អានតួអត្ថបទ
បារាំង-អូស្ត្រាលី

នាយករដ្ឋមន្ត្រី​បារាំង​ទៅ​អូស្ត្រាលី ​និយាយ​រឿង​កិច្ចសន្យា​ផលិត​នាវា​មុជទឹក

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍មុន​ អូស្រ្តាលី​បាន​សម្រេច​បញ្ជា​ទិញ​នាវា​មុជទឹក​ចំនួន​១២​គ្រឿង​ របស់​បារាំង​ ក្នុង​ទឹក​ប្រាក់​៣៤ពាន់​លាន​អឺរ៉ូ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ មាន​​ការ​សប្បាយ​រីករាយ​និង​​មោទនភាព​ជាខ្លាំង។ ថ្ងៃចន្ទ​​ទី​២​ឧសភា​នេះ​ដែរ ​ លោក​នាយករដ្ឋមន្ត្រី​បារាំង ​ បាន​អញ្ជើញ​ទៅ​​ក្រុង​​កង់បេរ៉ា ​ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​និយាយ​អំពី​ដំណាក់កាល​ចរចា ​និង​ការ​ផលិត​នាវា​មុជទឹក​ទាំង​១២គ្រឿង។ នេះ​គឺ​ជា​កិច្ច​សន្យា​ដ៏​ធំ​មហាសាល​មិន​ធ្លាប់​មាន​សម្រាប់​ អូស្រ្តាលី​ដែល​ជា​អ្នក​ទិញ ​ ក៏​ដូច​ជា​សម្រាប់​បារាំង​ដែល​ជា​អ្នក​លក់។

លោក​ម៉ានុយអ៊ែល វ៉ាល្ស (ខាងឆ្វេង) នាយករដ្ឋមន្ត្រីបារាំង ចាប់ដៃជាមួយ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ក្រុងកង់បេរ៉ា
លោក​ម៉ានុយអ៊ែល វ៉ាល្ស (ខាងឆ្វេង) នាយករដ្ឋមន្ត្រីបារាំង ចាប់ដៃជាមួយ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ក្រុងកង់បេរ៉ា Reuters
ផ្សាយពាណិជ្ជកម្ម

 
កិច្ចសន្យា​ស្ថាពរ​នៅ​មិនទាន់​ចុះ៖
អ្វីៗ​នៅ​មិន​ទាន់​ចុះហត្ថលេខា​ព្រមព្រៀង​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ វត្តមាន​របស់​លោក ​ម៉ានុយអ៊ែល វ៉ាល្ស ​នៅ​ទីក្រុង​កង់បេរ៉ា ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នៅ​ថ្ងៃ​នេះ ​ គឺ​មិនមែន​ដើម្បី​ចុះហត្ថលេខា​ទេ​  គឺ​លោក​នាយករដ្ឋមន្ត្រី​បារាំង  ​គ្រាន់​តែ​ទៅ​ដើម្បី​និយាយ​បញ្ជាក់​ ថា​ខាង​ភាគី​បារាំង ​ត្រៀមខ្លួន​ទទួល​លក្ខខណ្ឌ​កិច្ចសន្យា ​ទៅតាម​ការ​ចង់បាន​របស់​អូស្ត្រាលី។

កាល​ពី​ថ្ងៃចន្ទ​ទី​ ២៥​មេសា ​អូស្រ្តាលី​គ្រាន់តែ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​រវាង​អ្នក​ផលិត​ទាំងបី ​ដែល​បាន​ដាក់​ពាក្យ​ស្នើ ​មាន​បារាំង​ អាល្លឺម៉ង់​ និង​ជប៉ុន ​ ​គឺអូស្ត្រាលី​សម្រេច​ជ្រើសរើស​យក​បារាំង។ មាន​ហេតុផល​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​អូស្ត្រាលី​ជ្រើសរើស​យក​បារាំង​ តួយ៉ាង​គឺ​បទពិសោធន៍​ក្នុង​ការ​ផលិត ​ ព្រម​ទាំង​បច្ចេកវិទ្យា​ផលិត​របស់​បារាំង ​ ដែល​បំពេញ​ទៅ​តាម​ការ​ចង់បាន​របស់​អូស្ត្រាលី។ ចំណែក​ក្រុមហ៊ុន​ជប៉ុន​ និង​អាល្លឺម៉ង់ ​សុទ្ធតែ​មាន​ចំណុច​ខ្សោយ។

ដូច្នេះ​ចាប់​ពី​ពេល​នេះទៅ​  គឺ​ចូល​ដល់​ដំណាក់កាល​នៃ​ការ​ចរចា​ ធ្វើ​កិច្ចសន្យា ​រៀបចំ​លក្ខខណ្ឌ​នានា ​ព្រោះ​នេះ ​មិនមែន​កិច្ច​សន្យា​ធម្មតា​ទេ ​គឺ​ជា​កិច្ចសន្យា​មហាសាល ​ ដែល​​មាន​ទឹកប្រាក់​ដល់​ទៅ​៣៤​ពាន់​លាន​អឺរ៉ូ។ បើតាម​ការ​គ្រោងទុក ​ ការ​ចរចា​ដើម្បី​ឈាន​ទៅដល់​កិច្ចសន្យា​ទិញលក់​ជា​ផ្លូវការ​នោះ ​និង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៧  ​ហើយ​បន្ទាប់​មក​ការ​ផលិត​នឹង​ចាប់ផ្តើម​ ដើម្បី​​ឲ្យ​រួចរាល់​នាវា​មុជទឹក​ទីមួយ​នៅ​ឆ្នាំ​២០២៧។​ នៅក្រុង​កង់បេរ៉ា ​លោក​ នាយករដ្ឋមន្ត្រី​បារាំង​ បាន​ធានា​ថា ​លោក​នឹង​ធ្វើការ​តាមដាន​ដំណើរ​ការ​ចរចា​នេះ​ ដោយ​ផ្ទាល់​តែម្តង។ ហើយ​ឆ្លៀត​ពេល​នេះ​ដែរ​  លោក​ម៉ានុយអ៊ែល វ៉ាល្ស បាន​ទៅ​ជួប​ជាមួយ​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ DCNS ​របស់​បារាំង​​ដែល​កំពុងតែ​​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ខាង​អូស្ត្រាលី។ ក្រុមហ៊ុន​នេះ​ហើយ ​ ដែល​ជា​អ្នក​ទទួល​ផលិត​នាវា​មុជទឹក​ទាំង​១២​គ្រឿង។

ការ​ផលិត​ទាំង​ស្រុង​ត្រូវ​លើក​យក​ទៅ​ធ្វើ​នៅ​អូស្រ្តាលី៖
តាំងតែ​ពី​ដំបូង​ម្លេះ  ​អូស្ត្រាលី​បាន​ទាមទារ​ថា ​នាវា​មុជទឹក​ត្រូវ​ផលិត​នៅក្នុង​ទឹកដី​អូស្ត្រាលី។ យោង​តាម​លក្ខខណ្ឌ​នេះ ​គឺ​​បារាំង​បាន​សុខចិត្ត​តាំង​ពី​ដើមដំបូង​ ថា​នាវា​ទាំង​អស់​ត្រូវ​ផលិត​នៅ​អូស្ត្រាលី។ ការទាមទារ​បែបនេះ ​ក៏​ដោយសារ​ អូស្ត្រាលី​គេ​ចង់​ចំណាយ​ប្រាក់ ​តែ​ក៏គេ​ចង់​ឲ្យ​ប្រជាជន​គេ​ ​បាន​ផល​ពី​កិច្ចសន្យា​នេះ ​ពោល​គឺ​តាម​រយៈ​ការ​បង្កើត​ការងារ​ចាំបាច់​ផ្សេងៗ ​ដើម្បី​​ផលិត​នាវា​មុជទឹក​នេះ។

កាល​ពី​សប្តាហ៍​មុន​ ខាង​មតិ​សាធារណៈ​នៅ​អូស្ត្រាលី​មាន​ភាព​ស្រពេចស្រពិល ​ បន្ទាប់​ពី​បាន​ឮ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង ​ប្រកាស​ថា​កិច្ចសន្យា​នេះ ​នឹង​ជួយ​បារាំង​ឲ្យ​បង្កើត​ការងារ​បាន​៤០០០​នាក់។​ ខាង​អូស្ត្រាលី​គេ​ឆ្ងល់​ថា ​បើ​នាវា​មុជទឹក​ផលិត​នៅ​អូស្ត្រាលី  ​ហេតុអី​បាន​ជា​បារាំង​អាច​បង្កើត​​ការងារ​បាន​៤០០០​នាក់ ​ក្នុង​កិច្ចការ​នេះ?
 

នាវាមុជទឹកឈ្មោះ «Le Terrible»ផលិត​​ដោយ​​ក្រុមហ៊ុនរដ្ឋបារាំង​ DCNS
នាវាមុជទឹកឈ្មោះ «Le Terrible»ផលិត​​ដោយ​​ក្រុមហ៊ុនរដ្ឋបារាំង​ DCNS JEAN-PAUL BARBIER / AFP

តាមពិត​ បើទោះ​ជា​ការ​ផលិត​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​អូស្ត្រាលី​ទាំង​ស្រុងមែន​  ​តែ​ក្រុមហ៊ុន​DCNS ​របស់​បារាំង​  នៅតែ​ត្រូវការ​អ្នក​ជំនាញ ​វិស្វករ​ អ្នក​បច្ចេកទេស​ធំៗ​ពី​បារាំង​ដដែល។ បុគ្គលិក​ទាំងស្រុង​មិនមែន​សុទ្ធតែ​​នៅ​អូស្ត្រាលី​ទេ។ ហើយមួយ​ទៀត​ គឺ​ គ្រឿង​ផ្សំ​មួយ​ផ្នែក​ធំ​នៃ​នាវា​មុជទឹក ​ គឺ​ក្រុមហ៊ុន​នេះ​ត្រូវ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​តូចៗ​ផ្សេងទៀត​ នៅ​បារាំង។  អញ្ចឹង​ទាំងអស់​នេះ ​គឺ​ផល​ចំណេញ​របស់​បារាំង ​ក្នុង​ការ​បង្កើត​​ការងារ​ ផ្តល់​សន្ទុះ​ដល់​ការ​ផលិត។ ដូច​លោក នាយក​រដ្ឋមន្ត្រី​បារាំង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​អញ្ចឹង ​​ គឺគាត់​ថា​កិច្ចសន្យា​នេះ​គឺ​ជា​កិច្ចសន្យា​ឈ្នះ ឈ្នះ​ទាំង​សងខាង  ​អូស្ត្រាលីក៏​ចំណេញ ​បារាំង​ក៏​ចំណេញ។

សូម​បញ្ជាក់​ថា ​ក្នុង​កិច្ចសន្យា​ទិញសម្ភារៈ​យោធា​ធនធំ​បែបនេះ  ​មិនមែន​គ្រាន់តែ​បោះ​លុយ​ទិញ​ហើយ​ចប់​ទេ។ ខ្លឹមសារ​នៃ​កិច្ច​សន្យា​មាន​ភាព​ស្មុគស្មាញ។ ដូច​ក្នុង​ករណី​កិច្ច​សន្យា​បញ្ជាទិញ​នាវា​មុជទឹក​នេះ ​មិនមែន​គ្រាន់តែ​បារាំង​ផលិត​រួច​ យកទៅ​ឲ្យ​អូស្ត្រាលី ​ហើយ​ចប់​ទេ ​គឺ​កិច្ចសន្យា​នេះ​ ត្រូវ​រាប់​បញ្ចូល​ទាំង​លក្ខខណ្ឌ​នានា ​ទាក់ទង​នឹង​ការ​ផ្ទេរ​បច្ចេកវិទ្យា  ​ការ​បង្វឹក​ហាត់ដល់​កងទ័ព​ជើងទឹក​អូស្ត្រាលី​ក្នុង​ការ​​ប្រើប្រាស់  ​ព្រមទាំង​បច្ចេកទេស​ជួសជុល ​ថែ​ទាំ​រយៈពេល​២៥​ឆ្នាំ។ លក្ខខណ្ឌ​មួយទៀត​ គួរ​លើក​ឡើង​ដែរ ​ គឺ​បារាំង​ជាអ្នក​ផលិត​នាវា​មុជទឹក​នេះមែន ​ ​តែ​ប្រព័ន្ធ​អាវុធ​ទាំងស្រុង​ ដែល​បំពាក់​នាវា​នេះ ​គឺ​ក្រុមហ៊ុន​​អាមេរិក​ជា​អ្នក​ផលិត ​គ្រាន់តែ​មិនទាន់​ដឹង​ថា​ក្រុមហ៊ុន​ណាមួយ​ទេ​ មកត្រឹម​ពេល​នេះ។

អូស្ត្រាលី​ត្រៀម​ខ្លួន ​ក្រែង
ជា​បឋម​គឺ​ថា ​នាវា​មុជទឹក​នេះ​ អូស្ត្រាលី​ទិញ​ដើម្បី​យក​ទៅ​ជំនួស​នាវា​មុជ​ទឹក​អូស្ត្រាលី​ដែល​បាន​ផលិត​នៅ​​ក្នុង​ឆ្នាំ​១៩៩០។នាវា​មុជ​ទឹក​ចាស់​ទាំង​នេះ  ​មាន​គេ​រិះគន់​ច្រើន​ណាស់ ​ថា​ពិបាកប្រើ ​ហើយ​បើ​និយាយ​ពី​​បច្ចេកវិទ្យា​វិញ ​ ​គឺ​ថា​វា​ហួស​សម័យ។ ចាប់​ពី​ឆ្នាំ​២០២៦​ទៅ ​ នាវា​ទាំងនេះ​នឹង​លែង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទៀត​​ហើយ​  ដោយ​ជំនួស​ដោយ​នាវា​មុជ​ទឹក​បារាំង​វិញ។

សួរថា​តើ​អូស្ត្រាលី​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​អ្នក​ណា ​រឺ​ក៏​ចង់​ធ្វើ​សង្រ្គាម​ជាមួយ​អ្នកណា? គឺ​ថាវា​មិនទាន់​​ដល់​ថ្នាក់​នោះ​ទេ ​ ក៏​ប៉ុន្តែ​នេះ​ជា​ត្រៀមរៀប​ចំ​ខ្លួន​របស់​អូស្ត្រាលី។ អូស្ត្រាលី​ជា​មហាអំណាច​មួយ​ដែរ ​ ដែល​ស្ថិត​នៅ​ខាងត្បូង​គេ​បង្អស់​នៃ​តំបន់​ប៉ាស៊ីហ្វិក។ នយោបាយ​របស់​អូស្ត្រាលី​នាពេល​នេះ ​ គឺ​ចង់​​​បង្ហាញ​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​ដែរ​ តាម​រយៈ​ការ​ធានា​សុវត្ថិភាព​ក្នុង​ដែនទឹក​ដែល​នៅ​ចន្លោះ​រវាង​តំបន់​​អាស៊ី​អាគ្នេយ៍ ​និង​អូស្ត្រាលី។ តំបន់​នេះ​ជា​តំបន់​ចរាចរណ៍​នាវា​ទំនិញ​អន្តរជាតិ​ដ៏​សំខាន់ ​ ហើយ​ដែល​កត្តា​​សន្តិសុខ​ស្ថិរភាព ​ ត្រូវតែ​ធានា។

ចំណុច​មួយទៀត​​ គឺ​ជម្លោះ​នៅក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ​ ដែល​ចិន​កំពុងតែ​ក្អេងក្អាង​ខ្លាំង។ ចិន​កំពុងតែ​ពង្រីក​វិស័យ​យោធា​របស់​ខ្លួន​ខ្លាំង​ណាស់។ បើតាម​ការ​ប្រកាស​របស់​ប៉េកាំង ​ពី​នេះ​ដល់​ឆ្នាំ​២០២០​ ចិន​នឹង​មាន​នាវា​មុជទឹក​៧០​គ្រឿង​ឯណោះ។ មិនមែន​មាន​តែ​អូស្ត្រាលី​មួយ​ទេ ​ដែល​កំពុង​ត្រៀម​ការពារ​ខ្លួន ​ ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​អាគ្នេយ៍​ ក៏​កំពុងរក​វិធី​ដែរ។ ជាក់​ស្តែង​តាម​រយៈ​ការរឹត​ចំណង​សម្ព័ន្ធភាព​ជាមួយ​កងទ័ព​អាមេរិក ​ដូច​ដែល​ហ្វីលីពីន​​បាន​ធ្វើ​ថ្មីៗ​នេះ។ នាវា​មុជទឹក​អូស្ត្រាលី​១២គ្រឿង​តិច​ណាស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​៧០​គ្រឿង​របស់​ចិន ​ ក៏​ប៉ុន្តែ​កំភ្លេច​ថា​អូស្រ្តាលី​ចំណាយ​លុយ​ ទិញ​របស់​បារាំង​ដែល​ជា​​នាវា​មាន​បច្ចេកវិទ្យា​ខ្ពស់​ជាង​ចិន​ឆ្ងាយ​ណាស់។ មួយទៀត​ ក្នុង​ករណី​ដែល​អាមេរិក​ ដកខ្លួន​ មិន​​ចង់​លូកដៃ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ អូស្ត្រាលី​ក៏​នៅ​មាន​លទ្ធភាព​ការពារ​ខ្លួន​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ