍​ដើម្បីប្រជែង ជាមួយក្រុមហ៊ុនដើម។

ស្ថិតក្នុងទ្រឹស្តីជំនួញដែលមានសមភាពនេះដែរ លោកម៉ាក្រុង បានលើកឡើងអំពីគំរោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ លោកថា លោកគាំទ្រចំពោះគំរោងនេះ តែអ្វីដែលចង់​សូម​​សំណូមពរ គឺ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដ៏ខ្វាត់ខ្វែងនេះ គឺត្រូវតែបែងចែងឲ្យមានសមភាព មិនមែនជាផ្លូវសម្រាប់តែពង្រីកឥទ្ធិពល ត្រួតត្រា របស់ប្រទេសណាមួយ តែម្នាក់​ឯងនោះទេ។ ក្នុងបញ្ហានេះ លោកស៊ី ជីនពីង ក៏បានធានាចំពោះមុខលោកម៉ាក្រុងថា ពិតហើយ គំរោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ គឺមិនមែនជារបស់ ប្រទេសណាមួយដាច់មុខនោះទេ។

បារាំងមិនចង់ផ្តល់មេរៀនឲ្យចិន រឿងសិទ្ធិមនុស្សទេ

អង្គការ Human Rights Watch ធ្លាប់បានអំពាវនាវ សុំឲ្យលោកម៉ាក្រុង និយាយជាមួយលោកស៊ី ជីនពីង អំពីករណី ឃុំខ្លួន សកម្មជននយោបាយ អ្នកនិពន្ធ ឬសិល្បៈករមួយចំនួន ដែលអាជ្ញាធរចិន បានចាប់ដាក់ឃុំ ឬបំបិទសិទ្ធិមិនឲ្យចេញពីផ្ទះ។ តួយ៉ាងដូចជាករណី លោកស្រី Lui Xia ភរិយារបស់លោលក លីវ សៀវប៊ូ ជ័យលាភីណូបែល ដែលបានស្លាប់កាលពីប៉ុន្មានខែមុននេះ។ អង្គការសន្និបាទសកលលោកនៃជនជាតិអ៊ុយហ្គួរ ក៏បានសំណូមពរ ទៅលោកប្រធានាធិបតីបារាំង ឲ្យនិយាយពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើប្រជាជនអ៊ុយហ្គួរ នៅខេត្តស៊ីនជាំងផងដែរ។

ក៏ប៉ុន្តែខុសពីការរំពឹងទុក លោកម៉ាក្រុង មិនបានលើកយកមកនិយាយក្នុងពេលទស្សនកិច្ចទេ។ លោក ម៉ាក្រុងបានអះអាងថា លោកមិនបានលើកយកបញ្ហាទាំងអស់នេះ មកនិយាយក្នុងសន្ទរកថា ជាឱឡាឬក នៅចំពោះមុខអ្នកកាសែតមែន តែលោកបានយកចំណុចទាំងនេះ ទៅនិយាយដោយផ្ទាល់ មួយទល់នឹងមួយលោកស៊ី ជីនពីង។

លោកម៉ាក្រុងបានអះអាងថាលោក មិនចង់យកបញ្ហាសិទ្ធិមនុស្ស មកនិយាយចំពោះមុខអ្នកកាសែត ដើម្បីធ្វើហាក់ដូចជាបារាំង ទៅផ្តល់មេរៀនឲ្យចិននោះទេ។ ធ្វើបែបនេះ វាមិនបានផលទេ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យភាគីចិន មិនពេញចិត្ត និងបាក់មុខ។ អ្វីដែលលោកជឿថា បានផល គឺជាការនិយាយគ្នាដោយត្រង់ទៅត្រង់មក ដោយមិនចាំបាច់យកមកប្រកូកប្រកាស ចំពោះមុខអ្នកកាសែត។

លោកម៉ាក្រុងបញ្ជាក់ថា គាត់ពិតជាបាននិយាយពីការព្រួយបារម្ភ ពីការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ ជាមួយលោកស៊ី ជីនពីង។ លោកស៊ី ជីនពីង បានស្តាប់ ហើយក៏យល់ថា តំលៃនៃសិទ្ធិទាំងអស់នេះ មានសារៈសំខាន់កំរិតណាសម្រាប់បារាំង។ កន្លងមកមេដឹកនាំបារាំងមុនៗ ឬប្រទេសផ្សេង ធ្លាប់បាននិយាយរិះគន់ចិន ជាសាធារណៈរួចហើយ តែមិនបានផលទេ។ តែសម្រាប់លោក លោកមិនចង់ផ្តល់មេរៀនឲ្យចិនទេ តែលោកចង់និយាយពិភាក្សាជាមួយចិនច្រើនជាង ទើបវាបានផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ