អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​ឥតព្រាងទុក ​រវាង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​និង​លោក​ប្រធានាធិបតី​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មុន​នឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប ​ លោក ​ណារិន្ទ្រ ម៉ូឌី ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ បាន​ធ្វើ​ដំនើរ​ មកដល់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ថ្មី​បារាំង ​ អេម៉ានុយអែល ម៉ាក្រុង។ វា​គឺ​ជា​ជំនួប ​ ដោយ​ឥត​បាន​គ្រោង​ទុក​មុន​ទាល់​តែ​សោះ ​តែ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​បាន​ឆក់​ឱកាស ​ដើម្បី​មក​អប​អរ​សាទរ​ដោយ​ផ្ទាល់​មាត់ ​ចំពោះ​ការ​ឡើងកាន់​តំណែង​ របស់​លោក​ម៉ាក្រុង ​ ហើយ​ក៏​នឹង​ឆ្លៀត​ឱកាស​ និយាយ​ពី​ការ​រឹត​ចំណង​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​រវាង​ប្រទេស​ទាំង​ពីរ។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា​ ណារិន្ទ្រ ម៉ូឌី និងលោកម៉ាក្រុង​ នៅវិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី​៣ មិថុនា ២០១៧
លោកនាយករដ្ឋមន្ត្រីឥណ្ឌា​ ណារិន្ទ្រ ម៉ូឌី និងលោកម៉ាក្រុង​ នៅវិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី​៣ មិថុនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបឥតព្រាងទុក

មុនពេល​ចេញ​ដំណើរ​មក​កាន់​អឺរ៉ុប ​នៅថ្ងៃ​ទី​២៨ ​ឧសភា ​រដ្ឋាភិបាល​ឥណ្ឌា ​បាន​ចេញ​លិខិត​ផ្តល់​ដំណឹង​ដល់​អ្នក​កាសែត ​ប្រាប់ពី​កាលវិភាគ ​នៃ​សកម្មភាព​របស់​នាយករដ្ឋមន្ត្រី​ ណារិន្ទ្រ ម៉ូឌី ​ដែល​ក្នុង​នោះ ​ពុំមាន​កំណត់​ពី​ការ​មក​ដល់​ប្រទេស​បារាំង​ ដើម្បី​ជួប​លោក​ប្រធានាធិបតី​ម៉ាក្រុង​ទេ។ ក្នុង​លិខិត​នោះ ​មាន​បញ្ជាក់​ថា ​លោក​ម៉ូឌី ​អញ្ជើញ​ទៅ​ទីក្រុង​ប៊ែរឡាំង ​ជួប​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ​បន្ទាប់​មក​ទៅ​ទីក្រុង​ម៉ាឌ្រីត ​ប្រទេស​អេស្ប៉ាញ ​មុន​នឹង​បិទ​បញ្ចប់​ដំណើរ​នៅ​ទីក្រុង​មូស្គូ ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ពូទីន។

តាម​ពិតទៅ ​បើតាម​ដំណឹង​មិន​ផ្លូវការ ​ មិនមែន​លោក​ណារិន្ទ្រ ម៉ូឌី ​មិន​មាន​គំរោង​មក​ជួប​លោក​អេម៉ានុយអែល ​ម៉ាក្រុង​ទេ ​តែ​មក​ពី​កាល​វិភាគ​វា​ប្រថុច​ញ៉ុច​ពេក​ ហើយ​លោក​អេម៉ានុយអែល ​ ម៉ាក្រុង ​ ដែល​ទើប​តែ​ឡើង​កាន់​តំណែង ​មាន​ការងារ​មមាញឹក​ពេក។ តែ​ទី​បំផុត​ទៅ ​ ក្រុម​ការងារ​របស់​មេដឹកនាំ​ទាំង​ពីរ ​បានទាក់ទង​គ្នា ​ យ៉ាង​រហ័ស​បំផុត ​នៅ​មួយ​ថ្ងៃ​ចុង​ក្រោយ​នេះ ​ ដើម្បី​រៀបចំ​ឲ្យ​លោក ​ ណារិន្ទ្រ ម៉ូឌី ​បាន​ចូល​មក​សំដែង​ការ​គួរសម​ ចំពោះ​លោក​អេម៉ានុយអែល ម៉ាក្រុង​ ​នៅ​ទីក្រុង​ប៉ារីស។

គួរ​បញ្ជាក់​ដែរ​ថា ​​លោក ​ណារិន្ទ្រ ម៉ូឌី​ គឺ​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ ​ ដែល​បាន​ទូរស័ព្ទ ​មក​អបអរ​អំពី​ជ័យ​ជំនះ​របស់​លោក ​ម៉ាក្រុង។ ដូច្នេះ ​ការ​មក​ជួប​គ្នា​ដោយ​ផ្ទាល់ ​នៅ​ថ្ងៃនេះ ​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំងពីរ​ មាន​ឱកាស ​ជជែក​គ្នា​ឲ្យ​បាន​កាន់​តែ​វែងឆ្ងាយ​ ស្តីពី​អនាគត​របស់​ប្រទេស​ទាំង​ពីរ។ ជា​ជំនួប​ដើម្បី​សំដែង​ការ​គួរសម ​មែនពិត ​ក៏​ប៉ុន្តែ ​គេ​ជឿថា ​មេ​ដឹកនាំ​ទាំង​ពីរ ​ប្រាកដ​ជា​និយាយ​គ្នា ​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម ​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ឥណ្ឌា -បារាំង។

បារាំង ​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា។ ថ្វី​បើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បារាំង​និង ​ឥណ្ឌា​​មាន​ប្រមាណ​តែ​ ១០​ពាន់​លាន​ដុល្លារ ​ពោល​គឺ​តិច​ជាង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា ​និង​ អាល្លឺម៉ង់​​ ដល់ទៅ​១ទ្វេរ​ជា​២ ​ ក៏​ប៉ុន្តែ ​ឥណ្ឌា  ​ត្រូវការ​សមត្ថភាព ​និង​បច្ចេកទេស​របស់​បារាំង​ក្នុង​វិស័យ​យុទ្ធសាស្រ្ត​មួយ​ចំនួន ​ ដោយ​មិន​អាច​ខ្វះ​បាន។

ក្នុង​នោះ​មាន​ជា​អាថទិ ​ ​គឺ​វិស័យ​បច្ចេកវិទ្យា​សព្វា​វុធ​យោធា។ ឥណ្ឌា​ត្រូវ​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​កងទ័ព​របស់​ខ្លួន ​ជា​បន្ទាន់។ លោក​ណារិន្ទ្រ ម៉ូឌី ​ ដែល​ជា​មនុស្ស​មាន​ទស្សន​វិស័យ​បែប​ជាតិ​និយម ​ មាន​គំនិត​ធ្វើឲ្យ​កង​ទ័ព​ឥណ្ឌា ​មាន​សមត្ថភាព​ខ្ពស់ ​ដើម្បី​ការពារ​ទឹកដី។

អស់​រយៈពេល​២ឆ្នាំ ​ដែល​ឥណ្ឌា​បាន​ចរចា​ជាមួយ​បារាំង ​ ចង់​ទិញ​យន្តហោះ​Rafale ​ចំនួន​១២៦​គ្រឿង ​ដោយ​ក្នុង​នោះ​១០៨​គ្រឿង ​ត្រូវ​យក​ទៅ​ផលិត​នៅ​ឥណ្ឌា។ ក៏​ប៉ុន្តែ​ភាព​ស្មុគស្មាញ​មាន​ច្រើន ​ ក្នុង​ការ​កំណត់​លក្ខខណ្ឌ ​ផ្ទេរ​បច្ចេកវិទ្យា​នេះ ​ទើប​ភាគី​ទាំងពីរ​បាន​លប់​ចោល​វិញ​ ហើយ​ឥណ្ឌា​យល់​ព្រម​ទិញ​តែ ​៣៦​គ្រឿង ​ដែល​ផលិត​នៅ​បារាំង ​ទាំង​ស្រុង។

ក៏​ប៉ុន្តែ​ចេតនា​របស់​ឥណ្ឌា ​ ដែល​ចង់​ទទួល​បាន​បច្ចេកវិទ្យា​របស់​បារាំង​ ក្នុង​វិស័យ​សព្វាវុធ​ទំនើប​នេះ ​នៅតែ​មាន​ដដែល។ ឥណ្ឌា ​មាន​គំរោង​ថ្មី​មួយទៀត ​ គឺ​ទិញ​យន្តហោះ​ចម្បាំង​បារាំង​ ៥៧​គ្រឿង ​ហើយ​ចង់​សុំឲ្យ​លើក​យក​ទៅ​ផលិត​ នៅ​ឥណ្ឌា​ទាំងអស់។ បើ​តាម​ការ​ស្មាន ​មេដឹកនាំ​ទាំង​ពីរ ​នឹង​ប្រាកដ​ជា​លើក​ឡើង​អំពី​ចំណុច​នេះ។

មហិច្ឆតា​ របស់​លោក​ណារិន្ទ្រ ​ ម៉ូឌី ​គឺ​ចង់​ធ្វើឲ្យ​ឥណ្ឌា ​ឲ្យ​ក្លាយ​ជា​ទី​ពិសោធន៍​ បច្ចេកវិទ្យា​ទំនើប​របស់​ពិភព​លោក​តែ​ម្តង។ ឥណ្ឌា​មិន​ចង់​ក្លាយ​ជា​រោងចក្រ​ ផលិត​សម្ភារៈ​កំប៉ិកកំប៉ុក​ ដូច​ចិន​ទេ។​ តែ​ឥណ្ឌា ​ចង់ធ្វើឲ្យ​យុវជន​ខ្លួន ​ក្លាយជា​វិស្វករ​ជំនាញ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប។ នៅមាន​បច្ចេកវិទ្យា​មួយ ​ដែល​ឥណ្ឌា​ចង់​បាន​ពី​បារាំង ​គឺ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវីល ​ដើម្បី​ផលិត​ថាមពល​អគ្គីសនី។

គេ​ត្រូវការ​ថាមពល​អគ្គីសនី​ជា​ចាំបាច់ ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ បើ​ប្រជាជន​គ្មាន​ភ្លើង​អគ្គីសនី​ប្រើ ​ឬក៏​ចរន្ត​ភ្លើង​អគ្គីសនី ​ដាច់​មួយ​ថ្ងៃ​៣ដង ​ គឺ​មាន​ន័យ​ថា​ អ្វីៗ​នឹង​ត្រូវ​រអាក់រអួល​ទៅតាម​នោះ។ ឥណ្ឌា​ត្រូវការ​អគ្គីសនី ​តែ​ឥណ្ឌា ​បាន​ជ្រើសរើស​យក​ ថាមពល​ដែល​មិន​បញ្ចេញ​ផ្សែង​ពុល។ ក្រៅ​ពី​វិស័យ​នុយក្លេអ៊ែរ​ស៊ីវីល​ ឥណ្ឌា​ក៏​បាន​ផ្តល់​អាទិភាព ​ដល់​ការ​ផលិត​ថាមពល​ ដោយ​ប្រើ​កាំ​រស្មី​ព្រះអាទិត្យ​ដែរ។

មិនមែន​មាន​តែ​វិស័យ​ថាមពល​ទេ ​ដែល​ឥណ្ឌា​ត្រូវ​ការ​ពី​បារាំង ​នៅមាន​វិស័យ​ផ្សេងៗ​ទៀត ​ដែល​បច្ចេកវិទ្យា​បារាំង​ បាន​ទាក់ទាញ​ឥណ្ឌា ​ដូច​ជា​វិស័យ​សំណង់​ផ្លូវដែក​ ការ​ផលិត​ទូររថភ្លើង ​ ឬ​ក៏​សំណង់​ស៊ីវីល​ជា​ដើម។

ឥណ្ឌា​ចង់​ចូលរួម​ជាមួយ​បារាំង ​ក្នុងមាន​ជា​មហាអំណាច​អាស៊ី

អ្នក​វិភាគ​ទូទៅ​យល់​ថា ​លោក​ម៉ូឌី ​ចង់​ឆក់​ឱកាស​នេះ ​ពង្រឹង​តួនាទី​របស់​ឥណ្ឌា ​នៅ​លើ​ឆាក​អន្តរជាតិ​ ក្នុង​នាម​ជា​មហាអំណាច​អាស៊ី​ម្នាក់​ដែរ។ លោក ម៉ូឌី​ បាន​សម្លឹង​ឃើញ​ថា ​បារាំង​ កំពុងតែ​វិល​ត្រលប់​មក​កាន់​ចង្កូត​ ដើម្បី​តំរង់ទិស​ ដោះស្រាយ​បញ្ហា​ធំ​ជាច្រើន ​នៅ​លើ​ឆាក​អន្តរជាតិ។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​អាកាសធាតុ​ លោក​ប្រធានាធិបតី​បារាំង ​ចង់​ឆក់​ឱកាស​នេះ ​បង្ហាញ​គោល​ជំហរ​ទៅ​កាន់​ប្រទេស​ធំៗ ​ស្តី​ពី​ការ​ប្រមែរប្រមូល​គ្នា ​សហការ​គ្នា ​កាត់​បន្ថយ​ការ​កើន​ឡើង​នូវ​កំដៅ​ផែនដី ​ ព្រម​ទាំង​បង្វែរ​ទិស​ដៅ​សេដ្ឋកិច្ច​ ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​ មិន​បំផ្លាញ​បរិស្ថាន។

លោក ​ណារិន្ទ្រ ម៉ូឌី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​លោក​ថា” ​លោក​នឹង​និយាយ​ជាមួយ​លោក ​ម៉ាក្រុង ​ពី​បំណង​របស់​ឥណ្ឌា ​ចង់​សុំ​ឲ្យ​ខ្លួន​ ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍ ​នៃ​អង្គការ​សហប្រជាជាតិ។ លោក ​ក៏ចង់​និយាយ​ជាមួយ​បារាំង​ ដែរ​ស្តី​អំពី​សហប្រតិបត្តិកា​របោស​សំអាត​ចលនា​ភេរវកម្ម ​ការ​កាត់បន្ថយ​កំដៅ​ផែនដី ​ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ស្អាតស្អំ ​មិន​បញ្ចេញ​ផ្សែងពុល ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវដែក​ និង​ការ​ស្រាវជ្រាវ​អវកាស​ ជាដើម”។ ជារួម​គឺ​មាន​ន័យ​ថា ​ឥណ្ឌា​បាន​ផ្តល់​កិត្តិយស​ដល់​បារាំង ​នឹង​ត្រូវការ​បារាំង​ ដើម្បី​សម្រេច​កិច្ចការ​ទាំង​អស់​នេះ។

នយោបាយ​ដកថយ ​បិទទ្វារ​សំងំ ​របស់​លោក​ដូណាល់ ត្រាំ​ បាន​ជំរុញ​ឲ្យ​ឥណ្ឌា ​ងាក​មក​រក​បារាំ​ង និងទ្វីប​អឺរ៉ុប​វិញ។ ជា​ពិសេស ​គឺក្នុង​វិស័យ​ពាណិជ្ជកម្ម​សេរី។ មិនមែន​ មានតែ​ឥណ្ឌា​មួយទេ​ ដែល​បារម្ភ ​ពី​គោលនយោបាយ​បែប​បិទទ្វារ​ ពិន័យ​ការ​នាំចូល​ផលិតផល​បរទេស ​ដែល​លោកត្រាំ ​បាន​ស្រែក​ក្តែងៗ​ នា​ពេល​កន្លង​មក ។ ត្រង់​ចំណុច​នេះហើយ​ ទើប​ឥណ្ឌា ​បាន​ងាក​មក​រក​បារាំង ​ដែល​ជា​កម្លាំង​ចលករ​របស់​សហភាព​អឺរ៉ុប ​ ដើម្បី​សម្រេច​ឲ្យ​បាន ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​សហភាព​អឺរ៉ុប។ អាមេរិក ​លែង​ជា​ចំណុច​ស្នូល ​លែង​ជា​មេដឹកនាំ​កំពូល ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ